28 C
Phnom Penh

គ្រួសារ​ពាក់​ព័ន្ធ​ក្នុងវិវាទដី​ធ្លី​ជា​មួយ​សាលារាជធានី​ត្រូវ​បាន​ឃាត់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​បី​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដី​ធ្លី​ជា​មួយ​នឹង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​​នគរ​បាលនិង​តុលាការ​សាក​សួរ​កាល​ពី​ម្សិល​មិញ ​បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​នៅ​លើ​ដី​ដែល​រដ្ឋាភិបាល​បាន​ដោះ​ដូរ​ជា​មួយ​ក្រុម​ហ៊ុន​ឯក​ជន​មួយ។​ លោក លី​ ប៊ុន​ហ៊ាង បាន​និយាយថា រូប​លោក និង​ឪពុករបស់​លោក ឈ្មោះ​ លី ​ស៊ាង​ហេង ព្រម​ទាំង​អ្នក​ជិត​ខាង​របស់​ខ្លួន​ឈ្មោះ​ ហ៊ីង ច័ន្ទ ត្រូវ​បាន​នគរ​បាល​ព្រហ្ម​ទណ្ឌ​ហៅ​ទៅ​​ក្រសួង​មហា​ផ្ទៃ ដើម្បី​សាក​សួរ​ពាក់​ព័ន្ធ​នឹង​វិវាទដី​ធ្លី​នេះ​។

បន្ទាប់​ពី​បាន​ឆ្លើយ​សំណួរ​នៅ​ទី​នោះ​រួច​ នគរ​បាល​ក៏​បាន​បង្ហាញ​បុរស​ទាំង​បី​នាក់​នូវ​ដី​កា​តុលាការមួយ​ផ្សេង​ទៀតដើម្បី​បន្ត​ការ​​សាក​សួរ​​នៅ​ឯ​សាលាដំបូង​រាជធានី​ភ្នំពេញ។​ពួក​គេ​​ត្រូវ​បាន​តុលាការ​ដោះ​លែង​​ នៅ​មុន​ម៉ោង​​៦​​ល្ងាចបន្តិច។​ ​បុរស​ទាំង​បី​នាក់​នេះ​មក​ពី​គ្រួសារ​ចំនួន​បី​​ដែល​រស់​នៅ​​ក្នុង​អគារ​តែ​មួយ​ជាមួយ​នឹង​ក្រុម​​ប្រឹក្សា​សង្កាត់​ក្នុង​មូល​ដ្ឋាន​ និង​ការិយាល័យ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅ​ក្នុង​ខណ្ឌ​ទួល​គោក និង​​ដែល​រដ្ឋា​ភិ​បាល​ចង់​ទិញ​អគារ​នេះ​ផ្ដាច់​ បន្ទាប់​ពីរដ្ឋា​ភិបាល​​បាន​ដោះ​ដូរ​អគារ​​នេះ​ជា​មួ​យ​ក្រុម​ហ៊ុន​ឯក​ជន​មួយ។​

កាល​ពី​ខែ​មេសា​ គ្រួសារ​ទាំង​បី​នេះ​បាន​ឃាត់​សន្ដិ​សុខ​មក​ពី​ក្រុម​ហ៊ុន​ ឃុន ស៊ា អា​ហ​រ័ណនិ​ហរ័ណ ដែល​អម​ដោយមន្ត្រី​​កង​រាជ​អាវុធ​ហត្ថ​ប្រហែល​៥០​នាក់​ មិន​ឲ្យ​ធ្វើ​របង​ព័ទ្ធ​​ជុំ​វិញ​ដី​នេះ ​តាម​ការ​អនុម័ត​របស់​រដ្ឋាភិបាល។​

លោក លី​ ស៊ាង​ហេង បាន​និយាយ​ថា កាល​​ពី​ម្សិល​មិញ​អាជ្ញាធរ​បាន​ចោទ​ប្រកាន់​ពួក​គាត់​​​ថា​ បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ ពេល​ពួកគាត់​បញ្ឈប់​សកម្មភាព​ធ្វើ​របង​ ប៉ុន្ដែ​មិន​ត្រូវ​បាន​ចោទ​ប្រកាន់ជា​ផ្លូវ​ការ​ទេ។​ លោក លី ប៊ុនហ៊ាង បាន​និយាយថា “ នគរ​​បាល​បាន​ប្រាប់​ឪពុក​របស់​ខ្ញុំ​និង​ខ្ញុំ​ថា ពួកគេ​បាន​ចោទ​ប្រកាន់​ពួក​យើង​ថា បាន​បំផ្លាញ​ទ្រព្យ​​សម្បត្តិ​។ ប៉ុន្ដែ​វា​មិន​ពិត​ទេ។ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុសឡើយ​”។​​​​​​​​​​​​​​

ឧត្តម​សេនីយ៍​ឯក​ ម៉ក់ ជីតូ ប្រធាន​នាយក​ដ្ឋាន​នគរ​បាលកណ្ដាល​​យុត្តិ​ធម៌​បាន​បញ្ជាក់​ថា បុរស​ទាំង​បី​នាក់​នេះ​ត្រូវ​បាន​កោះ​ហៅ​ និង​ដោះ​លែងទៅ​វិញ ប៉ុន្ដែ​លោក​បដិសេធ​មិន​ធ្វើអត្ថា​ធិប្បាយ​បន្ថែម​ទេ។​ លោក អ៊ិន​ បូរ៉ា ប្រធា​ន​នាយក​ដ្ឋាន​​នគរ​បាល​ព្រហ្ម​ទណ្ឌ​ក៏បាន​បដិសេធ​មិន​ធ្វើ​​អត្ថា​ធិប្បាយ​​ដែរ។​
​លោក ស៊ាង សុខ ព្រះរាជអាជ្ញា​រង​អម​សា​លាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​សាក​សួរ​​បុរស​ទាំង​បី​នាក់នេះ​​មិន​អាច​ទាក់​ទង​បាន​ទេ។​

​អ្នក​ស្រី លី​ ស៊ីវម៉ីង បង​ប្អូន​បង្កើត​របស់​លោក​ លី ស៊ាង​ហេង ​លើក​ឡើង​ថា​ គ្រួសារ​ទាំង​នេះ​បាន​មក​រស់​នៅ​ក្នុង​អគារ​នេះ​ក្នុង​ឆ្នាំ​១៩៧៩​ ហើយ គណបក្ស​ប្រជា​ជន​កម្ពុជា និង​​ក្រុម​ប្រឹក្សា​សង្កាត់​បាន​មក​ធ្វើ​ស្នាក់​ការ​​ទី​នេះ​ដែរ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​។ ​កាល​ពី​ខែ​មេសា លោក រិទ្ធ​ ដារិទ្ធ ចៅ​សង្កាត់​បឹង​កក់​១ ​អះ​អាង​ថា អគារ​ទាំង​មូល​​នេះ​​ជា​របស់​សាលា​រាជធានី​ភ្នំពេញ ហើយ​ថា ដោយ​សារ​តែ​អគារ​នេះ​ចាស់​ហើយ​​តូច​ ម៉្យាង​​ទៀតពេល​នេះ​​គោល​ការ​ណ៍​របស់​រាជ​រដ្ឋា​ភិបាល​តម្រូវ​ឲ្យ​សាលា​សង្កាត់​ ​និងការិយា​ល័យ​​​គណ​បក្ស​នយោ​បាយ​នៅ​ទី​តាំង​ដាច់​ដោយ​ឡែក​ពី​គ្នា​នោះ​ សាលារាជធានី​ក៏​បាន​លក់​អគារ​​នេះ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​មួយ​។ លោក​​បាន​បន្ថែម​ថា ប្រជា​ពល​រដ្ឋ​បួន​គ្រួសារ​ផ្សេង​ទៀត​ព្រម​ទទួល​យក​ប្រាក់​សំណង​និង​បាន​ចាក​ចេញ​កាល​ពី​ក្នុង​ខែ​នោះ​ ប៉ុន្ដែ​ បី​គ្រួសារ​ដែល​នៅ​សេសសល់​មិន​ព្រម​ចាក​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​ទេ បើ​មិន​បាន​ប្រាក់​សំណង​ច្រើន​នោះ។​​​​​​​

អ្នក​ស្រី​ ស៊ីវម៉ីង បាន​និយាយ​​ថា គេ​បាន​ឲ្យ​​ប្រាក់​សំណង​ចំនួ​ន​១៥.០០០​ដុល្លារ​ឲ្យ​​គ្រួសារ​របស់​អ្នក​ស្រី​ចាកចេញ ប៉ុន្ដែ​អ្នក​ស្រី​ចង់បាន​ចំនួន​៣០០​.០០០​ដុល្លារ។​ ​អ្នក​ស្រី​បាន​និយាយ​ថា ចាប់​តាំង​គ្រួសារ​ទាំង​នេះ​បាន​ហាម​ឃាត់​ក្រុម​ហ៊ុន​នោះ​មិន​ឲ្យ​​ធ្វើ​របង​ព័ទ្ធ​ជុំ​វិញ​ដី​នេះមក​មាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​បានវាយ​ជញ្ជាំង​​ និង​យក​​ដុំ​ថ្ម​គប់​មក​លើ​ផ្ទះ​របស់​ពួកគាត់​រាល់​យប់ក្នុង​ពេល​ព្រលប់​ៗ៕

​ប្រែ​សម្រួល​ដោយ​ ហម សុផាណ្ណា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស