បុគ្គលិករាប់រយនាក់របស់កាស៊ីណូ និងសណ្ឋាគារ ណាហ្គាវើល នៅក្នុងរាជធានីភ្នំពេញ បានត្រឡប់ចូលធ្វើការវិញ កាលពីម្សិលមិញ ដើម្បីឆ្លើយតបទៅនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលតម្រូវឲ្យពួកគេបញ្ចប់សកម្មភាពកូដកម្មរបស់ខ្លួន ដែលបានកើតឡើងអស់រយៈពេលជិតពីរសប្តាហ៍។
បុគ្គលិកទាំងនេះបានប្រមូលផ្តុំគ្នាតវ៉ានៅច្រកចូលកាស៊ីណូ និងសណ្ឋាគារតែមួយគត់ដែលមានអាជ្ញាប័ណ្ណ ក្នុងរាជធានីភ្នំពេញនេះ តាំងពីថ្ងៃទី១៣ខែមិថុនា ដោយទាមទារឲ្យក្រុមហ៊ុនទទួលបានប្រាក់ចំណូលខ្ពស់នេះ ដំឡើងប្រាក់ឈ្នួលអប្បបរមារបស់ខ្លួន ពី៨០ដុល្លារក្នុងមួយខែ ដល់១៥០ដុល្លារក្នុងមួយខែ ហើយក៏បានបង្កឲ្យមាន ហេតុការណ៍ប៉ះទង្គិចគ្នាជាមួយបុគ្គលិកសន្តិសុខរបស់កាស៊ីណូនេះ។
យោងតាមអ្នកស្រី សេង ធីតា តំណាងបុគ្គលិកបានឲ្យដឹងថា គណៈគ្រប់គ្រងបានប្រាប់តំណាងសហជីព កាលពីសប្តាហ៍មុនថា បុគ្គលិក៤០០នាក់ត្រូវបានបញ្ឈប់ពីការងារ ឬក៏ព្យួរការងារ ក៏ប៉ុន្តែ កាលពីម្សិលមិញ បុគ្គលិកទាំងអស់បានត្រឡប់ចូលធ្វើការវិញ។ អ្នកស្រី ធីតា បានមានប្រសាសន៍ថា “ យើងទាំងអស់គ្នា ទាំង១.៨០០នាក់ រួមទាំងអ្នកដែលត្រូវបានព្យួរការងារ បានចូលធ្វើការវិញហើយកាលពីព្រឹកមិញ”។
សាលក្រមមួយទទួលបាន ពីសាលាដំបូងរាជធានីភ្នំពេញបានបង្ហាញថា សាលាដំបូងរាជធានីភ្នំពេញយល់ឃើញថា កូដកម្មនេះមានលក្ខណៈខុសច្បាប់តាំងពីដំបូង ហើយកាលពីដំបូង តុលាការនេះបានចេញសាលក្រមមួយបង្គាប់ឲ្យបុគ្គលិកទាំងនេះចូលធ្វើការវិញ នៅថ្ងៃទី១៣ ខែមិថុនា។ សាលក្រមទី២ចុះថ្ងៃទី២៦ ខែមិថុនាឆ្នាំ ២០១៣បានលើកឡើងថា សាលាដំបូងរាជធានីភ្នំពេញ “ បង្គាប់ឲ្យបុគ្គលិក និងសហជីពនៅក្រុមហ៊ុន ណាហ្គាវើល ដែលបាននិងកំពុងធ្វើកូដកម្មខុសច្បាប់ បញ្ឈប់សកម្មភាពកូដកម្មនេះជាបន្ទាន់”។ សាលក្រមនេះមានខ្លឹមសារបន្តទៀតថា “ ក្នុងករណីនេះ ប្រសិនបើអ្នកមិនឈប់ទេ ព្រះរាជអាជ្ញានឹងអនុវត្ត[សាលក្រមនេះ] តាមច្បាប់”។
លោក សុខ ណារិទ្ធ អនុប្រធានសហព័ន្ធបុគ្គលិកវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា បានមានប្រសាសន៍ថា សាលក្រមទី២ ដែលលោកបានឲ្យដឹងលើកឡើងថា ត្រូវបានចេញក្រោមឥទ្ធិពល ពីក្រុមហ៊ុន ណាហ្គាវើល បានដាក់ទម្ងន់បន្ថែមទៅលើសាររបស់សាលាដំបូងរាជធានីភ្នំពេញ ផ្ញើទៅកាន់បុគ្គលិកទាំងនេះ។ លោកបានថ្លែងថា “ ប៉ុន្តែនៅពេលនេះ ទោះបីជាយើងមិនចង់ធ្វើតាម ក៏ត្រូវតែធ្វើតាមដែរ”។ អ្នកស្រី ឈុំ ហ្វូនី អាយុ៣២ឆ្នាំ ដែលបានធ្វើការនៅក្រុមហ៊ុន ណាហ្គាវើល តាំងពីឆ្នាំ២០០៨មកនោះ បានលើកឡើងថា ទោះបីជាមិនមានសម្បទានសម្រាប់បុគ្គលិកក៏ដោយ អ្នកស្រីបានត្រឡប់ចូលធ្វើការវិញហើយ។
អ្នកស្រី ហ្វូនី ដែលបានធ្វើការនៅក្រុមហ៊ុន ណាហ្គាវើល ដោយទទួលបានប្រាក់ខែ៩០ដុល្លារក្នុងមួយខែ បានមានប្រសាសន៍ថា “ ខ្ញុំគិតថា ដល់ពេលដែលគេផ្តល់ឱកាសថ្មីឲ្យគ្នាទៅវិញទៅមកហើយ។ ខ្ញុំសង្ឃឹមថា ពេលនេះ ក្រុមហ៊ុននឹងពិតជាគិតអំពីពួកយើង [បុគ្គលិក]”។ នេះមិនមែនជាកូដកម្មលើកដំបូងនៅក្រុមហ៊ុន ណាហ្គាវើល ទេ ពោលគឺកាលពីខែកុម្ភៈ ចំណាត់ការទ្រង់ទ្រាយធំចេញពីបុគ្គលិកមួយបានកើតឡើងផងដែរ ហើយអ្នកស្រី សុភី បានលើកឡើងបន្ថែមទៀតថា បុគ្គលិកនៅតែចង់ឲ្យមានការដំឡើងប្រាក់ឈ្នួលរបស់ខ្លួន។ អ្នកស្រីបានមានប្រសាសន៍ថា “ ខ្ញុំនឹងផ្តល់ឱកាសឲ្យពួកគេ។ ហើយប្រសិនបើ [ពួកគេមិនដំឡើងប្រាក់ឈ្នួលទេ] យើងនឹងគិតពីការធ្វើកូដកម្មម្តងទៀតនាពេលឆាប់ៗខាងមុខនេះ”៕
ប្រែសម្រួលដោយ កង សុធា