កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានសាកសួរដើមចោទទាំងបួនរូបតាមពាក្យបណ្តឹងដែលចោទប្រកាន់លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ពីបទបរិហារកេរ្តិ៍ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោកដែលថា ប្រទេសវៀតណាមបានប្រឌិតរឿងធ្វើទារុណកម្មមនុស្សរាប់ពាន់នាក់នៅគុកទួលស្លែងក្នុងសម័យខ្មែរក្រហម។ ទោះបីជាប្រធានស្តីទីរបស់គណបក្សសង្គ្រោះជាតិរូបនេះបានបដិសេធថា ខ្លួនមិនបានធ្វើការអះអាងបែបនេះ និងបានចោទរដ្ឋាភិបាលថាបានកាត់តខ្សែអាត់នោះក៏ដោយ ក៏ដើមចោទ ដែលសុទ្ធតែជាអ្នករួចផុតជីវិតពីគុកទួលស្លែងទាំងបួនរូបនោះ នៅតែបានដាក់ពាក្យបណ្តឹងកាលពីដើមខែនេះ ទាមទារប្រាក់សំណងជំងឺចិត្តចំនួន១.០០០ ដុល្លារដែរ។
ព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ ដែលបានសាកសួរដើមចោទបួននាក់ ប៉ុន្តែបានបដិសេធមិនបរិយាយ បាននិយាយថា “ ពួកគេមានខ្សែអាត់សំឡេង និងឯកសារ ហើយយើងនឹងយកវាទៅស៊ើបអង្កេត”។ តុលាការព្យាយាមប្រគល់ដីកាកោះហៅលោក កឹម សុខា ទៅសាកសួរកាលពីថ្ងៃសុក្រ ប៉ុន្តែលោក កឹម សុខា ស្ថិតនៅប្រទេសអូស្ត្រាលីនៅពេលនោះ ហើយបុគ្គលិកនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិបដិសេធមិនទទួលយកដីកាកោះនេះជួសមុខឲ្យលោកទេ។
លោក ច័ន្ទពិសិដ្ឋ បាននិយាយកាលពីម្សិលមិញថា លោកមិនដឹងថា តើលោក កឹម សុខា បានទទួលដីកាកោះនោះហើយឬនៅទេ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីគម្រោងរបស់តុលាការក្នុងការនាំខ្លួនលោកទៅសាកសួរឡើយ។ បណ្តឹងនេះធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែក្រោយនេះ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី