នៅក្នុងរយៈពេលមួយខែចុងក្រោយនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានម្ដងហើយម្ដងទៀតអំពីការផ្ទុះឡើងជាថ្មីនូវសង្គ្រាមស៊ីវិលប្រសិនបើគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចរបស់លោកចាញ់ការបោះឆ្នោតជាតិនៅថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ។ ការព្រមានដែលថា ជ័យជម្នះរបស់គណបក្សប្រឆាំងអាចបង្កឲ្យមានជម្លោះប្រដាប់អាវុធ ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ឬសូម្បីតែការវិលត្រឡប់មកវិញនូវរបបខ្មែរក្រហមនេះ ត្រូវលោក ហ៊ុន សែន ធ្វើឡើងម្ដងហើយម្ដងទៀតយ៉ាងតិច១២លើក ចាប់តាំងពីលោកបានធ្វើការព្រមានជាលើកដំបូងនៅចុងខែមេសាមក។
ការព្រមាននេះបានក្លាយជាចំណុចសំខាន់នៃយុទ្ធនាការរបស់គណបក្សកំពុងកាន់អំណាច ហើយបានជ្រួតជ្រាបដល់អ្នកបោះឆ្នោតរាប់លាននាក់តាមរយៈស្ថានីយវិទ្យុ និងទូរទស្សន៍ដែលចាក់ផ្សាយទាំងស្រុងនូវសុន្ទរកថារបស់លោក ហ៊ុន សែន រាល់ពេលដែលលោកថ្លែងជាសាធារណៈឬធ្វើជាអធិបតីក្នុងពិធីផ្សេងៗ។
ក្រុមអ្នកវិភាគយល់ឃើញស្របគ្នាថា ឱកាសនៃការផ្ទុះឡើងជាថ្មីនូវសង្គ្រាមស៊ីវិល គឺមានតិចណាស់ ភាគច្រើនគឺដោយសារការពិតដែលថា គណបក្សប្រជាជនកម្ពុជាប្រាកដជានឹងទទួលបានជ័យជម្នះនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ។ ដូច្នេះ សួរថាតើហេតុអ្វីបានជាលោក ហ៊ុន សែន ចូលចិត្តលើកឡើងពីចំណុចនេះម្ល៉ះ? តើវាមានឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នកបោះឆ្នោត នៅពេលដែលពួកគេទៅបោះឆ្នោតដែរឬទេ?
លោក ចន ស៊ីយ៉ូស៊ីយ៉ារី (Jonh Ciorciari) អ្នកជំនាញផ្នែកនយោបាយកម្ពុជានៅមហាវិទ្យាល័យគោលនយោបាយសាធារណៈជើរ៉ល អា ហ្វត (Gerald R. Ford School of Public Policy) នៃសាកលវិទ្យាល័យមីឈីហ្គែន (University of Michigan) បានលើកឡើងថា សម្រាប់ប្រជាជនកម្ពុជាទាំងឡាយណាដែលបានរងការឈឺចាប់ខ្លោចផ្សាក្នុងសម័យខ្មែរក្រហម និងការប្រយុទ្ធគ្នាដណ្ដើមអំណាចមិនចេះចប់នោះ ការនឹកឃើញអំពីការផ្ទុះឡើងនូវសង្គ្រាមស៊ីវិល នឹងជំរុញឲ្យពួកគេបោះឆ្នោតឲ្យគណបក្សកំពុងកាន់អំណាច។
លោក ស៊ីយ៉ូស៊ីយ៉ារី លើកឡើងតាមរយៈអ៊ីម៉េលថា “ ការព្រមាននេះធ្វើឲ្យអ្នកបោះឆ្នោត ជាពិសេសគឺអ្នកបោះឆ្នោតមានវ័យចំណាស់ នឹកឃើញដល់ក្ដីរន្ធត់អំឡុងសម័យសង្គ្រាម ហើយជំរុញឲ្យពួកគេសម្រេចចិត្តជ្រើសរើសយករដ្ឋាភិបាលចាស់ដែលមិនសុក្រឹត ប៉ុន្តែអាចធានាស្ថិរភាពបាន។ លោកបានបន្ថែមថា “ អ្នកបោះឆ្នោតក៏ប្រហែលជាអាចចាត់ទុកថា ការព្រមាននេះជាការគំរាមដោយប្រយោលថា គណបក្សប្រជាជនកម្ពុជាខ្លួនឯងផ្ទាល់នឹងធ្វើឲ្យបាត់បង់សុខសន្តិភាពប្រសិនបើគណបក្សនេះចាញ់ការបោះឆ្នោត”។
លោក មឿន ឈានណារិទ្ធ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាអំពីប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងថា ការព្រមានរបស់លោក ហ៊ុន សែន អាចធ្វើឡើងក្នុងបំណងបំភ័យអ្នកបោះឆ្នោតកុំឲ្យគាំទ្រគណបក្សសង្គ្រោះជាតិ ប៉ុន្តែ តាមពិតអ្នកបោះឆ្នោតមួយចំនួននៅក្នុងប្រទេសនេះប្រហែលជាបានសុំានឹងការព្រមានរបស់នាយករដ្ឋមន្ត្រីរូបនេះអំពីការផ្ទុះសង្គ្រាម ប្រសិនបើគណបក្សប្រជាជនចាញ់ឆ្នោតទៅហើយ។
លោកមានប្រសាសន៍ថា ការព្រមានរបស់គាត់ [លោក ហ៊ុន សែន] ធ្វើឡើងក្នុងបំណងគំរាម [ប្រជាជន] ពិសេសគឺអ្នកគាំទ្រគណបក្សប្រឆាំង។ ប៉ុន្តែក្រោយការបោះឆ្នោតជាតិចំនួន៤លើក អ្នកបោះឆ្នោតចាប់ផ្ដើមចេះមានមន្ទិលសង្ស័យអំពីអ្វីដែលពួកគេគួរជឿ និងអ្វីដែលពួកគេគួរបារម្ភហើយ”។
លោក មឿនឈានណារិទ្ធ បានបន្ថែមថា ការរួមចំណែករបស់ម្ចាស់ជំនួយ អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលក្នុងការអប់រំអ្នកបោះឆ្នោតអំពីដំណើរការប្រជាធិបតេយ្យនៅក្នុងរយៈពេលពីរទសវត្សរ៍នេះបានជួយពង្រឹងសមត្ថភាពរបស់អ្នកបោះឆ្នោតក្នុងការស្វែងយល់ពីគណបក្សនយោបាយ និងការពិចារណាពីការអះអាង និងការសន្យារបស់បេក្ខជនឈរឈ្មោះបោះឆ្នោត។
លោក ណារិទ្ធ មានប្រសាសន៍ថា “ គណបក្សប្រជាជនកម្ពុជា ជាពិសេសគឺលោកនាយករដ្ឋមន្ត្រីខ្លួនឯងផ្ទាល់ បានប្រើភាសាដដែលៗនេះប៉ុន្មានលើកមកហើយ ហើយប្រជាជនក៏ចាប់ផ្ដើមមានការធុញទ្រាន់នឹងការប្រើភាសាដដែលៗទាំងនេះ ដូចជាថា គណបក្សប្រជាជនកម្ពុជា គឺជាអ្នករំដោះប្រជាជនពីរបបខ្មែរក្រហម ដែរ។ ដូច្នេះខ្ញុំគិតថា ការផ្ទុះសង្គ្រាមមិនមែនជាការគំរាមដែលអាចធ្វើឲ្យអ្នកបោះឆ្នោតមានការភ័យខ្លាចទៀតទេ” ដោយលោកធ្វើការកត់សម្គាល់ថា បច្ចុប្បន្ននេះ ការភ័យខ្លាចសង្គ្រាមគឺមិនទូលំទូលាយដូចកាលពីមួយទសវត្សរ៍មុនឡើយ។
សម្រាប់លោក គល់ បញ្ញា ដែលជានាយកប្រតិបត្តិនៃគណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌វិញ ការព្រមានម្ដងហើយម្ដងទៀតរបស់លោកនាយករដ្ឋមន្ត្រីដែលថា ភាពចលាចលនឹងកើតមានប្រសិនបើប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រឆាំងនេះ ទីបំផុតប្រហែលជាអាចបំបាក់ទឹកចិត្តប្រជាជនមិនឲ្យចូលរួមក្នុងការបោះឆ្នោតតែម្ដង។
លោក គល់ បញ្ញា បានមានប្រសាសន៍ថា “ ខ្ញុំគិតថា វិធីធ្វើយុទ្ធនាការរបស់គណបក្សប្រជាជនកម្ពុជា គឺមិនលើកទឹកចិត្តអ្នកបោះឆ្នោតទេ ព្រោះប្រជាជនមានអារម្មណ៍ថា ការផ្លាស់ប្ដូររដ្ឋាភិបាលតាមរយៈការបោះឆ្នោត មានហានិភ័យខ្ពស់។ ការព្រមានអំពីលទ្ធភាពនៃការផ្ទុះសង្គ្រាមប្រសិនបើគណបក្សប្រឆាំងឈ្នះឆ្នោត គឺមិនជំរុញទឹកចិត្តប្រជាជនឲ្យយល់ឃើញថា ការបោះឆ្នោតគឺជាមធ្យោបាយក្នុងការធ្វើឲ្យប្រទេសជាតិមានស្ថិរភាព ធ្វើឲ្យលទ្ធិប្រជាធិបតេយ្យកាន់តែមានភាពប្រសើរឡើង និងធ្វើឲ្យមានសិទ្ធិសេរីភាពកាន់តែទូលំទូលាយទេ”។
ទោះជាមានការយល់ឃើញថា ការព្រមានរបស់លោក ហ៊ុន សែន គ្រាន់តែជាការបំភ័យគ្មានការពិតក៏ដោយ ក៏លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី នៅតែអះអាងថា លទ្ធភាពនៃការផ្ទុះសង្គ្រាមប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតគឺជារឿងពិតណាស់ មិនមែនគ្រាន់តែជាការព្រមានទេ។
លោកបានមានប្រសាសន៍ថា “ គ្រប់គ្នា [នៅក្នុងប្រព័ន្ធផ្សព្វផ្សាយដែលគ្មានទំនាក់ទំនងជាមួយនឹងគណបក្សកាន់អំណាច] បានព្យាយាមអស់ពីលទ្ធភាពក្នុងការធ្វើសេចក្ដីរាយការណ៍លម្អៀងពីប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី”។
លោក ផៃ ស៊ីផាន បានលើកឡើងថា ការប្រើប្រាស់ជាទូទៅនូវភាសារើសអើងប្រទេសវៀតណាមក្នុងចំណោមបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សប្រឆាំង និងការអះអាងដែលថា ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគឺជាអាយ៉ងរបស់វៀតណាមនឹងធ្វើឲ្យគណបក្សសង្គ្រោះជាតិ ជួបការលំបាកបំផុតក្នុងការរក្សាឯកភាពជាតិ ប្រសិនបើគណបក្សនេះឈ្នះការបោះឆ្នោតនៅក្នុងខែកក្កដាខាងមុខនេះ។
លោក ផៃ ស៊ីផាន បានបន្តថា លើសពីនេះទៅទៀត ការសន្យារបស់គណបក្សប្រឆាំងស្ដីពីការពាំនាំជម្លោះព្រំដែនជាមួយវៀតណាមទៅតុលាការក្រុងឡាអេ ដើម្បីដណ្ដើមយកមកវិញនូវដីដែលកម្ពុជាបានបាត់បង់ នឹងធ្វើឲ្យប្រទេសនេះធ្លាក់ទៅក្នុងភ្លើងសង្គ្រាមជាមួយវៀតណាម ប្រសិនបើបក្សសង្គ្រោះជាតិបានឡើងកាន់អំណាច។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “ យុទ្ធនាការរបស់គណបក្សសង្គ្រោះជាតិមិនគិតដល់ឯកភាពជាតិ មិនគិតដល់សន្តិសុខជាតិ ទេ…ដូច្នេះ ពួកគេមិនគោរពអំណាចរបស់ប្រជាជនឡើយ”។ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “ នៅក្នុងឆ្នាំ១៩៩៣ [ពេលកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខា] យើងបានដឹងតាមរយៈបទពិសោធថា យើងត្រូវតែដើរចេញ [ពីសង្គ្រាម] យើងត្រូវតែគោរពគ្នាទៅវិញទៅមក យើងត្រូវតែមានការសាមគ្គីគ្នា។ ប៉ុន្តែ…គណបក្សប្រឆាំងបែរជានិយាយថា គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងដោយវៀតណាម ថារដ្ឋាភិបាលនេះគឺជារបស់វៀតណាមទៅវិញ។ ប្រជាពលរដ្ឋគឺជាអ្នកបោះឆ្នោតឲ្យយើងឡើងកាន់អំណាចមិនមែនវៀតណាមទេ”។
តែទោះបីជាយ៉ាងណា លោក សុន ឆ័យ បេក្ខជនឈរឈ្មោះបោះឆ្នោតមកពីគណបក្សសង្គ្រោះជាតិ លើកឡើងថា គណបក្សប្រឆាំងលែងប្រើភាសារើសអើងប្រទេសវៀតណាម ដែលគណបក្ស សម រង្ស៊ី ធ្លាប់បានប្រើក្នុងការបោះឆ្នោតនាពេលកន្លងមកហើយ ផ្ទុយទៅវិញគឺកំពុងតែផ្ដោតលើគោលនយោបាយប្រាំពីរចំណុចរបស់ខ្លួនស្ដីពីការផ្ដល់ប្រាក់បៀវត្សរ៍ខ្ពស់ជាងមុន តម្លៃទំនិញទាបជាងមុន និងការទទួលបានការអប់រំ និងសេវាសុខភាពដោយមិនគិតថ្លៃ។
លោកមានប្រសាសន៍ថា “ លើកនេះយើងគ្មានគម្រោងប្រើភាសារើសអើងវៀតណាមមកទាក់ទាញសន្លឹកឆ្នោតទេ។ យើងបានតាក់តែងគោលនយោបាយស្ដីពីវិធីដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងរបស់យើងតាមរយៈការចរចាដោយសន្តិវិធី”។ លោក កឹម ឡី អ្នកពិគ្រោះយោបល់ផ្នែកស្រាវជ្រាវនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា លទ្ធផលនៃការបោះឆ្នោតនៅក្នុងឆ្នាំនេះទំនងជានឹងអាស្រ័យលើការយល់ឃើញរបស់ប្រជាពលរដ្ឋចំពោះគោលនយោបាយរបស់គណបក្សប្រជាជនក្នុងរយៈពេលពីរអាណត្តិចុងក្រោយនេះ ជាងលើការបារម្ភអំពីលទ្ធភាពនៃការកើតមានសង្គ្រាម។
លោកបានបញ្ជាក់ថា គោលនយោបាយដែលគណបក្សប្រជាជនកម្ពុជាបានអនុវត្តក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ បានជះផលប៉ះពាល់អវិជ្ជមានលើជីវភាពរស់នៅរបស់ប្រជាជនក្រីក្រនៅតាមតំបន់ជនបទ។ លោកបានមានប្រសាសន៍ថា “ ដោយសាររយៈពេលប្រាំឆ្នាំចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជាបានអនុវត្តគោលនយោបាយដែលបានបង្កផលប៉ះពាល់អវិជ្ជមាន ជាពិសេសគឺគោលនយោបាយពាក់ព័ន្ធនឹងកំណែទម្រង់ដីធ្លី និងការកែទម្រង់ប្រព័ន្ធតុលាការ ពួកគេ [បេក្ខជនគណបក្សប្រជាជនកម្ពុជា] ស្ទាក់ស្ទើរមិនហ៊ានផ្សព្វផ្សាយប្រាប់ប្រជាជនអំពីគោលនយោបាយរបស់ខ្លួនសម្រាប់រយៈពេលប្រាំឆ្នាំបន្ទាប់ឡើយ”។
លោក កឹម ឡី បន្តថា គោលនយោបាយមួយចំនួន ដែលតាមទ្រឹស្ដីគឺសំដៅផ្ដល់ផលប្រយោជន៍ដល់ប្រជាជនក្រីក្រនោះ បែរជាបានផ្ដល់ផលប្រយោជន៍ដល់អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភទៅវិញ។លោកបានលើកឧទាហរណ៍ថា សម្បទានដីសេដ្ឋកិច្ចមិនត្រឹមតែបង្កើតឱកាសការងារក្នុងចំនួនមានកម្រិត ទេ គឺថែមទាំងបណ្ដាលឲ្យមានជម្លោះដីធ្លីច្រើនទៅទៀត ។
លោក កឹម ឡី បានបន្ថែមថា “ ដូច្នេះពួកគេព្យាយាមលើកពីបញ្ហាផ្សេងវិញក្នុងយុទ្ធនាការផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួនដើម្បីបង្កក្ដីកង្វល់ក្នុងចំណោមប្រជាជនកម្ពុជា ដែលនៅចងចាំច្បាស់ពីក្ដីរន្ធត់ក្នុងសម័យសង្គ្រាម”។ នៅពេលត្រូវបានសួរអំពីឱកាសនៃការផ្ទុះសង្គ្រាមប្រសិនបើគណបក្សសង្គ្រោះជាតិចូលកាន់អំណាច និងថាតើយោធាកម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ការផ្ទុះជម្លោះប្រដាប់អាវុធក្រោយការបោះឆ្នោត ឬយ៉ាងណានោះលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ទុះសំណើចកាលពីម្សិលមិញ។ លោកបានមានប្រសាសន៍ថា “ គ្មានអ្វីកើតឡើងទេ ហើយ [គណបក្សសង្គ្រោះជាតិ] នឹងមិនឈ្នះឆ្នោតឡើយ”៕
ប្រែសម្រួលដោយ ភួន ច័ន្ទសេរីវុធ