ក្រសួងមហាផ្ទៃបានលើកឡើងថា ជនជាតិខ្មែរចំនួនប្រាំមួយនាក់ ត្រូវបានកងកម្លាំងថៃបាញ់សម្លាប់ក្នុងរយៈពេលមួយខែ នៅក្នុងរបាយការណ៍កម្រមួយ គូសបញ្ជាក់ពីផលប៉ះពាល់នៃការជួញដូរឈើគ្រញូង ដែលកំពុងបន្ត និងការប្រឹងប្រែងរបស់អាជ្ញាធរក្នុងការទប់ស្កាត់។
របាយការណ៍មួយចុះផ្សាយតាមគេហទំព័ររបស់ក្រសួងមហាផ្ទៃ ចុះកាលបរិច្ឆេទថ្ងៃសុក្រនិងចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ទោ សេង វណ្ណា ប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ពលរដ្ឋខ្មែរចំនួនប្រាំមួយនាក់ ដែលឆ្លងដែនទៅស្វែងរកឈើគ្រញូងចន្លោះពីថ្ងៃទី១៩ ខែឧសភា ដល់ថ្ងៃទី២០ ខែមិថុនា ត្រូវបានទាហានថៃបាញ់សម្លាប់ និងប្រាំពីរនាក់ទៀតរងរបួស។
របាយការណ៍នេះបានឲ្យដឹងថា ទាហានថៃ បានចាប់ខ្លួនជនជាតិខ្មែរចំនួនប្រាំមួយនាក់អំឡុងពេលនោះ។លើសពីនេះទៅទៀតរបាយការណ៍នេះបន្តថា ជនជាតិខ្មែរចំនួន៣២នាក់បានពើបប្រទះនឹងទាហានថៃ ប៉ុន្តែត្រូវបានបញ្ជូនមកទឹកដីមកម្ពុជាវិញដោយសុវត្ថិភាព។
តម្លៃខ្ពស់នៃឈើគ្រញូងដោយសារតែមានតម្រូវការខ្លាំងនៅក្នុងប្រទេសចិន ដែលឈានដល់រាប់ពាន់ដុល្លារក្នុងមួយម៉ែត្រគូបបានជំរុញឲ្យពលរដ្ឋខ្មែរឆ្លងដែនស្វែងរកឈើប្រភេទនេះ ដោយប្រថុយនឹងការត្រូវចាប់ខ្លួនដោយទាហានថៃនៅក្នុងតំបន់ព្រៃតាមព្រំដែន។ ក្នុងឆ្នាំ២០១២ ជនជាតិខ្មែរ
ចំនួន៤៥នាក់ ត្រូវបានទាហានថៃបាញ់សម្លាប់ក្នុងហេតុការណ៍បែបនោះ។
របាយការណ៍នេះក៏ឲ្យដឹងដែរថា អាជ្ញាធរកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការទប់ស្កាត់រំហូរឈើខុសច្បាប់ ដែលជាទូទៅនាំចេញទៅប្រទេសវៀតណាមនេះ ចាប់តាំងពីខែកុម្ភៈមក។ របាយការណ៍នេះបន្តថា “រថយន្តធុនតូចនិងរថយន្តធុនធំចំនួនប្រាំបួនគ្រឿង និងឈើគ្រញូងសរុប៥៧៧ដុំ ទម្ងន់៨.២៨៣គីឡូក្រាមត្រូវបានរឹបអូសចាប់តាំងពីខែកុម្ភៈមក”។
របាយការណ៍នេះលើកឡើងទៀតថា ថៃបានបញ្ជូនជនជាតិខ្មែរសរុបចំនួន២៦៦នាក់ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងគ្នាមកកម្ពុជាវិញ អំឡុងខែនោះគិតរហូតមកទល់ថ្ងៃសុក្រនេះ។ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នាប៉ុន្មានលើកមកហើយដើម្បីទប់ស្កាត់ការស្លាប់នៅតាមព្រំដែន ប៉ុន្តែមកទល់ពេលនេះ មានការរីកចម្រើនតិចតួចណាស់ក្នុងការកាត់បន្ថយចំនួនឧបទ្ទវហេតុ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី