35 C
Phnom Penh

ជិត​ដល់​ថ្ងៃ​បោះ​ឆ្នោត​ទៅ​ហើយ​ ​នៅ​តែ​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​​​បញ្ជី​ឈ្មោះ​បោះ​ឆ្នោតនៅ​​​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​សល់​តែ​ជាង​មួយ​ខែ​ទៀត​ប៉ុណ្ណោះ​ដល់​ថ្ងៃ​បោះ​ឆ្នោត​ជាតិ​ថ្ងៃ​ទី​២៨ ខែកក្កដា តែ​បញ្ហា​ដែល​ជា​ក្ដី​បារម្ភ​បំផុត​របស់​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​នោះ គឺ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ដែល​ពួកគេ​និយា​យ​​ថា មិន​សូវ​ត្រឹម​ត្រូវ​ និង​មាន​អ្នក​បោះ​​ឆ្នោត​​តិច​ជាង​ការបោះ​ឆ្នោត​ជាតិ​​​ឆ្នាំ​២០០៨។

ភាព​ត្រឹម​ត្រូវ​នៃ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​​ចំនួន​៩,៦​លាន​នាក់ បាន​រង​ការ​រិះគន់​​កាល​​ពី​ខែ​មីនា ហើយ​ក្ដី​បារម្ភ​ទាំង​នោះ​ត្រូវ​បាន​លើក​​ឡើង​ជា​ថ្មី​ម្ដង​ទៀត​នៅ​ពេល​ចេញ​ផ្សាយរបាយការណ៍​សវនកម្ម​ឯករាជ្យ ចុង​ក្រោយ​កាល​ពី​ថ្ងៃ​សុក្រ​ ដែល​​ក្នុង​នោះ​ គេ​បាន​រក​ឃើញ​កំហុស​ធ្ងន់​មួយ​ចំនួន​ ពោល​គឺ​មាន​មនុស្ស​ច្រើន​ជាងម្នាក់​ក្នុង​ចំណោម​១០​នាក់ ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ​មិន​មាន​ឈ្មោះ ហើយ​ថា ៩​ភាគ​រយ​នៃអ្នក​បោះ​ឆ្នោត​ក្នុង​ពេល​កន្លង​មក​បាន​បាត់​ឈ្មោះ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​មូលដ្ឋាន​ដោយ​មិន​ត្រឹម​ត្រូវ​។

របាយការណ៍​ដែល​ចេញ​ផ្សាយ​លើក​ដំបូង​​កាលពី​ខែ​មីនា​នោះ​ ត្រូវ​បាន​ចង​​ក្រង​ដោយ​គណៈកម្មាធិការ​អព្យាក្រឹត​ និង​មិន​លម្អៀង​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិ​ធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា(និក​ហ្វិក​) មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​ និង​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន។

ទោះ​ជា​យ៉ាង​ណា​​  គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) បាន​ធ្វើ​មិន​ដឹង​មិន​ឮ​​ចំពោះ​របាយការណ៍​នេះ ដោយ​លើក​ឡើង​ថា របាយការណ៍​​នេះ​មាន​ទិន្នន័យ​ដែល​ពួកគេ​និយាយ​ថា ប្រមូល​បាន​តាម​វិធី​ផ្សេង​ទៅ​វិញ​។

របាយការណ៍​នេះ​បាន​រក​ឃើញ​ថា ១០,៨​​ភាគរយ​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ជា​ពល​រដ្ឋ​ខ្មែរ ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចំនួន​៤.៩០០នាក់ ដែលគេ​បាន​ជ្រើស​រើស​ចោះ​ៗ​​នោះ រក​ឈ្មោះ​របស់​ខ្លួន​​មិន​ឃើញ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​។
តួលេខ​​នេះ​ស្រដៀង​គ្នា​​​នឹងបញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០០៨​​ ដែល​នៅ​ពេល​នោះ​​មាន​ប្រជា​ពល​រដ្ឋ​ចុះ​ឈ្មោះ​ចំនួន​៧,៧​ភាគ​រយ​​​រក​ឈ្មោះ​របស់ខ្លួន​មិន​​​ឃើញ​។

នៅ​ពេល​សវនករ​បាន​វាយ​តម្លៃ​ពី​ឈ្មោះ​ដែល​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​នោះ ពួកគេ​បាន​រក​ឃើញ​ថា ៩,៤​​ភាគ​រយ​ក្នុង​ចំណោម​នោះ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ដោយ​មិន​ត្រឹម​ត្រូវ ដែល​ចំនួន​នេះ​ដូច​គ្នា​នឹង​ឆ្នាំ​២០០៨​ដែរ​។
ហើយ​ប្រជា​ពល​រដ្ឋ​ដែលត្រូវ​បាន​​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នោះ​មាន​ឈ្មោះ​តែ​៦៨,៦​ភាគរយ​ប៉ុណ្ណោះ​​នៅ​ក្នុង​បញ្ជី​​នោះ​ដែលអាច​រក​ឃើញឈ្មោះ​របស់​ខ្លួន​ដោយ​ផ្ទាល់​នៅ​កន្លែង​ដែល​ពួក​គាត់​ចុះ​ឈ្មោះ។

របាយការណ៍​នេះ​ក៏បាន​រក​ឃើញ​ផង​ដែរ​​ថា មាន​ពល​រដ្ឋ​ដែល​មាន​សិទិ្ធ​បោះ​ឆ្នោត​តែ​៨២,៩​ភាគរយ​ប៉ុណ្ណោះ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ គឺ​​ធ្លាក់​ចុះ​៥​ភាគរយ​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០០៨​មក។

តួលេខ​ដែល​ថា មាន​៨២,៩​ភាគរយ​នោះ​​ផ្ទុយ​គ្នា​ស្រឡះ​ពី​​តួលេខ​របស់​គ.ជ.ប. ដែល​អះ​អាង​ថា​ ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែល​​បាន​ចុះ​ឈ្មោះ​រួច ​មាន​ចំនួន១០១,៧​ភាគរយ​នៃ​ប្រជាពល​រដ្ឋ​ដែល​សិទ្ធិ​បោះ​ឆ្នោត​​​​ទាំង​អស់។
សរុប​មក​ ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​​​លើក​ឡើង​ថា គុណវិបត្តិ​នេះ​នឹង​ប៉ះ​ពាល់​ដល់​​ការ​បោះ​ឆ្នោត​ ហើយ​បញ្ហា​នេះ​មិន​ចប់​ត្រឹម​ហ្នឹង​ទេ។

ចាប់​តាំងពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​ត្រូវ​បាន​ធ្វើ​ចប់​រួច​រាល់​ ហើយ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​តាំង​ព​ីខែ​មករាមក មាន​ការ​ថត​ចម្លង​យក​ទៅ​ចែក​ចាយ​តាម​ការិ​យា​​ល័យ​ឃុំ​-សង្កាត់​ទូទាំង​ប្រទេស​ ដោយ​​ផ្ដល់​ឱកាស​ដល់​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទៅ​​ពិនិត្យ​មើល​ឈ្មោះ​របស់​ខ្លួន​នៅក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​ឲ្យ​បាន​មុន​ថ្ងៃ​បោះ​ឆ្នោត​។

ទោះ​ជា​យ៉ាង​ណា​ លោក សម គន្ធាមី​​​ អ្នក​សម្រប​សម្រួល​អង្គការ​និកហ្វិក បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​សុក្រ​ថា ​មាន​ការ​ភាន់​ច្រឡំ​​ ជា​ពិសេស​ដោយ​សារ​មណ្ឌល​បោះ​ឆ្នោត​ថ្មីៗ​មួយ​ចំនួន​ត្រូវ​បាន​បង្កើត​ឡើង​ដែល​អ្នក​បោះ​ឆ្នោត​មិន​ដឹង​ ហើយ​ប្រជា​ពល​រដ្ឋ​មិន​ដឹង​ថា ត្រូវទៅ​រក​ឈ្មោះ​របស់​ខ្លួននៅ​កន្លែង​ណា​។

លោក​បាន​មាន​ប្រសាសន៍​ថា​ “ ពួក​គាត់​មាន​ការ​ភាន់​ច្រឡំ​ ហើយ​មិន​ដឹង​ថា មណ្ឌល​បោះ​ឆ្នោត​នៅ​កន្លែង​ណា”។
“ យើង​បាន​ស្នើ​ឲ្យ​គ.ជ.ប. បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្នាក់​ភូមិ ប៉ុន្តែ​​​គ.ជ.ប. បាន​បដិសេធ​សំណើ​របស់​យើង​។ ខ្ញុំ​ទើប​តែ​ត្រឡប់មកពី​ខេត្ត​កំពង់ស្ពឺ ដែល​នៅទីនោះ​ខ្ញុំ​បាន​និយាយ​​ជា​មួយ​​អ្នក​បោះ​ឆ្នោត​ និង​ស្មៀន​ឃុំរួច​ហើយ ហើយ​នៅ​តែ​មាន​ការ​ភាន់​ច្រឡំ​ដដែល”។

លោក ជាម យៀប សមាជិក​សភា​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​មាន​ប្រសាសន៍​កាល​ពីថ្ងៃ​សុក្រ​ថា ប្រជា​ពល​រដ្ឋ​មាន​ពេល​ច្រើន​ណាស់​ក្នុង​ការ​ស្វែង​រក​ឈ្មោះ​របស់​ខ្លួន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​។​ហើយ​បានលោក​​បន្ថែម​​​​​ថា “ ប្រសិន​បើ​ពួកគាត់​រក​ឈ្មោះ​មិន​ឃើញ វា​អាច​មាន​ន័យ​ថា ពួកគាត់​មិន​បាន​ចុះ​ឈ្មោះ​តែ​ម្ដង”។ លោក​បាន​បន្ថែម​ថា “ ប៉ុន្តែ​ខ្ញុំ​មិន​បារម្ភ​អំពី​បញ្ហា​នេះ​ទេ។ ខ្ញុំ​គិត​ថា ការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​”។

ប៉ុន្តែ​ លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​ថា ការ​លុប​ឈ្មោះ​ និង​ការ​បាត់​ឈ្មោះ​​ជា​​ច្រើន​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នោះ គឺ​ជា​កង្វល់​​​​មួយ​ក្នុង​ចំណោម​កង្វល់​ដ៏​ធំ​បំផុត​របស់​គណ​បក្ស​លោក។​​​លោក​ក៏​​បាន​ជំរុញ​ឲ្យ​គ.ជ.ប. និង​គណបក្ស​ប្រជា​ជន​កម្ពុជា​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​មុន​មាន​វិបត្តិ​កើត​ឡើង”។

លោក​បាន​មាន​ប្រសាសន៍​ថា “ នេះ​ជា​បញ្ហា​មាន​លក្ខណៈ​​ជា​ប្រព័ន្ធ​។ ពួក​គេ​មាន​យន្តការ​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​តែ​ម្ដង​”។ លោក​​បន្ថែម​ថា លោក​ជឿ​ថា​នឹង​មាន​ “ បញ្ហា​​ច្រើន​” នៅ​ថ្ងៃ​បោះ​ឆ្នោត​ជា​មិន​ខាន។

លោក ទេព នីថា អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​មាន​​​ប្រសាសន៍​ថា លោក​មិន​ទទួល​បាន​ព័ត៌មាន​ពី​បញ្ហា​ណាមួយ​​កើត​ចេញ​ពី​ប្រជា​ពល​រដ្ឋ​ដែល​​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​ផ្សេងៗ ដូច​ក្នុង​ករណី​ខេត្ត​កំពង់​ស្ពឺ​នេះ​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដែល​បាន​ធ្វើ​បច្ចុប្បន្ន​ភាពរួច ​នឹង​ត្រូវ​បិទ​ផ្សាយ​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​​ទី​២៦ ខែមិថុនា។

លោក​ ទេព នីថា បានមាន​ប្រសាសន៍​ថា “ អង្គការ​មិន​មែន​រដ្ឋាភិបាល​នានា​បាន​ថត​ចម្លង​ [បញ្ជី​ឈ្មោះ​បោះ​ឆ្នោត] នោះ​ហើយ ហើយ​បាន​ចែក​ចាយ​ទៅ​តាម​បណ្ដា​ខេត្ត​”។

“ មួយ​ខែ​មុន​ថ្ងៃ​បោះ​ឆ្នោត​ យើង​ក៏​នឹង​បិទ​​​ផ្សាយ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ឃុំ-​សង្កាត់​នីមួយៗ​ផង​ដែរ ហើយ​បន្ទាប់​មកនៅ​មួយ​ថ្ងៃ​មុន​ការ​​បោះ​ឆ្នោត។​យើង​នឹង​​​​​​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ការិយា​​ល័យ​បោះ​ឆ្នោត​នីមួយៗ​តែ ម្តង​។​ការ​ធ្វើ​បែប​​​នេះ​​ដើម្បី​​ធ្វើ​ឲ្យ​ប្រាកដ​ថា អ្នក​បោះ​ឆ្នោត​អាច​​​​ផ្ទៀង​ផ្ទាត់​​ឈ្មោះ​របស់​ខ្លួន​បាន​”៕

ប្រែសម្រួល​ដោយ​ សោម សារុន​​ ​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស