ព្រះសង្ឃខ្មែរក្រោមជាង៥០អង្គ បានធ្វើការតវ៉ាកាលពីម្សិលមិញនៅសួនសេរីភាពក្នុងរាជធានីភ្នំពេញ ប្រឆាំងនឹងការចាប់ខ្លួនខ្មែរកម្ពុជាក្រោមមួយចំនួនពីសំណាក់អាជ្ញាធរ វៀតណាម ។
ដោយផ្ដាច់ចេញពីប្រទេសកម្ពុជា ពេលអាណានិគមបារាំង បានប្រគល់ដីនេះទៅឲ្យវៀតណាម កាលពីថ្ងៃទី៤ ខែ មិថុនា ឆ្នាំ១៩៤៩ ក្រុមជនជាតិភាគតិចខ្មែរក្រោមនេះ បានត្អូញត្អែរជារឿយៗអំពីការប្រព្រឹត្តមិនត្រឹមត្រូវនៅក្រោមកណ្ដាប់ដៃរបស់អាជ្ញាធរវៀតណាម។
លោក ថាច់ សេដ្ឋា ប្រធានសមាគមខ្មែរកម្ពុជាក្រោម បានមានប្រសាសន៍អំឡុងពេលធ្វើការតវ៉ានេះថា “ យើងធ្វើការតវ៉ានៅថ្ងៃនេះ ដើម្បីទាមទារឲ្យអាជ្ញាធរវៀតណាមគោរពសិទិ្ធរបស់ខ្មែរកម្ពុជាក្រោមផង”។
ព្រះសង្ឃបានចូលរួមជាមួយនឹងសមាជិកប្រហែល១០រូបរបស់សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទិ្ធមនុស្ស និងការអភិវឌ្ឍន៍(KKKHRDA) ដែលបានកាន់បដាស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាគាំទ្រខ្មែរកម្ពុជាក្រោម។
លោក ថាច់ សេដ្ឋា បានមានប្រសាសន៏ថា អ្នកតវ៉ាទាំងនេះ មានប្រតិកម្មចំពោះការចាប់ខ្លួនព្រះសង្ឃប្រាំអង្គរួមទាំងខ្មែរកម្ពុជាក្រោមប្រាំពីរនាក់ ដែលរស់នៅភាគខាងត្បូងប្រទេសវៀតណាម ដែលបានតវ៉ាប្រឆាំងនឹងការបណ្តេញចេញពីដីរបស់ពួកគេ។
ព្រះតេជគុណ ស៊ាន សុវណ្ណារ៉ា ព្រះជន្ម៣៣ព្រះវស្សាមានសង្ឃដីកាអំពីព្រះសង្ឃពីរអង្គដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនៅឡើយនោះថា “ អាត្មាមានបំណងអំពាវនាវឲ្យអាជ្ញាធរវៀតណាមដោះលែងព្រះសង្ឃទាំងពីរអង្គនេះ ព្រោះព្រះសង្ឃទាំងនេះមិនបានប្រព្រឹត្តបទល្មើសណាមួយនោះទេ”។
នៅក្នុងញត្តិមួយ ផ្ញើជូនរដ្ឋាភិបាលកម្ពុជានោះ សមាគមខ្មែរកម្ពុជាក្រោមបានលើកឡើងថា ខ្មែរកម្ពុជាក្រោមចំនួន១២នាក់ត្រូវបានចាប់ខ្លួន ប្រមាថ និងវាយធ្វើបាបដោយអាជ្ញាធរវៀតណាម ចំពោះការចោទថា បានផ្សព្វផ្សាយព័ត៌មានអំពីវិវាទដីមួយដល់សមាគមខ្មែរកម្ពុជាក្រោម។ ញត្តិនេះបានស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តាន់យុង (Nguyen Tan Dung) បញ្ជាឲ្យគេដោះលែងព្រះសង្ឃ ដែលជាប់ឃុំទាំងនេះ។
លោក កើត ឆែ ប្រធានរដ្ឋបាលសាលារាជធានីភ្នំពេញ បានទទួលញត្តិនេះបន្ទាប់ពីព្រះសង្ឃធ្វើការតវ៉ាអស់រយៈពេលប្រហែលមួយម៉ោង។ លោកមានប្រសាសន៍ថា“ ខ្ញុំនឹងបញ្ជូនញត្តិនេះទៅក្រសួងការបរទេសខ្មែរ ពីព្រោះសាលារាជធានីមិនមានសិទ្ធិបញ្ជូនញត្តិនេះដោយផ្ទាល់ទៅស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជានេះទេ ”៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ