27.5 C
Phnom Penh

អង្គការ​​សិទ្ធិមនុស្ស​ថា ​កា​រ​មិន​​​ចាប់​ខ្លួន​​លោក ឈូក បណ្ឌិត ​ជា​សញ្ញា​បង្ហាញ​ពី​វប្បធម៌និទណ្ឌភាព​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ ​គេ​មិន​ទាន់​ដឹងពី​កន្លែ​ង​​រស់​​​នៅ​​​របស់​លោក ឈូក បណ្ឌិត ​​អតី​ត​​​អភិ​បាល​​ក្រុង​​​បា​​​វិត​​ ដែល​​កាល​​ពី​​​​ថ្ងៃ​​​អ​ង្គារ​​​ត្រូ​វ​បា​ន​​​តុលាការ​ផ្តន្ទា​​ទោស​​កំបាំង​មុខឲ្យ​​ជា​ប់​ពន្ធ​នា​គារ​​​រយៈ​ពេល​​១៨​ខែ​​​ពី​បទ​​បាញ់​បោះ ​​​និ​ង​ធ្វើ​ឲ្យ​​​របួស​​​​កម្មការិ​នី​​រោ​ង​ចក្រ​​កាត់​​ដេរ​​ចំ​នួន​បី​​នាក់​​ ​អំឡុ​ង​​កា​រ​ត​វ៉ា​​មួ​យ​​នៅ​ឡើយ​ទេ ​ខណៈដែល​​​​បណ្តា​អ​ង្គកា​រ​​​សិទ្ធិ​មនុស្ស​​បា​ន​រិះគន់​​រដ្ឋា​ភិ​បាល​​ដែល​មិ​ន​បា​ន​​ចាប់​ខ្លួន​​គាត់​។

​សាលា​​ដំ​បូ​ង​​​ខេត្ត​​ស្វាយ​រៀង​​​បា​ន​សម្រេច​​ឲ្យ​​អតី​ត​អភិ​បា​ល​​ក្រុ​ង​​រូ​ប​នេះ​​ជាប់​ពិរុទ្ធ​ភាព​ពី​​បទ​​បង្ក​​របួសស្នាម​​​ដោ​យ​អ​ចេត​នា​ នៅ​ក្នុង​ហេតុការណ៍​បាញ់​បោះ​​ឆ្នាំ​​២០១២ ​នៅ​ក្នុ​ង​​សាល​ក្រម​​មួ​យ​​​ដែល​​​ត្រូវ​បា​ន​​រិះ​គន់​​ថា ​​ស្រាល​​​​​ពេក​ និងដែល​​មនុស្ស​​ជា​ច្រើន​​និយា​យ​ថា​ ​វាជា​​​​កា​រ​​​បង្ហាញ​​ពី​និទណ្ឌ​​ភាព​​​កម្រិត​​ខ្ពស់​នៅ​ក្នុង​រឿងក្តី​នេះ​។

​​កាល​​​ពី​ថ្ងៃ​​​អង្គារ​ ចៅ​ក្រមប្រធានក្រុម​ប្រឹក្សា​​ជំនុំជម្រះ​​ លាង ​សួ បា​ន​​បង្គាប់ឲ្យ​​ចាប់​​ខ្លួន​​លោក ​ឈូក បណ្ឌិត ជា​​បន្ទាន់​ ​​ប៉ុន្តែ​មន្ត្រី​​​អ​នុ​វត្ត​ច្បាប់​​មា​ន​​ការ​យល់ឃើញ​ផ្សេង​គ្នា​​​កាល​ពី​ម្សិល​មិញ​ថា តើ​ពួ​ក​គេ​​គួរតែ​​តាម​ស្វែងរក​ចាប់​ខ្លួន​ទណ្ឌិត​​រូប​នេះ​ដោយ​សកម្ម​ឬ​យ៉ាង​ណា​។

លោក កឹង ខន ​ស្នង​កា​រនគរបាល​​​ខេត្ត​​ ​​​ដែល​​​​​បញ្ជាក់​​​ថា បានទទួល​​ដីកា​ចាប់​ខ្លួន​​មួ​យ​កា​ល​​ពីម្សិល​មិញ ​បា​នមានប្រ​សាសន៍​ថា “ ពេល​​នេះ យើង​កំ​ពុ​ង​តាម​ចាប់​ខ្លួនគាត់​ ប៉ុន្តែ​​​ខ្ញុំ​មិន​ទាន់​ដឹងថា​គាត់​​នៅ​ទី​ណា​​​ទេ​”។

ទំាង​​​​អ្នក​នាំ​​ពាក្យ​​នគរ​​បា​ល​​ជាតិ​ និ​ង​អ្នក​នាំ​ពាក្យ​កង​រាជ​​អា​វុធ​​ហត្ថ​​​លើ​ផ្ទៃ​ប្រទេស ​បា​ន​លើក​ឡើង​ថា​ ​ខ្លួន​មិ​ន​ទាន់​ទទួល​បាន​​​ដី​កា​​ចាប់​​​ខ្លួន​​​ណាមួ​យនៅ​ឡើយ​​​​ទេ ​ហើយ​​ថា​​​ ពួ​កគេ​មិន​អាច​ចាប់​ខ្លួន​លោក ឈូ​ក បណ្ឌិត​ ដោយគ្មាន​ដី​កា​ចាប់​ខ្លួន​​​​បា​ន​ឡើយ​។

ឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស​បាន​មាន​ប្រ​សាសន៍ថា “ នៅពេល​តុលាការ​ប្រគល់​ដីកាឲ្យ​យើង ពេល​នោះ​យើង​នឹង​តាម​ចាប់​ខ្លួន​គាត់​ភ្លាម។ប្រសិន​បើ​យើង​ដឹង​ថា គាត់​នៅ​កន្លែង​ណា យើង​នឹង​ចាប់​ខ្លួន​គាត់”។ បណ្តា​អង្គការ​សិទ្ធិ​មនុស្សដែល​បាន​តាម​ដាន​ករណី​ទាំង​យ៉ាង​ស្អិត​ បាន​លើក​ឡើង​ថា ត្រង់​ថាលោក ឈូក បណ្ឌិត ត្រូវ​ចាប់​ខ្លួន​ឬក៏​អត់​នោះ នៅទី​បំផុត​ត្រូវពឹង​ផ្អែក​លើ​ឆន្ទៈ​នយោបាយ។

លោក ដេវ ​វែល(Dave Welsh) ប្រ​​ធាន​​មជ្ឈមណ្ឌលសាមគ្គីភាព ប្រចាំ​នៅ​កម្ពុជា ជា​អង្គ​កា​រ​​​មួយ​មា​ន​មូល​ដ្ឋាន​នៅក្នុង​​​​សហ​រដ្ឋ​​អា​មេ​រិក​ ដែល​​តស៊ូមតិ​ដើម្បី​សិទ្ធិកា​រ​​ងារ​បា​ន​មា​ន​ប្រ​សាស​ន៍​ថា “ វា​មិន​អាច​ទៅ​រួច​ឡើយ​ដែល​ទោស​នេះ​ស្រាល​បែប​​នេះ ហើយ រយៈ​ពេល​នៃ​ការ​ជាប់​ទោស​​​នេះទៀត​ពាក់ ព័ន្ធ​ផ្ទាល់​​ទៅ​នឹ​ងតួនាទី​​នយោបា​យ​​​​និង​ទំនាក់​ទំនង​ផ្នែក​នយោ​​បា​យរបស់​គាត់​​​”។ ​លោក លោក ដេវ ​វែល ​​មាន​ប្រ​សា​សន៍​​ទៀត​ថា “ ពេល​នេះ ទោស​​ត្រូ​វ​បា​ន​​សម្រេច​រួច​ហើយ​ ​ហើយ​វា​សំ​ខាន់​​ណាស់​ដែល​គាត់​ត្រូវ​​ចាប់​​ខ្លួន​”។

លោក មឿន តុ​លា ​​ជា​ប្រធា​ន​កម្ម​វិធី​​ការងារ​​នៃ​​មជ្ឈ​មណ្ឌល​​អ​ប់​រំ​ច្បាប់​សម្រាប់​សហ​គម​ន៍​ ដែលបាន​​​ផ្តល់​​ជំ​នួ​យ​ផ្នែ​ក​ច្បាប់​​ដល់​​ជន​រង​គ្រាះ​​​ទាំង​បី​​នាក់​នេះក៏បា​ន​​យល់​ស្របដូច្នេះ​ដែរ។ ​លោក មឿន តុ​លា បា​ន​មាន​​ប្រ​សាស​ន៍​ថា “ ខ្ញុំ​​ជឿ​ថា ​នេះអា​ស្រ័​យលើ​​ឆន្ទៈ​​​​របស់​​ពួ​ក​គេ​។ ប្រសិ​នបើ​ពួ​ក​គេ​​ចង់​​​​ចាប់​​ខ្លួន​​​គាត់​ពួ​ក​គេ​​ចាប់​បាន​បាត់​ទៅ​ហើយ​​​​​”។ ​លោក​ មឿន តុ​លា បា​ន​ប្រៀប​ធៀប​សំណុំ​រឿង​នេះ​​ទៅ​នឹង​សំណុំរឿង​អ្នក​ស្រី​ យ៉ោម បុប្ផា ​សកម្ម​ជន​​ប្រឆាំ​ង​កា​រ​បណ្តេញ​​ចេញ​ ដែល​ត្រូ​វ​​​បា​នសាលា​ឧទ្ធរណ៍​​ផ្តន្ទា​​ទោស​​ឲ្យ​ជាប់​ពន្ធនា​គារ​​រយះ​​ពេល​បី​ឆ្នាំ​ ដោយព្យួរ​​ទោស​​មួ​យ​ឆ្នាំ​ ​​ពី​បទ​​ញុះ​ញង់​​ឲ្យ​មាន​​អំពើ​ហិង្សា​​ នៅ​ក្នុងរឿង​ក្តី​មួ​យ​​ដែល​​​បណ្តា​អង្គការ​​សិទ្ធិ​មនុស្ស​​​​​លើក​ឡើង​ថា ​​ជារឿ​ង​នយោ​បាយ​។ ​លោក តុលា បា​ន​មា​ន​ប្រ​សាសន៍បន្តទៀត​​​ថា “ ប្រជា​​​ពល​រដ្ឋ​​​អាច​មើល​ឃើញ​​ច្បាស់​​ថា មា​ន​​ភាព​លម្អៀង​​​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​ ​រវាង​​ក្រុម​​អ្នក​​ច្បាប់​កា​រ​​ពារ​សិទ្ធិ​មនុស្ស​ និង​លោក ឈូក បណ្ឌិត”​៕

ប្រែសម្រួល​ដោ​យ ​ចេវ ប៊ុននី​​​​​
​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស