កាលពីម្សិលមិញ មន្ត្រីកងរាជអាវុធហត្ថជាង១០០នាក់មកពីអង្គភាពមួយនៅក្នុងខេត្តបន្ទាយមានជ័យបានទទួលបញ្ជាឲ្យដោះអាវរបស់ខ្លួន និងដើរនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយដែលបានជួបជុំគ្នា ដើម្បីបង្ហាញថា ការដុះក្បាលពោះធំកំពុងតែធ្វើឲ្យកងកម្លាំងប្រដាប់អាវុធកម្ពុជាប្រឈមនឹងបញ្ហា។
នៅក្នុងភាពយន្ដ ទាហានត្រូវបានចាត់ទុកថា ជាអ្នកការពារដ៏សំខាន់របស់ជាតិ។ ប៉ុន្ដែការដោះសម្លៀកបំពាក់របស់កងរាជអាវុធហត្ថកាលពីម្សិលមិញ បានបង្ហាញយ៉ាងច្បាស់នូវមូលហេតុដែលមន្ត្រីប្រដាប់អាវុធមួយចំនួនត្រូវបានបញ្ជាឲ្យបរិភោគអាហារ និងការធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវ ដើម្បីប្រឆាំងនឹងការដុះក្បាលពោះធំ ដែលកំពុងតែធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាព និង ប្រសិទ្ធភាពរបស់យោធា។
លោក រ័ត្ន ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា “ មន្ត្រីរបស់យើងមិនអាចអនុញ្ញាតឲ្យមានក្បាលពោះធំទេ ព្រោះវាប៉ះពាល់ដល់សោភ័ណរបស់កងកម្លាំងប្រដាប់អាវុធ និងធ្វើឲ្យពួកគេប្រឈមនឹងបញ្ហាសុខភាព ដូចជា ជំងឺទឹកនោមផ្អែម ដែលមានន័យថា ពួកគេក៏នឹងបាត់បង់សមត្ថភាពបំពេញការងារក្នុងពេលអនាគតផងដែរ”។
មន្ត្រីកងរាជអាវុធហត្ថនៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តដទៃទៀតនៅទូទាំងប្រទេស ទុកពេលឲ្យចំនួនប្រាំមួយខែ ដើម្បីបោះបង់ទម្លាប់ចាស់ចោល ហើយស្រាបៀរក៏ត្រូវបានហាមឃាត់ដែរ ដើម្បីកែប្រែរូបរាងឡើងវិញ។
លោកមេបញ្ជាការ រ័ត្ន ស៊្រាង បានមានប្រសាសន៍ថា ប្រសិនបើពួកគេមិនសម្រកទម្ងន់ទេ នឹងត្រូវបញ្ជូនទៅកន្លែងហ្វឹកហាត់ ដើម្បីឲ្យគ្រូបង្វឹកជួយបង្វឹកពួកគេឲ្យមានរូបរាងសមស្រប។
ដោយសារតែមានបញ្ហាកាន់តែច្រើនរបស់កងកម្លាំងប្រដាប់អាវុធដុះក្បាលពោះធំនោះ លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ថា អាជ្ញាធរបានគិតឃើញថា វាជាការចាំបាច់ដើម្បីចាត់វិធានការពិសេស និងជាសាធារណៈនេះក្នុងបំណងកែលម្អរាងកាយ និងសុខភាពជាទូទៅ។
លោក ខេង ទីតូ បានមានប្រសាសន៍អំពីបញ្ហាលើសទម្ងន់របស់យោធាថា “ ជាទូទៅមនុស្សធាត់ប្រឈមនឹងជំងឺដូចជាទឹកនោមផ្អែមជាដើម ហើយគេមិនអាចធ្វើដំណើរលឿនបានដូចមនុស្សធម្មតាទេ ដូច្នេះយើងចាត់វិធានការនេះជាលើកដំបូង ដើម្បីឲ្យកងកម្លាំងប្រដាប់អាវុធរបស់យើងអាចធ្វើជាគំរូល្អសម្រាប់មនុស្សទូទៅ”។
លោក ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ជាការខិតខំប្រឹងប្រែងដើម្បីពន្លឿនការសម្រកទម្ងន់របស់ពួកគេ អាវភ្លៀងធ្ងន់ចំនួន១១៤អាវត្រូវបានបែងចែកទៅឲ្យអង្គភាពរបស់លោកសម្រាប់ឲ្យមន្ត្រីម្នាក់ៗពាក់ក្នុងពេលហ្វឹកហាត់។
លោក ស៊ុន សម្បត្តិ បានមានប្រសាសន៍ថា ការពាក់អាវភ្លៀងក្នុងពេលហ្វឹកហាត់អាចជួយឲ្យពួកគេស្រកទម្ងន់ ព្រោះពួកគេនឹងក្ដៅខ្លាំង”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា មន្ត្រីលើសទម្ងន់ ដែលចំណាយពេលអង្គុយលើកៅអីក្នុងផ្ទះច្រើនជាងចេញប្រតិបត្តិការខាងក្រៅ គឺពិបាកទាំងដើរខណៈដែលអ្នកខ្លះទៀតបានសន្លប់អំឡុងពេលហ្វឹកហាត់ទៀតផង។
យោងតាមលោក ស៊ុន សម្បត្តិ បានឲ្យដឹងថា ការព្រមានដំបូងឲ្យកងកម្លាំងប្រដាប់អាវុធចាត់វិធានការប្រឆាំងនឹងការកើនទម្ងន់នោះ គឺនៅក្នុងឆ្នាំ ២០០៧ នៅពេលដែលទាហានជាច្រើនបានដួល និងសន្លប់ខណៈពេលកំពុងឡើងទៅជួយក្នុងកិច្ចសហប្រតិបត្តិការសង្គ្រោះជនរងគ្រោះធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ភីអឹមធី នៅក្នុងខេត្តកំពត ដែលបានសម្លាប់អ្នកធ្វើដំណើរទាំងអស់ចំនួន២២នាក់។
យោធាមិនមែនជាផ្នែកតែមួយរបស់រដ្ឋាភិបាលដែលត្រូវមានរាងសមនោះទេ ។មន្ត្រីនគរបាលចរាចរក្នុងរាជធានីភ្នំពេញ ក៏ត្រូវមានរូបរាងសមរម្យនៅតាមផ្លូវក្នុងរាជធានីភ្នំពេញដែរ ជាការងារមួយដែលតម្រូវឲ្យមានការធ្វើលំហាត់ប្រាណតិចតួចក្រៅពីការងារប្រមូលប្រាក់ពិន័យ។
លោក អ៊ុំ វណ្ណារិន អាយុ៥០ឆ្នាំ បានទទួលស្គាល់ខណៈពេលកំពុងល្បាតនៅកាច់ជ្រុងមហាវិថីព្រះនរោត្ដម និងផ្លូវលេខ២៤០ កាលពីម្សិលមិញថា “ ក្បាលពោះរបស់ខ្ញុំធំឡើងៗ ពេលដែលខ្ញុំចាប់ផ្ដើមផឹកស្រាបៀរជាមួយមិត្តភក្តិក្រោយពីការងារ”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា