32 C
Phnom Penh

ក្រសួង​មហាផ្ទៃ​៖ បទ​ល្មើស​ពាក់ព័ន្ធ​​​នឹង​​​ការ​បោះ​ឆ្នោត​ជាតិ​ទាំង​អស់​ត្រូវ​តែ​ធ្វើការ​ស៊ើប​អង្កេត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហាផ្ទៃ​បាន​ចេញ​បទ​បញ្ជា​​ឲ្យ​អាជ្ញាធរ​មូល​ដ្ឋាន​នៅ​ទូទាំង​ប្រទេស​ស៊ើប​អង្កេត​រាល់​​​បទ​ល្មើស​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ជាតិ​ ដើម្បី​ធានា​ឲ្យ​បាន​ថា បរិយាកាស​មុន​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា មាន​​​​​​​យុត្តិធម៌​​ និង​​​គ្មាន​ការ​បំភិត​បំភ័យ​ផ្នែក​នយោបាយ​។

ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​កាល​ពី​ថ្ងៃ​សុក្រ លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ខេត្ត​​​​មាន​ការ​​​ប្រុង​ប្រយ័ត្ន​ នៅ​ពេល​ស៊ើប​អង្កេត​ និង​ដាក់ទោស​ជន​ល្មើស​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ ដូច​ជា​ការ​ធ្វើ​ឲ្យ​ខូច​ស្លាក​សញ្ញា​របស់​​​គណបក្ស​នយោបាយ​​​​នានា​​​ជា​ដើម​។
ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៦​ផ្ទាំង​ត្រូវ​បាន​​​​បំផ្លាញ​ក្នុង​ខេត្ត​ព្រៃ​វែង​ និង​ស្វាយ​រៀង​។ ​ក្រោយ​​​​មក ក្រសួង​មហាផ្ទៃបាន​ចោទ​ប្រកាន់​​​​​គណ​បក្ស​សង្គ្រោះ​ជាតិ​ថា​​​ ជា​​​អ្នក​​​​បំផ្លាញ​​​​ស្លាក​​​សញ្ញា​ទាំង​នោះ​​​ដោយ​ខ្លួន​ឯង​​​​ ប៉ុន្តែ​មិន​បាន​ចេញ​​​​ឈ្មោះចំៗ​​​​ទេ​​។

សេចក្ដី​ថ្លែងការណ៍​នេះ​មាន​​​ខ្លឹមសារ​​​​ថា “​អាជ្ញា​ធរ​ទាំង​អស់​ត្រូវ​តែ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់​ចត់​រាល់​​​​​​​បទ​ល្មើស​​​​​​​​​​​​ដែល​​​កើតឡើង​​​អំឡុង​កា​រ​បោះ​ឆ្នោត​នេះ​ ជា​ពិសេស​បទ​ល្មើស​ដែល​ពាក់​ព័ន្ធ​នឹង​នយោបាយ​ និង​បទ​ល្មើស​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិយាកាស​នយោបាយ​”។

សេចក្ដី​ថ្លែងការណ៍​នេះមាន​​​ខ្លឹមសារ​​​បន្ដ​ថា“ បទ​ល្មើស​ទាំង​នេះ​រួម​មាន​ការ​​​គំរាម​កំហែង​ ការ​បំភិត​បំភ័យ ឬក៏​ការ​ប៉ុន​ប៉ង​ដក​​ស្លាក​សញ្ញា​គណបក្ស​នយោបាយ​ ឬ​ធ្វើ​ឲ្យ​ខូច​ស្លាក​សញ្ញា​ទាំង​នោះ​ ដូច​អ្វី​ដែល​បាន​កើត​​ឡើងក្នុង​ខេត្ត​ព្រៃវែង​ និង​ខេត្ត​ស្វាយ​រៀង​​​កាល​ពី​ថ្ងៃ​ទី​១៨ និង​១៩ ខែ​មិថុនា”។

សេចក្ដី​​ថ្លែង​ការណ៍​នេះ​មាន​​​ការ​​​បញ្ជាក់​​​​​​​ថា ក្រុម​ប្រតិកម្ម​រហ័ស​​​​មួយ​​​នឹង​ត្រូវ​បាន​​​បង្កើត​​​​ឡើង​​ដើម្បី​ឆ្លើយ​តប​រាល់​បញ្ហា​ដែល​កើត​ឡើង​ពាក់​ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ទាំង​អស់​។ សេចក្ដី​ថ្លែងការណ៍​នេះ​​​​ក៏​មាន​​​ការ​​​​​​​បង្គាប់​​​​ឲ្យ​​អាជ្ញាធរ​មូល​ដ្ឋាន​ផ្ដល់​សន្ដិសុខ​ និង​សម្រួល​​​​ចរាចរណ៍​ដល់​គណបក្ស​នយោបាយ​ទាំង​អស់​ផង​ដែរ​  ជា​ពិសេស​​​គឺ​​​​អំឡុង​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​។

កាល​ពី​ម្សិលមិញ​​​ លោក យឹម សុវណ្ណ​ អ្ន​ក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បន្ដ​បដិ​សេធ​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​បំផ្លាញ​ស្លាក​សញ្ញា​របស់​ខ្លួន​​​​ដោយ​​​ខ្លួនឯង​​​ទេ​​​។  លោក​​​​​​បាន​​​បន្ថែម​ថា ស្លាក​សញ្ញា​ចំនួន​បី​ផ្សេង​ទៀត​​​​​ត្រូវ​បាន​បំផ្លាញ​នៅ​ចុង​សប្ដាហ៍​នេះ​​​ក្នុង​ខេត្ត​សៀម​រាប និង​ឧត្ដរមាន​ជ័យ​។

លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​ក្រុម​ការ​ងារ​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រចាំ​​​​ខេត្ត​​ស្វាយ​រៀង​​​ ​​​បាន​អះអាង​​​​ថា ​​​​ពេល​​​​លោក កឹម សុខា ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ ​​​​ចុះ​​​ទៅ​​​មូលដ្ឋាន​​​ក្នុង​​​ខេត្ត​​​នេះ​​​​​ដើម្បី​ថ្លែង​ទៅ​កាន់​អ្នក​បោះ​ឆ្នោត​កាល​ពី​សប្ដាហ៍​មុន​​​ លោក​​​ត្រូវ​បាន​រំខាន​ដោយ​មនុស្ស​ប្រហែល​១០​នាក់​ ដែល​បាន​ចាប់​ផ្ដើម​ចាក់​តន្ត្រី​ខ្លាំង​ៗ​ ​ធ្វើ​ឲ្យ​គេ​មិន​អាច​ស្ដាប់​ឮ​អ្វី​ដែល​លោក​ កឹម សុខា បាន​​​​ថ្លែង​ឡើយ​។ ​លោក​បន្ថែមថា ​លើស​ពី​នេះ​ទៅ​ទៀត​ ស្លាក​សញ្ញា​គណបក្ស​នយោ​បាយ​​​​សរុប​ចំនួន​ប្រាំបី​​ត្រូវ​បាន​បំផ្លាញ​ ឬដក​ចោល​នៅ​ក្នុង​ខេត្ត​​​​នេះ​​​ ចាប់​តាំង​ពី​ខែ​មេសា​មក​​។

លោក បុញ្ញឫទ្ធិ​​​ មាន​​​ប្រសាសន៍​​​ថា​​​“ ​យើង​​​ស្វាគមន៍​សេចក្តី​​​ណែនាំ​ស្តីពី​​​ការ​​​​​​​ផ្ដល់​សេវា​សន្ដិសុខ​សម្រាប់​គណបក្ស​នយោបាយ​ទាំង​អស់​​​នេះ​​​ ប៉ុន្តែ​គណបក្ស​នយោបាយ​ទាំង​អស់​ត្រូវ​ការ​អព្យាក្រឹតភាព​ សុវត្ថិភាព​ និង​សណ្ដាប់​​​​​​ធ្នាប់​សាធារណៈ​ អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​​ឲ្យ​បាន​ស្មើ​ភាព​គ្នា​៕

ប្រែសម្រួល​ដោយ ស៊ា ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស