33 C
Phnom Penh

កម្ពុជាត្រូវការភស្តុតាងបន្ថែម​មុនពេលធ្វើបត្យាប័នស្ថាបត្យករ​ ជនជាតិបារាំងទៅប្រទេស​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថាបត្យករ​ជនជាតិ​បារាំង​លោក ប៉ាទ្រីកឌឺវីឡេ (Patrick Devillers) ​ដែលត្រូវចាប់ខ្លួននិងត្រូវបន្តឃុំខ្លួន​​ក្នុងប្រទេស​កម្ពុជា​បន្ត​ទៀត នៅ​ពេល​អាជ្ញាធរ​កម្ពុជា​រង់​ចាំា​ប្រទេស​ចិន​​បញ្ជូន​ភស្តុ្កតាង​បន្ថែមទៀត ​​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួនជន​សង្ស័យរូបនេះ​ ដែល​រដ្ឋា​ភិបាល​ក្រុងប៉េកាំាង​ចង់ឲ្យ​ប្រទេស​កម្ពុជា​ធ្វើ​បត្យាប័ន ដោយសារ​តែ​លោក​មាន​ទំនាក់​ទំនង​ជាមួយនឹងលោកប៉ូស៊ីឡាយ (Bo Xilai) និងដោយ​សារ​ រឿង​អាស្រូវផ្នែក​នយោបា​យ​ធំបំផុត ដែល​បាន​វាយ​ប្រហារ​ប្រទេស​ចិន​ជាច្រើន​ទសវត្សរ៍មកនោះ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ឯ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ លោក​ ហោ ណាំហុងរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​បាន​ប្រាប់​​​អ្នក​យក​ព័ត៌មាន​ថា ប្រទេស​កម្ពុជា​នឹង​មិន​ធ្វើ​បត្យាប័ន​លោក ឌឺវីឡេអាយុ​៥២​ឆ្នាំ​ទៅ​កាន់​ប្រទេស​ចិន​ភ្លាម​ៗ​នោះ​ទេ​ ហើយ​លោក​បាន​អះអាង​ថា លោក ឌឺវីឡេ​ កំពុង​ឃុំខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ​។

លោកហោណាំហុងបាន​ប្រាប់​​អ្នក​យក​ព័ត៌មាន​ នៅ​ពេល​​ត្រឡប់​មក​ពី​​ចូលរួម​កិច្ច​ប្រជុំកំពូល​​ G-20 នៅប្រទេស​ម៉ិកស៊ិក​​ ថា“រាជរដ្ឋាភិបាល​កម្ពុជា​​សម្រេច​ឃុំ​ខ្លួន​ស្ថាប​ត្យករ​ជនជាតិ​បារាំង​នៅក្នុង​ប្រទេស​កម្ពុជា”។​​​​ លោក ហោ ណាំហុង បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា “​លោក ឌឺវីឡេ នៅ​មិន​ទាន់​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​បារាំង​ ឬក៏​ប្រទេស​​ចិន​នៅ​ឡើយ​ទេ​។ យើង​មិន​ទាន់​បាន​បញ្ជូនគាត់​ទៅ​ទីណា​ឡើយ​”។ មន្ត្រី​នគរបាល​ និង​មន្ត្រី​​ជាន់​ខ្ពស់​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​លេខាទី​១​របស់​ស្ថាន​​ទូត​បារាំង ​កាល​ពី​ថ្ងៃ​សុក្រ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ពាក់​ព័ន្ធ​នឹង​លោក​ ឌឺវីឡេ​ នោះ​ទេ។

ស្ថាបត្យ​ករ​ជំនាញ​លោក​ ឌឺវីឡេ​ ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់​ពី​លោក​បាន​ទៅ​ចូល​រួម​​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ជាមួយ​នឹង​មិត្ត​ភក្ដិ​ខ្មែរមួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​សប្ដាហ៍​មុន​។ លោក​ ឌឺវីឡេ​ ជា​ជន​បរទេស​ម្នាក់​ក្នុង​ចំណោម​ជន​បរទេស​ពីរ​នាក់​ ដែល​គេ​បានដឹង​ថា មាន​ទំនាក់​ទំនង​ជាមួយ​នឹង​លោក ប៉ូ ស៊ីឡាយ អ្នក​នយោបាយ​ចិន​ ដែលត្រូវបាន​គេ​បណ្ដេញ​​ចេញ​ពី​តំណែង​ ហើយ​នឹង​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ នៅ​ពេល​លោក​កំពុង​កាន់​តំណែងជា ប្រធាន​គណបក្ស​កុម្មុយនីស្ដ​ដ៏​មាន​អំណាច​ក្នុង​ក្រុងចុងឈីង និង​ភរិយា​របស់​លោក​ គឺ​លោកស្រី ហ្គូ ខៃឡាយ (Gu Kailai) ដែល​កំពុង​ត្រូវ​បាន​គេ​ស៊ើប​អង្កេត​ពី​បទ​សម្លាប់​លោក ណេល ហេវូដ (Neil Heywood) អ្ន​ក​ជំនួញ​ជនជាតិ​អង់គ្លេស កាលពី​ខែ​វិច្ឆិកា។

នៅពេល​សួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​លោកឌឺវីឡេ​ ត្រូវ​ចាប់​ខ្លួន​ លោក ហោ ណាំហុង បាន​លើក​ឡើង​ថា អាជ្ញា​ធរ​នៅ​មិន​ទាន់​ទទួល​បាន​​ភស្ដុតាង​សំខាន់​ណា​មួយ​ពី​ប្រទេស​ចិន​នៅឡើយ​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ។ យើង​ ​នៅ​ត្រូវ​ការ​ស៊ើបអង្កេត​បន្ដ​ទៀត​”។ប្រទេស​កម្ពុជា​បាន​អះអាង​ថា ប្រទេស​ចិន​បាន​ស្នើសុំ​ឲ្យ​​កម្ពុជា​​ចាប់​ខ្លួន​លោក ឌឺវីឡេ​ ជាមុន​សិន ហើយ​ការ​ចាប់​ខ្លួន​នេះកើត​ឡើង​ស្រប​ពេលដែល​លោក​ ហឺ ហ្គូ​ឈៀង (HeGuoqiang) សមាជិក​ជាន់​ខ្ពស់​មួយ​រូប​នៃ​គណៈកម្មការ​អចិន្ត្រៃយ៍​របស់​គណបក្ស​កុម្មុយនីស្ដ​ និង​ជា​មន្ត្រី​សំខាន់ម្នាក់ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេតករណី​លោក ប៉ូ ស៊ី​ឡាយ បាន​មក​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​​កម្ពុជា​។

សន្ធិសញ្ញា​បត្យាប័ន​ ដែល​ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ជាមួយ​នឹង​ប្រទស​ចិន​ កាល​​ពី​ឆ្នាំ​២០០០ ហើយ​ក្រោយ​មកបាន​ផ្ដល់​សច្ចាប័ន​នោះ​ បាន​លើក​ឡើង​ថា នៅ​ពេល​ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួនរួចហើយ ​សំណើ​​សុំ​ធ្វើ​បត្យាប័ន​ពេញលេញ​មួយនឹង​ត្រូវ​បញ្ជូន​​មក​ក្នុង​រយៈ​ពេល​៦០​ថ្ងៃ​ ដោយ​អម​មក​ជាមួយនូវ​ភស្តុតាង​ ដើម្បី​បញ្ជាក់​ពី​ការ​ចាប់​ខ្លួន​របស់​ជន​សង្ស័យ​។

លោកឧត្ដមសេនីយ៍​ឯក​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ករណី​ចាប់​ខ្លួន​នេះ​ទេ​ ហើយ​លោក ពិន ពិសិដ្ឋ ប្រធាន​នគរបាល​អន្ដោរ​ប្រវេសន៍​​បានមាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ថា លោក ឌឺវីឡេ​ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ទី​ណា​​ទេ​។​

កាល​ពី​ថ្ងៃ​ពុធ​ ក្រសួង​ការ​បរទេស​បារាំង​បាន​ប្រកាស​ថា ខ្លួន​បាន​ស្នើ​សុំ​ឲ្យ​ប្រទេស​កម្ពុជា​ផ្ដល់​ព័ត៌មាន​បន្ថែម​​ថា ​ហេតុ​អ្វីបាន​ជា​​លោក​ ឌឺវីឡេ ដែល​បាន​រស់​នៅក្នុង​ប្រទេស​កម្ពុជា​ជាង​ប្រាំ​ឆ្នាំ​ ហើយ​មាន​កូន​ពីរ​នាក់​នៅ​ទី​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​។

លោក ឌឺវីឡេធ្លាប់​មាន​ទំនាក់​ទំនង​ផ្នែក​ជំនួញ​ជាមួយ​នឹង​លោកស្រី ហ្គូ ខៃឡាយ នាយិកាក្រុម​ហ៊ុន អាដាត លីមីតធីត (AdadLimited) ដែល​​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​អង់គ្លេស​ ហើយត្រូវ​បាន​ដួល​រលំ​កាល​ពី​ឆ្នាំ​២០០៣​​។ គេ​នៅ​តែ​មិន​ទាន់​ច្បាស់​ថា​ តើ​លោក​ ឌឺវីឡេ មាន​ទំនាក់​ទំនង​ជាមួយ​នឹង​លោក​ ប៉ូ ស៊ីឡាយ​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ និង​បទ​ឧក្រិដ្ឋ​មនុស្ស​ឃាត​ក្នុង​ប្រទេស​ចិន​យ៉ាង​ដូច​ម្ដេច​នោះ​ទេ។

សំណើសុំ​ធ្វើ​បត្យាប័ន​លោក ឌឺវីឡេ​ របស់​ប្រទេស​ចិន​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ស្ថិន​ក្នុង​ស្ថាន​ភាព​មួយ​លំបាក​យ៉ាង​ខ្លាំង​​ ពី​ព្រោះ​មិន​ដឹង​ថា​ តើ​គួរតែ​ជ្រើស​រើស​តាម​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ដែល​ជា​អ្នក​ផ្ដល់​ជំនួយ​ធំ​បំផុត​ ឬក៏​ជ្រើស​​យកប្រទេស​បារាំង​ ដែល​ជា​ប្រទេសមាន​ទំនាក់​ទំនង​ផ្នែក​នយោ​បាយ​​​ និង​ការទូតជាយូរមក​ហើយ​ជាមួយ​ប្រទេស​កម្ពុជា​នោះ​៕

ប្រែសម្រួល​ដោយ​ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស