29 C
Phnom Penh

CPP ៖ ពេល​​​បោះ​​​ឆ្នោត​​​​​​ជិតមកដល់​“ មាន​ការ​​​ចុះ​​​ចូលកាន់​​​តែច្រើន​​​​​​” ជា​មួយ​គណ​​​បក្ស​​​​កាន់​​​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រៀង​​​​រាល់​​​ពេល​​​ធ្វើ​​​យុទ្ធនាការ​​​ឃោស​​​នា​​​បោះ​​​ឆ្នោត​​​​​​ គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា បាន​​​ប្រ​​​កាសឲ្យ​​​ដឹង​​​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​​អំពី​ការ​​​ចុះ​​​ចូល​​​របស់​​​សមាជិក​​​គណបក្ស​ប្រឆាំង​​​រាប់​​​រយ​​​នាក់ រួម​​ទាំង​​បងប្អូន​ខ្មែរ​អ៊ីស្លាម​​​​មួយ​​​ក្រុម​​​តូច​​​ដែល​​​មិន​​​សប្បាយ​​​ចិត្ត នៅ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅ​​​ខែ​​​​ក្រោយ​នេះ​ផងដែរ ។

លោក សៀង ណាំ សមាជិក​​​សភា​​​ម​​​ក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា លោក និង​​​លោក ទៀ បាញ់  រដ្ឋមន្ត្រី​​​ក្រសួង​​​​ការ​​​​​​ពារ​​​ជាតិបាន​​​ស្វាគមន៍ ​​​អតីត​​​សមា​​​ជិក​​​​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​៦២៣​​​នាក់ រួម​​​ទាំង​​​សមាជិក​​​១៤​​​រូប​​​​​​របស់​​​គណៈកម្មាធិការ​​​ធ្វើ​​​យុទ្ធនា​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​តាម​​​មូល​​​ដ្ឋាន​​​របស់​​​គណបក្ស​​​នេះ​​​ផង​​​ បាន​​​ចុះ​​​ចូល​​​ជា​​​មួយ​​​នឹង​​​គណ​​​​​​​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នៅ​​​​​​ក្នុងពិធី​​​មួយ​​​​​​នៅ​​​ក្រុង​​​សៀមរាប។

លោក​​​មាន​​​ប្រសាសន៍ថា “ ខ្ញុំគិត​​​ថា ពួក​​​គេ​​​បាន​​​សុំ​​​ចុះ​​​ចូលដោយសារ​​​មាន​​​​​​បញ្ហា​​​ផ្ទៃ​​​ក្នុង​​​នៅ​​​​​​ក្នុង​​​គណបក្ស​​​របស់​​​ពួក​​​គេ” ប៉ុន្តែ មិន​​​បាន​​​ផ្ដល់​​​សេច​​​ក្ដី​​​លម្អិត​​​នោះ​​​ទេ ។ បងប្អូន​ខ្មែរ​អ៊ីស្លាម​ចំនួន​២៥​​​នាក់​​​ ដែល​​​ធ្លាប់​​​ស្មោះ​​​ត្រង់​​​ចំពោះ​​​គណ​​​បក្ស​​​ប្រឆាំង​​​នេះក៏​​​បាន​​​ប្រកាស​​​ឲ្យ​​​ដឹង​​​​​​ផង​​​ដែរ​​​អំពី​​​ការ​​​ចុះ​​​ចូល​​​របស់​​​ខ្លួន​​​​ជា​មួយ​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​នៅ​​​ឯសន្និសីទ​​​សារ​​​ព័ត៌មាន​​​មួយ​​​ក្នុងរាជធានី​​​ភ្នំពេញ ។

លោក សិទ្ធ​​​ អ៊ីប្រាអ៊ីម ដែល​​​រហូត​​​មក​​​ដល់​​​ខែមេសា ជាអគ្គលេខាធិការ​​​រង​​​​​គណបក្ស​​​​សិទ្ធិ​​​មនុស្ស​​​ ដែល​​​បាន​​​ច្របាច់​​​បញ្ចូល​​​គ្នា​​​ជា​​​មួយ​​​​​​នឹងគណ​​​បក្ស​​​ សម រង្ស៊ី ដើម្បី​​​បង្កើត​​​គណបក្ស​​​សង្គ្រោះ​​​ជាតិបា​​​ន​​​មាន​​​ប្រសាស​​​ន៍​​​ថា ខ្លួន​​​មាន​​​អារម្មណ៍​​​ថា​​​មាន​​​ការ​​​រើស​​​អើង​​​បន្ទាប់​​​ពី​​​ថ្នាក់​​​ដឹក​​​នាំ​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ បាន​​​សុំ​​​ឲ្យ​​​ពួក​​​គាត់​​​រង់​​​ចាំ​​​រហូត​​​​ដល់​ក្រោយ​ការ​​​បោះ​​​ឆ្នោត​​​​​​​​​នេះ ​​​ដើម្បី​​​បង្កើត​​​ក្រុម​​​ខ្មែរ​​​​អ៊ីស្លាម​ជា​​​ផ្លូវការ​​​មួយ​​​នៅ​​​ក្នុង​​​គណបក្ស​​​នេះ។

លោកបាន​​​មាន​​​ប្រសាស​​​ន៍ថា “ យើង​​​បាន​​​​​​សម្រេច​​​ចិត្ត​​​ចាក​​​ចេញ ពីព្រោះ​​​គណ​​​បក្ស​​​នេះ​​​មាន​​​ការ​​​រើស​​​អើង​​​ចំពោះ​​​សាស​​​នា​​​អ៊ីស្លាម” ។ លោក សិទ្ធ អ៊ីប្រាអ៊ីម ក៏​​​បាន​​​អះអាង​​​ផង​​​ដែរថា មាន​ខ្មែរ​អ៊ីស្លាម​បីលាន​​​នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា និង​​​បាន​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​នឹង​​​ធ្វើ​​​តាម​​​ការ​​​ណែនាំ​​​របស់​​​លោកឲ្យ​​​គាំទ្រ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា នៅពេល​​​បោះ​​​ឆ្នោត​​​​​​នេះ។ ប៉ុន្តែ យោង​​​តាម​​​ក្រសួង​​​​​​ធម្មការ ​​​និង​​​សាសនា បាន​​​ឲ្យ​​​ដឹង​​​ថា  មាន​​ខ្មែរ​អីុស្លាម​​​​ប្រហែ​ល​​​៥០០.០០០​​​នាក់​​ក្នុង​​​ប្រទេស​​​​​​នេះ។

លោក យឹម សុវណ្ណ អ្នក​​​នាំ​​​ពាក្យ ​​​និង​​​ជា​​​បេក្ខជន​​​​​​ឈរ​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​របស់​​​គណ​​​បក្ស​​​​​​សង្គ្រោះ​​​ជាតិ បាន​​​ច្រាន​​​ចោល​​​ការ​​​ចុះ​​​ចូល​​​កាល​​​ពី​​​ពេល​​​ថ្មីៗ​​​​​​នេះ និង​​​​​​​​​មាន​​​ប្រសាសន៍​​​ថា ​​​អ្នក​​​ចុះ​​​ចូល​​​ទាំង​​​​​​​​​​​​​​​នេះ ភាគ​​​ច្រើន គឺជាសមាជិក​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​។

លោក យឹម សុវណ្ណ ដែលបាន​​​ច្រាន​​​ចោល​​​​​ការអះអាង​​​ថា​​​ មាន​ការ​រើស​​​អើង​​​ចំពោះ​​​សាស​​​​នា​​​​​អីុស្លាម​នោះមាន​​​ប្រសាស​​​ន៍​ថា “ នេះ​​​​គឺជាយុទ្ធសាស្ត្រ​​​ចាស់។មាន​​​តែ​​​មនុស្ស​​​​​ម្នាក់ ឬ​​​ក៏ពីរ​​​នាក់​​​ប៉ុណ្ណោះ​​​ក្នុង​​​ចំណោម​​​អ្នក​​​ចុះ​​​ចូល​​​ជា​​​សមាជិករបស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​”។ លោកបាន​​​មាន​​​ប្រសាស​​​ន៍ថា “ អ្នក​​​អាច​​​សាក​​​សួរ​​​អ្នក​​​គាំ​​​ទ្រ​​​មួយ​​​លាន​​​នាក់​​​របស់​​​គណ​បក្ស​​​សង្គ្រោះ​​​ជាតិ មាន​​​តែ​​​មនុស្ស​​​​​​​​​​​​មួយ​​​ចំនួន​​​តូច​​​ប៉ុណ្ណោះ ​​​និយាយ​​​បែប​​​​​​នេះ”។

លោក យឹម សុវណ្ណ បាន​​​មាន​​​ប្រសាស​​​ន៍ ​ថា “ លោកក៏​​​រំពឹង​​ផង​​​ដែរ​​​នឹង​​​ឃើញ​​​គណ​បក្ស​​ប្រជាជន​​​កម្ពុជា ចាប់​​​ផ្ដើមផ្ដល់​​​តួនាទី​​​នៅ​​​ក្នុង​​​រដ្ឋាភិបាល​​​ដល់​​​ក្រុម​​​មន្ត្រី​​​គណ​​​បក្ស​​​ប្រឆាំង ដែលបាន​​​​​​ចុះ​​​ចូល ខណៈពេល​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​​​​ជិត​មក​ដល់​ ដោយ​​​ហេតុ​​​ថា ការ​​​ផ្ដល់​​​តួនាទី​​​ត្រូវ​​​ធ្វើ​​​​​​មុន​​​ការ​​​បាះ​​​ឆ្នោត​​​ជាតិ”​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “ យើង​​​រង់​​​ចាំ​​​មើល​​​។វា​​​ជា​​​យុទ្ធសាស្ត្រ​​​ចាស់។ បុ៉ន្តែមាន​​​តែ​​​សមាជិក​​​មិន​​​សូវ​​​សំខាន់​​​ប៉ុណ្ណោះ​​​ បាន​​​ចូល​​​រួម​​​ជា​​​មួយ​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​ គ្មាន​​​អ្នក​​​កាន់​​​តំណែង​​​ខ្ពស់​​​ណា​​​មួយ​​​បាន​​​ចុះ​​​ចូល​​​នោះ​​​ទេ​​​”។

កាលពី​​​ប៉ុន្មាន​​​ខែ នៅ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ឆ្នាំ​​​២០០៨ គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ដោយ​​​ចំហចំពោះ​​បេក្ខ​​​ជន​​​និង​​​ក្រុម​​​មន្ត្រី​​​របស់​​​គណ​​​បក្ស​​​ប្រឆាំង​​​ដោយ​​​សន្យា​​​ផ្តល់​​​តួនាទី​​​ជា​​​អនុ​​​រដ្ឋ​​​លេខា​​​ធិការ​​​នៅ​​​តាម​​​ក្រសួង​​​ផ្សេងៗ ហើយ​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​ ហ៊ុន សែន ក៏​​​បាន​​​លើក​​​ឡើង​​​ដោយ​​​ផ្ទាល់ថានឹង​​​ផ្តល់​​​តួ​​​នាទី​​​ជា​​​ទីប្រឹក្សា​​​រដ្ឋា​​​ភិបាល​​​ចំនួន​​​រាប់​​​រយ​​​នាក់​​​ដល់​​​​​​សមាជិកគណបក្ស​​​ប្រឆាំង​​​ទាំង​​​អស់​​​ដែល​​​បោះ​​​បង់​​​គណបក្ស​​​របស់​​​ខ្លួន​​​ចោល​​​។

គណបក្ស​​​ សម រង្ស៊ី លើក​​​ឡើង​​​ថា ​ការ​​​ផ្តល់​​​តួនាទី​​​ទាំងនេះ​​​បាន​​​រំលោភ​​​បំពាន​​​ច្បាប់​​​​ស្តី​ពី​ការ​ចំណាយ​ថវិកា​ជាតិ​​របស់​​​​រដ្ឋា​​​ភិបាល​​។ កលល្បិច​​​នេះ បាន​​​ធ្វើ​​​ឲ្យ​​​គណបក្ស​​​ប្រជា​ជន​​​កម្ពុជា​​​ទទួល​​​បាន​​​អ្នក​​​ចុះ​​​ចូល​​​មួយ​​​ចំនួន​​​នៅ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​នោះ​​​​ដែល​​​រួម​​​មាន​​​បេក្ខ​​​ជន​​​គណបក្ស​​​ប្រឆាំង​​​សម្រាប់​​​សមាជិក​​​សភា​​​យ៉ាង​​​តិច​​​១០រូប។ ក្នុង​​​ចំណោម​​​សមាជិក​​​សភា​​​ទាំង​​​នោះ​​​គឺ​​​មាន​​​លោក ផែន រាជសី ដែល​​​បាន​​​ឈរ​​​ឈ្មោះ​​​ជា​​​សមាជិក​​​សភា​​​របស់​​​គណបក្ស​​​ សម រង្ស៊ី នៅ​​​មុន​​​ពេលចុះ​​​ចូល​​​ជាមួយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា ជា​​​ថ្នូរនឹង​​​មុខ​​​តំណែង​​​អនុ​​​រដ្ឋ​​​លេខា​​​ធិការ​​​នៅ​​​ក្រសួង​​​សុខាភិបាល។

លោក គល់​ បញ្ញា នាយក​​​ប្រតិបត្តិ​​​របស់​​​គណៈកម្មាធិការ​​​​សម្រាប់​​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​​សេរី​ និង​​​យុត្តិធម៌​​​នៅ​​​កម្ពុជា​​​ ​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ទំនង​​​ជា​​មិន​​​មាន​​​ចិត្ត​​​សប្បុរស​​​​​​​​​ក្នុង​​​ការ​​​ផ្តល់​​​មុខ​​​តំណែង​​​ថ្មី​​​ឲ្យ​​​​​អ្នក​​​ចុះ​​​ចូល​​​នៅពេល​​​នេះ​​​ទេ ប៉ុន្តែ​​​រដ្ឋាភិបាល​​​បាន​​​​ផ្តល់​​​តួនាទី​​​ជា​​ទី​​​ប្រឹក្សា​​​​ជា​ច្រើន​​​នៅ​​​ឆ្នាំ​​​២០០៨។

ដោយសារ​មាន​សេចក្តី​រាយការណ៍​​​​ជា​ញឹក​​ញាប់​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជាអំពី​ការ​​​ចុះ​​​ចូល​នោះ​​​​​​ លោក​​​​​​មាន​​​ប្រសាសន៍ថា ពួក​គេ​​​​ធ្វើឲ្យមាន​​​ផល​​​ប៉ះ​​​ពាល់​​​​ដល់​​​​អ្នក​​​បោះ​​​ឆ្នោត​​​ជាពិសេស ​អ្នក​ដែល​​​មិន​​​ទាន់​​​ធ្វើការ​​​សម្រេច​​​ចិត្ត​​ ​​​​ប៉ុន្តែ​វា​​​ពិបាក​​​និយាយ​​​ថា​​​មាន​​​ចំនួន​​​ប៉ុន្មាន​​​នាក់​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ នេះ​​​គឺ​​​ជា​​​​វិធី​​​​​​​​ដែល​​​រដ្ឋាភិបាល​​​ព្យាយាម​​បង្ហាញ​​​គណ​បក្ស​​​​ប្រឆាំង​​​ថា ពួក​គេ​មាន​​​បញ្ហា​​​​​​​​​រៀប​​​ចំ​មិន​បាន​ល្អ​​​​ ហើយ​​​​ប្រហែល​ជា​​​​ប្រជាពលរដ្ឋ​​​មិន​​​សូវ​​​មាន​​​ជំនឿ​​​ចំពោះ​​​គណបក្ស​​​ប្រឆាំង​​​។ ខ្ញុំ​​​គិត​​​ថា វា​​​អាច​ទៅ​រួច​ ​​​ពីព្រោះ​​​រដ្ឋាភិបាល​​ប្រើ​​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​”។

នៅ​​​ក្នុង​​​វិធី​​​​បញ្ចុះ​ខណ្ឌ​សីមា​​​​នៅ​​​ខេត្ត​​​កំពង់​​​ចាម កាលពី​​​ម្សិលមិញ លោក​​​ ហ៊ុន សែន បាន​​​ព្រមាន​​​គណបក្ស​​​ប្រឆាំង​​​​​​មិន​​​ឲ្យ​​​ចោទ​​​ប្រកាន់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ថា ព្យាយាម​​​រំខាន​​​ការ​​​ធ្វើ​​​យុទ្ធនាការ​​​​​​ឃោសនា​​​បោះ​​​ឆ្នោត​​​របស់​​​ខ្លួន​​​តាម​​​រយៈ​​​ការ​​​ស្វាគមន៍​​​អ្នក​​​ចុះ​​​ចូល​​​។

លោកនាយករដ្ឋ​​​មន្ត្រី ហ៊ុន សែន ក៏​​​បាន​​​បញ្ជា​​​ឲ្យ​​​គណបក្ស​​​របស់​​​លោករៀប​​​ចំ​​​ពាក្យ​​​បណ្តឹង​​​មួយ​​​​​​ប្តឹង​​​លោក កឹម សុខា ប្រធាន​​​ស្តីទី​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ពី​​​បទ​​​ចោទ​​​ប្រកាន់​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​ថា បាន​​​​រារាំង​ការ​ធ្វើ​យុ​ទ្ធនាការ​​​ឃោសនា​​​របស់​​​លោក​​​នៅ​​​ទូទាំង​​​ប្រទេស​​​ផងដែរ៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស