សម័យប្រជំុលើកទី៣៧របស់គណៈកម្មាធិកាបេតិភណ្ឌ្ឌពិភពលោកនៅក្នុងរាជធានីភ្នំពេញ កាលពីពីរសប្តាហ៍មុន បានធ្វើសេចក្តីសម្រេចចំនួន២៣៤ចំណុចដែលមានដូចជា ការដាក់បញ្ចូលសិលាចារិកនៅតាមតំបន់វប្បធម៌ និងតំបន់ធម្មជាតិថ្មីៗចំនួន១៩កន្លែងទៅក្នុងបញ្ជីបេតិភណ្ឌពិភពលោក ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះមានតំបន់សរុបចំនួន៩៨១កន្លែងហើយដែលត្រូវបានគេចុះក្នុងបញ្ជីនេះ។
គណៈប្រតិភូរាប់រយនាក់ ដែលបានចូលរួមក្នុងកិច្ចប្រជំុនេះ ដែលធ្វើជាអធិបតីដោយលោកឧបនាយករដ្ឋមន្ត្រី សុខ អាន នៅក្នុងរាជធានីភ្នំពេញ មានគម្រោងធ្វើដំណើរទៅកាន់តំបន់ឧទ្យានអង្គរនៅខេត្តសៀមរាបនាព្រឹកនេះ ហើយនៅទីនោះពិធីបិទកិច្ចប្រជំុនឹងត្រូវធ្វើឡើងយប់នេះ។ គណៈកម្មាធិការបេតិភណ្ឌពិភពលោកបានឲ្យដឹងតាមសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនថា នៅក្នុងកិច្ចប្រជំុបិទនេះតំបន់បេតិភណ្ឌចំនួន៦កន្លែងរបស់ប្រទេសស៊ីរី ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីតំបន់ដែលត្រូវការពារ “ ដើម្បីឲ្យគេចាប់់អារម្មណ៍ទៅលើហានិភ័យនានា ដែលតំបន់ទាំងនេះកំពុងតែជួបប្រទះដោយសារតែស្ថានភាពនៅក្នុងប្រទេសនេះ”។
តាមពិតទៅ គណៈប្រតិភូមួយចំនួនបានជំរុញប្រទេសជាសមាជិកទាំងឡាយកំុបណ្តោយឲ្យរឿងនយោបាយជ្រែតជ្រែកជាមួយការអភិរក្សតំបន់បេតិភណ្ឌ ខណៈដែលគណៈកម្មាធិការនេះមិនទាន់ចុះបញ្ជីតំបន់ដែលត្រូវការពារគឺ “ ទីក្រុងចាស់ ហ្សេរុយសាឡិម និងជញ្ជាំងក្រុងនេះ”។
អំឡុងកិច្ចប្រជំុនេះ ដោយសារតែមានការស្នើសំុពីសំណាក់អាជ្ញាធរប៉ាឡេស្ទីន ទើបប្រទេសហ្ស៊កដានីដាក់ជូននូវដំណោះស្រាយមួយ ដែលរិះគន់ប្រទេសអីុស្រាអែលយ៉ាងខ្លាំងលើផែនការអភិវឌ្ឍន៍របស់ប្រទេសអីុស្រាអែលនៅភាគខាងកើតជញ្ជាំងក្រុងហ្សេរុយសាឡិម។ លោក សុខ អាន បានថ្លែងថា “ ក្តីបារម្ភរបស់គណៈកម្មាធិការនេះគឺថា តើត្រូវអភិរក្ស…ត្រូវជួសជុលទីក្រុងនេះបែបណា។ យើងបញ្ចៀសកំុឲ្យបញ្ហានយោបាយមកពាក់ព័ន្ធ”។
កាលពីថ្ងៃអង្គារ លោក ហ្វ្រង់ស៊ីស្កូ បង់ដារីន(Francesco Bandarin) តំណាងអង្គការយូណេស្កូ (Unesco) បានថ្លែងប្រាប់គណៈប្រតិភូថា អង្គការយូណេស្កូ បានបាត់បង់ហិរញ្ញប្បទានរបស់ខ្លួនជិត៣០ភាគរយ ហើយថា ការកាត់បន្ថយថវិកានេះ នឹងប៉ះពាល់ដល់កម្មវិធីទាំងអស់របស់ខ្លួននៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះដូចជា មជ្ឈមណ្ឌលបេតិភណ្ឌពិភពលោកដែលត្រូវបានបង្កើតឡើងដោយអង្គការយូណេស្កូ ដើម្បីជួយដល់ប្រទេសនានា ក្នុងការអភិរក្សតំបន់បេតិភណ្ឌរបស់ខ្លួន។
លោកបានថ្លែងថា បុគ្គលិកមួយចំនួនរបស់មជ្ឈមណ្ឌលនេះត្រូវបានកាត់បន្ថយរួចស្រេចទៅហើយ ហើយថវិការបស់មជ្ឈមណ្ឌលប្រហែលជាអាចត្រូវកាត់បន្ថយអស់ចំនួន២០ភាគរយ។ ការកាត់បន្ថយថវិកានេះ នឹងត្រូវលើកយកមកពិភាក្សានៅអំឡុងសម័យប្រជំុពិសេសរបស់ក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការយូណេស្កូ នៅថ្ងៃទី៤ ខែកក្កដា។
គណៈប្រតិភូបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងចំពោះការប្រកាសជូនដំណឹងអំពីការកាត់បន្ថយថវិកានេះ ដោយបានលើកឡើងថា កម្មវិធីបេតិភណ្ឌពិភពលោកមានសារៈសំខាន់ខ្លាងណាស់ ចំពោះប្រទេសទាំងឡាយ ហើយវាមានភាពចាំបាច់ខ្លាំងណាស់សម្រាប់អង្គការយូណេស្កូ ដោយមិនអាចកាត់បន្ថយវាបានទេ។ លោក ចូអ៊ែល រ៉ាហ្វែលឡា (Joel Rahpela) ជាគណៈប្រតិភូមកពីប្រទេសអាហ្វ្រិកខាងត្បូងបានមានប្រសាសន៍ថា “ កម្មវិធីនេះ គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីដ៏សំខាន់បំផុតរបស់អង្គការយូណេស្កូ”។ កិច្ចប្រជំុលើកក្រោយរបស់គណៈកម្មាធិកាបេតិភណ្ឌពិភពលោក ត្រូវបានគ្រោងធ្វើនៅប្រទេសកាតា នៅខែមិថុនា ឆ្នាំ២០១៤៕
ប្រែសម្រួលដោយ ហួង កុកទៀន