38.1 C
Phnom Penh

អ្នក​ភូមិ​ក្នុង​ខេត្ត​ព្រៃ​វែង​​ ​​ងាក​ទៅ​រក​គណបក្ស​សង្គ្រោះ​ជាតិវិញ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុក​​ពារាំង​ និង​ស្រុក​ស៊ីធរ​កណ្ដាល​ ខេត្ត​ព្រៃវែង​-​មុខ​របស់​មេ​ដឹកនាំ​ជាន់​ខ្ពស់​នៅ​គណ​​បក្ស​កាន់​អំណាច​មាន​​ច្រើន​នៅ​​តាម​ផ្លូវ​​​ ទាំង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​ព្រៃ​វែង​។

ស្ទើរ​តែ​មួយ​គីឡូម៉ែត្រ​មួយៗ​ គេ​ឃើញ​មាន​​ស្លាក​សញ្ញា​ដែល​មាន​រូប​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន លោក​ ហេង សំរិន ប្រធាន​​​រដ្ឋ​សភា និង​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា​​ កំពុង​សម្លឹង​មើល​អ្នក​ធ្វើដំណើរ​។

ខេត្ត​ព្រៃវែង​​​ជា​ខេត្ត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​​ដែល​គ្រប​ដណ្ដប់​ទៅ​ដោយ​វាល​ស្រែ​ គឺ​ជា​មូលដ្ឋាន​ដ៏​រឹង​មាំ​របស់​គណបក្ស​កាន់​អំណាច​ជា​យូរ​មក​ហើយ ដោយ​មាន​មេ​ដឹក​នាំ​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ជា​ច្រើន​សុទ្ធ​តែ​បាន​ចេញ​មក​ពី​ខេត្ត​នេះ​។
ប៉ុន្តែ​ ឥឡូវ​នេះ​ នៅ​ពេល​ចូល​ទៅ​កាន់​ខេត្ត​ព្រៃ​វែង​តាម​ផ្លូវ​ជាតិ​លេខ​៨ ដែល​ទើប​​ក្រាល​​​កៅស៊ូ​ថ្មី​ និង​មាន​ដាក់​​រូប​ថត​​មេដឹក​នាំ​​គណបក្ស​ប្រជា​ជន​កម្ពុជា​​ទាំង​បី​រូប​នោះ​ មាន​មុខ​​​​​​​​​ថ្មី​ពីរ​នាក់​​ដែល​គេ​មិន​សូវ​ស្គាល់​​នៅ​​លើ​ស្លាក​សញ្ញា​តាម​ចិញ្ចើម​ផ្លូវ​​។

ឈរ​កាន់​ដៃ​គ្នា​លើក​ឡើង​លើ​​នៅ​ពី​ក្រោម​​​​​​​រូប​ពណ៌​ទឹក​ក្រូច​​ដែល​ជា​តំណាង​ឲ្យ​ព្រះ​អាទិត្យ​រះ​ គឺ​លោក កឹម សុខា និង​លោក សម រង្ស៊ី មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​ស្លាក​សញ្ញា​នេះ​មាន​ច្រើន​ដូច​ស្លាក​សញ្ញា​ទេវតា​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​។

ភាគច្រើន​នៃ​អាសនៈ​រដ្ឋសភា​ចំនួន​១១​នៅ​ក្នុង​ខេត្ត​ព្រៃ​វែង ដែល​គណបក្ស​នីមួយ​ៗ​នឹង​ត្រូវ​ប្រកួត​ប្រជែង​នោះ​​ ទំនង​ជា​នឹង​បាន​ទៅ​លើ​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា​​​ ដោយ​​ [គណបក្ស​ប្រជាជន​កម្ពុជា​សព្វ​ថ្ងៃ​មាន​អាសនៈ​​ចំនួន​ប្រាំបួន​នៅ​ក្នុង​ខេត្ត​នេះ] ប៉ុន្តែ​​ការ​គាំ​ទ្រ​គណបក្ស​ប្រឆាំង​បាន​កើន​ឡើង​។

លទ្ធផល​នៃការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​មុន​​បង្ហាញ​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​បាត់​បង់​តំណែង​​មេឃុំ​-ចៅ​សង្កាត់​ចំនួន​១២​ទៅ​លើ​គណបក្ស​ សម រង្ស៊ី និង​គណ​បក្ស​សិទ្ធិ​មនុស្ស​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​កាល​ពី​ឆ្នាំ​មុន ដែល​នេះ​ជា​ចំនួន​​បាត់​បង់​តំណែង​មេឃុំ-ចៅ​សង្កាត់​ច្រើន​បំផុត​​នៅ​ក្នុង​ខេត្ត​តែ​មួយ​​នៅ​ទូទាំង​ប្រទេស​។

អ្នក​ភូមិ​​រស់​នៅ​ក្នុង​ឃុំ​មួយ​ចំនួន​ ដែល​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង​​បាន​លើក​ឡើង​ថា ពួកគេ​លែង​ជឿ​លើ​ការ​សន្យា​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជាថា នឹង​ធ្វើ​ឲ្យ​មាន​ភាព​ចម្រុង​ចម្រើន​​​​ទៀត​ហើយ​។

អ្នក​ភូមិ​បាន​លើក​ឡើង​ថា តម្លៃ​ប្រេង​ និង​ជី​ដែល​កំពុង​តែ​កើន​ឡើង​គួប​ផ្សំ​នឹង​ការ​ធ្លាក់​ចុះ​តម្លៃ​ផលិត​ផល​កសិកម្ម​ដែល​ពួកគេ​បាន​ប្រមូល​ផល​​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​មិន​សូវ​ជា​មាន​ការ​រីក​ចម្រើន​ឡើយ​។ ហើយ​ការ​​​ខ្វះ​​​ការ​ងារ​នៅ​ក្នុង​តំបន់​​ទាំង​នេះ​ បាន​ធ្វើ​ឲ្យ​យុវ​​​ជន​ជា​ច្រើន​ត្រូវ​ធ្វើ​ចំណាក​ស្រុក​​ទៅ​ខេត្ត​ផ្សេង​ៗ​ទៀត​ ឬក៏​ទៅ​ក្រៅ​ប្រទេស​ ដើម្បី​​ស្វែង​រក​ការ​ងារ​ល្អ​ និង​មាន​ស្ថិរភាព​។

អ្នក​ផ្សេង​ៗ​ទៀត​ដែល​​​មាន​គោល​ដៅ​ច្បាស់​លាស់​តិច​តួច​​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​​ដូច​ជា​លោក ឆន ម៉ុន អាយុ​៥៦​ឆ្នាំ​ រស់​នៅ​ក្នុង​ឃុំ​រាប ស្រុក​ពារាំង​ សុទ្ធ​តែ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ គឺ​ចង់​ឃើញ​រដ្ឋាភិបាល​មួយ​ផ្សេង​ក្រៅ​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​ជា​យូរ​មក​ហើយ​នោះ​។

លោក​ ឆន ម៉ុន បាន​និយាយ​ថា “ ខ្ញុំ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ ពី​ព្រោះ​​ជាង​៣០​ឆ្នាំ​មក​ហើយ​​ខ្ញុំ​មិន​ឃើញ​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ឡើយ​ដូច​ជា​ការ​រស់​នៅ​ជាដើម​”។

លោក​បាន​បន្ត​ថា “ ខ្ញុំ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​មេដឹក​នាំ ពី​ព្រោះ​គណបក្សកាន់​អំណាច​គឺ​គណបក្ស​ប្រជា​ជន​កម្ពុជា​ឈ្នះ​រាល់​ការ​បោះ​ឆ្នោត​ទាំង​អស់​​”។

ដោយ​​​មាន​អ្នក​ភូមិ​ជាង​​​៨០​​ភាគរយ​​​​នៅ​ក្នុង​ភូមិ​រាប​​​ពឹង​​​ផ្អែក​​​ទៅ​​​លើ​​​ការ​​​ធ្វើ​​​ស្រែ​​​ ​​​គ្រាន់​តែ​ល្មម​ហូបនោះ ការ​​​សន្យា​​​របស់​​​គណបក្ស​​​សម រង្ស៊ី មុន​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​-សង្កាត់​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ដើម្បី​បញ្ចុះ​​​តម្លៃ​​​ប្រេង​​​ និង​​​ផ្ដល់​​​ប្រាក់​​​១០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​សម្រាប់​​​មនុស្ស​​​ចាស់​​​ជរា​​​​​​​​​ចូល​​​និវត្ត​​​នោះគួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ហើយ​​​​​ការ​​​សន្យា​​​នេះ​​​បាន​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​លទ្ធផល​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​គណ​បក្ស​​​ សម​ ​​រង្ស៊ី​ បាន​​​ទទួល​​​សំឡេង​​​គាំទ្រ​​​៥៥​​​ភាគរយ​​​​​​។

លោក ឆន ម៉ុន ជា​​​ជាង​​​កាត់​​​សក់​​​នៅ តាម​​​ផ្លូវ​​​ជាតិ​​​លេខ​​​៨ដោយ​​​ទទួល​​​បាន​​​ប្រាក់​​​កម្រៃ​​​បន្ថែម​​​១០.០០០​​​រៀល​​​ក្នុង​​​មួយ​​​ថ្ងៃ​​​ បាន​​​ពន្យល​់​​​ថា “ ប្រជា​​​ពល​​​រដ្ឋ​​​ចូល​​​ចិត្ត​​​គោល​​​នយោបាយ​​​របស់​​​លោក សម រង្ស៊ី”។

យោង​​​តាម​​​លោក ឆន ម៉ុន បាន​​​ឲ្យ​​​ដឹង​ថា ​គណបក្ស​​​សង្គ្រោះ​​​ជាតិ ដែល​​​ជា​​​គណបក្ស​​​មួយ​​​បង្កើត​​​ឡើង​​​ដោយ​​​ការ​​​រួម​​​បញ្ចូល​​​គ្នា​​​រវាង​​​គណ​បក្ស សម រង្ស៊ី និង​​​គណបក្ស​​​សិទ្ធិ​​​មនុស្ស​​​របស់​​​លោក កឹម សុខា នឹង​​​បញ្ចុះ​​​​តម្លៃ​​​ប្រេង​​​ និង​​​តម្លៃ​​​ជី​​​។ពួក​​​គេ​​​ក៏​​​បាន​​​សន្យា​​​ជាមួយ​​​អ្នក​​​ភូមិ​​​ផង​​​ដែរ​​​ថា នៅ​​​ពេល​​​ខ្លួន​​​ឡើង​​​កាន់​​​អំណាច​​​ ​​​នឹង​ឧបត្ថម្ភ​ប្រាក់​​​ចំនួន​​​១០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​​សម្រាប់​​​​ប្រជា​​​ពល​​​រដ្ឋ​​​ណា​​​ដែល​​​មាន​​​អាយុ​​​លើស​​​ពី​​​៦០​​​ឆ្នាំ​​​។

លោក ឆន ម៉ុន ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​ថា លោក​​​ធុញ​​​ទ្រាន់​​​នឹង​​​ការ​​​សន្យា​​​​​របស់​​​រដ្ឋា​ភិ​បាល​​​​មុន​​​​​​ការ​​​បោះ​​​ឆ្នោត​​​ណាស់​​​ ពីព្រោះ​​​រដ្ឋា​ភិ​បាល​​​តែង​​​តែ​​​បំភ្លេច​​​ការ​​​សន្យា​​​របស់​​​ខ្លួន​​​​​ភ្លាម​​​ៗ​​​បន្ទាប​់​ពី​​​ការ​​​បោះ​​​ឆ្នោត​​​បាន​​​បញ្ចប់។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “ ​​​ពួក​​​គេ​​​​​​ចាប់​​​ផ្ដើម​​​អភិវឌ្ឍ​​​ភូមិ​​​ឃុំ​​​​​​យឺត​​​ៗ​​​មុន​ពេល​​​​​​បោះ​​​ឆ្នោត ប៉ុន្តែ​​​បន្ទាប់​​​ពី​​​បោះ​​​ឆ្នោត​​​រួច ​​​ពួក​​​គេ​​​បាន​​​ឈប់​​​ធ្វើ​​​អ្វី​​​ៗ​​​ទាំង​​​អស់ ពួក​​​គេ​​​​​​ស្ថាបនា​​​ផ្លូវ​​​លំ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ ហើយ​​​បន្ទាប់​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​រួច​​​ពួក​​​គេ​​​មិន​​​ដែល​​​បាន​​​បញ្ចប់​​​ការ​​​ស្ថាបនា​​​របស់​​​ខ្លួន​​​​​​ឡើយ​​​”។

ចម្ងាយ​​​ប្រមាណ​​​២០​​​គីឡូម៉ែត្រ​​​ពី​​​​​​ឃុំ​​​ព្រែក​​​ចង្ក្រាន​​​ ស្រុក​​​ស៊ីធរ​​​កណ្ដាល​​​ ដែល​​​អ្នក​​​ភូមិ​​​៨០​​​ភាគរយ​​​គឺជា​​​អ្នក​​​ត្បាញ​​​សូត្រ​​​ មាន​រឿង​ស្រដៀង​គ្នា​នេះ​​​​ ប៉ុន្តែ​​​ការ​​​គោរព​​​​​​​លោក​ កឹម ​សុខា ​​មាន​ច្រើន​​​ជាង​​​​លោក សម រង្ស៊ី។

លោក ឃឹម ហម​ ​​​​​​​​ប្រសាសន៍​ថា “ មនុស្ស​​​​​​​ ដូច​​​លោក កឹម សុខា គឺ​​​ប្រសើរ​​​ជាង​​​លោក ​សម រង្ស៊ី ពី​​​ព្រោះ​​​នៅ​​​ពេល​មាន​បញ្ហា​​​​អ្វី​​មួយ​​​​កើត​​​ឡើ​​​ង​​​ចំពោះ​លោក ​សម រង្ស៊ី ​លោក​បាន​​​ ​​និរទេស​​​ខ្លួន​​​ឯង​​​ទៅ​​​រស​​​់នៅ​​​ប្រទេស​​​ផ្សេង​​​” ។​​គាត់​បាន​​​បន្ថែម​​​ថា ការ​​​យល់​​​ឃើញ​​​របស់​​​អ្នក​​​ភូមិ​​​ចំពោះ​​​លោក​​​ កឹម សុខា គឺ​​​ថា លោក​​​ចូល​​​ពាក់​​​ព័ន្ធ​​​ជាមួយ​​​នយោបាយ​​​ច្រើន​​​ជាង​​​។

យោង​​​តាម​​​លោកមេឃុំ​​​ ជឹម គឹមហាន​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា គណបក្ស​​​សិទ្ធិ​​​មនុស្ស​​​​​​ទទួល​​​បាន​​​សំឡេង​​​ឆ្នោត​​​ជិត​​​៥០​​​ភាគ​​​រយ​​​នៅ​​​ក្នុង​​​ឃុំ​​​ចង្ក្រាន​​​អំឡុ​​ង​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​-សង្កាត់​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដែល​​​ទទួល​​​បាន​​​សំឡេ​​​ងឆ្នោត​​​ត្រឹម​​​តែ​​​៣៤​​​ភាគរយ​​​ប៉ុណ្ណោះ​​​។ លោក​​​បាន​​​បន្ថែម​​​ថា រីឯ​​​សំឡេង​​​ឆ្នោត​​​ដែល​​​នៅ​​​សល​​​់​​​គឺ​​​បាន​​​ទៅ​​​លើ​​​លោក សម រង្ស៊ី។
លោក គឹមហាន បាន​​​ចាត់​​​ទុកថា ​​​ជ័យ​​​ជម្នះ​​​របស់​​​គណបក្ស​​​សិទ្ធិ​​​មនុស្ស​​គឺ​ដោយ​សារ​តែ​គណបក្ស​នេះ​​គិត​អំពី​​កង្វល់​​​​របស់​​​សហគមន៍​​​ត្បាញ​​​សូត្រ​​។

ការត្បាញ​​​សូត្រ​​​ធ្លាប់ផ្ដល់​​​ការ​​​ងារ​​​​​​នៅ​​​ក្នុង​​​ឃុំ​​​នេះ​​​ប្រហែល​​​៨០​​​ភាគ​​​រយ​​​ ប៉ុន្តែ​​​ដោយ​​​សារ​​​តែ​​​មាន​​​ការ​​​កើន​​​ឡើង​​​នៃ​​​តម្លៃ​​​សរសៃ​​​សូត​​ និង​​​ការ​​​ធ្លាក់​​​ចុះ​​​នៃ​​​សម្លៀក​​​បំពាក់​​​​សូត្រ​កម្ពុជា​​​​ត្បាញ​​​ដោយ​​​ដៃ​​​ លោក គឹមហាន បាន​​​លើក​​​ឡើង​​​ថា អ្នក​​​ភូមិ​​​ជា​​​ច្រើន​​​បាន​​​​សម្រេច​​​​
បោះ​​​បង់​​​ចោល​​​មុខ​​​របរ​​​ប្រពៃណី​​​របស់​​​ខ្លួន ​និង​ចាក​​​ចេញ​​​ពី​​​ខេត្ត​​​របស់​​​ខ្លួន​​​ ដើម្បី​​​ស្វែង​​​រកការ​​​ងារ​​​ផ្សេង​​​។

អ្នកស្រី​​​ កែក យឹម អាយុ​​​៥៥​​​ឆ្នាំ​​​ អ្នក​​​ត្បាញ​​សូត្រ​​​ម្នាក់​​​ដែល​​​រស់​​​នៅ​​​ក្នុង​​​ឃុំនេះ​​​ពេញ​​​មួយ​​​ជីវិត​​​របស់​​​អ្នក​​​ស្រី បាន​​​និយាយ​​​ថា សរសៃ​​​សូត្រ​​​​​នាំ​​​ចូល​​​ពី​​​ប្រទេស​​​វៀត​​​ណាម ដែល​​​ធ្លាប​​់​​​មាន​​​តម្លៃ​​​៧០​​​ដុល្លារ​​​ក្នុង​​​មួយ​​​គីឡូក្រាម​​​​​​​ឥឡូវ​​​នេះ​​​បាន​​​កើន​​​ឡើង​​​ដល់​​​១០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​គីឡូក្រាម​​​។ លើស​​​ពី​​​នេះ​​​ទៀត​​​សម្លៀក​​​បំពាក់​​​សូត្រ​​​ដែល​​​ត្បាញ​​​ដោយ​​​ដៃ​​​ក្នុង​​​មួ​យ​​​ដុំ​​​ដែល​​​មាន​​​បួន​​​ម៉ែត្រ​​​នៅលើ​​​ទីផ្សារ​​​ឥឡូវ​​​នេះ​​​បាន​​​ធ្លាក់​​​ចុះ​​​ពី​​​៥០​​​ដុល្លារ​​​មក​​​ត្រឹម​​​៣០​​ដុល្លារ​​​ក្នុង​​​រយៈ​​​ពេល​​​ពី​​រ​​​ឆ្នាំ​​​ចុង​​​ក្រោយ​​​នេះ​​​។

សម្លៀក​បំពាក់​សូត្រ​​​ដែល​​​ត្បាញ​​​ដោយ​​​ម៉ាស៊ីន​​​ និង​​​​​​មាន​​​តម្លៃ​​​ថោក​​​ដែល​​​នាំ​​​ចូល​​​ពី​​​ប្រទេស​​​ចិន និង​​​ប្រទេស​​​វៀតណាម​​​បាន​​​ធ្វើ​​​ឲ្យ​​​​​​ប៉ះពាល់​​​ដល់​​​​សម្លៀក​បំពាក់​សូត្រ​​​​​​ត្បាញ​​​ដោយ​​​ដៃ​ដែល​ធ្លាប់​ជា​មោទនភាព​របស់​ខ្មែរ​​​។

អ្នកស្រី​​​ កែក យឹម បាន​​​និយាយ​​​ថា “ ​​​អ្វី​​​ៗ​​​កាន់​តែ​លំបាក​​​ទៅ​​​ៗ​​​ ហេតុ​​​ដូច្នេះ​​​យុវជន​​​ភាគ​​​ច្រើន​​​បាន​​​ទៅ​​​ធ្វើ​​​ការ​​​​នៅ​ប្រទេស​​​ថៃ​​​។ មាន​​​តែ​​​មនុស្ស​​​​ចាស់​​​ៗ​​​ប៉ុណ្ណោះ​​​ដែល​​​នៅ​​​សេស​​​សល់​​​នៅ​​​ទី​​​នេះ​​​ នៅ​​​តែ​​​ត្បាញ​​​សូត្រ​​​”។ អ្នក​​​ស្រី​​​បាន​​​បន្ដ​​​ថា អ្នក​​​ស្រី​​​មាន​​​កូន​​​ពីរ​​​នាក់​​​កំពុង​​​ធ្វើ​​​ការ​​​​នៅ​​​ក្នុង​​​ផ្នែក​​​ដឹក​​​ជញ្ជូន​​​ក្នុង​​​ប្រទេស​​​ថៃ​​​។

អ្នក​​​ស្រី​​​បាន​​​លើក​​​ឡើ​​​ងថា “ ​​​យើង​​​ជឿ​​​ជាក់​​​ថា គណបក្ស​​​សិទ្ធិ​​​មនុស្ស​​​នឹង​​​ជួយ​​​យើង​​​ធ្វើ​​​ឲ្យ​​​តម្លៃ​​​សូត្រ​​​​ខ្មែរ​​ឡើង​​​ថ្លៃ​​​ម្ដង​​​ទៀត​​​”។ អ្នក​​​ស្រី​​​បាន​​​បន្ថែម​​​ដោយ​​​មិន​​​ហ៊ាន​​​និយាយ​​​អ្វី​​​ច្រើន​​​ថា ចាប់​​​តាំង​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​-​​​សង្កាត់​​​មក​​​អ្នក​​​ត្បាញ​​​សូត្រ​​​ក៏​​​ទទួល​​​រ​​ង​​​សម្ពាធ​​​នយោ​បាយ​​​ដែរ ហើយ​​ឥឡូវ​​​នេះ​​​កំពុង​​​ស្ថិត​​​ក្នុង​​​ភាព​​​ភ័​​យ​​​ខ្លាច ។អ្នក​​​ស្រី កែក យឹម បាន​​​និយាយ​​​តិច​​​ៗ​​​ដោយ​​​បដិសេធ​​​មិន​​​រៀប​​​រាប់​​​ច្រើន​​​ថា “ មនុស្ស​​​​​មក​​​ព​​​ី​​​​​គណបក្ស​​​​​​ប្រជាជន​​​កម្ពុជា​​​បាន​​​និយាយ​​​ថា ខ្ញុំ​​​ឥឡូវ​​​នេះ​​​បាន​​​ចូល​​​បក្ស​​​ប្រឆាំង​​​ហើយ​​​។ ​យើង​​​មាន​​​ការ​​​ភ័យ​​​ខ្លាច​​​ចំពោះ​​​សន្ដិសុខ​​​របស់​​​យើង​​​ ពី​​​ព្រោះ​​​យើង​​​បាន​​​បោះ​​​ឆ្នោត​​​ឲ្យ​​​គណ​​​បក្ស​​​ប្រឆាំង​​​”។

នៅ​​​ផ្សារ​​​មួយក្នុង​មូលដ្ឋាន​​​ លោក ​ឈួន ឆេង ​អាយុ​​​៦១​​​ឆ្នាំ​​​ អ្នក​​​លក់​​​ដូរ​​​សម្ភារ​​​ប្រើ​​​ប្រាស់​​​ក្នុង​​​ផ្ទះ​​​ បាន​​​និយាយ​​​ថា ឃុំ​​​របស់​​​លោក​​​មាន​​​ការ​​​រីក​​​ចម្រើន​​​ខ្លាំង​​​ជាង​​​បី​​​ទសវត្សរ៍​​​មក​​​នេះ​​​។ ផ្លូវ​​​លំ​​ឥឡូវ​​​នេះ​​​បាន​​​តភ្ជាប់​​​ឃុំ​​​ដាច់​​​ស្រយាល​​​របស់​​​លោក​​​ទៅ​​​​​​ផ្លូវ​​​ជាតិ​​​លេខ​​​៨​​​ដែល​​​អាច​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ភូមិ​​​ធ្វើ​​​ដំណើរ​​​ទៅ​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដោយ​​​ផ្ទាល់​​​ហើយ​​​មាន​​​សាលា​​​ចំនួន​​​បី​​​បាន​​​បើក​​​នៅ​​​ទីនេះ​​​។ ​

ប៉ុន្តែ ការ​​​អភិវឌ្ឍ​​​នេះ​​​​​​វា​​​គ្មាន​​​ន័យ​​​អ្វី​​​ទេ ​ប្រសិន​​​​បើ​​​គ្មាន​​​ការ​​​ងារ​​​ធ្វើ​​​ ហើយ​​​​​គ្មាន​​​យុវជន​​​ ហើយ​​​ឃុំ​​​នេះ​​​ឥឡូវ​​​គឺ​​​ជា​​​ទី​​​ក្រុង​​​ខ្មោច​​​បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​កាល​​​ពី​​​ពេល​​​មុន​​​នោះ​​​។

លោក ឈួន ឆេង បាន​​​និយាយ​​​ថា “ ​​​ខ្ញុំ​​​បាន​​​​កត់​​​សម្គាល់​​​ថា អតិថិជន​​​ចាស់​​​ៗ​​​ទាំង​​​អស់​​​របស់​​​ខ្ញុំ​​​លែង​​​មាន​​​ទៀត​​​ហើយ​​​ ព្រោះ​​​ពួក​​​គេ​​​បាន​​​ចាក​​​ចេញ​​​ពី​​​ស្រុក​​​ភូមិ​​​ដើម្បី​​​ស្វែង​​​រក​​​ការងារ​​​ធ្វើ​​​នៅ​​​កន្លែង​​​ផ្សេង​​​ទៀត​​​។ ការ​​​រក​​​ស៊ី​​​របស់​​​ខ្ញុំ​​​ឥឡូវ​​​នេះ​​​ជួប​​​ការ​​​លំបាក​​​ខ្លាំង​​​ណាស់​​​”។​គាត់​បាន​​​ពន្យល់​​​ថា កាល​​​ពី​​​ពេល​​​មុន​​​ គាត់​បាន​​​រក​​​លុយ​​​ចូល​​​ផ្ទះ​​​ប្រហែល​​​២លាន​​​រៀល​​​ក្នុង​​​មួយ​​​ខែ​​​​​​ ប៉ុន្តែ​​​ឥឡូវ​​​នេះ​​​បា​​​ន​​​ធ្លាក់​​​ចុះ​​​​ក្រោម​២០០​​​ដុល្លារ​​​ទៅ​​​ទៀត​​​។

​ថ្វី​​​បើ​​​ឃុំ​​​របស់​​​លោក​​​គាំ​​​ទ្រ​​​គណបក្ស​សង្គ្រោះ​​​​​​​ជាតិ​​​ខ្លាំង​​​ក្ដី​​​ លោក ឈួន ឆេង នៅ​​​តែ​​​​មាន​​​ការ​​​សង្ស័យ​​​ថា ខេត្ត​​​របស់​​​លោក​​​ក៏​​​ដូច​​​ជា​​​ខេត្ត​​​នានា​​​ដែរ​​​នៅ​​​ទូទាំង​​​ប្រទេស​​​​​​ នឹង​​​មិន​​​​មាន​ការ​ផ្លាស់​​​ប្ដូរ​​​មេ​​​ដឹក​​​នាំ​​​ឡើយ។

គាត​់​បាន​មាន​ប្រសាសន៍​ថា “ ​​​ខ្ញុំ​មិន​ដឹង​ថា តើ​អាច​មាន​​នរណា​ម្នាក់​ដណ្ដើម​កៅអី​លោក​ ហ៊ុន សែន បាន​ដែរ​ឬ​អត់​​នោះ​ទេ ។ គណ​បក្ស​ប្រឆាំង​មាន​គោល​នយោបាយ​ល្អ​ ប៉ុន្តែ​ពេល​នេះ​ពួកគេ​គ្មាន​អំណាច​នៅ​ក្នុង​ដៃ​ ដូច្នេះ​ពេល​នេះ​ខ្ញុំ​មិន​ដឹង​ថា តើ​ពួក​គេ​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ដែរ​ឬ​អត់នោះទេ​”។

គួរ​កត់​សម្គាល់​ថា គ្រាន់​តែ​ប៉ុន្មាន​សប្ដាហ៍​មុន​ការ​បោះ​ឆ្នោត​ប៉ុណ្ណោះ​  គណបក្ស​សង្គ្រោះ​​ជាតិបាន​ប្រឈម​នឹង​បញ្ហា​​ជា​ច្រើន​​ ពោលគឺ ​ទី១​ មាន​ការ​ចាក់​ផ្សាយ​ខ្សែ​អាត់​សំឡេង​ដែល​ក្នុង​​នោះ​លោក​ កឹម សុខា បាន​លើក​ឡើង​​ថា គុក​ទួល​ស្លែង​ក្នុង​របប​ខ្មែរ​ក្រហម​ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ដ៏​អសោច​នោះ​ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​វៀតណាម បន្ទាប់​មក​ទៀត​មាន​ការ​លេច​ឡើង​នូវ​រឿង​អាស្រូវ​ពាក់​ព័ន្ធ​នឹង​ប្រពន្ធ​ចុង​​ជាយូរ​មក​ហើយ​​របស់​​លោក កឹម សុខា ដែល​បាន​ប្ដឹង​ទាម​ទារ​ប្រាក់​សំណង​ពី​គាត់​​។ ហើយ​ លោក ហ៊ុន សែន ក៏បាន​ចោទ​ប្រកាន់​ ជា​សាធារណៈ​ផង​ដែរ​ថា លោក កឹម សុខា​ បាន​ទិញ​​ព្រហ្ម​ចារី​យ៍ក្មេង​ស្រី​អាយុ​១៥​​​​ឆ្នាំ​ម្នាក់ ហើយ​​​លោក​​​ថែម​ទាំង​​អះអាង​ថា លោក​​​​​ដឹងថា ខ្លួន​ឯង​បាន​រំលោភ​ច្បាប់​ដោយ​បាន​ជួយ​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ឲ្យ​រួច​ផុត​ពី​ការ​ចាប់​ខ្លួន​។

បន្ថែម​លើ​​ការ​រិះគន់​ពីមុន​ៗ​មក​​គណបក្ស​ប្រឆាំង​បាន​ចោទ​​ថា ស្ថាប័ន​រដ្ឋ​ និង​គណបក្ស​កាន់​អំណាច​​ពេល​នេះ​គឺ​ជា​ស្ថាប័ន​តែ​មួយ។​​ ចំណែក​នគរ​បាល​ និង​មន្ត្រី​តុលាការ​បាន​បដិសេធ​មិន​​និយាយ​អំពី​ការសារភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី​ទេ។

នៅ​ក្នុង​ខេត្ត​ព្រៃ​វែង​ ​អ្នក​បោះ​ឆ្នោត​​យល​់​ឃើញ​ថា ​បញ្ហា​ទាំង​នេះ​អាស្រ័យ​លើ​មនុស្ស​នៅ​ក្នុង​​គណបក្ស​។ប្រជា​ពល​រដ្ឋ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជឿជាក់​ថា​ ខ្សែ​អាត់​សំឡេង​នោះ​ត្រូវ​បាន​គេ​កាត់​ត។ ចំណែក​ឯ​អ្នក​ស្មោះ​ស្ម័គ្រ​នឹង​គណបក្ស​ប្រជា​ជន​កម្ពុជា​វិញ​បាន​ខឹង​យ៉ាង​ខ្លាំង​ ចំពោះ​​ខ្សែ​អាត់​សំឡេង​អំពី​​គុក​ទួល​ស្លែង​នេះ​។

អ្នកស្រី សុង សុភ័ណ្ឌ អាយុ​៤០​ឆ្នាំ ម្ចាស់​ភោជនីយដ្ឋាន​តូច​មួយ​នៅ​ក្នុង​ឃុំ​ព្រៃ​ដើម​ថ្នឹង​​ ស្រុក​ស៊ីធរកណ្ដាល​ ខេត្ត​ព្រៃ​វែង​ បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​ស្រក់​ទឹក​ភ្នែក​ពេល​ខ្ញុំ​បាន​ឮ​លោក​ កឹម សុខា និយាយ​ថា គុក​ទួល​ស្លែង​ គឺ​ជា​​​​គុក​​ក្លែង​ក្លាយ។ សម្ដី​នោះ​គឺ​អាក្រក់​ណាស់”​​​។ អ្នកស្រី​បាន​បន្ថែម​ថា អ្នកស្រី​ជឿជាក់​ថា អ្នក​បោះ​ឆ្នោត​ជា​ច្រើន​នឹង​ប្ដូរ​គំនិត​តាម​រយៈ​ពាក្យ​សម្ដី​របស់​គាត់​។ ក្នុង​នាម​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជា​ជន​ដ៏​រឹងមាំ​ម្នាក់​ អ្នកស្រី​ សុភ័ណ្ឌ បាន​លើក​សុភាសិត​មួយ​មក​បក​ស្រាយ​អំពី​សារៈសំខាន់​នៃ​ប្រទេស​កម្ពុជា ដែល​អាច​រក្សា​បាន​ក្នុង​ដៃ​របស់​គណបក្ស​កាន់​អំណាច​។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា ពីព្រោះ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា គណបក្ស​នេះ​បាន​ផ្ដល់​ជីវិត​ទី​២​​ដល់​យើង​។ ជ្រក​ក្រោម​ម្លប់​ដើម​ឈើ​ណា​​ ថែរក្សា​ដើម​ឈើ​នោះ ប៉ុន្តែ​អ្នក​ណា​​ជា​អ្នក​ដាំ​ដើម​ឈើ​នោះ?”។
ការ​ឈ្នះ​ឆ្នោត​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ នៅ​ក្នុង​ឃុំ​ព្រៃ​ដើម​ថ្នឹង​ គឺ​មាន​​តិច​តួច​ណាស់​ ដោយ​ឈ្នះ​គណបក្ស​ប្រជា​ជន​កម្ពុជា​ត្រឹម​តែ​២២​សម្លេង​​​ប៉ុណ្ណោះ​។ ​នេះ​បង្ក​ឲ្យ​មាន​សង្គ្រាម​​ទឹក​ដី ដោយ​មាន​ផ្ទះ​ជាច្រើន​បាន​បិទ​ស្លាក​ពណ៌​លឿង​ខៀវ​យ៉ាង​ច្បាស់​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា។

លោក យ៉ែន យាន អាយុ​៧​៣ឆ្នាំ ដែល​ផ្ទះ​របស់​លោក​ពុំមាន​បិទ​ស្លាក​​នឹង​គេ​នោះ​បាន​មាន​ប្រសាសន៍​ថា ការ​ផ្លាស់​ប្ដូរ​ចិត្ត​របស់​ប្រជា​​ពល​រដ្ឋ​ក្នុង​តំបន់​នេះ ដែល​កាលពី​មុន​បោះ​ឆ្នោត​ឲ្យ​តែ​គណបក្ស​ប្រជា​ជន​កម្ពុជា​នោះ គឺ​ដោយ​សារ​តែ​មាន​អ្នក​ឃោស​នា​ពីរ​បី​នាក់​​ចុះ​មក​ឃុំ​របស់​លោក​មុន​ពេល​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​កាលពី​ឆ្នាំ​មុន​។​លោកបាន​មាន​ប្រសាសន៍​ថា ដោយសារតែ​ពេល​នោះ​តម្លៃ​​ជី​ និង​ប្រេងសាំង​កើន​ឡើងខ្លាំង​ពេក  ការ​សន្យា​របស់​គណបក្ស​សិទ្ធិមនុស្ស​ ​ថា​នឹង​ដំឡើង​​តម្លៃ​ស្រូវ​គឺ​ជា​ការ​ទាក់​ទាញ ប៉ុន្ដែ​ពេល​នេះ​មិន​ដល់​មួយ​ឆ្នាំ​ផង ​តម្លៃ​ស្រូវ​បាន​​ធ្លាក់​ចុះ​ពី​១.០០០​រៀល​ក្នុង​មួយ​គីឡូ​មក​ត្រឹម​៨០០​រយ​រៀល​ក្នុង​មួយ​គីឡូ​។

លោក​​​មាន​ប្រសាសន៍​ថា“ ប្រេង​សាំង​ពេល​​​​នេះ​មាន​តម្លៃ​ជាង​៥.០០០​រៀល ហើយ​បាន​កើន​ឡើង​​លើស​ពី​ឆ្នាំ​មុន​ទៅ​ទៀត”។លោក​​បន្ថែម​​ថា រូប​លោកក៏​ដូច​ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​​​នៅ​ក្នុង​ឃុំ​របស់​លោក​ដែរ​បាន​រក្សា​គោល​ជំហរ​នយោបាយ​របស់​ខ្លួន​ “ សម្ងាត់​បំផុត​”។

លោក​បាន​បន្ត​ថា “ មុន​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​មុន​អ្នក​ឃោសនា​គណបក្ស​ប្រជា​ជន​ជា​ច្រើន​នាក់​បាន​ចុះ​មក​ទីនេះ ចំណែក​ឯ​អ្នក​ឃោសនា​គណបក្ស​សិទ្ធិ​មនុស្ស​​មាន​តែ​ពីរ​បី​នាក់​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​គណបក្ស​សិទ្ធិ​មនុស្ស​ នៅ​តែ​ឈ្នះ​ឆ្នោត។ ដូច្នេះ​យើង​ដឹង​ថា នៅ​ក្នុង​ចិត្ត​របស់​ប្រជា​ពល​រដ្ឋ​គឺ​អ្វី​ហើយ​ ទោះ​បី​ជា​គេ​មិន​និយាយ​​ក៏ដោយ។​

ឃុំ​នេះ​ក៏​ប្រឈម​នឹង​ចំណាក​ស្រុក​ដូច​ឃុំ​ព្រែក​ចង្ក្រាន ដែល​ផលិត​សូត្រ​នៅ​ក្បែរ​នេះ​ដែរ។ កាល​ពី​ឆ្នាំ​មុន ដោយ​មាន​ប្រជា​ពល​រដ្ឋ​ជាង​៨០០​នាក់ ចាក​ចេញ​ពី​ឃុំ​ព្រៃ​ដើម​ថ្នឹង​ទៅ​រក​ការ​ងារ​ធ្វើ​​ ទាំង​នៅ​ក្នុង​ស្រុក​ និង​នៅ​ក្រៅ​ប្រទេស​នោះ លោក​ ស្វាយ ​សែន មេឃុំ​​​​ខាង​លើ​​នេះបាន​សន្មតថា ​ចំនួន​អ្នក​ភូមិ​ដែល​បាន​ចាក​ចេញ​ពី​ឃុំ​នេះ បាន​កើន​ឡើង​ប្រ​ហែល​​​៦០​ភាគ​រយ​ក្នុង​មួយ​ឆ្នាំៗ។

អ្នកស្រី ម៉ាន់ មិន អាយុ​៥៩​ឆ្នាំ​ បាន​រៀប​រាប់​យ៉ាង​ក្រៀម​ក្រំ​អំពី​កូន​ទាំង​ប្រាំ​​​នាក់​របស់​គាត់​ដែល​បាន​​ចាក​ចេញទៅ​ប្រទេស​ថៃ​ និង​ទៅ​ភ្នំពេញ ដោយ​ចង្អុល​ទៅ​រូប​ថត​របស់​ពួកគេ​ដែល​ព្យួរ​នៅ​ក្នុង​ផ្ទះ​ឈើ​របស់​គាត់ ដើម្បី​លម្អ​ផ្ទះ​ដែល​គាត់​នៅ​ជាមួយ​នឹង​ប្ដី​ ដោយ​មាន​គោ​ញី​ពីរ​ក្បាល​ និង​មាន់​ពីរ​បី​ដើរ​ចុះឡើង​។

អ្នកស្រី​បានមាន​ប្រសាសន៍​ថា “ កូន​ប្រុស​ច្បង​របស់​ខ្ញុំ​ចេញ​ទៅ​ធ្វើការ​​ជា​កម្មករ​​នៅ​ក្នុង​ប្រទេស​ថៃ​បី​ឆ្នាំ​កន្លង​ទៅ​ ហើយ​ប្អូន​ប្រុស​របស់​វា​​ក៏បាន​ទៅ​ទីនោះ​ដែរ​បន្ទាប់ពី​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ”។ អ្នកស្រី​បាន​បន្ថែម​ថា កូន​ស្រី​របស់​អ្នកស្រី​ទាំង​អស់​បាន​ទៅ​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​នៅ​ភ្នំពេញ។

អ្នកស្រី​បាន​បន្ថែម​ថា ដីស្រែ​នៅក្នុង​ខេត្ត​ព្រៃ​វែង មិន​អាច​ទ្រទ្រង់​ជីវិត​ហួស​ពី​តម្រូវ​ការ​មូលដ្ឋាន​​បាន​ទេ​។ អ្នកស្រី​បាន​បន្ត​ថា “ ដី​ស្រែ​​នៅ​ទីនេះ​គ្រាន់​តែ​អាច​ផ្គត់​ផ្គង់​គ្រួសារ​ប៉ុណ្ណោះ ​​​​មិន​អាច​ឲ្យ​សល់​លុយ​បាន​ទេ”។

ទោះ​បី​ជា​ជីវភាព​លំបាក​ក៏ដោយ​ ក៏ប្ដី​របស់​អ្នកស្រី​​ឈ្មោះ ភន ភឿន បាន​ថ្លែងថា​ ពួកគាត់​​តែ​ង​តែ​គាំទ្រ​គណ​បក្ស​កាន់​អំណាច​ ព្រោះ​គណបក្ស​នេះ​​ជា​អ្នក​បណ្ដេញ​របប​ខ្មែរ​ក្រហម​ កាលពី​ថ្ងៃ​ទី​៧ មករា ឆ្នាំ​១៩៧៩។ ថ្ងៃ​នោះ​បាន​ផ្ដល់​ជីវិត​ថ្មី​ឲ្យ​គាត់​ ដែល​កាល​ពី​មុន​នោះ របប​ ប៉ុល ពត​ បានបង្ខំ​គាត់​​ឲ្យ​ជីក​ប្រឡាយ​ ទាំង​បង្អត់​អាហារ​ទៀត​​ផង​។

គាត់​បាន​បន្ត​ថា “ នៅ​ពេល​ដែល​ខ្ញុំ​គិត​ដល់​ថ្ងៃ​នោះ ខ្ញុំ​​មាន​អារម្មណ៍​ដូច​ជា​ត្រូវ​បាន​សង្គ្រោះ​ពី​សេចក្ដី​ស្លាប់​អ៊ីចឹង។ ខ្ញុំ​គិត​ថា ខ្ញុំ​មិន​អាច​រស់​រាន​មានជីវិត​បានទេ ប្រសិន​បើ​គ្មាន​សម្ដេច​ ហ៊ុន សែន សម្ដេច​ ហេង សំរិន និង សម្ដេច​ ជា ស៊ីម នោះ​”៕

ប្រែសម្រួល​ដោយ ស៊ា ស៊ុយឈាង​​​​​​


​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស