សមាគមពាណិជ្ជកម្មស្ករសមួយមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ ដែលមានគោលដៅជំរុញឧស្សាហកម្មមួយឲ្យមានក្រមសីលធម៌ និងប្រកបដោយចីរភាពជាងមុន នឹងជួបប្រជុំនៅដើមខែក្រោយ ដើម្បីពិចារណាសំណើមួយរបស់កសិករកម្ពុជា ឲ្យខ្លួនដកក្រុមហ៊ុនស្ករសថេត & លីល (Tate & Lyle) ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស ចេញពីសមាគមនេះ ប្រសិនបើក្រុមហ៊ុននេះមិនប្រគល់ដីឲ្យទៅកសិករខ្មែរវិញទេនោះ។
ប្រជាពលរដ្ឋខ្មែរប្រមាណ២០០គ្រួសារបានចោទប្រកាន់ក្រុមហ៊ុនស្ករសពីររបស់ថៃ នៅក្នុងខេត្តកោះកុងថា បានបង្ខំពួកគាត់ឲ្យចាកចេញពីផ្ទះសំបែង និងដីធ្លីរបស់ខ្លួនចាប់តាំងពីឆ្នាំ២០០៦មក ហើយជួនកាលថែមទាំងមានប្រើអំពើហិង្សាទៀតផង ហើយពួកគាត់ទាមទារឲ្យក្រុមហ៊ុនស្ករស Tate & Lyle ទទួលខុសត្រូវ ពីព្រោះក្រុមហ៊ុននេះទិញស្ករសពីក្រុមហ៊ុនទាំងនេះ។
កាលពីពីរឆ្នាំមុន អង្គការសមធម៌កម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក បានដាក់ពាក្យបណ្ដឹងប្ដឹងក្រុមហ៊ុន Tate & Lyle ជួសមុខឲ្យគ្រួសារទាំងនេះទៅសមាគមពាណិជ្ជកម្មស្ករសបុនស៊ូក្រូ (Bonsucro) ដែលសមាជិករបស់ខ្លួនរួមមានទាំងក្រុមហ៊ុនកូកាកូឡា និងក្រុមហ៊ុនប៊ីភី (BP) ផង។ តំណាងអង្គការក្រៅរដ្ឋាភិបាលនេះ និងគ្រួសារទាំងនេះបានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកចុងក្រោយរបស់សមាគមនេះកាលពីខែធ្នូ នៅទីក្រុងឡុងដ៍ដោយនៅទីនោះ សមាគមបុនស៊ូក្រូ បានឯកភាពបង្កើតក្រុមការងារមួយ ដើម្បីស៊ើបអង្កេតពាក្យបណ្ដឹងនេះ។
លោក អ៊ាង វុឌ្ឍី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា បានលើកឡើងកាលពីម្សិលមិញថា លោកទទួលបានព័ត៌មានពីសមាគមបុនស៊ូក្រូ ថា ក្រុមប្រឹក្សានាយករបស់ខ្លួននឹងពិចារណាអនុសាសន៍របស់ក្រុមការងារនេះទាក់ទិននឹងក្រុមហ៊ុនស្ករស Tate & Lyle នៅដើមខែកក្កដា។ លោក វុឌ្ឍី មានប្រសាសន៍ថា “ ប្រសិនបើក្រុមហ៊ុន Tate & Lyle នៅតែមិនព្រមធ្វើតាម យើងសង្ឃឹមថា ក្រុមហ៊ុននេះនឹងត្រូវដកចេញពីសមាគម។អ្វីដែលយើងចង់បាន គឺឲ្យក្រុមហ៊ុន Tate & Lyle ប្រគល់ដីឲ្យប្រជាពលរដ្ឋទាំងនោះវិញ ហើយសងជំងឺចិត្តពួកគាត់សម្រាប់អ្វីដែលពួកគាត់បានបាត់បង់”។
លោក នីក ហ្គូដល (Nick Goodall) នាយកប្រតិបត្តិសមាគមបុនស៊ូក្រូ បានអះអាងថា ក្រុមប្រឹក្សានាយករបស់សមាគមនេះនឹងជួបប្រជុំនៅថ្ងៃទី៨ ខែកក្កដា ដើម្បីពិចារណាអំពីអនុសាសន៍របស់ក្រុមការងារនេះ។ លោកបានមានប្រសាសន៍ថា អនុសាសន៍នេះនឹងផ្អែកលើទាំងបណ្ដឹងរបស់គ្រួសារទាំងនេះនិងការឆ្លើយតបពីក្រុមហ៊ុន Tate & Lyle។ ភ្លាមៗ ក្រុមហ៊ុន Tate & Lyle មិនអាចទាក់ទងសុំការបំភ្លឺបានទេ។
យោងតាមគេហទំព័ររបស់ខ្លួន សមាគមបុនស៊ូក្រូ “ មានគោលដៅចង់ធ្វើឲ្យនិរន្តរភាពសង្គម បរិស្ថាន និងដំណាំអំពៅមានភាពប្រសើរឡើងតាមរយៈការប្រើប្រាស់បទដ្ឋានដែលអាចវាស់ស្ទង់បាន។ បទដ្ឋានទាំងនោះរួមមាន ការគោរពសិទ្ធិមនុស្ស និងការគោរពតាមច្បាប់ក្នុងប្រទេសនីមួយៗផងដែរ”។
ទោះបីជាខ្លួនជាសមាជិកក៏ដោយ ក៏ការអនុវត្តការងាររបស់ក្រុមហ៊ុន Tate & Lyle នៅមិនទាន់មានការបញ្ជាក់ពីសមាគមបុនស៊ូក្រូ នៅឡើយដែរ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅខេត្តកោះកុង ក៏កំពុងប្ដឹងក្រុមហ៊ុន Tate & Lyle ទៅតុលាការជាន់ខ្ពស់នៅក្នុងទីក្រុងឡុងដ៍ ផងដែរដើម្បីទាមទារសំណងខូចខាតចំពោះការបាត់បង់ចំណូលពីការធ្វើចម្ការដែលមានទឹកប្រាក់ប្រមាណជិត២,៣លានដុល្លារ។ នៅក្នុងបណ្ដឹងការពារខ្លួនដាក់ប្ដឹងទៅតុលាការ ក្រុមហ៊ុន Tate & Lyle បានអះអាងថា មិនបានដឹងអំពីការរំលោភបំពានដូចការចោទប្រកាន់នោះទេ ហើយបានអះអាងថា គ្រួសារទាំងនេះគ្មានសិទ្ធិទាមទារប្រាក់សំណងឡើយ៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង