កាលពីម្សិលមិញ បុគ្គលិកកាស៊ីណូណ្គាហ្គាវើលពីរនាក់បាននិយាយថា ខ្លួនបានរងរបួសពេលប៉ះទង្គិចជាមួយសន្តិសុខនៅច្រកចូលកាស៊ីណូក្នុងរាជធានីភ្នំពេញអំឡុងការតវ៉ាសុំដំឡើងប្រាក់ខែ។

នាង ពេជ្រ ចាន់ណា ស្ថិតក្នុងចំណោមបុគ្គលិកប្រហែល៤០០នាក់ដែលធ្វើការតវ៉ានៅមុខកាស៊ីណូកាលពីព្រឹកម្សិលមិញ ដោយគាត់បាននិយាយថា នៅពេលនោះស្រាប់តែកម្លាំងសន្តិសុខបានចាប់ផ្តើមរុញច្រានពួកគេចេញពីច្រកចូល ហើយក្រុមអ្នកតវ៉ាបានរុញច្រានវិញ។
អំឡុងពេលប៉ះទង្គិចគ្នានោះ ចាន់ណា បាននិយាយថា នាងត្រូវបានរងរបួសត្រង់ក្បាលនឹងដំបងដែកវែងមួយដែលសន្តិសុខប្រើដើម្បីរារាំងយើង។ នាង ចាន់ណា បាននិយាយពីមន្ទីរពេទ្យកាល់ម៉ែត ដែលនាងធូរស្រាលពីមុខរបួសថា “ ពួកគេបានចាប់ផ្តើមវាយមកលើពួកយើង ហើយដំបងដែកនោះបានត្រូវក្បាលរបស់ខ្ញុំតែម្តង។ ខ្ញុំភ័យខ្លាចណាស់។ វាឈឺចាប់ណាស់ដែលពួកគេប្រើអំពើហិង្សាមកលើពួកយើងដូចនេះ។
នាង ពេជ្រ ចាន់ណា បាននិយាយបន្ថែមថា “ ខ្ញុំបានបម្រើការនៅទីនេះរយៈពេលជិតប្រាំមួយឆ្នាំហើយ ហើយប្រាក់ខែរបស់ខ្ញុំគឺ៩០ដុល្លារ។ខ្ញុំតស៊ូដើម្បីឆ្នាំងបាយរបស់ខ្ញុំតែប៉ុណ្ណោះ”។ បុគ្គលិកកាស៊ីណូបានធ្វើការតវ៉ានៅមុខច្រកចូលដ៏ធំនេះចាប់តាំងពីថ្ងៃទី១៣ ខែមិថុនា មកម៉្លេះ ដោយទាមទារសុំដំឡើងប្រាក់ខែ ដែលចាប់ផ្តើមពី៨០ដុល្លារក្នុងមួយខែនោះ យ៉ាងហោចណាស់ត្រូវដំឡើងដល់១៥០ដុល្លារ ហើយស្នើសុំឲ្យយកបុគ្គលិកដែលត្រូវបានបណ្តេញចេញមួយចំនួនចូលធ្វើការវិញ។
លោក យី ឌា អ្នកតវ៉ាម្នាក់ទៀតបានដើរកាត់ផ្លូវកាស៊ីណូនេះដោយមានឈាមជោកថ្ងាស និងបបូរមាត់ក្រោមក្រោយពីមានការប៉ះទង្គិចគ្នា។ លោកបានមានប្រសាសន៍ថា “ ខ្ញុំបានព្យាយាមការពារស្ត្រីទាំងនេះពីព្រោះសន្តិសុខបានវាយស្ត្រីទាំងនេះ ហើយក្រោយមកពួកគេបានវាយខ្ញុំត្រូវមុខនិងខ្នង”។
លោក សុខ ណារិទ្ធ អនុប្រធានសហព័ន្ធនិយោជិត ទេសចរណ៍ និងសេវាកម្មកម្ពុជា ជាសហជីពដែលតំណាងនិយោជិតទាំងនេះមានប្រសាសន៍ថា លោកត្រូវបានអញ្ជើញឲ្យទៅចូលរួមកិច្ចប្រជុំនៅសាលារាជធានីកាលពីម្សិលមិញជាមួយលោកអភិបាលរង ឃួង ស្រេង ដើម្បីដោះស្រាយជម្លោះនេះ។
លោកបានមានប្រសាសន៍បន្ថែមថា “ ប៉ុន្តែសាលារាជធានីបានសុំឲ្យយើងផ្អាកកូដកម្មនេះរយៈពេលពីរបីថ្ងៃសិន ដើម្បីរង់ចាំដំណោះស្រាយរបស់ខ្លួន។ ក្រុមហ៊ុនមិនបានចូលរួមក្នុងកិច្ចប្រជុំនោះទេ ហើយយើងមិនមានជំនឿចិត្តឡើយ”។
លោក ឃួង ស្រេង បានបញ្ជាក់អះអាងពីកិច្ចប្រជុំនេះ ប៉ុន្តែបានបង្វែរសំណួរទៅលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី ដែលបានមានប្រសាសន៍ថា លោកមិនបានដឹងថា មានអ្វីកើតឡើងឡើយ។
អ្នកស្រី ហែម សុភក្ត្រ ជាមន្ត្រីជាន់ខ្ពស់ផ្នែកទំនាក់ទំនងសាធារណៈនិងគ្រប់គ្រងស្លាកសញ្ញានៅកាស៊ីណូ ណាហ្គាវើលបានមានប្រសាសន៍ថា អ្នកស្រីមិនដឹងពីការប៉ះទង្គិចគ្នាកាលពីព្រឹកម្សិលមិញរវាងអ្នកតវ៉ា និងសន្តិសុខឡើយ។
អ្នកស្រីបានមានប្រសាសន៍បន្ថែមទៀតថា “ ខ្ញុំមិនដឹងពីការប៉ះទង្គិចគ្នានេះទេ ហើយខ្ញុំមិនអាចធ្វើអត្ថាធិប្បាយបានទេ”។ បុគ្គលិកកាស៊ីណូបានអះអាងថា សហសេវិករបស់ខ្លួនចំនួន៤០០នាក់ត្រូវបានបណ្តេញចេញពីការងារចំពោះការចូលរួមក្នុងការតវ៉ាកាលពីសប្តាហ៍មុន ប៉ុន្តែកាស៊ីណូមិនបានបញ្ជាក់ពីបញ្ហានេះទេ៕
ប្រែសម្រួលដោយ សោម សារុន