27 C
Phnom Penh

តំណាង​អង្គការ​ជន​ជាតិ​ដើមភាគ​តិច​៖ ទោះ​បី​មាន​ច្បាប់​ក៏​​នៅ​តែ​​ទទួល​បាន​សិទ្ធិ​​ការ​ពារ​តិច​តួច​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​អង្គការ​ជន​ជាតិ​ដើម​​ភាគ​តិច​កម្ពុជា​​ មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា រដ្ឋា​ភិបាល​​​បាន​បំពេញ​តួនាទី​តិច​តួច​ក្នុង​ការ​ការ​ពារ​សិទ្ធិ​ និង​ជីវភាព​រស់​នៅ​របស់​ជន​ជាតិ​ភាគ​តិច​ដែល​​​រង​​ការ​គំរាម​កំហែង​ឥត​ឈប់​ឈរ​ពី​សំណាក់​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​ក្នុង​ប្រទេស​កម្ពុជា​ ​។

លោក ស្វាយ សុខ​ជា អ្នក​សម្រប​សម្រួល​កម្មវិធី​​នៅ​អង្គការ​​គាំ​ទ្រ​សហគមន៍​ជន​ជាតិ​ដើម​​ភាគ​តិច​កម្ពុជា ថ្លែង​​កាល​ពី​ម្សិល​មិញ​ថា“ យើង​​មាន​គោល​នយោបាយ​ ច្បាប់​ និង​គោល​ការណ៍​​​​ដើម្បី​ការ​ពារ​ជន​ជាតិ​ដើម​ភាគ​តិច​​ ប៉ុន្តែ​​យើង​ឃើញ​ថា គោល​នយោ​​បាយ​ ច្បាប់​ ​និង​គោល​ការណ៍​​ទាំង​នេះ​មិន​បាន​​​ដំណើរ​ការ​ទេ​”។
នៅ​ឯ​កិច្ច​ប្រជុំ​នៅ​ការិយាល័យ​របស់​អង្គការ​​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដែល​នៅ​ទី​នោះ​តំណាង​របស់​ជន​ជាតិ​ដើម​ភាគ​តិចកម្ពុជា​​បាន​ជួប​ជុំ​គ្នា​ ដើម្បី​បញ្ចប់​របាយការណ៍​ថ្មី​មួយ​​ស្ដី​អំពី​ស្ថាន​ភាព​របស់​ជន​ជាតិ​ដើម​ភាគ​តិច​​ទាំង​២០​ជន​ជាតិ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ លោក​បាន​មាន​ប្រសាសន៍​ថា “ ការ​មាន​​ច្បាប់​​នេះ​គឺ​ជា​ [បំណង​​​​ល្អ​] មួយ​ ប៉ុន្តែ​ការ​អនុវត្ត​ និង​ការ​ពង្រឹង​ច្បាប់​​​គឺ​នៅ​ខ្សោយ​ណាស់​”។

របាយការណ៍​ដែល​បាន​បញ្ជូន​ទៅ​អង្គការ​​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ​ ហើយ​​​គ្រោង​នឹង​ផ្សព្វ​ផ្សាយ​ក្នុង​ខែ​សីហា​នោះ នឹង​ផ្ដោត​លើ​បញ្ហា​មួយ​ចំនួន​ដែល​ប្រឈម​មុខ​ដោយ​សហគមន៍​ជន​​ជាតិ​ដើម​ភាគ​តិច​សរុប​ចំនួន​៣៣៨​សហគមន៍​នៅ​ទូ​ទាំង​ប្រទេស​។

ក្រៅ​ពី​​កិច្ច​ប្រតិបត្តិការ​ដោះ​មីន​ ​និងការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ការ​សាងសង់​ទំនប់​​វារី​អគ្គិសនី​ ដូច​ជា​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ជា​ដើម​នោះ នឹង​ធ្វើ​ឲ្យ​​​ជីវភាព​រស់​នៅ​របស់​ជន​ជាតិ​ភាគតិច​ដែល​​ពឹង​ផ្អែក​លើ​ទន្លេ​នៅ​ភាគ​ឦសាននៃ​ប្រទេស​កម្ពុជា រង​ផល​​បះ​ពាល់​យ៉ាង​ខ្លាំង​។

លោក ស្វាយ សុខជា មាន​ប្រសាសន៍​ថា “ ក្នុង​ករណី​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​​២​ ក្នុង​ខេត្ត​ស្ទឹង​ត្រែង ការ​សាងសង់​ [ត្រូវ​បាន​អនុម័ត] ដោយ​គ្មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​សហគមន៍​ និង​ប្រជា​ពល​រដ្ឋ​ដែល​ត្រូវ​បង្ខំ​ឲ្យ​ទទួល​យក​ប្រាក់​សំណង​​នោះ​ទេ”។ លោក​បន្ថែម​ថា ជន​ជាតិ​ដើម​ភាគ​​តិច​ប្រហែល​៥០០​គ្រួសារ​ នឹង​​ត្រូវ​​ផ្លាស់​ទី​​លំនៅ​​​​​នៅ​ពេល​ដែល​ទំនប់​នេះ​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​ជន​់លិច​ដី​ស្រែ​ប្រហែល​​៣០.​០០០​ហិកតា​។

លោក​ នាច សាមិន តំណាង​របស់​សមាគម​​យុវជន​ជន​ជាតិ​ដើម​ភាគ​តិច​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បាន​របាយការណ៍​នេះ សហគមន៍​សង្ឃឹម​ថា អង្គការ​សហប្រជាជាតិ​​​នឹង​​ចាត់​វិធាន​ការ​​ ហើយ​ក៏​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ធ្វើ​តាម​អនុសាសន៍​ទាំង​អស់​របស់​អង្គការ​សហ​ប្រជា​ជាតិ​។

លោក​ នាច សាមិន បាន​មាន​ប្រសាសន៍​បន្ត​ថា “ ខ្ញុំ​សង្ឃឹម​ថា អង្គការ​សហប្រជាជាតិ នឹង​ព្យាយាម​ចរចា​ជាមួយ​រដ្ឋាភិបាល​ និង​ជំរុញ​​​ឲ្យ​រដ្ឋាភិបាល​ស្វែង​រក​ដំណោះ​ស្រាយ​សម​​ស្រប​​សម្រាប់​ជន​ជាតិ​ដើម​ភាគ​តិច​ ដែល​ត្រូវ​គំរាម​កំហែង​ដោយ​សារ​​ទំនប់​វារី​អគ្គិសនី​​ ការ​ជីករ៉ែ​ និង​ដី​សម្បទាន​សេដ្ឋកិច្ច​”។ លោក​បន្ថែម​ថា កាល​ពី​មុន​ អង្គការ​សហ​ប្រជា​​​​ជាតិ​បាន​ពិភាក្សា​អំពី​​​កង្វល់​​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ជា​មួយ​​រដ្ឋាភិបាល​កម្ពុជា​រួច​ហើយ​​​។ លោក​បាន​បន្ថែម​ថា ​រហូត​មក​ដល់​ពេល​នេះ​ មាន​ជោគ​ជ័យ​តិច​តួច​ប៉ុណ្ណោះ​។

លោក​ នាច សាមិន បាន​មាន​ប្រសាសន៍​ថា“អង្គការ​សហប្រជាជាតិ​នឹង​បង្រួប​បង្រួម​ និង​​​​​​​​​​​​​​​​​​ផ្ដល់​អនុសាសន៍​ឲ្យ​ [អាជ្ញាធរ​​] កម្ពុជា​។ ប៉ុន្តែ​រាជ​រដ្ឋាភិបាល​កម្ពុជា​ហាក់​ដូច​ជា​មិន​យក​ចិត្ត​ទុក​ដាក់​ឲ្យ ​បាន​ពេញ​លេញ​ទេ​​ ពួក​គេ​​ហាក់​ដូច​ជា​​មិន​បារម្ភ​សោះ”៕

ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស