27 C
Phnom Penh

វិទ្យុ​បារាំង​អន្តរជាតិ​ RFI បង្កើន​ម៉ោង​ផ្សាយ​ជា​ពីរ​ភាសា​ គឺ​បារាំង​និង​ខ្មែរ​ ដល់​រយៈពេល​១៤​ម៉ោង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​នាយក​ប្រតិបត្តិ​វិទ្យុ​បារាំង​អន្តរជាតិ​ ​ហៅ​កាត់​ថា RFI បានឲ្យ​ដឹង​កាលពីម្សិលមិញថា វិទ្យុ​នេះ​​បាន​ចាប់​ផ្ដើម​កម្មវិធី​ផ្សាយ​ជា​ពីរ​ភាសា​ដែល​ត្រូវ​បាន​បង្កើន​ដល់​រយៈ​ពេល​១៤​ម៉ោង ដោយផ្សាយ​ចេញ​ពីការិយា​ល័យ​ថ្មី​របស់​ខ្លួន​ក្នុង​រាជធានីភ្នំពេញ ដើម្បី​បំពេញ​តាម​តម្រូវ​ការព័ត៌មាន​ឯក​រាជ្យ​ ដែល​​កំពុង​មាន​​ការ​កើន​ឡើង​​ជា​លំដាប់​។

លោកស្រី​​ ម៉ារី គ្រីស្ទីន សារ៉ាហ្គោសេ (Marie-​Ghristine Saragosse) អគ្គនាយិកា​ប្រតិ​បត្តិ​នៃ​វិទ្យុ​ RFI បានថ្លែងកាលពី​ម្សិល​មិញ​នៅ​លើ​ជាន់​ទី​២១នៃ​អគារ​កាណាឌីយ៉ា​ដែល​ជា​ទីតាំ​ង​ថ្មីនៃការិយាល័យ​មាន​បុគ្គលិក​ចំនួន១​៦​នាក់​ថា “ កន្លង​មក​យើង​ផ្សាយ​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​ចេញពី​បន្ទប់​ព័ត៌មាន​​​​កម្ពុជា​របស់​យើង​​នៅ​ក្នុង​ប្រទេស​បារំាង​។ កម្មវិធី​ផ្សាយ​​ជាភាសាខ្មែរ​រយៈ​ពេល​​១​ម៉ោង​​​នេះ​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​ណាស់​ ហើយ​មាន​តម្រូវ​ការ​កាន់​តែ​ខ្លាំង​ ដូច្នេះ​យើ​ងបាន​សម្រេច​ចិត្ត​បន្ថែម​ម៉ោង​ផ្សាយ​រហូត​ដល់​១៤​ម៉ោង​ ដើម្បី​បំពេញ​តាមតម្រូវ​ការនេះ។

​លោកស្រី សារាហ្គោសេ បាន​ឲ្យ​ដឹង​ថា កម្មវិធី​ថ្មី​នេះ​​​រួមមាន បទ​យក​ការណ៍​​ពិសេស​​ ដំណឹង​ថ្មីៗ ​កិច្ច​សម្ភាស​ជាមួយ​អ្នក​នយោបាយ​ និង​ពាណិជ្ជករ​កម្ពុជា និង​កម្មវិធី​​ស្វែងយល់​​អំពី​ប្រជា​ជន​កម្ពុជានៅទូទាំង​ពិភព​លោក​ជា​ភាសាខ្មែរ​​។ លោកស្រី​បាន​បន្ថែម​ថា ​កម្ម​វិធី​មួយ​ចំនួន​នឹង​មាន​ផ្សាយ​ជា​ពីរ​ភាសា​ ឬ​តែ​​ជា​ភាសា​បារំាង​ប៉ុណ្ណោះ។

លោកស្រីបាន​បន្ត​ថា “ កម្មវិធី​និ​ង​ពេល​វេលា​ចាក់​ផ្សាយ​នៅ​តែ​ត្រូវបាន​​ធ្វើ​ឡើង​ពី​ប្រទេស​បារាំង​ ហើយ​អ្វី​ៗទំាង​អស់​នឹង​ត្រូវ​បាន​ដឹកនាំ​ដោយ​ការិយាល័យ​នៅ​ប្រទេស​បារាំង​ ប៉ុន្តែ​បុគ្គលិក​ខ្មែររបស់​យើង​នៅ​ទី​នេះ​គឺ​ជា​អ្នក​ផលិត​កម្មវិធី​ភាគ​ច្រើន​សម្រាប់​ការ​ផ្សាយ​រយៈ​ពេល​១៤​ម៉ោង​នេះ”។

ប្រហែល​៨៥​ភាគរ​យ​នៃ​អ្នក​ស្ដាប់​វិទ្យុ​ប្រចាំ​សប្ដាហ៍​ទាំង​២០​.០០០​នាក់ ដែលស្ដាប់​កម្មវិធី​ជា​ភាសាខ្មែរ​រយៈពេល​១ម៉ោង​របស់​វិទ្យុ​នេះ គឺ​ជា​អ្នក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ខណៈ​ចំនួន​អ្នក​ស្ដាប់​ទាំង​១៥​ភាគរយ​ទៀត​ភាគ​ច្រើន​ជា​ប្រជា​ជន​កម្ពុជា​រស់​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក ប្រទេស​អូស្ត្រាលី ឬកាណាដា។

លោកស្រី សារា៉ហ្គោសេ ​មាន​ប្រសាសន៍​​ថា “ ខ្ញុំគិត​ថា [ ចំនួន​អ្នក​ស្ដាប់ ] ​នឹង​កើន​ឡើង​រឹត​តែ​ច្រើន​ បន្ទាប់​ពី​មាន​ការ​​ចាប់​ផ្ដើម​ផ្សាយ​កម្មវិធី​ថ្មី​នេះ។
លោកស្រី សារ៉ាហ្គោសេ បាន​អះអាង​ថា​ការ​​​ចាប់​ផ្ដើម​កម្មវិធី​​ផ្សាយ​រយៈពេល​១៤​ម៉ោង​​​​នេះ​ត្រឹម​តែ​មួយ​​​ខែ​មុន​ការ​បោះ​ឆ្នោត​ជាតិ​​ គឺ​ជារឿងគាប់​ជួន​ប៉ុណ្ណោះ​ ប៉ុន្តែ​វិទ្យុ​ RFI​ ក៏សង្ឃឹម​ផង​ដែរ​ថានឹង​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បទ​ដ្ឋាន​វិជ្ជាជីវៈ​នៃ​ការ​ផ្សាយ​​​ព័ត៌មាន​​​តាម​វិទ្យុ និង​កា​រ​ពង្រឹង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ​ ព្រម​ទាំង​ការ​ទទួល​បាន​ព័ត៌មាន​ឯក​រាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោកស្រី បន្ត​​ថា “ ​អ្វី​នៅទីនេះកំពុងវិវឌ្ឍ​ទៅមុខ​ អ្វី​ៗនៅ​ទី​នេះ​កំពុង​ប្រែ​ប្រួល​…​ខ្ញុំ​​គិត​ថា នឹង​មាន​​ការ​និយម​ស្ដាប់​ព័ត៌មាន​កាន់​តែ​ខ្លាំង​ ព្រោះ​ប្រទេស​កម្ពុជា​កំពុង​រីក​ចម្រើន​”។

កាលពីម្សិលមិញ ស្ថាន​ទូត​បារាំង​បាន​ស្វាគមន៍​​​​ការ​បន្ថែម​ម៉ោង​ផ្សាយ​របស់​វិទ្យុ​នេះ ដោយ​បាន​លើកឡើង​ថា វា​នឹង​​ផ្ដល់នូវ​ផល​​ប្រយោជន៍​​ដល់​ប្រជា​ពល​រដ្ឋ​ ជា​ពិសេស​គឺ​នៅ​មុន​ការ​បោះ​ឆ្នោត។

លោក នីកូឡាស បូឌូអុីន (Nicolas Bau-douin) លេខាទី​១​នៃ​ស្ថាន​ទូត​បារាំ​ង​បាន​មាន​ប្រសាសន៍​ថា“ កម្មវិធី​ព័ត៌មាននិងធនធាន​ដែល​ផ្ដល់​ដោយ​វិទ្យុ​​ RFI…នឹង​បំពេញ​បាន​តាម​តម្រូវ​ការ​កំពុង​កើន​ឡើង​របស់​ប្រជា​ជន​កម្ពុជា​នូវ​ដំណឹង​ និង​ព័ត៌មាន​កាន់​តែ​ច្រើន​​ស្ដីពី​បញ្ហា​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​នៅ​ជុំវិញ​ពិភពលោក​”។

វិទ្យុ​ RFI ​អាច​បើក​ស្ដាប់​បាន​តាម​រលក​ធាតុ​អាកាស​វិទ្យុ​ FM នៅ​ក្នុង​រាជ​ធានីភ្នំពេញ​ ខេត្ត​បាត់​ដំបង កំពង់​ចាម ក្រុង​ព្រះសីហនុ សៀមរាប និង​តាម​អុីនធើណិត ព្រម​ទាំង​កម្ម​វិធី​សម្រាប់​ទូរស័ព្ទ​ដៃ​៕

ប្រែសម្រួល​ដោយ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស