28 C
Phnom Penh

លោក ហ៊ុន សែន ប្រាប់​អ្នក​បោះ​ឆ្នោត​អំពី​មូលហេតុ​ដែល​​ត្រូវ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃ​សៅរ៍​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រើ​​សុន្ទរកថា​លើក​​​ចុង​ក្រោយ​​របស់​​​​លោកមុន​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​​​​ចាប់​ផ្ដើម​​​ជា​ផ្លូវ​ការ​ នៅ​​​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​រំឭក​​​ឡើងវិញ​​​​​​​អំពី​ពេល​វេលា​លំបាក​បំផុត​​​ដែល​រដ្ឋាភិបាល​​​របស់​​​លោក​បាន​ប្រឈម​​​​​គិត​​​ចាប់​តាំង​ពី​ថ្ងៃ​​​លោក​​ឈ្នះ​ឆ្នោត​ក្នុង​ឆ្នាំ​២០០៨​មក​។ ថ្លែង​អំឡុង​​​ពិធី​បញ្ចុះ​សីមាវត្ត​ថ្មី​មួយ​​​​នៅ​ក្នុង​ស្រុក​អង្គរ​ជ័យ​ ខេត្ត​កំពត លោក ហ៊ុន សែន បាន​រំឭក​​​ឡើងវិញ​​​​ថា បញ្ហា​​​លំបាក​បំផុត​ទាំង​បី​ដែលរដ្ឋាភិបាល​បាន​ប្រឈម​​អំឡុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ​​​នេះ​​​​ គឺ​​​អតិផរណា​ខ្ពស់​​អំឡុង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភព​លោក​ក្នុង​ឆ្នាំ​២០០៨ ភាព​តាន​តឹង​នៅ​តាម​បណ្ដោយ​ព្រំដែន​ថៃ​​​ក្នុង​​​ឆ្នាំ​តែមួយ​ និង​ការ​បំផ្លិច​បំផ្លាញ​​ដោយសារ​​​ព្យុះ​​​ទីហ្វុង​​​​ កេតសាណា (Ketsana) ក្នុង​ឆ្នាំ​២០០៩ ​ដែល​ពេល​នោះ​ ប្រជាពល​រដ្ឋ​​​ជាង​៦០.០០០​​នាក់​បាន​បង្ខំ​ចិត្ត​​​ចាកចោល​​​ផ្ទះសំបែង​​​​របស់​ខ្លួន​។

ខណៈ​​​នៅ​សល់​តែ​ជាង​មួយ​ខែ​ទៀត​​​ដល់​ថ្ងៃ​​​​​​បោះឆ្នោត​​​នោះ​​​​​​​​ លោក ហ៊ុន សែន បាន​ប្រាប់​អ្នក​ចូល​រួ​ម​ស្ដាប់​យ៉ាង​ច្រើន​កុះករ​ថា លោក​សង្ឃឹម​ថា​​​ ការ​​​ឆ្លើយតប​​​ចំពោះ​វិបត្តិ​ធំៗ​​ទាំង​នោះ​នឹង​ជួយ​​​បញ្ចុះ​បញ្ចូល​ឲ្យ​​​​អ្នក​បោះ​ឆ្នោត​​​​ដែល​មិន​បាន​គាំ​ទ្រ​គណបក្ស​របស់​​​លោក​​​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​កាល​ពី​ឆ្នាំ​មុន​​ ឲ្យ​បោះ​ឆ្នោត​ឲ្យ​លោក​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី ក្នុង​ខែកក្កដា​​​ខាងមុខ​​​នេះ​​​។

លោក​​មាន​ប្រសាសន៍​ថា “ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ពន្យល់​អំពី​ការ​សម្រេច​ចិត្ត​ដ៏​លំបាក​​​​ដែល​បាន​ធ្វើ​ឡើង​ក្រោម​ការ​ដឹក​នាំ​របស់​ខ្ញុំ​។ ថ្ងៃ​នេះ ​ខ្ញុំ​សូម​បកស្រាយ​​​ប្រាប់​​​​សាធារណជន​ មន្ត្រី​​​​រាជការ​​​ និង​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ឲ្យ​​​​បាន​​​ដឹង​​​ថា​ តើ​តួនាទី​របស់​នាយក​រដ្ឋ​មន្ត្រី​​​​និង​​​តួនាទី​​​​របស់​អភិបាល​ខេត្ត​ អភិបាល​ស្រុក​ រដ្ឋ​មន្ត្រី​ និងមេឃុំ ឬ​ចៅ​សង្កាត់​​​​ដែល​លោក​តា​លោក​យាយ​បាន​បោះ​ឆ្នោត​ឲ្យ​កាល​ពី​ឆ្នាំ​មុន​​​ខុសគ្នា​​​យ៉ាងម៉េច​​​​​”។

លោក ហ៊ុន សែន បាន​​បន្ដ​ថា​​​ នៅ​ក្នុង​ខេត្ត​​កំពត​​​ មាន​អ្នក​បោះ​ឆ្នោត​​​តែ​​​​៦៣​ភាគ​រយ​​​ប៉ុណ្ណោះ​​​​ដែល​​​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​មុន​ ហើយ​លោក​បាន​ស្នើ​​​សុំ​ឲ្យ​អ្នក​ចូល​​​រួម​​​ស្តាប់​​​​​​កាល​ពី​ម្សិលមិញ​​​ ដែល​ភាគ​ច្រើន​​​ជា​​​​មនុស្ស​​​មាន​​​វ័យ​ចំណាស់​ ពិចារណា​​​​ឲ្យ​​​បាន​​​ម៉ត់ចត់​​​ថា តើ​​​គួរ​​​បោះឆ្នោត​​​​​​ឲ្យ​​​គណបក្ស​មួយ​ណា​អំឡុង​​​​​ការ​​​​បោះ​ឆ្នោត​ដែល​នឹង​មក​ដល់​ក្នុង​​​​ពេល​​​ឆា​​​ប់ៗ​​​​ខាង​មុខ​នេះ​។

លោក​ ហ៊ុន សែន បាន​​​ធ្វើការ​សង្កត់​​​ធ្ងន់​​​ថា“ ការ​សម្រេច​ចិត្ត​ខុស​នឹង​​​បង្ក​​​ជា​​​គ្រោះ​​​មហន្តរាយ​​​” ដោយ​លោក​បាន​​​ឆ្លៀត​​​លើក​ឡើង​​​វិញ​​​នូវ​​​ការ​​​អះ​អាង​​​ដែល​លោក​បាន​​ធ្វើ​​​ក្នុង​​​រយៈពេល​​​ពីរ​​​ខែ​​​ចុងក្រោយ​​​​នេះ​ថា ប្រសិន​បើ​គណបក្ស​ប្រជា​​ជន​កម្ពុជា​ចាញ់​ការ​បោះ​ឆ្នោត​​​លើក​​​នេះ ប្រទេស​កម្ពុជា​នឹង​​​​ធ្លាក់​​​ក្នុង​​​សង្គ្រាម​ស៊ីវិល​។

លោក ហ៊ុន សែន បាន​មាន​​ប្រសាសន៍​ថា “ ពេលនោះ​​​​​​ មាន​បញ្ហា​បី​ដែល​យើងត្រូវ​​​ដោះ​​ស្រាយ​ ទី១ គឺ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភព​លោក​។ វិបត្តិនេះ​មិន​មែន​មាន​ផល​ប៉ះពាល់​តិច​តួច​​មក​លើ​យើង​ទេ​។ រដ្ឋាភិបាល​ត្រូវ​ឆ្លើយ​តប​ទៅ​នឹង​ការ​លំបាក​ទាំង​នេះ​ ដើម្បី​ធានា​ឲ្យ​មាន​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ដើម្បី​ការ​ពារ​អតិផរណា​​​”។

លោក ហ៊ុន សែន បាន​​បន្ដ​ថា តាមរយៈ​​​ការ​​​​​ផ្ដល់​ការ​​​ឧបត្ថម្ភ​​​ធន​​​ដល់​​​​ក្រុមហ៊ុន​ឯកជន​ដែល​ផ្គត់​ផ្គង់​សេវាកម្ម​មូលដ្ឋាន​ ដូច​ជា​​​​អគ្គិ​សនី​​​​និង​ទឹក​​​​ស្អាត​​​នោះ​ រដ្ឋាភិបាល​របស់​លោក​បាន​​​​ទប់​ស្កាត់​​​​អតិផរណា​មិន​ឲ្យ​​​កើនឡើង​ដោយ​ជោគ​​ជ័យ​។លោក​​មាន​​​ប្រសាសន៍​​​​ថា “ យើង​បាន​ឆ្លងកាត់​​​ការ​លំបាក​ទាំង​នេះ​តាម​រយៈ​ការ​​​​គ្រប់​គ្រង​​​សេដ្ឋកិច្ច​យ៉ាង​ប្រុង​ប្រយ័ត្ន​​​ជាទី​​​បំផុត​​​​”។

បន្ទាប់​មក​ ​លោក ហ៊ុន សែន បាន​លើក​ឡើង​​​ថា ជោគ​ជ័យ​ធំ​​​​បំផុត​​​ទី២​ក្រោម​​​ការ​ដឹក​នាំ​របស់​លោក​ គឺ​ការ​ទប់ស្កាត់​​​​​​​នូវ​​​អ្វី​ដែល​លោក​ហៅ​ថា “ ការ​ឈ្លាន​ពាន​” របស់​ថៃ​មក​​​លើ​​​​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០០៨​ មិន​ឲ្យ​ក្លាយ​​​ទៅជា​​​​សង្គ្រាម​​​ពេញ​​​​បន្ទុក​​​​​។​ លោក​ ​ហ៊ុន សែន បាន​បញ្ជាក់​​​​ថា បន្ទាប់​ពី​កងទ័ព​ថៃ​បាន​ទន្ទ្រាន​​​ចូល​​ក្នុង​ទឹក​ដី​​​​មាន​​​វិវាទ​​​ជាមួយ​​​​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​ ឆ្នាំ​​នោះលោក​បាន​កោះហៅ​មន្ត្រី​​​រដ្ឋា​ភិបាល​​​​​​​​​ជាន់​​ខ្ពស់​​​​​របស់​លោក​មក​ជួប​ជុំ​គ្នា ដើម្បី​ពិភាក្សា​អំពី​ជម្រើស​​ដែល​អាច​ទៅ​រួច ​ក្នុង​នោះ​រួម​មាន​​​ទាំង​ការ​វាយ​បក​​​ជាបន្ទាន់​លើ​​​កងទ័ព​ថៃ​នៅ​​ព្រំដែន​​ផង​ដែរ​​​។

លោក ហ៊ុន សែន ​មាន​ប្រសាសន៍​ថា “ ក្នុង​​នាម​ជា​អតីត​ទាហាន​ដែល​មាន​បទ​ពិសោធ​​ក្នុង​សមរភូមិ​ចំនួន​​១០៥​លើក​ រង​របួស​ប្រាំ​លើក​ និង​ពិការ​​​​ភ្នែក​មួយ​ចំហៀង​ ឈាម​បាន​ច្រាល​ចូល​ក្នុង​បេះ​ដូង​របស់​ខ្ញុំ​ នៅ​ពេល​​ខ្ញុំ​បាន​ឮ​ថា ពួកគេ​​​បាន​រំលោភ​​​​អធិបតេយ្យ​​​ភាព​របស់​យើង​”។

ប៉ុន្តែ​ លោក ហ៊ុន សែន បាន​លើកឡើង​​​​ថា ដោយសារ​ការ​​​​គិតដល់​​​ហានិភ័យ​​​នៃ​​​ការ​​​ផ្ទុះ​​​​សង្គ្រាម​ជាមួយ​ថៃ​​​រយៈពេល​​​​ពីរ​សប្ដាហ៍មុន​​​ថ្ងៃ​បោះ​ឆ្នោត​ជាតិ​ក្នុង​ប្រទេស​កម្ពុជា​ លោក​ត្រូវ​តែ​រក្សា​​​ភាព​​​អត់ធ្មត់​​​​។

លោក​​មាន​ប្រសាសន៍​ថា “ ការ​សម្រេច​ចិត្ត​នេះ​​​គឺ​ជា​ការ​សម្រេច​ចិត្ត​​​មួយ​​​ដើម្បី​​​​​​បញ្ចៀស​​​​សង្គ្រាម​។ ​ប្រសិន​​​បើ​​​មិនមែន​​​ដោយសារ​​​​​​​​​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​​​ទេ​​​ យើង​​​ប្រាកដ​​​​​​ជា​​​ជួប​​​​​​ស្ថាន​​ភាព​​​ផ្ទុយពី​​​នេះ​​​”។ លោក​បាន​បន្ថែម​ថា លោក​​​​បាន​​​សម្រេច​​​ចិត្ត​​​​ដោះ​ស្រាយ​ជម្លោះ​ពាក់​ព័ន្ធ​នឹង​ប្រាសាទ​ព្រះវិហារ​​​ដោយ​​​ប្រើ​​​មធ្យោ​បាយ​​​​​ការទូត​​​តាម​រយៈ​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​ ​​​សមាគម​​​អាស៊ាន​​​ និង​តុលា​ការ​​​​យុត្តិធម៌​អន្ដរជាតិ​​​​​វិញ​ ​​​។

ចាប់​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០០៨​មក​ លោក ​ហ៊ុន សែន មិនសូវ​​​ជោគ​ជ័យ​​ក្នុង​ការ​កាត់​​​បន្ថយ​​​​​​​​ចំនួន​​​អ្នក​​​ស្លាប់​​​និង​​​របួស​​​នៅ​តាម​ព្រំដែន​​​ឡើយ​​​​។ កម្ពុជា​បាន​​​ប៉ះ​​​ទង្គិច​​​ជាមួយ​​​ថៃ​បណ្តាល​​​ឲ្យ​​​មាន​​​​​មនុស្ស​ស្លាប់​​​​​ជា​​​ច្រើន​​​លើក​​​នៅ​តាម​ព្រំដែន​​ ពេល​​​​​​លោក​ អាប់ភីសុីត វីចាជីវ៉ា (Abhisit Vejjajiva) ធ្វើ​​​ជា​នាយក​រដ្ឋ​មន្ត្រី​ពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១១។

នាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​កក់​ក្ដៅ​ឡើង​វិញ​ ចាប់​តាំង​ពី​លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) បាន​​​ចូល​​​​កាន់​អំណាច​ក្នុង​ឆ្នាំ​២០១១​​​មក​​​។ ជា​​​ចុង​ក្រោយ​​​ ​លោក​ ហ៊ុន សែន បាន​កោត​សរសើរ​​ការ​ងារ​យ៉ាង​រហ័ស​របស់​គណ​បក្ស​លោក​ក្នុង​ការ​ស្ដារ​​​​​​​តំបន់​មួយ​ចំនួន​នៅ​ភាគ​កណ្ដាល​នៃ​ប្រទេស​កម្ពុជា​ ដែល​​បាន​រង​​​ការ​​​ប៉ះពាល់​​​​ដោយសារ​​​ព្យុះ​ទីហ្វុង​​កេត​សា​ណា​​​ ​​ក្នុង​ខែ​កញ្ញា​ ឆ្នាំ​២០០៩ ពេល​​​​​​​មនុស្ស​ជាង​៤០​​នាក់​​​បាត់បង់​​​​​​ជីវិត​​​​។

លោក​​បន្ថែម​ថា“ យើង​បាន​សង្គ្រោះ​​​​​​​ប្រជា​​​ពល​រដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​​​ទឹក​ជំនន់​ ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ​ ផ្លូវ​ផ្នល់​ និង​ស្ពាន​​​ដែល​​​​ត្រូវបាន​​​បំផ្លាញ​ដោយ​​​​គ្រោះ​​​ទឹក​ជំនន់”។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​យល់​ស្រប​ថា លោក ហ៊ុន សែន ពិតជា​​​​ជោគ​ជ័យ​​ក្នុង​ការ​រក្សា​កំណើន​សេដ្ឋកិច្ច​ អំឡុង​ពេលមាន​​​វិបត្តិ​​​ហិរញ្ញវត្ថុ​​​ពិភព​លោក​​​​​មែន​​​ ប៉ុន្តែ​លោក​បាន​បញ្ជាក់​​​ថា ទ្រព្យ​​​សម្បត្តិ​​​មិន​​​ត្រូវ​បាន​បែង​ចែក​​​​ដោយ​​​ស្មើភាព​​​​ទេ​ ហើយ​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បរាជ័យ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ធំ​ជាង​នេះ ដូច​ជា​ការ​ចាប់​យក​ដី​​​ និង​ការ​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ​​​ជាដើម​​​​។

លោក​បាន​មាន​ប្រសាសន៍​ថា “ ដូច​​​​អ្នក​​​បាន​​​ឃើញ​​​​ស្រាប់​​​ហើយ​​​ថា​​​ គម្លាត​រវាង​អ្នក​មាន​ និង​អ្នក​ក្រ​កាន់​តែរីក​​​​ធំ​ឡើង​ពី​មួយ​ឆ្នាំ​​​ទៅ​មួយ​ឆ្នាំ​… អ្នក​អាច​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​ចាប់​យក​ដី​ និង​ការ​​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ​។ បញ្ហា​ទាំង​នេះ​កាន់​តែ​​​​ធំ​ឡើងៗ​​​​។ យើង​យល់​ស្រប​រឿង​​​កំណើន​សេដ្ឋកិច្ច​ ប៉ុន្តែ​ប្រជា​ពល​រដ្ឋ​ចំនួន​៧​លាន​នាក់​កំពុង​រស់​នៅ​ក្រោម​បន្ទាត់​​​​នៃ​​​ភាព​​​ក្រីក្រ​ ដោយ​រក​ប្រាក់​ចំណូល​បាន​តិច​ជាង​ពីរ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​”។

​ពាក់​ព័ន្ធ​នឹង​ជម្លោះ​តាម​ព្រំដែន​ថៃ​​​វិញ​​​​ លោក​ យឹម សុវណ្ណ បាន​អះអាង​​​​​​ថា លោក ហ៊ុន សែន នៅ​​​ទីបំផុត​​​​​បាន​ធ្វើ​តាម​អនុ​សាសន៍​​​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ ប៉ុន្តែ​​​ថា​​​លោក ​​​ហ៊ុន​​​ សែន​​​ ​​​អាច​​​​បញ្ចៀស​​​​ការ​ខាត​បង់​ប្រាក់​រាប់​លាន​ដុល្លារ​ និង​ការ​បាត់​បង់​អាយុ​ជីវិត​​ច្រើន​​ក្នុង​ការ​​​ប៉ះទង្គិច​​​គ្នា​​​ ប្រសិន​​​​បើ​​​លោក​​​​ទុក​​​​ជម្លោះ​នេះ​ឲ្យ​​​អាជ្ញាកណ្ដាល​អន្តរ​ជាតិ​​​​ដោះស្រាយ​​​​បាន​​​ឆាប់​​​ជាង​​​នោះ​​​​៕

ប្រែសម្រួល​ដោយ ហម សុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស