រយៈពេល១៧ខែបន្ទាប់ពីលោក ឈូក បណ្ឌិត បានបាញ់ប្រហារអ្នកតវ៉ា ដែលពោរពេញដោយកំហឹងមួយក្រុម សាលាដំបូងខេត្តស្វាយរៀង បានផ្ដន្ទាទោសអតីតអភិបាលក្រុងបាវិតរូបនេះដាក់ពន្ធនាគារត្រឹមតែ១៨ខែប៉ុណ្ណោះកាលពីម្សិលមិញ ពីបទបាញ់ប្រហារ និងធ្វើឲ្យរបួសកម្មការិនីកាត់ដេរចំនួនបីនាក់។
នៅពេលប្រកាសសាលក្រមក្នុងតុលាការ ចៅក្រម លាង សួរ បានចេញសេចក្តីបង្គាប់ឲ្យមានការចាប់ខ្លួនលោក ឈូក បណ្ឌិត ជាបន្ទាន់ ហើយបានបង្គាប់ឲ្យលោកបង់ប្រាក់សំណងជំងឺចិត្តប្រមាណ៩.៥០០ដុល្លារទៅឲ្យកម្មការិនីទាំងបីនាក់ ដែលម្នាក់ក្នុងចំណោមនោះបានរងរបួសធ្លាយសួតដោយសារការបាញ់ប្រហារនោះ។
ជនរងគ្រោះទាំងបី ទី១ឈ្មោះ ប៊ុន ចិន្ដា នឹងទទួលបានប្រាក់សំណងជំងឺចិត្តចំនួន៥.០០០ដុល្លារ ទី២ឈ្មោះ នុត សុខន នឹងទទួលបាន ២.៥០០ដុល្លារ ចំណែកជនរងគ្រោះទី៣ឈ្មោះ កែវ នា នឹងទទួលបាន២.០០០ដុល្លារ។
ខណៈតុលាការរកឃើញពិរុទ្ធភាពរបស់លោក ឈូក បណ្ឌិត ពីបទបាញ់ប្រហារកម្មការិនីទាំងបីនាក់នោះ តុលាការបានសម្រេចថា លោកមានចំណែកទទួលខុសត្រូវត្រឹមតែការបង្ករបួសស្នាមដោយ “ អចេតនា” លើកម្មការិនីទាំងបីនាក់នោះប៉ុណ្ណោះ។
ចៅក្រម លាង សួរ បានថ្លែងថា “ តុលាការសម្រេចថា ឈូក បណ្ឌិត មានពិរុទ្ធភាពផ្អែកលើសក្ខីកម្មរបស់សាក្សី និងភ័ស្ដុតាងដែលបញ្ជាក់ថា ជននេះពិតជាបានបាញ់ប្រហារជនរងគ្រោះទាំងបីនាក់នោះប្រាកដមែន”។ លោកបានបន្ថែមថា “ យើងបានបង្គាប់ឲ្យមានការចាប់និងឃុំខ្លួនជននេះជាបន្ទាន់”។
ទោះជាបទឧក្រិដ្ឋនេះមានស្ថានទម្ងន់ទោសក៏ដោយ ក៏លោក ឈូក បណ្ឌិត មិនដែលត្រូវបានឃុំខ្លួនទេ ហើយលោកមិនបានចូលរួមក្នុងការកាត់ក្ដីឡើយ សូម្បីតែព័ត៌មានអំពីទីសំចតសព្វថ្ងៃរបស់លោកក៏គ្មានដែរ។
ថ្វីបើតុលាការបានបង្គាប់ឲ្យមានចាប់ខ្លួនលោក ឈូក បណ្ឌិត ជាបន្ទាន់ក៏ពិតមែន ប៉ុន្តែមន្ត្រីនគរបាលហាក់ដូចជាមិនបានបង្ហាញពីភាពរួសរាន់ក្នុងការចាប់ខ្លួនគាត់ឡើយ។
លោក កែវ គង់ អធិការនគរបាលក្រុងបាវិត បានមានប្រសាសន៍ថា “ យើងនឹងចាប់ខ្លួនគាត់នៅពេលទទួលបានដីកាចាប់ខ្លួនពីតុលាការ ប៉ុន្តែពេលនេះយើងមិនទាន់ទទួលបានដីកានេះនៅឡើយទេ។ ខ្ញុំមិនដឹងថា គាត់នៅទីណាឡើយ”។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ បានអះអាងថា អាជ្ញាធរនឹងចាប់ខ្លួនលោក ឈូក បណ្ឌិត ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ប៉ុន្តែថា ឥឡូវនេះមិនដឹងថា គាត់កំពុងស្ថិតនៅទីណាទេ។ លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនដឹងថា [គាត់នៅទីណាឡើយ] ប៉ុន្តែយើងនឹងចាត់វិធានការតាមការបង្គាប់របស់តុលាការ”។
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ដែលជាអង្គការផ្ដល់ជំនួយផ្នែកច្បាប់ និងអង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួមគ្នាថា ការផ្ដន្ទាទោសនេះគឺស្រាលពេកមិនសមនឹងបទឧក្រិដ្ឋដែលខ្លួនហៅថា [ការប៉ុនប៉ងធ្វើឃាតមនុស្សបីនាក់] ឡើយ”។
អង្គការសិទ្ធិមនុស្សអាដហុកបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយថា “ ពិរុទ្ធភាពរបស់គាត់ និងការពិតដែលថា បច្ចុប្បន្ន គាត់នៅតែមិនទាន់ជាប់ពន្ធនាគារនៅឡើយ ស្តែងឲ្យឃើញពីភាពបទបែនរបស់តុលាការកម្ពុជា តាមការចង់បានរបស់អ្នកមានទ្រព្យធននិងអ្នកមានខ្នងក្រាស់”។ អង្គការនេះបានបន្ថែមថា លោក ឈូក បណ្ឌិត គួរតែត្រូវបានផ្ដន្ទាទោសពីបទប៉ុនប៉ងមនុស្សឃាត។
សេចក្ដីថ្លែងការណ៍នេះមានខ្លឹមសារថា “ ការផ្ដន្ទាទោសនេះមិនសមនឹងបទឧក្រិដ្ឋរបស់គាត់ឡើយ ហើយការពិតដែលថា គាត់នៅតែស្ថិតនៅក្រៅឃុំនៅឡើយ មានន័យថា រឿងក្តីនេះនៅមិនទាន់មានយុត្តិធម៌ទេ”។
ភ័ស្ដុតាងសម្រាប់ដាក់បន្ទុកលើលោក ឈូក បណ្ឌិត គាគច្រើនគឺបានមកពីលោក ឡុង ផន នាយរងប៉ុស្ត៍នគរបាលសង្កាត់ប្រាសាទ ក្នុងក្រុងបាវិត ដែលបានផ្ដល់សក្ខីកម្មទាំងនៅសាលាឧទ្ធរណ៍ និងនៅសាលាដំបូងខេត្តស្វាយរៀងថា លោកបានឃើញអតីតអភិបាលក្រុងរូបនេះបាញ់សំដៅលើកម្មករ កម្មការិនីមួយក្រុមដោយចេតនា។
លោក មឿន តុលា ប្រធានកម្មវិធីការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានលើកឡើងក្នុងសេចក្ដី ថ្លែងការណ៍មួយថា “ នេះគឺជាសារមានខ្លឹមសារថា អ្នកត្រូវគេទម្លាក់កំហុសលើ និងសកម្មជនបែរជាទទួលទោសធ្ងន់ ថ្វីបើពួកគេមិនបានប្រព្រឹត្តបទល្មើសអ្វីសោះ ខណៈបុគ្គលដែលមានខ្នងក្រាស់បែរជាទទួលទោសស្រាល មិនថាបទល្មើសរបស់ពួកគេមានស្ថានទម្ងន់ទោសខ្លាំងប៉ុណ្ណា”។
ការផ្ដន្ទាទោសស្រាលលើលោក ឈូក បណ្ឌិត គឺផ្ទុយស្រឡះពីបទចោទប្រកាន់កាលពីខែធ្នូលើអ្នកស្រី យ៉ោម បុប្ផា ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេលបីឆ្នាំ ដោយទោសមួយឆ្នាំត្រូវបានព្យួរដោយសាលាឧទ្ធរណ៍ពីបទញុះញង់ឲ្យមានការបង្ករបួសស្នាមលើបុរសតែម្នាក់គត់ ក្នុងរឿងក្តីមួយដែលអង្គការសិទ្ធិមនុស្សនានាអះអាងថា មានហេតុផលនយោបាយ។
អង្គការសិទ្ធិមនុស្សបានលើកឡើងថា រឿងក្តីរបស់អតីតអភិបាលក្រុងបាវិតរូបនេះត្រូវបានញាំញីដោយការជ្រៀតជ្រែកនយោបាយ។ លោក ឈូក បណ្ឌិត ដែលដំបូងឡើយត្រូវបានចាត់ទុកថា ជាជនសង្ស័យសំខាន់បំផុតក្នុងករណីបាញ់ប្រហារនេះ ត្រូវសាលាដំបូងខេត្តស្វាយរៀងលើកលែងការចោទប្រកាន់ទាំងអស់កាលពីខែធ្នូ ដោយមានការលើកហេតុផលថា គ្មានភ័ស្ដុតាងគ្រប់គ្រាន់។
ប៉ុន្តែក្រោយមកក្រសួងយុត្តិធម៌បានចេញបញ្ជាឲ្យសាលាឧទ្ធរណ៍ស៊ើបអង្កេតសំណុំរឿងនេះឡើងវិញ ហើយកាលពីខែមីនា សាលាឧទ្ធរណ៍បានតម្កល់បទចោទប្រកាន់ទាំងនោះលើលោក ឈូក បណ្ឌិត សាជាថ្មីហើយក៏បានបញ្ជូនសំណុំរឿងរបស់លោកទៅសាលាដំបូងខេត្តស្វាយរៀងវិញ។
លោក អាល់ហ្វ សេនជឺ (Ulf Santjer) ប្រធានផ្នែកទំនាក់ទំនងសាជីវកម្មរបស់ក្រុមហ៊ុនសម្លៀកបំពាក់កីឡាយីហោ ពូម៉ា (Puma) នៅអាល្លឺម៉ង់ ដែលសម្លៀកបំពាក់របស់ខ្លួនត្រូវបានផលិតដោយរោងចក្រដែលជាកន្លែងធ្វើការរបស់ជនរងគ្រោះទាំងបីនោះ បានថ្លែងថា លោករីករាយណាស់ចំពោះការចេញសាលដីកានៅទីបំផុត ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយពីភាពយុត្តិធម៌ក្នុងការកាត់ក្ដីឡើយ។
កាលពីម្សិលមិញ តុលាការក៏បានកែប្រែបទចោទប្រកាន់លើលោក ស ចន្ថា មន្ត្រីនគរបាលក្រុងបាវិត ដែលត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនាក្នុងរឿងក្តីតែមួយនេះកាលពីខែសីហាផងដែរ។ តុលាការសម្រេចផ្ដន្ទាទោសជននេះដាក់ពន្ធនាគាររយៈពេលប្រាំមួយខែ និងពិន័យជាប្រាក់១លានរៀលពីបទប្រើអាវុធខុសច្បាប់។
ចៅក្រម លាង សួរ បានថ្លែងថា “ គាត់មិនជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារនោះទេ ប៉ុន្តែគាត់បានប្រើអាវុធដែលមិនបានចុះបញ្ជី។ យើងមិនបានចេញដីកាចាប់ខ្លួនគាត់ឡើយ ដោយសារទោសជាប់ពន្ធនាគាររបស់គាត់មានរយៈពេលតិចជាងមួយឆ្នាំ”។
លោក ម៉ុន កែវស៊ីវិន មេធាវីរបស់លោក ស ចន្ថា បានរិះគន់សាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀង ដោយពន្យល់ថា កូនក្ដីរបស់លោកពុំមានវត្តមានអំឡុងពេលនៃការបាញ់ប្រហារនោះទេ ហើយគាត់មិនដែលបានបាញ់កាំភ្លើងរបស់ខ្លួនឡើយ។
លោកបានថ្លែងថា “ នៅពេលយកកាំភ្លើងខ្លីដែលជាកម្មសិទ្ធិរបស់កូនក្ដីខ្ញុំទៅពិនិត្យ តុលាការមិនបានយកកាំភ្លើងខ្លីរបស់លោក ឈូក បណ្ឌិត ទៅពិនិត្យទេ ដោយសំអាងថា កាំភ្លើងខ្លីរបស់លោក ឈូក បណ្ឌិត បានបាត់ទៅហើយ”។ លោកបានបន្តថា លោកនឹងប្ដឹងឧទ្ធរណ៍ជំទាស់នឹងសាលសាលក្រមនេះ។
ជនរងគ្រោះ នុត សុខន ដែលបានរងរបួសខ្នង និងដៃដោយសារលោក ឈូក បណ្ឌិតនោះ បាននិយាយថា ការផ្ដន្ទាទោសលោក ឈូក បណ្ឌិត គឺមិនទាន់គ្រប់គ្រាន់ឡើយ។ នុត សុខន និយាយថា “ ខ្ញុំចង់ឲ្យគាត់ជាប់ពន្ធនាគារអស់មួយជីវិត ព្រោះទោសដែលគាត់បានទទួលគឺស្រាលពេកហើយ”។
លោកស្រី ជិន លីដា មេធាវីរបស់ជនរងគ្រោះទាំងបីរូបលើកឡើងថា “ តុលាការគួរតែបានចោទប្រកាន់គាត់ពីបទប៉ុនប៉ងមនុស្សឃាត។
លោក ម៉ៅ សំវុទ្ធារី មេធាវីរបស់លោក ឈូក បណ្ឌិត ដែលពុំមានវត្តមានទាំងអំឡុងពេលបើកសវនាការទាំងបីថ្ងៃនិងអំឡុងពេលប្រកាសសាលក្រមនោះ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ៕
(រាយការណ៍បន្ថែមដោយ Dene-Hern Chen)
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង