នាយកប្រតិបត្តិវិទ្យុបារាំងអន្តរជាតិ ហៅកាត់ថា RFI បានឲ្យដឹងកាលពីម្សិលមិញថា វិទ្យុនេះបានចាប់ផ្ដើមកម្មវិធីផ្សាយជាពីរភាសាដែលត្រូវបានបង្កើនដល់រយៈពេល១៤ម៉ោង ដោយផ្សាយចេញពីការិយាល័យថ្មីរបស់ខ្លួនក្នុងរាជធានីភ្នំពេញ ដើម្បីបំពេញតាមតម្រូវការព័ត៌មានឯករាជ្យ ដែលកំពុងមានការកើនឡើងជាលំដាប់។
លោកស្រី ម៉ារី គ្រីស្ទីន សារ៉ាហ្គោសេ (Marie-Ghristine Saragosse) អគ្គនាយិកាប្រតិបត្តិនៃវិទ្យុ RFI បានថ្លែងកាលពីម្សិលមិញនៅលើជាន់ទី២១នៃអគារកាណាឌីយ៉ាដែលជាទីតាំងថ្មីនៃការិយាល័យមានបុគ្គលិកចំនួន១៦នាក់ថា “ កន្លងមកយើងផ្សាយតែមួយម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃចេញពីបន្ទប់ព័ត៌មានកម្ពុជារបស់យើងនៅក្នុងប្រទេសបារំាង។ កម្មវិធីផ្សាយជាភាសាខ្មែររយៈពេល១ម៉ោងនេះទទួលបានជោគជ័យខ្លាំងណាស់ ហើយមានតម្រូវការកាន់តែខ្លាំង ដូច្នេះយើងបានសម្រេចចិត្តបន្ថែមម៉ោងផ្សាយរហូតដល់១៤ម៉ោង ដើម្បីបំពេញតាមតម្រូវការនេះ។
លោកស្រី សារាហ្គោសេ បានឲ្យដឹងថា កម្មវិធីថ្មីនេះរួមមាន បទយកការណ៍ពិសេស ដំណឹងថ្មីៗ កិច្ចសម្ភាសជាមួយអ្នកនយោបាយ និងពាណិជ្ជករកម្ពុជា និងកម្មវិធីស្វែងយល់អំពីប្រជាជនកម្ពុជានៅទូទាំងពិភពលោកជាភាសាខ្មែរ។ លោកស្រីបានបន្ថែមថា កម្មវិធីមួយចំនួននឹងមានផ្សាយជាពីរភាសា ឬតែជាភាសាបារំាងប៉ុណ្ណោះ។
លោកស្រីបានបន្តថា “ កម្មវិធីនិងពេលវេលាចាក់ផ្សាយនៅតែត្រូវបានធ្វើឡើងពីប្រទេសបារាំង ហើយអ្វីៗទំាងអស់នឹងត្រូវបានដឹកនាំដោយការិយាល័យនៅប្រទេសបារាំង ប៉ុន្តែបុគ្គលិកខ្មែររបស់យើងនៅទីនេះគឺជាអ្នកផលិតកម្មវិធីភាគច្រើនសម្រាប់ការផ្សាយរយៈពេល១៤ម៉ោងនេះ”។
ប្រហែល៨៥ភាគរយនៃអ្នកស្ដាប់វិទ្យុប្រចាំសប្ដាហ៍ទាំង២០.០០០នាក់ ដែលស្ដាប់កម្មវិធីជាភាសាខ្មែររយៈពេល១ម៉ោងរបស់វិទ្យុនេះ គឺជាអ្នករស់នៅក្នុងប្រទេសកម្ពុជា ខណៈចំនួនអ្នកស្ដាប់ទាំង១៥ភាគរយទៀតភាគច្រើនជាប្រជាជនកម្ពុជារស់នៅក្នុងសហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី ឬកាណាដា។
លោកស្រី សារា៉ហ្គោសេ មានប្រសាសន៍ថា “ ខ្ញុំគិតថា [ ចំនួនអ្នកស្ដាប់ ] នឹងកើនឡើងរឹតតែច្រើន បន្ទាប់ពីមានការចាប់ផ្ដើមផ្សាយកម្មវិធីថ្មីនេះ។ លោកស្រី សារ៉ាហ្គោសេ បានអះអាងថាការចាប់ផ្ដើមកម្មវិធីផ្សាយរយៈពេល១៤ម៉ោងនេះត្រឹមតែមួយខែមុនការបោះឆ្នោតជាតិ គឺជារឿងគាប់ជួនប៉ុណ្ណោះ ប៉ុន្តែវិទ្យុ RFI ក៏សង្ឃឹមផងដែរថានឹងអាចធ្វើឲ្យប្រសើរឡើងនូវបទដ្ឋានវិជ្ជាជីវៈនៃការផ្សាយព័ត៌មានតាមវិទ្យុ និងការពង្រឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ព្រមទាំងការទទួលបានព័ត៌មានឯករាជ្យនៅក្នុងប្រទេសកម្ពុជា។
លោកស្រី បន្តថា “ អ្វីនៅទីនេះកំពុងវិវឌ្ឍទៅមុខ អ្វីៗនៅទីនេះកំពុងប្រែប្រួល…ខ្ញុំគិតថា នឹងមានការនិយមស្ដាប់ព័ត៌មានកាន់តែខ្លាំង ព្រោះប្រទេសកម្ពុជាកំពុងរីកចម្រើន”។
កាលពីម្សិលមិញ ស្ថានទូតបារាំងបានស្វាគមន៍ការបន្ថែមម៉ោងផ្សាយរបស់វិទ្យុនេះ ដោយបានលើកឡើងថា វានឹងផ្ដល់នូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ជាពិសេសគឺនៅមុនការបោះឆ្នោត។
លោក នីកូឡាស បូឌូអុីន (Nicolas Bau-douin) លេខាទី១នៃស្ថានទូតបារាំងបានមានប្រសាសន៍ថា“ កម្មវិធីព័ត៌មាននិងធនធានដែលផ្ដល់ដោយវិទ្យុ RFI…នឹងបំពេញបានតាមតម្រូវការកំពុងកើនឡើងរបស់ប្រជាជនកម្ពុជានូវដំណឹង និងព័ត៌មានកាន់តែច្រើនស្ដីពីបញ្ហាបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក”។
វិទ្យុ RFI អាចបើកស្ដាប់បានតាមរលកធាតុអាកាសវិទ្យុ FM នៅក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង កំពង់ចាម ក្រុងព្រះសីហនុ សៀមរាប និងតាមអុីនធើណិត ព្រមទាំងកម្មវិធីសម្រាប់ទូរស័ព្ទដៃ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី