នៅពេលរថយន្តធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សកាន់អំណាចបានបន្តកន្ទុយគ្នាយ៉ាងវែង នៅតាមផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដោយមានការចូលរួមពីរថយន្តទំនើបៗ និងអ្នកគាំទ្រជាច្រើន ស្របពេលនោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលគេមិនសូវស្គាល់បានចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោតដោយមានក្ដីសង្ឃឹមតិចតួចណាស់។
អារម្មណ៍សប្បាយរីករាយបានកើតឡើង នៅពេលអ្នកគាំទ្រប្រមាណ១.០០០នាក់ ដែលមានអាយុខុសៗគ្នា បាននាំគ្នាជិះរថយន្ត រ៉ឺម៉កម៉ូតូ និងម៉ូតូ នៅខាងក្រៅទីស្នាក់ការកណ្ដាលរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធគោលដៅរបស់ខ្លួន គឺនៅក្រុងតាខ្មៅ។ លោកបានពន្យល់ពីសារនៅមុនថ្ងៃបោះឆ្នោតដែលមានលក្ខណៈមិនធម្មតារបស់គណបក្សលោកថា ការទទួលបានអាសនៈរដ្ឋសភាដែលមានសមាជិកចំនួន១២៣រូប គឺមិនពាក់ព័ន្ធឡើយ។
លោក ខឹម វាសនា បានលើកឡើងថា “ ថ្ងៃនេះ យើងគ្រាន់តែចង់បង្ហាញប្រជាពលរដ្ឋថា គណបក្សរបស់យើងបានចុះឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតរួចហើយ ប៉ុន្តែមិនមែនដើម្បីចង់ទទួលបានសន្លឹកឆ្នោតពីយុទ្ធនាការឃោសនារយៈពេលមួយខែនេះទេ។
លោក អ៊ុក វ៉េត អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក៏គ្មានចំណាប់អារម្មណ៍លើការឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតជាតិដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក៏ជាគណបក្សមួយក្នុងចំណោមគណបក្សទាំងប្រាំបីផងដែរ។
លោក អ៊ុក វ៉េត បានមានប្រសាសន៍ថា “ យើងមិនខ្វល់អំពីលទ្ធផលនោះទេ”។ លោកបានបន្ថែមថា “ យើងខ្វល់តែអំពីការយល់ដឹងរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ។ រីឯលទ្ធផលនៃការបោះឆ្នោតគឺជារឿងបន្ទាប់”។ ដោយពន្យល់រៀបរាប់ពីការមិនចាប់អារម្មណ៍ពីជ័យជម្នះនៅក្នុងការបោះឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា និងលោក អ៊ុក វ៉េត បានលើកឡើងថា គណបក្សរបស់ខ្លួននឹងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតតែនៅក្នុងរាជធានីភ្នំពេញតែពីរដងប៉ុណ្ណោះ កាលពីម្សិលមិញ ហើយនឹងធ្វើយុទ្ធនាការម្ដងទៀតនៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតដែលមានរយៈពេលមួយខែ គឺនៅថ្ងៃទី២៦ ខែកក្កដា។
លោក ខឹម វាសនា និងលោក អ៊ុក វ៉េត ជឿជាក់ថា យុទ្ធសាស្ត្រនយោបាយបែបនេះរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹងធ្វើឲ្យអ្នកបោះឆ្នោតយល់ដឹងអំពីគោលដៅរបស់ខ្លួនកាន់តែច្បាស់។ លោក ខឹម វាសនា បានលើកឡើងថា “ ប្រសិនបើប្រជាពលរដ្ឋចូលចិត្តគណបក្សមួយដែលប្រើធនធានរដ្ឋ ថវិកា និងវិធីមិនត្រឹមត្រូវ អ៊ីចឹងមានតែទុកឲ្យពួកគេកាន់ [អំណាច] តទៅទៀត”។ លោកបន្ថែមថា គណបក្សរបស់លោកធ្វើការដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់ៗរូប” ដោយមិនចាប់អារម្មណ៍លើសំឡេងឆ្នោត ឬក៏អាសនៈក្នុងរដ្ឋសភាឡើយ។
នៅពេលការជួបជុំគ្នារបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនសូវជាមានអ្នកគាំទ្រច្រើន បានធ្វើដំណើរតាមមហាវិថីកម្ពុជាក្រោមកាលពីម្សិលមិញ នៅពេលនោះអ្នកគាំទ្ររបស់ខ្លួន ដែលមានពាក់មួកពណ៌សមានរូបសញ្ញារូបជួងរបស់គណបក្សនេះ បាននាំគ្នាគ្រវីទង់ជាតិកម្ពុជា និងទង់បក្សរបស់ខ្លួន។
យុវជន ឯម ស៊ីណុត អាយុ១៨ឆ្នាំ ជាអ្នកគាំទ្រម្នាក់ក្នុងចំណោមអ្នកគាំទ្រទាំងអស់បាននិយាយថា ខ្លួនបានចំណាយលុយប្រហែលបួនដុល្លារសម្រាប់មួក និងអាវយឺតបក្សរបស់ខ្លួន។ ហើយខ្លួនក៏បានចំណាយប្រាក់សម្រាប់អាហារថ្ងៃត្រង់ ដោយផ្ទាល់ផងដែរ។ ហើយគណបក្ស និងប្រធានគណបក្សរបស់ខ្លួនមិនបានចំណាយអ្វីមកឲ្យខ្លួនឡើយ។
យុវជន ស៊ីណុត បាននិយាយថា “ យើងបានចំណាយប្រាក់សម្រាប់ប្រេងសាំង និងអាហារថ្ងៃត្រង់ព្រមទាំងអ្វីៗទាំងអស់។ យើងចូលរួមពីព្រោះយើងបានយល់ដឹងអំពីគោលនយោបាយបក្ស”។ យុវជន ស៊ីណុត មិនបានពន្យល់ពីការយល់ដឹងដែលខ្លួនទទួលបាននោះឡើយ។
នៅពេលការបោះឆ្នោតជិតចូលមកដល់ យុវជន ស៊ីណុត ហាក់ដូចជាមិនសូវមានចំណាប់អារម្មណ៍អំពីវាសនារបស់គណបក្សខ្លួនឡើយ ហើយក៏ដូចជាមិនសូវជាខ្វាយខ្វល់ពីលទ្ធផលនៃការបោះឆ្នោតនេះដែរ។
យុវជនរូបនេះបាននិយាយថា “ ការឈ្នះឆ្នោតខ្ញុំមិនសូវជាមានសង្ឃឹមនោះទេ ពីព្រោះការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិតនៅឡើយ”។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនមែនជាគណបក្សមួយលេចធ្លោក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីម្សិលមិញឡើយ ហើយក៏ជាគណបក្សមួយមិនសូវជាផ្ដោតលើជ័យជម្នះក្នុងការបោះឆ្នោតនេះផងដែរ។
លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្របានលើកឡើងថា លោកមិនបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតទេ ពីព្រោះលោករកជួលរថយន្តមិនបាន។
លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនបានរៀបចំការដើរក្បួន ឬក៏សកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតណាមួយឡើយ”។
លោកបានថ្លែងថា “ ហេតុអ្វី? ពីព្រោះវាមិនសូវជាមានសារៈសំខាន់សម្រាប់លោកឡើយ ដែលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី១នោះ ពីព្រោះគណបក្សផ្សេងៗទៀតបានធ្វើយុទ្ធនាការឃោសនារបស់ខ្លួននៅថ្ងៃតែមួយ និងពេលវេលាតែមួយ ហើយចរាចរណ៍វិញគឺកកស្ទះណាស់”។
លោក ក្រវ៉ាញ ដារ៉ន លើកឡើងដែរថា លោកព្យាយាមរកជួលរថយន្តសម្រាប់រយៈពេលឃោសនាបោះឆ្នោតនេះ ហើយលោកសង្ស័យថា អ្នកមានអំណាចកំពុងព្យាយាមរារាំងលោកមិនឲ្យផ្សព្វផ្សាយពីគោលនយោបាយបក្សរបស់ខ្លួន ដែលមានបំណងបញ្ចប់ភាពក្រីក្រនោះ។
លោកបានមានប្រសាសន៍ថា ក្បួនដង្ហែដែលមានមនុស្សរាប់ពាន់នាក់ចូលរួមរបស់គណបក្សប្រជាជនកម្ពុជាកាលពីម្សិលមិញ គឺគ្រាន់តែរារាំងនិងដាស់តឿនអ្នកបោះឆ្នោតឲ្យដឹងថា នរណាជាអ្នកមានអំណាច និងទ្រព្យ សម្បត្តិស្ដុកស្ដម្ភនៅកម្ពុជាប៉ុណ្ណោះ។
លោកបានលើកឡើងថា “ ការរារាំងបែបនេះមិនអាចបញ្ឈប់លោកបានឡើយ វាមានតែធ្វើឲ្យខ្ញុំរុលទៅមុខបន្ថែមទៀត។ ខ្ញុំនឹងស្វែងរកវិធីសាស្ត្រមួយដើម្បីធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។ ប្រហែលជាត្រូវជួលរ៉ឺម៉កម៉ូតូ ឬក៏កង់ ស៊ីក្លូ ឬក៏អ្វីក៏បានដែលខ្ញុំអាចធ្វើទៅរួចដើម្បីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនេះ”។
លោក សេង សុខហេង ប្រធានគណបក្សជាតិខ្មែរបានលើកទៀតឡើងថា អ្នកគាំទ្រប្រហែល១.០០០នាក់របស់គណបក្សលោកបានចូលរួមនៅក្នុងយុទ្ធនាការឃោសនាកាលពីម្សិលមិញ នៅក្នុងខេត្តកណ្ដាល និងខេត្តព្រៃវែង។ លោក សុខហេង បានមានប្រសាសន៍ថា មិនដូចគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រនោះ គណបក្សជាតិខ្មែរមានចំណាប់អារម្មណ៍នៅក្នុងការបោះឆ្នោត និងការឈ្នះឆ្នោត។ លោកបន្ថែមថា ប្រសិនបើលោកឈ្នះឆ្នោត គោលការណ៍ដែលត្រូវធ្វើជាចម្បង គឺបិទសាលាក្ដីឧក្រិដ្ឋកម្មខ្មែរក្រហម។
លោកបានថ្លែងថា “ ប្រសិនបើយើងឈ្នះយើងនឹងបិទសាលាក្ដីខ្មែរក្រហម។ ប្រសិនបើយើងឈ្នះ យើងនឹងស្នើឲ្យអង្គការសហប្រជាជាតិដកខ្លួនចេញ។ សាលាក្ដីខ្មែរក្រហម គឺជាមនោគមវិជ្ជាបរទេស។ វាមិនមែនជាខ្មែរនោះទេ។ ៩៥ភាគរយនៃប្រជាពរដ្ឋខ្មែរគឺកាន់សាសនាព្រះពុទ្ធ ហើយសាលាក្ដីខ្មែរក្រហមនេះមិនបានផ្ដល់ផលប្រយោជន៍អ្វីមកឲ្យប្រជាពលរដ្ឋខ្មែរឡើយ… ហើយប្រសិនបើយើងរក្សាទុកសាលាក្ដីខ្មែរក្រហមនេះ វានឹងធ្វើឲ្យប៉ះពាល់មនុស្សជាច្រើន។ យើងមិនចង់ឲ្យមានការសម្លាប់រង្គាលបន្ថែមទៀតនោះទេ”។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុម ហ្វ្រែល) បានលើកឡើងថា ឥរិយាបថចំពោះការបោះឆ្នោតដូចជាការមិនបានធ្វើយុទ្ធនាការឃោសនារបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាមធ្យោបាយផ្សេងមួយដើម្បីឈានទៅរកការឈ្នះឆ្នោត។ ជាមធ្យោបាយដែលផ្ដោតលើការយល់ដឹងជាងការទទួលបានការគាំទ្រ ឬក៏ការឈ្នះឆ្នោត។
លោក គល់ បញ្ញា បានថ្លែងថា “ ពួកគេព្យាយាមពន្យល់ប្រាប់ប្រជាពលរដ្ឋថា ពួកគេមិនសូវជាផ្ដោតលើការប្រកួតប្រជែង ឬក៏អាសនៈរដ្ឋសភាឡើយ”។ លោកបានបន្ថែមថា “ ពួកគេព្យាយាមធ្វើឲ្យអ្នកបោះឆ្នោតយល់ដឹងអំពីគោលការណ៍របស់ខ្លួន ហើយប្រសិនបើប្រជាពលរដ្ឋទៅបោះឆ្នោត ពួកគេនឹងបោះឆ្នោតទៅតាមការយល់ដឹងរបស់ខ្លួន”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង