ក្រុមអ្នកជំនាញនិងមន្រ្តីរដ្ឋាភិបាល បានលើកឡើងកាលពីម្សិលមិញថា ការងារធ្វេសប្រហែសរបស់នគរបាលនិងការស៊ើបអង្កេតមិនសមស្របរបស់តុលាការដែលនាំឲ្យមានការខ្វះភស្តុតាងបានបណ្តាលឲ្យមានការដោះលែងឬការដាក់ទោសស្រាលលើក្រុមជួញដូរមនុស្ស។
លោក អ៊ិត រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានថ្លែងក្រៅកិច្ចប្រជុំមួយស្តីពីការជួញដូរមនុស្ស ក្នុងរាជធានីភ្នំពេញថា ដោយសារនគរបាលនិងចៅក្រមស៊ើបសួរភាគច្រើនមិនបានទទួលការបណ្តុះបណ្តាលអំពីការជួញដូរមនុស្ស និងពុំមានបទពិសោធក្នុងការដោះស្រាយរឿងក្តីបែបនេះ សវនាការជំនុំជម្រះច្រើនត្រូវបានញាំញីដោយការខ្វះភ័ស្តុតាង ដែលអាចឈានដល់ការដោះលែងជនល្មើស។ លោកបានមានប្រសាសន៍ថា “ ប្រសិនបើគ្មានភ័ស្តុតាង [ចៅក្រម] នឹងសម្រេចដោះលែង” អ្នកជួញដូរមនុស្ស។
លោក អ៊ិត រ៉ាឌី បានបន្ថែមថា “ វាធ្វើឲ្យប៉ះពាល់ដល់សវនាការ ព្រោះភ័ស្តុតាង ដែល[នគរបាលនិងមន្រ្តីតុលាការ]ប្រមូលបាន មិនត្រូវនឹងអ្វីដែលចាំបាច់” សម្រាប់ដាក់បន្ទុកនិងកាត់ទោសជនល្មើសឡើយ។ លោក អ៊ិត រ៉ាឌី បានឲ្យដឹងថា លោក បានសិក្សាអំពីករណីជួញដូរមនុស្សចំនួនប្រាំពីរករណី ដែលនគរបាលឬតុលាការបានដោះលែងជនសង្ស័យដោយសារការស៊ើបអង្កេតមិនបានសមស្រប។
ការសិក្សានេះបង្ហាញថា ទោះបីជាតុលាការអាចបង្គាប់ឲ្យនគរបាលបើកការស៊ើបអង្កេតសំណុំរឿងដែលខ្វះភ័ស្តុតាងឡើងវិញក៏ដោយ ក៏សេចក្តីបង្គាប់បែបនេះកម្រត្រូវបានធ្វើឡើងណាស់។ លោកមានប្រសាសន៍ថា “ យើងមិនបានរកឃើញលិខិតបង្គាប់ណាមួយពីចៅក្រមទៅនគរបាលដើម្បីស្នើឲ្យនគរបាលប្រមូលភ័ស្តុតាងបន្ថែមទេ។ នគរបាលនិងចៅក្រមធ្វើការងារដាច់ដោយឡែកពីគ្នា ហើយ[គិតថា ]ពេលកិច្ចការរបស់ខ្ញុំចប់ គឺខ្ញុំរួចខ្លួនហើយ”។
កាលពីសប្តាហ៍មុន ក្រសួងការបរទេសសហរដ្ឋអាមេរិកបានទម្លាក់ចំណាត់ថ្នាក់របស់កម្ពុជា ក្នុងរបាយការណ៍ថ្មីបំផុតរបស់ខ្លួនស្តីពីការជួញដូរមនុស្ស មួយផ្នែកគឺដោយសាររដ្ឋាភិបាលបាននាំជនល្មើសពីបទជួញដូរមនុស្សទៅផ្តន្ទាទោសតិចជាងមុននិងជួយជនរងគ្រោះបានតិចជាងចំនួនដែលខ្លួនសម្រេចបានក្នុងឆ្នាំមុននោះ។ របាយការណ៍នេះក៏បានឲ្យដឹងផងដែរថា រដ្ឋាភិបាលមិនបានប្រឹងប្រែងដោះស្រាយបញ្ហាពុករលួយពាក់ព័ន្ធនឹងការជួញដូរមនុស្សនៅក្នុងឆ្នាំនោះ និងការពាក់ព័ន្ធរបស់មន្រ្តីរដ្ឋាភិបាលដែលបានរួមចំណែកបង្កឲ្យមានវប្បធម៌និទណ្ឌភាពសម្រាប់ជនល្មើសពីបទជួញដូរមនុស្សនិងការបាត់បង់យុត្តិធម៌សម្រាប់ជនរងគ្រោះ។ ប៉ុន្តែ ក្រសួងការបរទេសកម្ពុជាបានរិះគន់របាយការណ៍នេះ និងបានគូសបញ្ជាក់ថា តាមពិតរដ្ឋាភិបាលចាប់ខ្លួនជនសង្ស័យបានចំនួន១៣៣នាក់កាលពីឆ្នាំមុនពីបទជួញដូរមនុស្ស ផ្តន្ទាទោសជនល្មើសបាន៣០០នាក់ និងជួយសង្គ្រោះជនរងគ្រោះបាន៤៥៨នាក់។
យោងតាមការសិក្សារបស់លោក អ៊ិត រ៉ាឌី បានឲ្យដឹងថា ការជំនុំជម្រះទោសមេខ្យល់ដែលបានជួញដូរកម្មករចំណាកស្រុកឆ្លងដែន ដែលជាកន្លែងពួកគេរងការបង្ខំឲ្យធ្វើការដូចទាសករ ក៏បានស្តែងឲ្យឃើញពីចន្លោះប្រហោង និងកំហុសឆ្គងផងដែរ។ លោកបានមានប្រសាសន៍ថា “ ពីនគរបាលទៅចៅក្រមស៊ើបសួរ គឺពុំមានសំណើឲ្យមានកិច្ចសហប្រតិបត្តិការ” ក្នុងរឿងក្តីពាក់ព័ន្ធនឹងបទល្មើសឆ្លងដែនទេ ហើយក៏ពុំមានសំណើឲ្យបញ្ជូនភ័ស្តុតាងដែរ៕
(រាយការណ៍បន្ថែមដោយ កាំង ម៉េងហ៊ុន) ប្រែសម្រួលដោយ ស៊ុំ សុខភុំ