មន្ត្រីតុលាការមួយរូប បានឲ្យដឹងកាលពីថ្ងៃសុក្រថា បុរសជនជាតិអ៊ុយក្រែនពីរនាក់ និងបុរសជនជាតិរុស្សុីម្នាក់ ដែលត្រូវបានចោទប្រកាន់ថាបានកាត់មេដៃរបស់បុរសខ្មែរម្នាក់ ហើយបានបោះឲ្យឆ្មាស៊ីកាលពីដើមសប្ដាហ៍នេះ កំពុងត្រូវឃុំខ្លួននៅពន្ធនាគារខេត្តព្រះសីហនុដើម្បីរង់ចាំការជំនុំជម្រះ។
លោក ម៉ុង មុនីចរិយា ប្រធានសាលាដំបូងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា បុរសទាំងបីនាក់នេះ ត្រូវបានបញ្ជូនទៅពន្ធនាគារកាលពីថ្ងៃព្រហស្បតិ៍។
លោកចៅក្រម ម៉ុង មុនីចរិយា បានមានប្រសាសន៍ថា “ បុរសទាំងបីនាក់នេះ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តនេះរួចហើយ “ ដោយបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។
ជនសង្ស័យជនជាតិអ៊ុយក្រែនពីរនាក់ឈ្មោះ វ៉ាឌីម សាន់ដាខូវ (Vadym Sundakov) អាយុ៣៣ឆ្នាំ គ្រុយតាខូវ អាណាតូលី(Krutakov Anatolii) អាយុ២៦ឆ្នាំ ត្រូវជាប់ចោទពីបទសមគំនិតប្រព្រឹត្តអំពើឧក្រិដ្ឋ ហើយជនសង្ស័យជនជាតិរុស្ស៉ី ឈ្មោះ អាឡិច សាន់ឌ័រ គូលីខូវ (Alexander Kulikov) អាយុ២៥ឆ្នាំ ជាប់ចោទពីបទបង្ខាំង និងធ្វើទារុណកម្មឈ្មោះ ម៉ម រិទ្ធី អាយុ២៨ឆ្នាំដោយខុសច្បាប់។
ម៉ម រិទ្ធី ដែលត្រូវបានចាប់បង្ខាំងអំឡុងពេលព្យាយាម លួចទូរស័ព្ទដៃមួយគ្រឿងមានតម្លៃ១០ដុល្លារ ត្រូវបានជនសង្ស័យទាំងបីនាក់នេះវាយដំ ចាប់ចងនិងយកបំពង់ជ័រមកញុ៉កមាត់ដោយខុសច្បាប់ ។
ពួកគេបានយកកន្ត្រៃកាត់ដែកកាត់មេដៃស្ដាំរបស់ ម៉ម រិទ្ធី ហើយបោះឲ្យឆ្មាស៊ី រួចហើយយកកាវដែលស្អិតខ្លាំងមកចាក់លើដៃរបស់គាត់ដើម្បីឲ្យក្ដាប់ជាប់។ ពួកគេបានយកច្រវាក់ចងគាត់ភ្ជាប់ទៅនឹងដងទង់ជាតិមួយដោយស្ថិតក្នុងស្ថានភាពឈឺចាប់ជាទីបំផុត។
លោក សំ សុផល ប្រធានពន្ធនាគារ មានប្រសាសន៍ថា “ ជនសង្ស័យទាំងបីនាក់នេះ ត្រូវបានបញ្ជូនទៅពន្ធនាគារ កាលពីពេលល្ងាច [ថ្ងៃព្រហស្បតិ៍]”។
“ បុរសជនជាតិរុស្ស៉ី ត្រូវបានចោទប្រកាន់ពីបទបង្ខាំងមនុស្សនិងធ្វើទារុណកម្មដោយខុសច្បាប់ ហើយជនជាតិអ៊ុយក្រែនពីរនាក់ទៀត ត្រូវបានចោទប្រកាន់ពីបទសមគំនិតប្រព្រឹត្តបទឧក្រិដ្ឋ”៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ