31 C
Phnom Penh

ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សត្រូវរាំងស្ទះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​អ្នកជំនាញ​​​និងមន្រ្តីរដ្ឋាភិបាល​​​ បាន​​​លើកឡើង​​​​​​កាលពីម្សិលមិញថា ការងារ​​ធ្វេស​​​ប្រហែស​​​របស់​​​នគរបាល​​​និងការស៊ើបអង្កេត​​​មិន​​​សម​​​ស្រប​​​របស់​​​តុលាការ​​​ដែលនាំឲ្យមាន​​​ការ​ខ្វះ​​​​ភស្តុតាង​​​បាន​​​បណ្តាល​​​ឲ្យមាន​​​ការ​​​ដោះ​​​លែង​​​ឬ​​​ការ​​​ដាក់ទោស​​​​​ស្រាល​​​​​​លើ​​​​ក្រុម​​​ជួញ​ដូរ​​​មនុស្ស​​​។

លោក អ៊ិត រ៉ាឌី អនុរដ្ឋលេខាធិការ​​​ក្រសួង​យុត្តិធម៌​​​បានថ្លែង​​​​​​ក្រៅកិច្ចប្រជុំមួយ​​​ស្តីពីការ​​​ជួញដូរមនុស្ស​​​ ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ថា ​ដោយ​សារ​​​នគរបាល​​​និង​​​ចៅក្រម​​​ស៊ើប​​​សួរ​​​ភាគ​ច្រើន​​​​​​​​​​មិន​​​បាន​​​ទទួលការ​​​បណ្តុះបណ្តាល​​​អំពី​​​ការ​​​​ជួញដូរ​​​មនុស្ស ​​​និង​​​ពុំ​​​មាន​​​បទ​​​ពិសោធ​​​ក្នុង​​​ការ​​​ដោះស្រាយ​​​រឿង​​​ក្តី​​​បែបនេះ​​​ ​សវ​នា​ការ​​​ជំនុំជម្រះ​​​​​​ច្រើន​​​ត្រូវបានញាំញី​​​ដោយ​​​ការ​ខ្វះ​​​​ភ័ស្តុតាង ​​​ដែលអាច​​​ឈាន​​​ដល់​​​​​​ការ​​​ដោះ​លែង​​​​ជនល្មើស​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ ប្រសិន​​​បើ​គ្មាន​​​ភ័ស្តុតាង​​​ [ចៅក្រម] ​​​នឹង​​​សម្រេច​​​ដោះ​​​លែង​​​” អ្នកជួញដូរមនុស្ស​​​។

លោក អ៊ិត រ៉ាឌី​​​ ​​​បាន​បន្ថែម​​​ថា “ វា​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​​សវនាការ ​​​ព្រោះ​​​ភ័ស្តុ​តាង ដែល​​[​​​នគរបាល​​​និង​​​មន្រ្តី​​​តុលាការ​​​]​ប្រមូល​​​បាន ​​​មិន​​​​ត្រូវ​​​នឹង​​​អ្វី​​​ដែល​​​ចាំបាច់​​​” សម្រាប់​​​ដាក់​​​បន្ទុក​​​និង​​​កាត់​​​ទោស​​​ជនល្មើស​​​ឡើយ​​​។ លោក​​​ អ៊ិត រ៉ាឌី​​​ បាន​​​ឲ្យ​​​ដឹង​​​​ថា លោក បាន​​​សិក្សា​​​អំពី​​​ករណី​​​​​​ជួញដូរ​​​មនុស្ស​​​​​​ចំនួន​​​ប្រាំ​​​ពីរ​ករណី​​​ ដែល​​​នគរបាល​​​ឬតុលាការ​​​បាន​​​ដោះ​​​លែង​​​ជនសង្ស័យ​​​ដោយ​​​សារ​​​​​​ការ​​​ស៊ើប​​​អង្កេត​​​​មិន​​​បាន​​​សមស្រប​​​។

ការសិក្សា​​​​​​នេះ​​​បង្ហាញ​​​​​​ថា ទោះបីជា​​​តុលា​ការ​​​អាច​​​បង្គាប់​​​ឲ្យ​​​នគរបាល​​​​​​បើក​​​ការ​​​ស៊ើប​​​អង្កេត​​​​​​សំណុំរឿង​​​​​​ដែលខ្វះ​​​ភ័ស្តុតាង​​​​​​ឡើង​​​វិញ​​​​​​​​ក៏ដោយ ក៏​​​សេចក្តី​​​បង្គាប់​​​​​​បែបនេះ​​​​​​កម្រ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ណាស់​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា “ យើងមិន​​​បាន​​​រកឃើញ​​​លិខិត​​​បង្គាប់​​​ណា​​​មួយ​​​ពី​ចៅក្រម​​​ទៅ​​​នគរបាល​​​ដើម្បី​​​ស្នើឲ្យ​​​​​​នគរបាល​​​​​​ប្រមូល​​​ភ័ស្តុតាង​​​បន្ថែម​​​ទេ។ នគរបាលនិង​​​ចៅក្រម​​​ធ្វើ​​​​ការ​​​ងារ​​​ដាច់​​​ដោយ​​​ឡែក​​​ពីគ្នា​​​ ហើយ​​​​​​[គិត​​​ថា ]​ពេល​​​កិច្ចការ​​​​​​​​​របស់​​ខ្ញុំ​​​ចប់​​​ គឺ​​​ខ្ញុំ​​​រួច​​​ខ្លួន​​​​​​ហើយ​​​​​​”។

កាលពីសប្តាហ៍មុន ​​​ក្រសួង​​​ការ​​​បរទេស​​​សហរដ្ឋអាមេរិក​​​បាន​​​ទម្លាក់​​​ចំណាត់​​​ថ្នាក់​​​របស់​​​​​​កម្ពុជា ក្នុង​​​របាយ​​​ការណ៍​​​ថ្មី​​​បំផុត​​​របស់​​​ខ្លួន​​​ស្តីពី​ការ​​​ជួញដូរ​​​មនុស្ស​​​ មួយផ្នែក​​​គឺ​​​ដោយសារ​​​​រដ្ឋា​ភិបាល​​​​​​បាន​​​នាំ​​​​ជនល្មើស​​​ពីបទ​​​​​​ជួញ​​​ដូរ​​មនុស្ស​​​​​​ទៅ​​​ផ្តន្ទាទោស​​​តិចជាង​​​មុន​​​​​​និង​​​ជួយ​​​ជន​​​រង​គ្រោះ​​​​​​​បាន​​​តិច​​​ជាង​​​ចំនួន​​​ដែល​​​ខ្លួន​​​សម្រេច​​បាន​​​ក្នុង​​​​​​ឆ្នាំមុន​​​​​​នោះ​​​។ របាយ​​​ការណ៍​​​នេះ​​​ក៏​បាន​​​​​​ឲ្យ​​​ដឹង​​​​​​ផងដែរ​​​ថា រដ្ឋាភិបាល​​​មិនបាន​​​ប្រឹងប្រែង​​​​​​ដោះស្រាយ​​បញ្ហា​​​​​​ពុករលួយ​​​ពាក់ព័ន្ធ​​​នឹងការ​​​ជួញ​​​ដូរ​​​មនុស្ស​​​នៅ​​​​​​ក្នុង​​​ឆ្នាំ​​​នោះ​​​ និង​​​ការ​​​ពាក់ព័ន្ធ​​​របស់​​​មន្រ្តី​​​រដ្ឋាភិបាល​​​ដែល​​​បាន​​​រួម​​​ចំណែក​​​បង្ក​​​ឲ្យ​​​​​​​មាន​​​វប្បធម៌​​​​​​​​​និទណ្ឌភាព​​​សម្រាប់​​​ជនល្មើស​​​​​​​​​ពីបទ​​​ជួញដូរ​​​មនុស្ស​​​និង​​​ការ​​​​​បាត់បង់​​​យុត្តិធម៌​​​​​​​​សម្រាប់​​​​ជនរងគ្រោះ​​​​​​។ ប៉ុន្តែ​​​ ក្រសួង​​​ការ​​​បរទេស​​​កម្ពុជា​​​​​​បាន​​​រិះគន់​​​របាយ​​​ការណ៍​​​នេះ​​​ និង​​​បាន​​​គូស​​​បញ្ជាក់​​​​​​ថា ​តាម​ពិត​​​​​​​រដ្ឋាភិបាល​​​​​​​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​បាន​​​ចំនួន​​​១៣៣នាក់​​​កាល​​​ពីឆ្នាំមុន​​​ពី​​​បទ​​​ជួញ​​​ដូរ​​​មនុស្ស​​​ ​​​ផ្តន្ទាទោស​​​ជនល្មើស​​បាន​៣០០នាក់​​​ និង​​​ជួយ​​​សង្គ្រោះ​​ជនរង​​​គ្រោះ​​​បាន​៤៥៨នាក់​​​។

យោង​​​តាម​​​ការ​​​សិក្សា​​​របស់​​​​លោក អ៊ិត​​​ រ៉ាឌី​​​ ​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​ ការ​​​ជំនុំជម្រះ​​​​​​ទោស​​​មេខ្យល់​​​​​​​​​​​​​​ដែលបាន​​​ជួញ​​​ដូរ​​​កម្មករ​​​ចំណាក​​​ស្រុក​​​​ឆ្លងដែន​​​ ដែល​​​ជា​​​កន្លែង​​​ពួក​​​គេ​​​រងការ​​​​​​បង្ខំ​​​ឲ្យ​​​ធ្វើការ​​​ដូច​​​ទាសករ ក៏​​​បាន​​​ស្តែង​​​​​​ឲ្យ​​​ឃើញ​​​​​ពី​​​ចន្លោះ​​​ប្រហោង​​​​​​​ និង​​​កំហុស​​​ឆ្គង​​​ផងដែរ។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ ពី​​​នគរ​បាល​ទៅចៅក្រមស៊ើប​​​សួរ​​​ គឺ​​​ពុំ​​​មាន​​​សំណើ​​​ឲ្យមាន​​​កិច្ច​​​សហប្រតិបត្តិការ” ក្នុង​​​រឿង​​​ក្តី​​​ពាក់ព័ន្ធ​​​នឹង​​​បទល្មើស​​​ឆ្លងដែន​​​​​​ទេ​​​ ហើយ​​​ក៏​​​ពុំ​​​មាន​​​សំណើ​​​ឲ្យបញ្ជូន​​ភ័ស្តុតាង​​​​​​ដែរ​​​៕

(រាយ​​​ការ​​​ណ៍​​​បន្ថែម​​​ដោយ ​​​កាំង ម៉េង​​​ហ៊ុន​​​)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
    ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស