កាលពីម្សិលមិញ គេមិនទាន់ដឹងពីកន្លែងរស់នៅរបស់លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលកាលពីថ្ងៃអង្គារត្រូវបានតុលាការផ្តន្ទាទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែពីបទបាញ់បោះ និងធ្វើឲ្យរបួសកម្មការិនីរោងចក្រកាត់ដេរចំនួនបីនាក់ អំឡុងការតវ៉ាមួយនៅឡើយទេ ខណៈដែលបណ្តាអង្គការសិទ្ធិមនុស្សបានរិះគន់រដ្ឋាភិបាលដែលមិនបានចាប់ខ្លួនគាត់។
សាលាដំបូងខេត្តស្វាយរៀងបានសម្រេចឲ្យអតីតអភិបាលក្រុងរូបនេះជាប់ពិរុទ្ធភាពពីបទបង្ករបួសស្នាមដោយអចេតនា នៅក្នុងហេតុការណ៍បាញ់បោះឆ្នាំ២០១២ នៅក្នុងសាលក្រមមួយដែលត្រូវបានរិះគន់ថា ស្រាលពេក និងដែលមនុស្សជាច្រើននិយាយថា វាជាការបង្ហាញពីនិទណ្ឌភាពកម្រិតខ្ពស់នៅក្នុងរឿងក្តីនេះ។
កាលពីថ្ងៃអង្គារ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ លាង សួ បានបង្គាប់ឲ្យចាប់ខ្លួនលោក ឈូក បណ្ឌិត ជាបន្ទាន់ ប៉ុន្តែមន្ត្រីអនុវត្តច្បាប់មានការយល់ឃើញផ្សេងគ្នាកាលពីម្សិលមិញថា តើពួកគេគួរតែតាមស្វែងរកចាប់ខ្លួនទណ្ឌិតរូបនេះដោយសកម្មឬយ៉ាងណា។
លោក កឹង ខន ស្នងការនគរបាលខេត្ត ដែលបញ្ជាក់ថា បានទទួលដីកាចាប់ខ្លួនមួយកាលពីម្សិលមិញ បានមានប្រសាសន៍ថា “ ពេលនេះ យើងកំពុងតាមចាប់ខ្លួនគាត់ ប៉ុន្តែខ្ញុំមិនទាន់ដឹងថាគាត់នៅទីណាទេ”។
ទំាងអ្នកនាំពាក្យនគរបាលជាតិ និងអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា ខ្លួនមិនទាន់ទទួលបានដីកាចាប់ខ្លួនណាមួយនៅឡើយទេ ហើយថា ពួកគេមិនអាចចាប់ខ្លួនលោក ឈូក បណ្ឌិត ដោយគ្មានដីកាចាប់ខ្លួនបានឡើយ។
ឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា “ នៅពេលតុលាការប្រគល់ដីកាឲ្យយើង ពេលនោះយើងនឹងតាមចាប់ខ្លួនគាត់ភ្លាម។ប្រសិនបើយើងដឹងថា គាត់នៅកន្លែងណា យើងនឹងចាប់ខ្លួនគាត់”។ បណ្តាអង្គការសិទ្ធិមនុស្សដែលបានតាមដានករណីទាំងយ៉ាងស្អិត បានលើកឡើងថា ត្រង់ថាលោក ឈូក បណ្ឌិត ត្រូវចាប់ខ្លួនឬក៏អត់នោះ នៅទីបំផុតត្រូវពឹងផ្អែកលើឆន្ទៈនយោបាយ។ លោក ដេវ វែល(Dave Welsh) ប្រធានមជ្ឈមណ្ឌលសាមគ្គីភាព ប្រចាំនៅកម្ពុជា ជាអង្គការមួយមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក ដែលតស៊ូមតិដើម្បីសិទ្ធិការងារបានមានប្រសាសន៍ថា “ វាមិនអាចទៅរួចឡើយដែលទោសនេះស្រាលបែបនេះ ហើយ រយៈពេលនៃការជាប់ទោសនេះទៀតពាក់ ព័ន្ធផ្ទាល់ទៅនឹងតួនាទីនយោបាយនិងទំនាក់ទំនងផ្នែកនយោបាយរបស់គាត់”។ លោក លោក ដេវ វែល មានប្រសាសន៍ទៀតថា “ ពេលនេះ ទោសត្រូវបានសម្រេចរួចហើយ ហើយវាសំខាន់ណាស់ដែលគាត់ត្រូវចាប់ខ្លួន”។ លោក មឿន តុលា ជាប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលបានផ្តល់ជំនួយផ្នែកច្បាប់ដល់ជនរងគ្រាះទាំងបីនាក់នេះក៏បានយល់ស្របដូច្នេះដែរ។ លោក មឿន តុលា បានមានប្រសាសន៍ថា “ ខ្ញុំជឿថា នេះអាស្រ័យលើឆន្ទៈរបស់ពួកគេ។ ប្រសិនបើពួកគេចង់ចាប់ខ្លួនគាត់ពួកគេចាប់បានបាត់ទៅហើយ”។ លោក មឿន តុលា បានប្រៀបធៀបសំណុំរឿងនេះទៅនឹងសំណុំរឿងអ្នកស្រី យ៉ោម បុប្ផា សកម្មជនប្រឆាំងការបណ្តេញចេញ ដែលត្រូវបានសាលាឧទ្ធរណ៍ផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយះពេលបីឆ្នាំ ដោយព្យួរទោសមួយឆ្នាំ ពីបទញុះញង់ឲ្យមានអំពើហិង្សា នៅក្នុងរឿងក្តីមួយដែលបណ្តាអង្គការសិទ្ធិមនុស្សលើកឡើងថា ជារឿងនយោបាយ។ លោក តុលា បានមានប្រសាសន៍បន្តទៀតថា “ ប្រជាពលរដ្ឋអាចមើលឃើញច្បាស់ថា មានភាពលម្អៀងនៅក្នុងប្រទេសកម្ពុជា រវាងក្រុមអ្នកច្បាប់ការពារសិទ្ធិមនុស្ស និងលោក ឈូក បណ្ឌិត”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី