29 C
Phnom Penh

រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ផ្តល់​​ទំនុក​ចិត្ត​ដ​ល់​វិនិយោគិន​​ពេល​​​​ជិត​​ដល់​ថ្ងៃ​បោះ​ឆ្នោត​ទូទាំង​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ដោយ​ការ​បោះឆ្នោត​ជាតិ​​ជិត​​ចូល​​មក​ដល់​ ​​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ កាលពី​ម្សិល​មិញ ​បាន​ផ្តល់​ទំនុកចិត្ត​ដ​ល់​វិនិយោគិន​អន្តរ​ជាតិ​ ដោយ​លើក​ឡើង​ថា ​ពួក​គេ​គួរ​តែ​ទុក​ចិត្ត​ស្ថាន​ភាព​សេដ្ឋកិច្ច​រ​បស់​ប្រទេស​កម្ពុជា​ ដោយពុំ​ចាំ​បាច់​គិត​ពី​ការ​បោះឆ្នោត​​ ដែល​លោក​​បាន​មាន​ប្រសាសន៍​ថា គេ​ដឹង​ច្បាស់​ពី​លទ្ធ​ផល​​​ហើយ​នោះ​។​

​ថ្លែង​ទៅកាន់​ពាណិជ្ជករ​ក្នុង​ស្រុក​ ​និ​ង​គណៈ​ប្រតិ​ភូ​រដ្ឋាភិបាល ​និង​​ពាណិជ្ជកម្មម​ក​ពី​ទីក្រុង​ហុង​កុង​ ​ក្នុង​ពិធី​ពិសា​​​​ភោជនា​ហារ​ថ្ងៃ​ត្រង់​ លោក​ ចម ប្រសិទ្ធ​ ​រដ្ឋ​មន្ត្រី​ក្រ​សួង​ពាណិជ្ជកម្ម​ ​បាន​មានប្រសាសន៍ថា​ ពាណិជ្ជករ​ដែល​ចង់​បោះ​ទុន​វិនិយោគ​​ក្នុង​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជាគួរតែ​មាន​​ទំនុ​ក​ចិត្ត​ថា ​ជ័យ​ជម្នះ​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា​ ក្នុង​​ការបោះ​​ឆ្នោត​នាខែ​កក្កដា​​នឹ​ងនាំ​មក​នូវ​ស្ថានភាព​​ល្អ​ សម្រាប់​​វិនិ​យោ​គិន​បោះ​ទុន ​ក្នុង​រ​យៈពេល​​ប៉ុន្មាន​​ឆ្នាំ​ខាង​មុខ​។​

​លោក ចម​ ប្រសិទ្ធ​ ក៏​បាន​បង្ហើប​ឲ្យ​វិ​និ​យោ​គិន​ទាំង​នេះ​ដឹង​ផង​ដែរ​ថា គោល​​ន​យោ​បាយ​អនុ​គ្រោះ​​បន្ទុក​ពន្ធ​​​ច្រើន​បំផុត​​ស​ម្រាប់​សហ​គ្រាស​ផលិត​កម្ម​ទាំងឡាយ​ ក្នុង​​​ប្រទេស​កម្ពុជា​ ​ប្រហែល​ជា​ត្រូវ​ឈប់​អនុ​វ​ត្ត​​នៅ​ពេល​ឆាប់​ៗ​​​នេះហើយ ដោយ​សារតែ​រដ្ឋាភិបាល​មា​ន​គោល​​​បំណង​បង្កើន​​ប្រា​​ក់​ចំណូល​ពន្ធ​ក្នុង​ស្រុក​របស់​ខ្លួន​។​

​លោក ចម ប្រសិទ្ធ​ បាន​ថ្លែង​ទៅកាន់​​ភ្ញៀវ​​ចូលរួម​ក្នុង​កម្មវិធី​នេះ​ថា “ ស្ថិរភាព​ន​យោ​បាយ ពិត​ជាមាន​សារៈ​សំខាន់​ខ្លាំង​ណា​ស់​”​។ នៅ​ក្នុង​កម្មវិធី​ពិសា​ភោជ​នា​ហា​រ​ថ្ងៃ​ត្រង់​នេះ​ ​ក៏មាន​វត្ត​មាន​របស់លោ​ក​ ច​ន សាង (John​ T​sang)​ ​រដ្ឋ​មន្ត្រី​​​ហិរញ្ញ​វ​ត្ថុនៃ​តំ​បន់​រដ្ឋ​បាល​ពិសេស​ទីក្រុង​ហុង​កុង​​ (H​on​g ​Kong ​Spec​ial ​Admi​nistra-​tive​ Regio​n)​ និ​ង​តំណាង​​សមាគម​រោង​ចក្រ​ កា​ត់​ដេ​រ​នៅ​ក​ម្ពុជា​ និង​សភា​ពាណិជ្ជកម្ម​កម្ពុ​ជា​​ផង​ដែរ​។

​លោកបាន​មានប្រសាសន៍​បន្ថែម​ទៀ​ត​ថា “ ជា​ធម្ម​តា ​ពេលលោក​អ្នក​ទៅ​កាន់​ប្រទេស​មួយ ​ហើយ​ប្រសិន​បើ​ព្រឹត្តិការណ៍​​បោះ​ឆ្នោត​​​ជិត​មក​​ដល់​ លោក​អ្នក​នឹង​មើល​ឃើញ​ផល​ប៉ះ​ពាល់​ ​ហើយ​ទីផ្សារ​មូលបត្រ​នឹង​ធ្លាក់ចុះ​ដោយសារសា​ធារណជន​កំពុងតែ​រំពឹង​ថា រដ្ឋាភិបាល​មិន​ដឹង​ជា​ឈ្នះ ឬ​ក៏ចាញ់ទេ​”។​ លោក​បាន​ថ្លែង​បន្ត​ថា “ ក៏ប៉ុន្តែ ​នៅ​ប្រ​ទេ​ស​កម្ពុជា​ មិន[​មាន​]​​​បញ្ហា​​បែប​នេះទេ​ ពីព្រោះ​ប្រជាជន​ដឹង​ហើយ​​ថា ​គណបក្ស​ណា​នឹង​ទទួល​ជោគ​ជ័យ​នា​ខែ​ក្រោយ​។ គណបក្ស​ប្រជា​ជន​កម្ពុជា​របស់​​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន​ ​នឹង​នៅ​តែ​ទទួល​ជ័យ​ជម្នះ​ដដែល”។​ លោក​បាន​​លើ​ក​ឡើង​បន្ត​ទៀតថា ​លោក​រំពឹង​ថា គណ​បក្ស​​ប្រជាជន​កម្ពុជា​ នឹង​ទទួល​បាន​អា​សនៈ​ភាគ​ច្រើន​ពោល​គឺ​ពីរភាគ​បី​នៅ​ក្នុ​ង​រដ្ឋ​សភា​ទៀត​ ដូច​ដែល​ខ្លួន​សម្រេច​បាន​​នៅ​ក្នុង​ការ​​បោះ​ឆ្នោត​ទូទាំងប្រទេស​​​ឆ្នាំ​២០​០​៨​​ ដូច្នោះដែរ​។​

កាលពី​ម្សិល​មិញទោះ​បីជា​លោក ច​ម ប្រសិទ្ធ ​គិតថា ​វាជាការ​ចាំ​បាច់​ក្នុង​​បញ្ជាក់​​សា​ជាថ្មី​ដល់​​វិនិយោគិន​ក៏​ដោយ​​ ក៏​គ្មាន​នរណា​ម្នាក់​រំពឹង​ថា ​​គណបក្ស​​ប្រ​​ជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច​នឹង​ជួ​បឧបសគ្គ​ណាមួយ នៅ​ពេល​​បោះ​ឆ្នោត​​ថ្ងៃទី​២៨​ខែ​កក្កដា​​ដែរ​។ ​ក៏ប៉ុន្តែ ​លោក ហ៊ុន សែន​ ​បាន​មា​ន​ប្រសាសន៍​​ ជា​ច្រើន​លើក​ច្រើន​សា​ទាក់​ទង​នឹង​ការ​​បោះឆ្នោត ​នា​ខែ​ក្រោ​យ​នេះ​​ថា ​ប្រទេស​កម្ពុជា​​នឹង​ធ្លាក់​ក្នុង​ស្ថានភា​ព​ចលាចល​ ​ប្រសិន​បើ​លោក​មិន​ត្រូវ​បាន​បោះឆ្នោត​ជ្រើស​តាំង​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ទេ​នោះ​។

លោក ចម ប្រសិទ្ធ​ ដែល​បាន​កាន់​ការ​ងារ​បច្ចុប្បន្ន​អស់រយៈ​ពេល​១៩​​ឆ្នាំ​​មក​ហើ​យ​នោះ​ ​​បាន​ថ្លែង​អំឡុង​ពេល​ភ្ញៀវ​​ទះដៃ​យ៉ាង​ក​ង​រំពង​​ថា “ ​នាយក​រដ្ឋ​ម​ន្ត្រី​ នឹង​នៅតែ​ជា​សម្តេច​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដដែល​។ នេះ​គឺ​ជា ​[​រឿង] ដែល​​អ្នក​រាល់​គ្នា​ដឹង​រួច​ទៅ​ហើយ​។ ​ហើយ​ប្រ​ហែល​ជា​លោក​អ្នក​នឹង​ឃើញ​ខ្ញុំ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្មផ​ងដែរ​”។

​លោក​បាន​ថ្លែង​បន្ត​ទៀតថា ដោយ​​សារ​តែ​ “ ស្ថិរ​ភាព​នយោបាយ​” ត្រូវ​បាន​ធា​នា​ដោយ​​ការបោះ​ឆ្នោត ​ដែល​ផ្តល់​លទ្ធផ​ល​គ្មាន​ការ​សង្ស័យ​ ប្រទេស​កម្ពុជា​ ​បាន​ផ្ត​ល់ឲ្យ​វិនិ​យោ​គិន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ ​ពោល​គឺ​ផលិត​ផល​ក្នុងស្រុក​សរុប​ (ជីឌីភី​)​​​ លើស​ពី​៧ភាគរយ​​កាល​ពីឆ្នាំ​មុន​ ហើយ​មា​ន​ការ​ព្យាក​រ​​ថា ​ឆ្នាំ​នេះ​អត្រា​កំណើន​សេដ្ឋ​កិច្ច​នឹង​សម្រេច​​បាន​ ក្នុង​អត្រា​ប្រហាក់ប្រ​ហែល​គ្នា​នេះដែរ​។

លោក​ ច​ម ប្រសិទ្ធ ​ក៏​បាន​លើក​ឡើង​ពី​​កិច្ច​ព្រម​ព្រៀ​ង​ពាណិជ្ជកម្ម​អនុគ្រោះ​រ​ប​ស់​ប្រទេស​​កម្ពុជា ​ដែលធ្វើ​ឡើងជាមួយ​ស​ហ​ភាព​​អឺរ៉ុប ​(​EU) ​និង​ប្រទេស​ចិន​ថា ​ជា​ផល​ប្រ​យោ​​ជន៏​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ប្រ​ទេស​នេះ​។ ​លោក​បាន​បន្ត​ថា ខណៈ​ដែ​ល​ទីក្រុង​ហុងកុង ត្រូវ​បាន​​​ទទួល​ស្គាល់​ថា ​ជា​ទី​ក្រុង​ស្ថិត​ក្នុង​​ចំណោម​តំបន់​ ដែលមាន​លក្ខ​ណៈ​ងាយ​ស្រួល​​បំផុត​​សម្រាប់​ធ្វើ​ពាណិជ្ជ​ក​ម្ម​​ក្នុង​ពិភព​លោក ប្រទេស​កម្ពុជា​ក៏​ច​ង់​បង្កើត​បរិយា​កាស​ដូច​គ្នា​នេះ​ដែរ​ ដើម្បី​ឲ្យ​​ពា​ណិជ្ជកម្ម​ដំណើរ​ការ​ទៅ​ដោយ​រលូន​ ​និ​ង​គ្មានក្តីបារម្ភ​។​​​​

​លោក​ ចម​ ប្រសិទ្ធ ​បាន​មានប្រសាស​ន៍​បន្ថែម​ទៀតថា “ ​កត្តា​សំខាន់​ទី៣​គឺ​ត្រូវ​មា​ន​ក្រប​ខណ្ឌ​ច្បាប់​ ​និង​បទ​ប្ប​ញ្ញត្តិ​​រឹង​មាំ​ អា​ច​ព្យាក​រ​​បាន​ និង​មាន​តម្លាភា​ព​ជានិច្ច​សម្រាប់​ជន​បរទេស​។ ដូច្នេះ​ហើ​យ​បាន​ជា​យើង​ធ្វើការ​ងារ​លើរឿងទាំង​នេ​ះ​ ​ហើយ​យើង​ក៏​ខិត​ខំ​ធ្វើ​ឲ្យ​មាន​តម្លាភា​ព​ ​ក៏​ដូចជា ​ប្រយុទ្ធ​​ប្រឆាំង​អំពើ​ពុករលួយ​ផង​ដែរ​”។​ ​លោក​បានថ្លែង​បន្ត​ថា ​រោង​ចក្រ​កា​ត់ដេរ​សម្លៀកបំពាក់​ ​និង​ស្បែក​ជើង​ចំនួន​៥​៦​​​ដែលជាកម្មសិទ្ធិ​របស់​វិនិ​យោ​គិន​មកពី​ទីក្រុង​ហុង​កុង​ បច្ចុប្បន្ន កំពុងតែ​ធ្វើ​ប្រតិ​បត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោ​យ​មាន​​កម្មករ​ចំនួន​៣៥.០០០​នាក់​​។​

​យោង​តាម​តួលេខ​របស់​ក្រុម​ប្រឹក្សា​អ​ភិ​វឌ្ឍ​ន៍​កម្ពុ​ជា​បាន​បង្ហាញថា ​ក្នុងឆ្នាំ​២០​១​២​វិនិយោគិន​​ម​ក​ពី​ទីក្រុង​ហុង​ហុង​ ​បាន​បោះ​ទុន​​វិនិយោគ​របស់ខ្លួន​ចំនួន​១១៧,៥​លាន​ដុល្លារ​ ក្នុង​ប្រទេស​កម្ពុជា​ ពោល​គឺ​​ត​ម្លៃ​វិនិ​យោគ​នេះ​បានចូលរួម​ចំណែក​ច្រើ​ន​ជាង​៥ភាគរយ​នៃ​តម្លៃ​វិនិយោគ​សរុប ដែ​ល​បាន​អនុម័តរួច​​។ ​នៅ​ក្នុង​របាយការណ៍​​ថ្មី​បំ​ផុត​របស់​ធនាគារ​ពិភព​លោក ​(World​ Bank​)​​ ស្តីពី​ចំ​ណាត់​​​ថ្នាក់​​នៃ​​ភា​ព​ងាយស្រួល​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម​ ទី​ក្រុ​ង​ហុង​កុង ឈរ​នៅ​ចំណាត់​ថ្នាក់​​លេខ​២​​នៅ​ក្នុង​​ពិភព​លោក​ គឺខុស​គ្នា​ឆ្ងាយ​ណាស់​ពី​ប្រទេស​កម្ពុជា​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ទី​១៣៣​ ក្នុ​ង​​ចំណោម​១៨៥​ប្រទេស​។​

លោក សុន ឆ័យ​ បេក្ខ​ជន​តំណាងរា​ស្ត្រ​​​មក​ពីគណបក្ស​សង្គ្រោះ​ជាតិ​ ​បានមាន​ប្រសា​សន៍ថា ​ការ​បន្ត​កាន់​អំណាច់​ដោយ​គ​ណបក្ស​នយោបាយ​តែ​មួយ​ ដែល​ជា​រឿង​​ល្អ​សម្រាប់​ពាណិជ្ជកម្មនោះ ត្រូវ​បាន​បញ្ជា​ក់​ថា ជារឿង​ខុសឆ្គង​តាមរយៈ​គំរូ​នៃ​​បស្ចិម​ប្រទេស ​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​​។ ​​លោក សុន ឆ័យ​ ដែល​បាន​ធ្វើ​ជា​សមាជិ​ក​គ​ណៈកម្មការ​រដ្ឋ​សភា​ ទទួល​បន្ទុក​វិស័យ​ពា​ណិជ្ជកម្ម​ចន្លោះ​​ពីឆ្នាំ​១៩៩៨ ដ​ល់​២០០៣ បាន​ថ្លែង​ថា “ នៅ​សហ​រដ្ឋ​អា​មេរិក​ ប្រ​ទេស​អូស្ត្រាលី ​ឬក៏​នៅ​តំបន់​អឺរ៉ុ​ប គេ​មា​ន​ស្ថាប័ន​គួរ​ឲ្យ​ទុក​ចិត្ត​ ដែល​មិន ​មា​ន​​ការផ្លាស់​ប្តូរ​ទេ​​ [នៅពេល​រដ្ឋ​ភិបាល​មាន​កា​រ​ផ្លាស់​ប្តូរ​​​]”។​

​លោក​បាន​មានប្រសាសន៍​បន្ថែម​ទៀ​ត​ថា “ ប្រទេស​កម្ពុជា​ពឹង​ផ្អែក​លើ​បុរស​ខ្លាំ​ង​ផ្តាច់​ការ​ម្នាក់​ ក្នុងការ​ធ្វើការ​សម្រេច​ចិត្ត​លើ​រឿង​អ្វីៗ​គ្រប់​យ៉ាង​ ​ហើយ​ប្រទេស​នេះ​មា​ន​អំពើ​ពុក​រលួយ​កើត​ឡើង​ច្រើន​ណាស់​ …​​​សហ​គ្រាស​​នានា​ មិន​អាច​ពឹង​ស្ថា​ប័ន​ទាំង​​នោះ​បានទេ​។ អ្នកណា​អាច​ជឿ​បាន​ថា ​ស​ហ​គ្រាស​ទាំង​នោះ​​​មាន​​អារម្មណ៍​សុវត្ថិភាព​ ក្នុងការ​ធ្វើ​ពាណិជ្ជ​កម្ម​របស់​ខ្លួន​ នៅ​ក្នុង​ប្រ​ទេ​សនេះ​នោះ?” លោក​ក៏បាន​លើក​ឡើង​ដែរថា ​កំ​​ណើនសេដ្ឋកិច្ច​នៃប្រទេស​កម្ពុជា​ មិន​មាន​និរន្ត​រ​ភាព​​ទេ ដោយ​សារតែ​មានការ​ទ្រ​ទ្រ​ង់សកម្មភាព​កាប់​​ឈើ​​ក្នុង​ប្រទេស​នេះ​ ជំនួយ​បរទេស​ ​​និ​ង​​ប្រាក់​កម្ចីពីប្រទេស​ចិន​។ ​

លោក សាង ​ដែ​ល​ជា​​មន្ត្រី​​ហិរញ្ញ​វត្ថុ​ជាន់​ខ្ពស់​នៃ​តំបន់​រដ្ឋបាល​ពិ​សេស​​ទីក្រុង​ហុងកុង​​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាស​កាលពីម្សិល​មិញថា ​ដំណើរ​ទស្សស​ន​កិច្ច​របស់​គណៈប្រតិភូ​នេះ ​មានគោល​បំ​ណង​ឆ្លៀត​យក​​ចំណេញ​ពី​ “ ភាព​​ចុះ​សម្រុង​គ្នា” រវាង​​​សេដ្ឋកិច្ច​​សេវាកម្ម​ដ៏រីកចម្រើន​របស់ទីក្រុ​ង​ហុង​កុង​ ​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​នេះ​។​

លោក​ សាង ​​បាន​មានប្រសាសន៍ថា “ ខ្ញុំ​គិតថា សម្រាប់​វិនិយោគិន​ ​ពួកគេ​ចង់​ឃើ​ញ​ស្ថិរភាព​ ពីព្រោះ​វាពិត​ជា​មាន​សារៈសំ​ខាន់ខ្លាំងណាស់​សម្រាប់​ពួក​គេ​ក្នុង​ការ​បោះទុន​វិនិយោគ​។ ​ពួកគេ​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​គោល​​នយោបាយ​នេះ​មិន​មាន​ការ​ប្រែ​ប្រួល”​។ ​ឆ្លើយ​​តបទៅនឹង​សំ​ណួ​រ​ទាក់​ទង​នឹង​​ការ​អះ​អាង​​របស់​គណ​បក្ស​ប្រឆាំង​ ដែល​បាន​លើក​ឡើងថា ​រដ្ឋាភិបា​ល​បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា មិន​មាន​ស្ថិរ​ភាពទេ​នោះ ​លោក សាង ​បាន​មានប្រសា​សន៍ថា “ ​ប្រជាធិបតេយ្យ​ត្រូវ​បានអនុវត្ត​ក្នុ​ង​ការបោះឆ្នោត​”។

លោក​បានបន្ត​ទៀត​​ថា “ រដ្ឋាភិ​បាល​​​ [ក្នុង​ប្រទេស​]​ បានធ្វើ​ការ​ងារ​យ៉ាង​មានប្រសិទ្ធ​ភាព​។ ពួក​គេ​ទទួល​បាន​​ការ​គាំទ្រ​យ៉ាង​ច្រើន​ ពោល​គឺទទួល​បាន​សំឡេងគាំទ្រ​២ភាគ​៣​ពី​ប្រជាជន​ ដូច្នេះ ​ជម្រើស​ប្រជាជន​មិន​ខុ​ស​​ទេ”។​     អំឡុង​ពេលកំពុង​ថ្លែង​សុន្ទរកថា ​លោក ​ចម ប្រសិទ្ធ បាន​លើក​សំណួរ​​ផ​ងដែរ​ថា តើ​កម្ពុជា​​ ​គួរតែ​បោះ​ប​ង់​ចោល​កម្ម​វិធី​អនុ​គ្រោះ​ពន្ធ​ ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​សហគ្រាស​ថ្មីៗ​ ដែល​មក​ធ្វើ​ពាណិ​ជ្ជ​កម្ម​​ ក្នុង​ប្រទេស​កម្ពុជា​ដែរឬ​យ៉ាង​ណា​។​ ក្នុង​កម្មវិធី​នេះ កិច្ច​ព្រម​ព្រៀង​រយៈ​​ពេល​ប្រាំ​ឬ​ប្រាំពីរ​ឆ្នាំ​ ដោយ​មិន​មាន​ការ​បង់​ពន្ធ​លើ​ប្រាក់​ចំណេញ​ ឬបង់​អាស្រ័យ​លើ​ទំ​ហំ​នៃគម្រោង​វិនិយោគ​ ​ត្រូវ​បាន​ផ្តល់​ឲ្យ​ស​ហ​គ្រាស​ថ្មីៗ​។​

​លោក សាង ​ចង់​ឲ្យមាន​ប្រព័ន្ធ​មួយ​ដែល​មានលក្ខណៈ​ប្រហាក់ប្រហែល​ នឹង​ប្រ​ព័ន្ធ​នៅ​ទីក្រុង​ហុងកុង​ ដែល​ពន្ធលើ​ប្រា​ក់​ចំណេញ​មាន​អត្រា១​៦,៥​ភាគរយ​ ស​ម្រាប់​សហ​គ្រាស​​ធំៗ​ ទោះ​បីជា​សហគ្រា​ស​នោះ​ជាសហ​គ្រាស​​ថ្មី ឬមិន​ថ្មី​ក៏ដោ​យ​។ លោក ​ចម ​ប្រសិទ្ធ ​បាន​មា​នប្រសា​ស​ន៍​ថា “ អ្វីដែល​សំខាន់​ផងដែរ​នោះគឺ ​ច្បាប់​វិនិយោ​គរប​ស់យើង​ ក៏​បាន​ផ្តល់​លក្ខខណ្ឌអ​នុ​គ្រោះ​ជាងគេ​នៅក្នុងតំបន់​ [នា​ពេល​បច្ចុ​ប្បន្ន​]​ ផង​ដែរ​។ ​ក៏ប៉ុន្តែ ​យើង​មិន​អាច​បន្ត​ភា​ពអនុគ្រោះ​បាន​ទេ​ ពីព្រោះ​នៅ​ពេល​​យើង​អនុគ្រោះ យើង​នឹង​ទាក់​ទាញ​បាន​​តែអ្នកដែល​មកឆក់ឱកាស​ប្រមូល​ប្រាក់​ចំ​ណេញ​ ហើយ​ចាក​ចេញទៅវិញ​បាត់​”។​

ប្រសិន​បើ​យើង​ផ្តល់​កម្មវិធីលើកទឹក​ចិត្ត​ច្រើន សម្រាប់​​ការ​​អនុគ្រោះ​ពន្ធ​ វិនិ​​យោគិន​នឹងរីករាយ​​ចំពោះ​កម្មវិធី​អនុគ្រោះ​​ព​ន្ធទាំង​នេះ ហើយ​ក៏​ចាក​ចេញទៅវិញ​​ ឬក៏​ពួក​គេ​​បង្កើត​រោង​ចក្រ​មួយផ្សេង​ទៀត​​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយពួក​គេ​ក៏​ទទួល​បាន​កម្ម​វិធីអនុគ្រោះ​ពន្ធ​ទៀត​ សម្រាប់​រយៈ​ពេល​ប្រាំឆ្នាំ​ ឬប្រាំ​ពីរឆ្នាំ​បន្ទាប់​”។ ​លោក​បាន​ថ្លែង​បន្ត​ថា “ ប្រ​សិន​បើ​យើង​ចាប់​ផ្តើម​ប្រមូល​ពន្ធ ​នៅក​ម្រ​ិត​​​​ទាប​មួយ ​ខ្ញុំជឿថា … ​យើង​អាច​ទទួល​​បាន ​[ប្រាក់ចំណូល​ច្រើន​ជាង​មុន​]”។​

​ស្ថាប័ន​ផ្សេង​ៗ ដូចជា ​មូល​និ​ធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ (I​nternati​onal ​Monet​a​r​y Fund) ហៅកាត់​ថា IMF ជាដើម​ ​បា​ន​រិះគន់​រដ្ឋា​ភិបាល​​ រឿង​មិន​បានប្រមូល​ព​ន្ធ​ឲ្យ​បាន​គ្រប់​គ្រាន់​ ជា​ហេតុ​បណ្តាល​ឲ្យ​ប្រ​ទេស​នេះ​ងាយ​​ប្រឈម​មុខ​នឹង​រំញោច​សេដ្ឋកិច្ច​ (បញ្ហា​សេដ្ឋ​កិច្ច​​ក្រៅប្រទេ​ស​ដែ​ល​បង្ក​ផល​ប៉ះពាល់​អវិជ្ជ​មាន​ដល់​សេដ្ឋ​កិច្ច​របស់​ប្រទេស​មួយ​ ដូចជា​ វិបត្តិហិរញ្ញ​វ​ត្ថុ​នៅ​​អាមេរិក​ ដែល​ជះ​ឥទ្ធិ​ពល​អ​វិជ្ជមាន​​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​​​​ ជាដើម​​។​

​ក្នុងរបាយ​ការណ៍​​​ត្រួតពិនិត្យ​ហិរ​ញ្ញវត្ថុ​របស់រដ្ឋា​ភិបាល​ ដែលត្រូ​​វ​បាន​ចេញផ្សាយ​កាលពីខែ​កុម្ភៈ ​​មូល​និ​ធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​ បាន​​លើក​ឡើងថា “ ​ខណៈ​ដែល​ផែនកា​រ​បច្ចុប្បន្ន​​ដើម្បី​​ពង្រឹង​​ការ​​គ្រប់​គ្រ​ង​ប្រាក់​ចំណូល​ ​មាន​មហិច្ឆតា​ ប៉ុន្តែ​មានភាព​ប្រាកដ​និយម​ ដូច្នេះ​ចំណុច​ដែលគួរ​​ត្រូវបាន​​ពង្រឹង​នោះគឺ ​ផ្នែក​ពន្ធ​ផ្ទាល់​ ​និងកម្មវិធី​លើក​ទឹក​ចិត្ត​ ដូចជា​​ កាត់​បន្ថយ​កម្មវិធី​អនុគ្រោះពន្ធ​​ជាដើម​”។

​លោក ភីធ័រ ប្រ៊ី​ម​បល (Pe​ter Br​imbl​e) សេដ្ឋវិទូ​ជាន់ខ្ពស់​​ធនាគារពិភព​លោ​ក (Asi​an D​evelo​​pment​ B​ank)​​ ហៅកាត់​ថា A​DB ​ប្រចាំ​កម្ពុជា​ ​បាន​គូស​បញ្ជាក់ថា ​មិន​មាន​សហ​គ្រាស​​ច្រើន​ទេ​ ដែល​ចង់ចាក​ចេ​ញពី​​កម្ពុជា​។​ ​លោក​បាន​លើកឡើ​ងថា “ មាន​កត្តា​ធ្វើ​ឲ្យ​​ឧស្សា​ហ​កម្ម​​កាត់ដេរ​​ធ្លាក់​ចុះ​​។ ប្រ​សិន​បើ​ យើងពិនិត្យ​មើ​ល​សហគ្រាស​ធំៗ​ដែលបាន​ចូល​មក​ ​ហើយ​បាន​ដំណើរ​ការ​​ហើយ​នោះ ​ពួកគេ​​បាន​បន្ត​ប្រតិ​បត្តិការ​រប​ស់ពួក​គេ​”។

​ក៏ប៉ុន្តែ ​សេដ្ឋ​វិទូរូប​នេះ​ ក៏​បាន​​លើក​ឡើង​ផង​ដែរ​ថា ប្រទេស​កម្ពុជា​ នឹងត្រូវ​គិត​អំពី​ការ​រក្សា​សមត្ថភាព​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​របស់ខ្លួន​ ពីព្រោះ​ភាគច្រើន​ក្នុង​ចំ​ណោម​ប្រទេស​នេះ​ផ្តល់​កម្មវិធី​អនុ​គ្រោះ​ពន្ធ​ដល់​សហគ្រាស​ថ្មីៗ​។​

​លោក​ ប្រ៊ីម បល ​បាន​មានប្រសាសន៍ថា​  “ ខ្ញុំ​​គិតថា ​វា​នឹង​មិន​ជំរុញ​ឲ្យមានវិនិ​យោគិន​ចូល​មកបាន​ចំណេញ​ ហើយក៏​ចាក​ចេញ​ទៅ​វិញ ច្រើន​ជាង​​ការ​​លើកទឹកចិត្ត​វិនិយោគ​​​ផ្សេង​​​ទៀត​​នោះទេ”។ លោក​បានលើក​ឡើង​បន្តទៀត​ថា “ ​ប៉ុន្តែ ​ខ្ញុំគិត​ថា ​ប្រហែល​ជា​មានឱកាស​សម្រាប់​ពិនិត្យ​ឡើងវិញ​នូវ​រចនា​សម្ព័ន្ធ​អនុគ្រោះពន្ធ​ និ​ង​ធ្វើ​ឲ្យ​រចនា​សម្ព័ន្ធ​នោះ​ស្រប​តាម​បរិបទ​តំ​បន់​ ​និង​ពិនិត្យ​ឲ្យ​ឃើញ​ថា ​តើ​សហគ្រា​ស​ប្រភេទ​ណា​ ដែល​កម្ពុជា​ចង់​ទាក់ទាញ​”៕

ប្រែ​សម្រួល​ដោយ កង​ សុធា​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស