បងប្អូនប្រហែលជាត្រូវរត់ចេញពីលំនៅដ្ឋានរបស់បងប្អូន។ នេះគឺជាសារព្រមានចុងក្រោយមុនពេលបោះឆ្នោតពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃសុក្រ ដែលនៅទីនោះលោកធ្លាប់បានគំរាមពីសេនារីយោក្រឡាប់ចាក់ដែលអាចនឹងកើតមាន ប្រសិនបើលោកមិនបានជាប់ឆ្នោតនៅថ្ងៃទី២៨ ខែកក្កដាទេនោះ។
ពេលថ្លែងសុន្ទរកថា ជាសាធារណៈជាមួយការព្រមានអំពីសង្គ្រាមស៊ីវិល និងការក្រឡាប់ចាក់ក្នុងសង្គម ប្រសិនបើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចរបស់លោកបរាជ័យក្នុងការបោះឆ្នោតនេះ លោក ហ៊ុន សែន លើកឡើងពីសារសាមញ្ញមួយសម្រាប់សាធារណជនគឺ “ ការផ្លាស់ប្តូរមិនមែនជាល្បែងទេ”។
លោក ហ៊ុន សែន មានប្រសាសន៍បន្ថែមថា “ ការបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាមានន័យថា បងប្អូនកំពុងបោះឆ្នោតឲ្យខ្លួនឯង” គឺការបោះឆ្នោតដើម្បីសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍតាមរយៈការស្ថាបនាផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងវត្តអារាម។
លោកបានបន្ថែមថា បោះឆ្នោតឲ្យអ្នកផ្សេងគឺអាចបាត់បង់ឱកាសទទួលបាន ហេដ្ឋារចនាសម្ព័ន្ធបែបនេះ ហើយក៏អាចមានន័យថា ប្រជាពលរដ្ឋ “ ប្រឈមនឹងការរត់ភៀសខ្លួនទៀតផង”។
លោកនាយករដ្ឋមន្ត្រីមិនបានបញ្ជាក់ថា ប្រជាជនអាចរត់ភៀសខ្លួនដោយសារអ្វីនោះទេ ប៉ុន្តែ បានបង្ហាញនូវមេរៀនប្រវត្តិសាស្ត្រអំពីគ្រោះថ្នាក់នៃការផ្លាស់ប្តូរមេដឹកនាំនៅក្នុងប្រទេសកម្ពុជា គឺជាមេរៀនមួយដែលផ្តោតលើការកើតឡើងនៃរបបខ្មែរក្រហម និងការសម្លាប់រង្គាលនៅក្នុងប្រទេសនេះ។
លោក ហ៊ុន សែន មានប្រសាសន៍ថា “ ការផ្លាស់ប្តូរមិនមែនជាល្បែងទេ។ បន្ទាប់ពី ការផ្លាស់ប្តូរពីរបបលោកសេនាប្រមុខ លន់ នល់ ទៅរបបប៉ុល ពត របបប្រល័យពូជសាសន៍ក៏បានកើតឡើង”។
លោកក៏បានព្រមានផងដែរថា សាធារណជនគួរតែគិតថា ការបោះឆ្នោតជាតិលើកនេះមានសារៈសំខាន់ជាងការបោះឆ្នោតឃុំ-សង្កាត់ កាលពីឆ្នាំមុន ដែលពុំមានផលប៉ះពាល់អ្វីដល់គណបក្សនយោបាយនោះទេ ក្រៅពីសេវា
កម្ម សាធារណៈនៅក្នុងប្រទេស។
លោកបានមានប្រសាសន៍ថា “ ការបោះឆ្នោតដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ គឺបោះឆ្នោតសម្រាប់គណបក្សនយោបាយ និងដើម្បីតំណែងនាយករដ្ឋមន្ត្រី ដែលពាក់ព័ន្ធនឹងការក្រឡាប់ចាក់នៃគោលនយោបាយជាតិនិងអន្ដរជាតិ ដែលអាចមានន័យថា ជាការបំផ្លិចបំផ្លាញក៏ថាបាន។ ថ្លែងទៅកាន់អ្នកចូលរួមរាប់ពាន់នាក់នៅក្នុងក្រុងប៉ោយប៉ែត ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ផ្លូវថ្មីមួយខ្សែ លោក ហ៊ុន សែន បានសុំឲ្យប្រជាជនបោះឆ្នោតឲ្យលោកបានកាន់តំណែងទៀត។
លោកបានមានប្រសាសន៍ថា “ ក្នុងពេលខាងមុខនេះ យើងសង្ឃឹមថា ប្រជាពលរដ្ឋនឹងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាទៀត”។ លោកបានបញ្ជាក់ថា ៦៧,៧ភាគរយនៃអ្នកបោះឆ្នោតនៅក្នុងខេត្តបន្ទាយមានជ័យបានបោះឆ្នោតឲ្យគណបក្សកាន់អំណាច នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ កាលពីឆ្នាំមុន។
លោកបានបន្ដថា “ ដូច្នេះ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ថា ប្រសិនបើបងប្អូនបានឃើញគោលនយោបាយដឹកនាំដ៏ត្រឹមរបស់ខ្ញុំ និងរបស់គណបក្សប្រជាជនកម្ពុជា …ប្រសិនបងប្អូនស្រឡាញ់ ចូលចិត្ត និងអាណិត… ព្រមទាំងទុកចិត្ត ហ៊ុន សែន សូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា”។
លោក យែ៉ម បុញ្ញរិទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែងដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា ការដែលលោក ហ៊ុន សែន លើកឡើងជាប្រចាំអំពីសង្គ្រាម និងអស្ថិរភាពនោះអាចមានភាពមិនប្រក្រតីក្នុងការបោះឆ្នោត ដោយសារតែមានសម្ពាធនយោបាយលើអ្នកបោះឆ្នោត។
លោក យ៉ែម បុញ្ញរិទ្ធ មានប្រសាសន៍ថា “ ការផ្លាស់ប្តូរមិនមែនមិនល្អទេ។ ហេតុអីបានជាពួកគេមិនមើលការផ្លាស់ប្តូរបន្ទាប់ពីការបោះឆ្នោតនៅក្នុងប្រទេសថៃ សហរដ្ឋអាមេរិក បារាំង សិង្ហបុរី និងប្រទេសផ្សេងៗទៀត? វាមិននាំមកនូវអស្ថិរភាព និងភាពវឹកវរ ដល់ប្រទេសទាំងនោះទេ”។
លោកបានបន្ថែមថា ការផ្លាស់ប្តូរមេដឹកនាំគឺដើម្បីធ្វើឲ្យការអភិវឌ្ឍនៅក្នុងប្រទេសបានប្រសើរឡើង ប្រសិនបើធ្វើឡើងដោយសេរី និងយុត្តិធម៌។
លោក ហ៊ុន សែន ក៏បានថ្លែងកាលពីថ្ងៃសុក្រផងដែរថា លោករំពឹងថា នឹងទទួលបានសំឡេងឆ្នោតគាំទ្រថែមទៀតនៅក្នុងខេត្តបន្ទាយមានជ័យនេះ តាមរយៈកម្មវិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីរបស់និស្សិតស្ម័គ្រចិត្ត ដែលបានចែកប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន២៣.១៨៦ប័ណ្ណដល់ប្រជាពលរដ្ឋចំនួន១៣.៧១៨គ្រួសារ លើផ្ទៃដីជាង៤៤.០០០ហិកតា។
ដោយសរសើរខ្លួនឯងចំពោះការនាំមកនូវសន្តិភាព និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ដូចជាខេត្តបន្ទាយមានជ័យនេះ ដែលរួមមានគម្រោងស្ថាបនាផ្លូវមានទឹកប្រាក់ចំនួន៧២លានដុល្លារតភ្ជាប់ទៅក្រុងប៉ោយប៉ែត បាត់ដំបង និងប៉ៃលិននោះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា ជោគជ័យបែបនេះអាស្រ័យលើស្ថិរភាពនយោបាយ។“ ការអភិវឌ្ឍមិនអាចធ្វើទៅបានទេ បើមានអស្ថិរភាព ឬសង្គ្រាម។ [យើង] នឹងព្យាយាមការពារសន្តិភាព និងស្ថិរភាពនយោបាយដែលយើងបានតស៊ូយ៉ាងលំបាកទើបបានសម្រេច”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា