កាលពីម្សិលមិញ ការលេងល្បែងស៊ីសងនៅតែបន្តដូចធម្មតានៅឯកាស៊ីណូ ណាហ្គាវើល ជាសណ្ឋាគារ និងកាស៊ីណូ តែមួយគត់នៅក្នុងរាជធានីភ្នំពេញ ដែលទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវ ទោះបីជាមានការបន្តការតវ៉ាពីសំណាក់បុគ្គលិកដែលអះអាងថា ពួកខ្លួនជាង៤០០នាក់ ត្រូវបានបញ្ឈប់ពីការងារបន្ទាប់ពីការតវ៉ាជាច្រើនសប្តាហ៍ក្ដី។

កាលពីម្សិលមិញ បុគ្គលិកប្រហែល៣០០នាក់ អង្គុយនៅខាងក្រៅកាស៊ីណូដោយមានបដាតវ៉ាដែលបានបន្តចាប់តាំងពីបានចាប់ផ្តើម កាលពីថ្ងៃទី១៣ ខែកក្កដា ដែលនាពេលនោះបុគ្គលិកបានទាមទារដំឡើងប្រាក់ខែឲ្យលើសពី៨០ដុល្លារក្នុងមួយខែ។
លោក សុខ ណារិទ្ធ អនុប្រធានសហព័ន្ធបុគ្គលិកទេសចរកម្ពុជាបានមានប្រសាសន៍ថា សហជីពទទួលបានអ៊ីម៉េលមួយ ដែលផ្ញើមកពីអ្នកគ្រប់គ្រងកាស៊ីណូណាហ្គាវើល ទៅឲ្យបុគ្គលិកដែលត្រូវបានបណ្ដេញចេញកាលពីសប្តាហ៍មុនថា កិច្ចសន្យាការងាររបស់បុគ្គលិកជាង៤០០នាក់ ដែលបានចូលរួមក្នុងការតវ៉ាត្រូវបានលុបចោល ឬព្យួរ។
សហជីពក៏បានអះអាងផងដែរថា កាស៊ីណូនេះបានរំលោភសិទ្ធិបុគ្គលិកម្ដងហើយម្ដងទៀត ហើយការតវ៉ាក៏បានកើតឡើងជាច្រើនលើកហើយដែរ ចាប់តាំងពីកាស៊ីណូនេះបានចាប់ផ្ដើមប្រតិបត្តិការក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ១៩៩៥ ហើយភាគច្រើនបំផុតបានកើតឡើងក្នុងខែកុម្ភៈ ដែលពេលនោះបុគ្គលិកប្រហែល១.០០០នាក់ បានតវ៉ាដោយសារតែបុគ្គលិកមួយចំនួនផ្សេងទៀតត្រូវបានបញ្ឈប់ពីការងារ។
លោក ខឹម វុឌ្ឍី ដែលធ្វើការផ្នែកអាហារ និងភេសជ្ជៈក្នុងកាស៊ីណូនេះមានប្រសាសន៍ថា “ យើងចង់បានប្រាក់ខែ [យ៉ាងហោចណាស់] ១៥០ដុល្លារក្នុងមួយខែ។ យើងបានរៀនសូត្រ ហើយយើងត្រូវប្រើប្រាស់ខួរក្បាលរបស់យើងដោយប្រើប្រាស់ទាំងភាសាចិន និងភាសាអង់គ្លេសដើម្បីផ្ដល់សេវាកម្មនៅក្នុងកាស៊ីណូនេះ”។
លោកអះអាងថា ការតវ៉ានេះគឺអហិង្សា ទោះបីជាបុគ្គលិកចំនួន១៩នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៨ ខែកក្កដា បន្ទាប់ពីពួកគេបានប៉ះទង្គិចជាមួយនគរបាលនៅខាងមុខកាស៊ីណូនេះក៏ដោយ។ កាលពីម្សិលមិញគេបានឃើញរថយន្តយោធាជាច្រើនគ្រឿងនៅជិតច្រកចូលកាស៊ីណូនេះ និងមានអ្នកយាមមិនស្លៀកពាក់ឯកសណ្ឋានមួយក្រុមធំនៅឈរក្បែរនោះ។
ចូលរួមការតវ៉ានោះដែរ គឺអ្នកស្រី អ៊ុំ បទុម អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការ ដែលបានមានប្រសាសន៍ថា កាស៊ីណូណាហ្គាវើលបានបន្តប្រតិបត្តិការដោយគ្មានបុគ្គលិក ដែលកំពុងធ្វើការតវ៉ានោះ ព្រោះគេបានជ្រើសរើសបុគ្គលិកថ្មីចូលផ្ទុយនឹងច្បាប់ការងារដែលហាមមិនឲ្យធ្វើបែបនេះ។
អ្នកស្រីបានមានប្រសាសន៍ថា ក្រុមហ៊ុននៅតែបន្តជ្រើសរើសបុគ្គលិកថ្មីមកពីក្រុងបាវិត ប៉ោយប៉ែត និងខេត្តព្រះសីហនុ [ដែលមានកាស៊ីណូដែរ] ។ លោក ហ៊ឹម សុភ័ក្ត្រ មន្ត្រីប្រតិបត្តិផ្សព្វផ្សាយរបស់ណាហ្គាវើល បានបដិសេធមិនផ្ដល់អត្ថាធិប្បាយពាក់ព័ន្ធនឹងការអះអាងដែលថា បុគ្គលិក៤០០នាក់ត្រូវបានបញ្ឈប់ពីការងារ ឬធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះដោយសារការតវ៉ានេះទេ។
កាលពីម្សិលមិញ ល្បែងស៊ីសងហាក់ដូចជាបន្តដោយសេរី ព្រោះភ្ញៀវទេសចរអាចឆ្លងកាត់ក្រុមអ្នកតវ៉ាចូលទៅក្នុងកាស៊ីណូបាន។ ភ្ញៀវទេសចរជនជាត់ជប៉ុនម្នាក់ដែលត្រួតពិនិត្យនៅខាងក្រៅកាស៊ីណូនេះ និងដែលមិនចង់បញ្ចេញឈ្មោះបាននិយាយថា អ្នកតវ៉ាដែលកំពុងតែប្រើប្រាស់ឧគ្ឃោសនស័ព្ទដើម្បីស្រែកទាមទារ បានធ្វើឲ្យរំខានដល់ដំណើររបស់គាត់។
ភ្ញៀវទេសចរជនជាត់ជប៉ុនរូបនេះបានមានប្រសាសន៍ដោយពន្យល់ថា លោកគិតថា អ្នកគ្រប់គ្រងកាស៊ីណូណាហ្គាវើលគួរតែចាត់វិធានការច្រើនជាងនេះ ដើម្បីឲ្យការតវ៉ាមានភាពស្ងប់ស្ងាត់ “ វារំខានខ្លាំងណាស់ ខ្ញុំស្ដាប់អីមិនឮនោះទេ”។
លោកបានបន្តថា “ សណ្ឋាគារនេះរកលុយបានច្រើនណាស់ឲ្យម្ចាស់របស់វា ប៉ុន្តែបុគ្គលិកមិនបានច្រើននោះទេ។ វាមិនមែនល្អដោយសារតែរូបភាពនៃសណ្ឋាគារនោះទេ។ នៅក្នុងប្រទេសជប៉ុនក្រុមហ៊ុនធំមួយនឹងមិនអនុញ្ញាតឲ្យអតិថិជនឃើញសភាពបែបនេះទេ ពួកគេនឹងចរចាភ្លាម”។ កាស៊ីណូនេះរកប្រាក់ចំណូលបានចំនួន១១៣,១លានដុល្លារកាលពីឆ្នាំមុន។
មានសញ្ញាដំបូងដែលបង្ហាញថា ការតវ៉ានេះអាចធ្វើឲ្យជះឥទ្ធិពលដល់ទំនុកចិត្តរបស់វិនិយោគិនក្នុងវិស័យកាស៊ីណូ។ មុនពេលមានការតវ៉ាទាមទារដំឡើងប្រាក់ខែនេះ ភាគហ៊ុនណាហ្គាខប ដែលជាក្រុមហ៊ុនមេវិនិយោគនៅក្នុងទីក្រុងហុងកុងរបស់ក្រុមហ៊ុននេះ កាលពីថ្ងៃទី១១ ខែមិថុនា លក់ក្នុងតម្លៃ៦,១២ដុល្លារហុងកុង ឬប្រហែល០,៧៩ដុល្លារអាមេរិក។
កាលពីម្សិលមិញយោងតាមសារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុនណាហ្គាខប មានតម្លៃ៥,៥០ដុល្លារហុងកុង ឬ0,៧១ដុល្លារអាមេរិក គឺធ្លាក់ចុះជាង១០ភាគរយ។
គេមិនដឹងច្បាស់ទេថា តើការធ្លាក់ចុះតម្លៃភាគហ៊ុន ក្នុងរយៈពេលពីរបីសប្ដាហ៍មកនេះមានជាប់ពាក់ព័ន្ធនឹងការតវ៉ានេះដែរឬអត់ទេ ហើយតម្លៃភាគហ៊ុននៅតែមានតម្លៃខ្ពស់ជាងតម្លៃរបស់វា ដែលមានតម្លៃ៤,៧៤ដុល្លារហុងកុង ឬប្រហែល០,៦១ដុល្លារអាមេរិក នៅដើមឆ្នាំ២០១៣៕
ប្រែសម្រួលដោយ ហម សុផាណ្ណា