29 C
Phnom Penh

ការ​សន្យា​ដ៏​ច្រើន​របស់​លោក ហ៊ុន សែន ធ្វើ​ឲ្យ​ប្រជា​ពល​​​រដ្ឋ​ក្នុង​ខេត្ត​កំពង់​ចាម​សប្បាយ​ចិត្ត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឃុំ​ជើង​ព្រៃ​, ខេត្ត​កំពង់​ចាម-​នៅ​ម៉ោង​៧​ និង​៥០​នាទី​ព្រឹក​ឧទ្ធម្ភាគចក្រ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ហោះ​ក្រឡឹង​ភូមិ​ជន​បទ​មួយ​នេះ​ក្នុង​ខេត្ត​កំពង់​ចាម​។

១០​នាទី​ក្រោយ​មក​ក្បួន​រថយន្ត​ទំនើប​ៗ​ បាន​ធ្វើ​ដំណើរ​ចូល​វត្ត​គិរីមុន្នីសុវណ្ណ​ ដែល​មាន​ការ​តុប​តែង​យ៉ាង​ស្រស់​បំព្រង​ ហើយ​លោក​ ហ៊ុន សែន បាន​ដើរ​ចូល​ក្នុង​វត្ត​នេះ​ដោយ​មាន​អង្គរក្ស​ការ​ពារ​ជាង​២០​នាក់​ និង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ជា​ច្រើន​នាក់​ផ្សេង​ទៀត។ មើល​ទៅ​លោក​ហាក់​ដូច​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ទី​នោះ​។​

មនុស្ស​ប្រមាណ​៥.០០០​នាក់​​មក​ពី​ទូទាំង​ស្រុក​បាធាយ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​ចូល​វត្ត​នេះ​ ដើម្បី​​ស្ដាប់​​សុន្ទរកថា​របស់​លោក​នាយក​រដ្ឋ​​មន្ត្រី ដែល​ជា​​សុន្ទរកថា​​ផ្សាយ​ទូទាំង​ប្រទេស​លើក​ចុង​ក្រោយ​របស់​លោក មុន​ពេល​លោក​​លែង​បង្ហាញ​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិសេស​អំឡុង​រដូវ​កាល​​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​រយៈ​ពេល​មួយ​ខែ​ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ព្រហស្បតិ៍។

លោក ហ៊ុន សែន បាន​ដើរ​ស្វាគមន៍​មនុស្ស​ជា​ច្រើន​ទាំង​ទឹក​មុខ​ពោរពេញ​ទៅ​ដោយ​ភាព​ញញឹម​​យ៉ាង​ស្រស់​ស្រាយ​។ នៅ​មុខ​ផ្ទាំង​ប៉ាណូ​ដ៏​ធំ​មួយ​​ដែល​​រៀប​រាប់​អំពី​សកម្មភាព​របស់​លោក ហ៊ុន សែន ​កំពុង​ស្ទូង​ស្រូវ​​ដោយ​មាន​បង់​ក​ក្រមា​ពណ៌​ក្រហម​ លោក ហ៊ុន សែន បាន​ចូល​ទៅ​ក្នុង​ក្រុម​មនុស្ស​យ៉ាង​ច្រើន​ ហើយ​បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចាប់​ដៃ​របស់​លោក​ ហើយ​លោក​ក៏​បាន​ចាប់​ដៃ​​អ្នក​គាំ​ទ្រ​ និង​អង្អែល​ក្បាល​កូនៗ​របស់​​ពួក​គេ​ផង​​ដែរ​។

១៥​នាទី​ក្រោយ​មក​​​លោក​បាន​ឈរ​នៅ​លើ​ឆាក​ដែល​អម​ទៅ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​តួនាទី​តាម​លោក​មក​កាន់​តំបន់​ជន​បទ​មួយ​នេះ​។

ពេល​​លោក​ ហ៊ុន សែន ​ថ្លែង​​សុន្ទរ​កថា​ដែល​មិន​បាន​ព្រៀង​ទុក​ជាមុន​រយៈ​ពេល​​ជាង​​​​​មួយ​ម៉ោង​ស្ដី​អំពី​ព្រឹត្តិការណ៍​​ថ្មីៗ និង​បរិយាកាស​នយោបាយ​​នៅ​កម្ពុជា​នោះ​ មនុស្ស​​​​ជា​ច្រើន​​ដែល​បាន​មក​ប្រមូល​ផ្ដុំ​គ្នា​សុទ្ធ​តែ​នៅ​ស្ងៀម​រហូត​ដល់​ការ​បញ្ចប់​សុន្ទរកថា​ដែល​មាន​រយៈ​ពេល​២​ម៉ោង​ ​ដែល​នៅ​ពេល​នោះ​​លោក​បាន​ប្រកាស​គម្រោង​អភិវឌ្ឍ​ន៍​ថ្មី​ៗ​មួយ​ចំនួន​ដែល​លោក​បាន​សន្យា​ថា​នឹង​ផ្ដល់​ទៅ​ឲ្យ​ស្រុក​នេះ​ ប្រសិន​បើ​គណបក្ស​​ប្រជា​ជន​កម្ពុជា​ត្រូវ​បាន​បោះ​ឆ្នោត​ឲ្យ​កាន់​អំណាច​ម្ដង​ទៀត​។

លោក​បាន​ប្រកាស​ថា “ ព្រះសង្ឃ​នៅ​ឯ​វត្ត​​ឥន្ទ​កោសី​​ ក្នុង​ឃុំ​ជាលា​ សុំ​បិណ្ឌបាត​​ដំបូល​វិហារ​ និង​អគារ​សាលារៀន​ថ្មី​មួយ​។ យើង​​នឹង​ប្រគេន​​អ្វី​ដែល​​ព្រះសង្ឃ​បាន​បិណ្ឌបាត​”។ លោក​ ហ៊ុន សែន លើក​ឡើង​ថា “ លោក​គ្រូ​​អ្នក​គ្រូ​នៅ​មធ្យម​សិក្សា​ក្នុង​ឃុំ​ជើង​ព្រៃ​បាន​ស្នើ​សុំ​អគារ​ថ្មី​មួយ​។ យើង​ជូន​តាម​សំណូម​ពរ​”។ ហើយ​បន្ទាប់​មក​មនុស្ស​យ៉ាង​ច្រើន​បាន​នាំ​គ្នា​អប​អរ​សាទរ​ដោយ​នាំ​គ្នា​គ្រវី​ទង់​ជាតិ​ឡើង​លើ​។

លោក ហ៊ុន សែន​ ក៏​បាន​ប្រកាស​ដែរ​ថា លោក​នឹង​ចែក​អំណោយ​ដល់​អ្នក​ចូល​រួម​ជា​ច្រើន​ផង​ដែរ​។ លោក​មាន​​ប្រសាសន៍​ថា សិស្សា​នុ​សិស្ស​ដែល​បាន​មក​ចូល​រួម​នេះ​នឹង​ទទួល​បាន​សៀវ​​​​ភៅ​ពីរ​ក្បាល​ ប៊ិច​មួយ​ និង​លុយចំនួ​ន​​៥.០០០​រៀល​ក្នុង​ម្នាក់​ៗ។ រីឯ​លោក​គ្រូអ្នក​គ្រូ​នឹង​ទទួល​បាន​លុយ​ប្រហែល​៣០.០០០​រៀល​ក្នុង​ម្នាក់​ៗ។ ហើយ​លោក​តា​លោក​យាយ​ប្រហែល​២០០​នាក់ និង​អ្នក​ស្ម័គ្រ​ចិត្ត​២០០​​នាក់​ផ្សេង​ទៀត​របស់​​ក្រុម​យុវជន​ និង​ក្រុម​កាយឫទ្ធិ​មក​ពី​កាកបាទ​ក្រហម​​នឹង​ទទួល​បាន​១០.០០០​រៀល​ក្នុង​ម្នាក់ៗ។​

លោក ហ៊ុន សែន បាន​ចែក​អំណោយ​ទៅ​​ឲ្យ​តំណាង​ក្រុម​នីមួយ​ៗ​បន្ទាប់​ពី​បញ្ចប់​​​សុន្ទរ​កថា​របស់​លោក ដោយ​មាន​ការ​អំពាវ​នាវ​ជា​ចុង​ក្រោយ​សុំ​ការ​គាំ​ទ្រ​ពី​អ្នក​ចូល​រួម​។

លោក​​មាន​ប្រសាសន៍​ថា “ បោះ​ឆ្នោត​ឲ្យ​​គណបក្ស​ប្រជា​ជន​កម្ពុជា​ គឺ​​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​បន្ត​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​តទៅ​ទៀត​។ បោះ​ឆ្នោត​សម្រាប់​សន្តិភាព​ និង​​ស្ថិរភាព​នយោ​បាយ។​ បោះ​ឆ្នោត​សម្រាប់​ការ​អភិវឌ្ឍ”។ នៅ​ពេល​ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​នេះ​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ លោក ហ៊ុន សែន បាន​គំរាម​ម្ដង​ទៀត​ថា ប្រទេស​នឹង​ធ្លាក់​ចូល​ក្នុង​សង្គ្រាម ​ប្រសិនបើ​គណបក្ស​របស់​លោក​មិនជាប់​ឆ្នោត​​ទៀត​នោះ​។

លោក​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា គម្រោង​ដូច​ជា​ការ​សម្ពោធ​សមិទ្ធផល​វត្ត​កាល​ពី​ម្សិលមិញ​ក៏​នឹង​ផ្អាក​ដែរ ​ប្រសិន​បើ​មាន​រដ្ឋាភិបាល​ថ្មី​មក​ជំនួស​គណបក្ស​ប្រជា​ជន​កម្ពុជា​នោះ​ ប៉ុន្តែ​ការ​បង្ហាញ​ពី​ភាព​ស្និទ្ធ​ស្នាល​កាល​ពី​ម្សិលមិញ​បាន​ក្លាយ​ទៅ​ជា​​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​​​​ដ៏​សំខាន់​របស់​លោក ហ៊ុន សែន ហើយ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា តើ​ហេតុ​អ្វី​បាន​ជា​លោក​នាយក​រដ្ឋ​មន្ត្រី​បន្ត​ការ​សន្យា​បែប​នេះ​ ​ពិសេស​នៅ​តាម​ទី​ជន​បទ​ដែល​​មាន​​​ការ​ចែក​អំណោយ​៥.០០០​រៀល​ និង​សម្ភារ​សិក្សា​ផ្សេង​ៗ​ទៀត។

​ស្ទើរ​តែ​ទូទាំង​ប្រទេស លើក​លែង​តែ​រាជ​​​​ធានី​ភ្នំពេញ​ ​គេ​អាច​និយាយ​បាន​ថា ជា​​​កន្លែង​ផ្ដល់​អំណាច​​​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា ដែល​មាន​​អាសនៈ​ចំនួន​៩០​ក្នុង​ចំណោម​អាសនៈ​ចំនួន​១២៣​នៅ​រដ្ឋ​សភា​​ ហើយ​ខេត្ត​​​កំពង់​ចាម​ជា​ខេត្ត​ដែល​មាន​ប្រជា​​​​ពល​រដ្ឋ​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ប្រទេស​កម្ពុជា​​គឺ​ស្ថិត​​ក្នុង​ចំណោម​ខេត្ត​ដែល​ប្រកួត​ប្រជែង​បំផុត​ក្នុង​ឆ្នាំ​២០០៨។

នៅ​​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នោះ​ គណ​បក្ស​​ប្រជា​​​ជន​កម្ពុជា​ឈ្នះ​បាន​១១​អាសនៈ​ក្នុង​ចំណោម​អាសនៈ​ទាំង​១៨​​ក្នុង​ខេត្ត​កំពង់​ចាម​ ហើយ​គណបក្ស​ សម រង្ស៊ី ទទួល​បាន​ប្រាំ​អាសនៈ រីឯ​គណបក្ស​សិទ្ធិ​មនុស្ស និង​គណ​បក្ស​​ នរោត្ដម​ រណឫទ្ធិ ទទួល​បាន​អាសនៈ​ម្នាក់​​​​​មួយ​។

ក្នុង​ឆ្នាំ​នេះ​ សមាជិក​លេច​ធ្លោ​មួយ​ចំនួន​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​​បាន​ស្ថិត​នៅ​លើ​គេ​ក្នុង​​បញ្ជី​​ឈ្មោះ​សម្រាប់​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ខេត្ត​កំពង់​ចាម ដែល​ជា​ខេត្ត​ស្រុក​កំណើត​របស់​នាយក​រដ្ឋ​មន្ត្រី​។
លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​បាន​ស្ថិត​​​នៅ​ក្នុង​លេខ​រៀង​លើ​គេ​នៃ​បញ្ជី​បេក្ខ​ជន​ឈរ​​​ឈ្មោះ​ជា​តំណាង​រាស្ត្រ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ហើយ​អ្នក​ដែល​ស្ថិត​នៅ​​លេខ​រៀង​​​បន្ទាប់​មាន​ដូច​ជា​លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​​​ក្រសួង​ការ​បរទេស​ ​លោក ហ៊ុន ណេង អតីត​អភិបាល​ខេត្ត​កំពង់​ចាម​ដែល​ជា​បង​ប្រុស​របស់​លោក ហ៊ុន សែន លោក ខៀវ កាញារីទ្ធ ​​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ និង​លោក ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ និង​ជា​អតីត​អភិបាល​រាជ​ធានី​ភ្នំពេញ។

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​បង្កើត​ឡើង​នៅ​ពេល​គណបក្ស​ សម រង្ស៊ី និង​គណ​បក្ស​សិទ្ធិ​មនុស្ស​បាន​រួម​បញ្ចូល​គ្នា​ កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន​ គឺ​​លោក កឹម សុខា ដែល​ជា​ប្រធាន​ស្ដី​ទី​​ ស្ថិត​នៅ​លេខ​រៀង​លើ​គេ​​ក្នុង​ខេត្ត​​កំពង់​ចាម​។ ប៉ុន្តែ​ គេ​មិន​ដឹង​ថា តើ​អ្នក​ដែល​មក​ចូល​រួម​ក្នុង​សុន្ទរកថា​កាល​ពី​ម្សិលមិញ​របស់​លោក ហ៊ុន សែន មាន​គម្រោង​គាំ​ទ្រ​គណបក្ស​ផ្សេង​​ក្រៅ​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ ឬក៏​អត់​ទេ។

អ្នក​ចូល​រួម​ភាគ​ច្រើន​​ដែល​បាន​ជិះ​​​រថយន្ត​មក​វត្ត​នេះ​នៅ​ម៉ោង​៦​ព្រឹក​ សុទ្ធ​តែ​មាន​ពាក់​អាវ​ពណ៌​ស និង​មួក​​​ដែល​មាន​ស្លាក​សញ្ញា​គណបក្ស​ប្រជា​ជន​កម្ពុជា​ គឺ​រូប​ទេវតា​បាច​ផ្កា​ដោយ​មាន​ព័ទ្ធ​ជុំ​វិញ​ដោយ​គួរស្រូវ។

សំ ឯម អាយុ​២៦​ឆ្នាំ​ជា​កម្មករ​មក​ពី​ភូមិ​មួយ​ក្បែរ​នោះ​ បាន​ស្លៀក​ពាក់​ឯក​សណ្ឋាន​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅ​ពេល​​គាត់​បាន​ដើរ​ចូល​វត្ត​​នោះ​។​គាត់​​​និយាយ​ថា ប្រធាន​ភូមិ​របស់​​គាត់​​បាន​ចែក​សម្លៀក​បំពាក់​ ហើយ​បាន​ប្រាប់​​គាត់​ និង​អ្នក​ជិត​ខាង​ឲ្យ​ជិះ​រថយន្ត​មក​ស្ដាប់​សុន្ទរកថា​របស់​លោក ហ៊ុន សែន។

​នេះ​គឺ​ជា​លើក​ទី​១​​ហើយ​ដែល​បាន​ជួប​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ដោយ​ផ្ទាល់​ ប៉ុន្តែ​ សំ ឯម ​បាន​​មើល​​​លោក​នាយក​រដ្ឋ​មន្ត្រី​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​ យ៉ាង​ហោច​ណាស់​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​​។ គាត់​​បន្ដ​ថា “ គណបក្ស​ប្រជា​ជន​កម្ពុជា​កសាង​​​​ច្រើន​ណាស់​។ ពួកគេ​កសាង​ផ្លូវ​ថ្នល់ សាលារៀន​ និង​វត្ត​អា​រាម។ ភាគ​ច្រើន​នៃ​កន្លែង​​​​​ទាំង​នោះ​មាន​ឈ្មោះ​លោក ​ហ៊ុន​ សែន​ ​នៅ​លើ​នោះ”។​​គាត់​​បន្ថែម​ថា ប្រសិន​បើ​គណបក្ស​ប្រជា​ជន​​ចាញ់​ឆ្នោត​ឆ្នាំ​នេះ​ គាត់​បារម្ភ​ថា ប្រទេស​កម្ពុជា​​អាច​​ធ្លាក់​ក្នុង​សង្គ្រាម។ ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ដែល​បាន​ចូល​រួម​កាល​ពី​ម្សិល​មិញ​បាន​បោះ​ជំរំ​បី​ថ្ងៃ​មុន​ ដើម្បី​ចូល​រួម​ក្នុង​ពិធី​បញ្ចុះ​​ខណ្ឌ​សីមា​វត្ត​​នេះ​។​

​អំឡុង​សុន្ទរ​កថា​ លោក ហ៊ុន សែន បាន​ថ្លែង​ថា លោក​ផ្ទាល់​បាន​ឧបត្ថម្ភ​​ប្រាក់​ចំនួន​២២.​០០០​ដុល្លារ​ រួម​ជា​មួយ​នឹង​ប្រាក់​ចំនួន​១១០.​០០០​ដុល្លារ​ទៀត​ពី​លោក ហោ ណាំ​ហុង ដើម្បី​សាងសង់​វិហារ​នេះ​​ដែល​ត្រូវ​ចំណាយ​​​ប្រាក់​សរុប​ចំនួន​៣២០.​០០០​ដុល្លារ។

​លោក សំ មួង អាយុ​៦៦​ឆ្នាំ ឧបាសក​នៅ​វត្ត​នេះ​បាន​មានប្រសាសន៍​ថា វិហារ​នេះ​បាន​​ធ្វើ​ឲ្យ​វត្ត​នេះ​រុង​រឿង​ជាង​កាល​ពី​​មុន​របប​ ប៉ុល ​ពត។

​លោក​​មានប្រសាសន៍​ថា “ កាល​ពី​មុន​ យើង​មាន​វិហារ​ធ្វើ​អំពី​​ឈើ។ នៅ​ទី​នេះ​ក៏​ធ្លាប់​មាន​វិហារ​ដូច្នេះ​ដែរ ប៉ុន្ដែ​វា​បាន​បាក់​បែក​អស់​អំឡុង​របប​ ប៉ុល ពត”។លោក​បាន​បន្ថែម​ថា ៣០​ឆ្នាំ​មក​នេះ គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​អភិវឌ្ឍ​តំបន់​នេះ​ ដោយ​បាន​កសាង​អ្វីៗ​គ្រប់​យ៉ាង​ ចាប់​តាំង​ពី​មន្ទីរ​ពេទ្យ​ រហូត​ដល់​អណ្ដូង​ទឹក។​

ប៉េង ស្រី​ទួត អាយុ​១៧​ឆ្នាំ​ ជា​សិស្ស​មក​ពី​វិទ្យា​ល័យ​ ហ៊ុន សែន ស្រុក​បាធាយ ​​​​និយាយ​ថា ប្អូន​ចូល​ចិត្ត​សុន្ទរកថា​នេះ​ណាស់។​​ ​យុវ​សិស្ស​រូប​នេះ​បាន​បន្ដ​ថា “ សម្ដេច​ ហ៊ុន សែន​ ដឹក​នាំ​ប្រទេស​បាន​ល្អ។ លោក​បាន​នាំ​សន្ដិ​ភាព​សម្រាប់​ប្រទេស​កម្ពុជា​ និង​បាន​សាង​សង់​សាលា​រៀន​ និង​មន្ទីរ​ពេទ្យ​ជា​ច្រើន”។​​យុវ​សិស្ស​រូប​នេះ​​​បន្ថែម​​ថា “ ខ្ញុំ​មិន​ដែល​ឃើញ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​អ្វី​សោះ​”។​

​លោក ឡោ ចាន់​លី អភិ​បាល​ស្រុក​បាធាយ​ ​ដែល​បាន​រៀប​ចំ​​ពិធី​នេះកាល​ពី​ម្សិល​មិញ​បាន​មានប្រសាសន៍​ថា ​វា​ជា​ការ​សំខាន់​ណាស់​​ដែល​លោក ហ៊ុន សែន និង​តំណាង​រាស្ត្រ​​គណបក្ស​ប្រជា​ជន​កម្ពុជា​​ចុះ​សួរ​សុខ​ទុក្ខ​តំបន់​ដាច់​ស្រ​យាល​ ដើម្បី​ពន្យល់​ពី​គម្រោង​របស់​ខ្លួន​សម្រាប់​អភិ​វឌ្ឍ​​ថ្នាក់​មូល​ដ្ឋាន។​

​លោក​បាន​មាន​ប្រសាសន៍​ថា “ ថ្ងៃ​នេះ ​សម្តេច​ ហ៊ុន សែន បាន​ឧបត្ថម្ភ​ប្រាក់​ជិត​មួយ​លាន​ដុល្លារ​ ​ដើម្បី​អភិវឌ្ឍ​តំបន់​នេះ​”។ ​នៅ​ពេល​សួរ​ថា តើ​ការ​សន្យា​របស់​លោក​ ​ហ៊ុន សែន និង​ការ​ឧបត្ថម្ភ​ប្រាក់​ក្នុង​ពិធី​នេះ​ ដោយ​នៅ​​សល់​​ជាង​​មួយ​ខែ​ទៀត​​ការ​បោះ​ឆ្នោត​នឹង​មក​ដល់​នោះ​​ អាច​ជា​ការ​ទិញ​សន្លឹក​ឆ្នោត​ឬ​អត់​ លោក ឡោ ចាន់​លី ស្ទាក់​ស្ទើរ​ក្នុង​ការ​​ផ្ដល់​ចម្លើយ។

​លោក​បាន​មានប្រសាសន៍​ថា “ វា​មិន​មែន​ជា​ការ​ទិញ​សន្លឹក​ឆ្នោត​ទេ។ នេះ​ជា​​ការ​រក​ដំណោះស្រាយ។​ ប្រជា​ពល​រដ្ឋ​ត្រូវ​ការ​ផ្លូវ​ដើរ​ និង​សាលា​រៀន​។ ប៉ុន្ដែ​ទាំង​អស់​នេះ​វា​ជាប់​ពាក់​ព័ន្ធ​គ្នា។នៅ​ពេល​ប្រជា​ពល​រដ្ឋ​ឃើញ​ផ្លូវ​ល្អ​ ពួកគេ​ប្រហែល​ជា​បោះ​ឆ្នោត​ឲ្យ​​គណបក្ស​ប្រជា​ជន​កម្ពុជា​ក៏​ថា​បាន​​​”៕

ប្រែ​សម្រួល​ដោយ ស៊ា ស៊ុយ​ឈាង​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស