ជាការបង្ហាញនូវទ្រព្យធននិងការនិយមភាពលយឆាយ គណបក្សប្រជាជនកម្ពុជាបានចេញឃោសនាតាមដងផ្លូវយ៉ាងគគ្រឹកគគ្រេងកាលពីម្សិលមិញ ជាកិច្ចចាប់ផ្តើមយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតជាតិនៅខែក្រោយនេះ ដោយមានការប្រមូលផ្តុំគ្នាយ៉ាងកកកុញនៅកោះពេជ្រមុនពេលធ្វើការដង្ហែក្បួន ដែលមានការចូលរួមពីមនុស្សរាប់ពាន់នាក់នៅទូទាំងរាជធានីភ្នំពេញ។

នៅខាងក្រោយក្បួនរថយន្តទំនើបៗដែលមានបិទស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជារថយន្តឥតដំបូលរាប់រយគ្រឿង និងទោចក្រយានយន្តដឹកអ្នកគំាទ្រគណបក្សនេះត្រូវចំណាយពេលជិតមួយម៉ោងទើបឆ្លងផុតកន្លែងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បក់ដៃស្វាគមន៍ក្រុមអ្នកគាំទ្រនៅលើកោះពេជ្រ ។ នៅចន្លោះក្បួននោះ គេឃើញរថយន្តធុនធំមួយចំនួនដឹកក្រុមរាំ ក្រុមតន្ត្រី ព្រមទាំងឧបករណ៍បំពងសំឡេងលើរថយន្តនីមួយៗសម្រាប់បង្កើនបរិយាកាសរីករាយជូនអ្នកចូលរួមក្នុងយុទ្ធនាការឃោសនានេះ។
យុទ្ធនាការយ៉ាងគគ្រឹកគគ្រេងនេះ គឺខុសគ្នាឆ្ងាយណាស់ពីយុទ្ធនាការរបស់គូបដិបក្ខនៃគណបក្សប្រជាជនកម្ពុជា គឺគណបក្សសង្គ្រោះជាតិ ដែលធ្វើឡើងនៅសួនសេរីភាពក្នុងចម្ងាយត្រឹមតែប៉ុន្មានគីឡូម៉ែត្រ ប៉ុណ្ណោះពីកន្លែងជួបជុំរបស់គណបក្សប្រជាជនកម្ពុជា។ កន្លែងជួបជុំមុនពេលដង្ហែក្បួននេះ គឺឃើញមានតែក្រុមតន្ត្រីរ៉ុកមិនមែនអាជីព និងរថយន្តដឹកទំនិញមួយចំនួនតូចដែលមានបំពាក់ឧបករណ៍បំពងសំឡេងប៉ុណ្ណោះ។
ជាមួយនឹងមូលដ្ឋានគាំទ្រយ៉ាងរឹងមាំនៅតាមបណ្ដាខេត្ត គណបក្សកំពុងកាន់អំណាចនេះគឺស្ទើរតែប្រាកដទៅហើយថា នឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនាថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ។ បច្ចុប្បន្ន គណបក្សនេះ គ្រប់គ្រងអាសនៈសភាចំនួន៩០ក្នុងចំណោមអាសនៈទាំង១២៣។ ហើយគណបក្សនេះប្រាកដជានឹងព្យាយាមដណ្ដើមអាសនៈឲ្យបានកាន់តែច្រើននៅក្នុងរាជធានីភ្នំពេញ ដែលជាទូទៅ គឺជាមណ្ឌលបោះឆ្នោតពិបាកដណ្ដើមយកបំផុតរបស់ខ្លួន។ គួររំឭកថា គណបក្សប្រជាជនកម្ពុជាដណ្ដើមបានប្រាំអាសនៈក្នុងចំណោមអាសនៈទាំង១២សម្រាប់មណ្ឌលរាជធានីភ្នំពេញ ក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៣ និងឆ្នាំ២០០៨។
ជាការគោរពតាមការប្ដេជ្ញារបស់លោកក្នុងការរក្សាភាពស្ងាត់ស្ងៀមពេញអំឡុងពេលធ្វើយុទ្ធនាការផ្លូវការនេះ លោក ហ៊ុន សែន មិនបានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រឡើយ ដោយបានប្រគល់កិច្ចការនេះជូនប្រធានកិត្តិយសរបស់គណបក្សប្រជាជន និងជាប្រធានរដ្ឋសភាជាតិ គឺលោក ហេង សំរិន។
ក្នុងសុន្ទរកថាដែលបានត្រៀមទុកជាមុនលោក ហេង សំរិន បានរំឭកឡើងវិញពីអ្វីដែលគណបក្សរបស់លោកបានផ្សព្វផ្សាយជាច្រើនដងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ នោះគឺការសន្យាជំរុញកំណើនសេដ្ឋកិច្ចឲ្យបានកាន់តែខ្លាំងក្លាប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត និងឱកាសនៃការធ្លាក់ក្នុងភាពចលាចល ដូចជា សង្គ្រាមស៊ីវិល ឬជម្លោះប្រដាប់អាវុធ ប្រសិនបើគណបក្សនេះចាញ់ឆ្នោត។
លោក ហេង សំរិន បានថ្លែងថា “ការបោះឆ្នោតសាកលលើកទី៥ នៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលមានសារៈសំខាន់ជាទីបំផុតចំពោះប្រទេសជាតិ។ ការបោះឆ្នោតនេះនឹងកំណត់ជោគវាសនារបស់ប្រទេសជាតិ និងប្រជាជន។ ការសម្រេចចិត្តត្រឹមត្រូវនឹងនាំមកនូវជ័យជម្នះជាបន្តបន្ទាប់។ ការសម្រេចខុសនឹងធ្វើឲ្យយើងបោះជំហានថយក្រោយ និងធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់។
រយៈពេលមួយខែចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជាបានព្រមានអំពីលទ្ធ ភាពនៃការផ្ទុះសង្គ្រាមស៊ីវិលប្រសិនបើការគ្រប់គ្រងប្រទេសរបស់លោក ហ៊ុន សែន រយៈពេល២៨ឆ្នាំជាប់គ្នានេះឈានដល់ទីបញ្ចប់។ លោក ហេង សំរិន បានកោតសរសើរស្នាដៃរបស់គណបក្សនេះក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ នោះគឺការដោះស្រាយវិបត្តិសេដ្ឋកិច្ចពិភពលោក ការស្ដារប្រទេសឡើងវិញក្រោយព្យុះទីហ្វុងកេតសាណា និងការរារាំងការ “ ឈ្លានពាន” របស់ថៃ។
លោកបានថ្លែងថា “ សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមត្រូវបានរក្សាយ៉ាងគង់វង្ស។ សេដ្ឋកិច្ចបានរើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិ [ហិរញ្ញវត្ថុ] ពិភពលោក និងកំពុងមានកំណើនខ្លាំងទៅៗ។ អគារធំៗ តំបន់សេដ្ឋកិច្ចពិសេស សាលារៀន មន្ទីរពេទ្យ និងស្ថាប័នអភិវឌ្ឍន៍ត្រូវបានសាងសង់ជាបន្តបន្ទាប់ និងកំពុងរីកដុះដាលគ្រប់ទីកន្លែងនៅតាមឃុំ-សង្កាត់ទាំងអស់”។
គណបក្សប្រជាជនកម្ពុជាបានចែកចាយសម្ភារជាច្រើនឲ្យក្រុមអ្នកចូលរួមធ្វើយុទ្ធនាការនេះ ក្នុងនោះរួមមានទាំងសៀវភៅចម្រៀង និងផ្លិតសម្រាប់ក្រុមអ្នកគាំទ្រដែលស្ថិតនៅជួរមុខផងដែរ។
យុវជន ស៊ិន រតនា អាយុ១៩ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង បានឲ្យដឹងថា ខ្លួនត្រូវបុគ្គលិក សាស្ត្រាចារ្យសាកលវិទ្យាល័យនេះប្រាប់ឲ្យចូលរួមក្នុងយុទ្ធនាការឃោសនានេះ។ យុវនិស្សិត រតនា និយាយថា ខ្លួនគាំទ្រគណបក្សប្រជាជនដោយសារជោគជ័យរបស់គណបក្សនេះក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស ហើយបានព្យាករថា គណបក្សប្រជាជនកម្ពុជានឹងទទួលបានជ័យជម្នះយ៉ាងងាយស្រួល។
យុវជនរូបនេះបាននិយាយថា “ ឥឡូវនេះយើងមានផ្លូវថ្នល់ ស្ពាន និងអ្វីៗគ្រប់យ៉ាង” ដោយបានចង្អុលទៅអ្វីៗនៅជុំវិញខ្លួនរបស់គេនៅកោះពេជ្រ ដែលបានក្លាយជាទីតាំងប្រមូលផ្ដុំទៅដោយសាលសន្និសីទធំៗ ដែលមានការកើនឡើងជាលំដាប់ និងប្លុកផ្ទះល្វែងប្រណីតៗជាច្រើន។
ទិដ្ឋភាពបែបនេះ គឺខុសគ្នាឆ្ងាយណាស់ពីទិដ្ឋភាពនៅសួនសេរីភាព ដែលគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រប្រហែល៨.០០០នាក់របស់ខ្លួនកំពុងប្រមូលផ្ដុំគ្នាក្នុងពេលតែមួយនោះ។ ជាគណបក្សបង្កើតឡើងចេញពីការរួមបញ្ចូលគ្នាកាលពីឆ្នាំមុនរវាងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា និងគណបក្ស សម រង្ស៊ី គណបក្សសង្គ្រោះជាតិ មើលទៅគឺប្រៀបដូចជាកូនចៀមមួយដូច្នេះដែរក្នុងយុទ្ធនាការឃោសនាបោះឆ្នោតផ្លូវការនេះ។
រថយន្តដឹកទំនិញឥតដំបូលមួយគ្រឿងដែលតួខាងក្រោយត្រូវបានបន្តុបឲ្យខ្ពស់ជាងមុនដើម្បីដាក់ឧបករណ៍បំពងសំឡេង ដែលដំណើរការដោយម៉ាស៊ីនភ្លើងមួយគ្រឿងត្រូវបានរៀបចំឡើងនៅសួននេះ សម្រាប់ចាក់ផ្សាយសុន្ទរកថារបស់លោក កឹម សុខា ដែលជាប្រធានស្ដីទីរបស់គណបក្សសង្គ្រោះជាតិ។ ប៉ុន្តែដោយគ្មានវត្តមានរបស់លោក កឹម សុខា ហើយក្រុមអ្នកគាំទ្រក៏មិនអាចនៅស្ងៀមបានទៀតនោះ អ្នករៀបចំកម្មវិធីរបស់គណបក្សនេះបានសម្រេចចិត្តដង្ហែតែម្ដង។ ទោចក្រយានយន្តជាច្រើនគ្រឿងបូករួមជាមួយនិងរថយន្តប្រហែល២០០គ្រឿង ដែលមានបិទរូបភាពលោក សម រង្ស៊ី និងក កឹម សុខា កាន់ដៃគ្នា បានធ្វើដំណើរតាមផ្លូវលេខ១០៨ មុនពេលលោក កឹម សុខា មកចូលរួមជាមួយពួកគេរយៈពេលកន្លះម៉ោងក្រោយមក។
មកដល់ត្រង់ចំណុចនេះមនុស្សជាច្រើនពាន់នាក់ទៀតបានចូលរួមជាមួយអ្នកគាំទ្រ ដែលភាគច្រើនជាពលរដ្ឋវ័យក្មេងដែលបានស្រែកពាក្យស្លោករបស់គណបក្ស។ ពេលចុះពីលើរថយន្តដឹកទំនិញ ក្រុមអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ ពេលខ្លះបានស្រែកចំអកដាក់ក្រុមអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជាខណៈក្បួនដង្ហែរបស់គណបក្សទាំងពីរជួបគ្នានៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ។
បន្ទាប់ពីបានឈប់រថយន្តនៅលើផ្លូវលេខ២៧១ ដើម្បីឲ្យក្បួនរបស់គណបក្សប្រជាជនឆ្លងកាត់រួច ក្បួនដង្ហែរបស់គណបក្សសង្គ្រោះជាតិ ក៏បានទៅឈប់នៅមុខផ្សារដើមគ ដើម្បីឲ្យលោក កឹម សុខា ថ្លែងទៅកាន់អ្នកគាំទ្រ។
ថ្វីបើសេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ គណបក្សប្រឆាំងនេះបានរិះគត់ថា ទ្រព្យសម្បត្តិបានមកពីកំណើនសេដ្ឋកិច្ចនេះមិនត្រូវបានបែងចែកឲ្យស្មើភាពគ្នា ទេ ដោយធុរជន និងអ្នកនយោបាយដែលមានខ្នងក្រាស់ និងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភទទួលបានភាពថ្កុំថ្កើង ខណៈប្រជាជនកម្ពុជាភាគច្រើនបន្តរស់នៅក្នុងភាពក្រីក្រ។
លោក កឹម សុខា បានច្រានចោលនូវការព្រមានរបស់គណបក្សប្រជាជនកម្ពុជា អំពីការធ្លាក់ក្នុងភាពចលាចលប្រសិនបើខ្លួនចាញ់ឆ្នោត ហើយបានសង្កត់ធ្ងន់ថា ដល់ពេលដែលត្រូវមានការផ្លាស់ប្ដូរថ្មីហើយ ដោយលោកបានសន្យាលុបបំបាត់អំពើពុករលួយដ៏រាលដាល និងបានប្រកាសពីគោលនយោបាយស្ដីពីការផ្ដល់ប្រាក់បៀវត្សរ៍ខ្ពស់ជាងមុន តម្លៃទំនិញទាបជាងមុន និងការទទួលបានការអប់រំ និងសេវាសុខភាពដោយមិនគិតថ្លៃ។ លោកបានថ្លែងថា “ សូមអ្នកគាំទ្រទាំងអស់ពុះពារធ្វើយ៉ាងណាឲ្យមានការផ្លាស់ប្ដូរនៅថ្ងៃទី២៨ ខែកក្កដា”។
លោក កឹម ប៊ុនថាំង អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បាននិយាយថា ខ្លួនប្រាកដណាស់ថា ការស្រេកឃ្លានការផ្លាស់ប្ដូរនេះនឹងអាចបញ្ចប់ការកាន់អំណាចរបស់គណបក្សប្រជាជននៅកម្ពុជាទីបំផុត ហើយថា គណបក្សប្រឆាំងដែលមានការរួបរួមគ្នាជាធ្លុងមួយនេះនឹងធ្វើឲ្យមានការផ្លាស់ប្ដូរ។
លោកបាននិយាយថា “ ខ្ញុំសង្ឃឹមថា គណបក្សសង្គ្រោះជាតិ នឹងឈ្នះការបោះឆ្នោតជាតិនៅក្នុងឆ្នាំនេះ ព្រោះមានប្រជាជនច្រើនខ្លាំងណាស់ដែលកំពុងទាមទារឲ្យមានការផ្លាស់ប្ដូរ។ មានមនុស្សច្រើនណាស់នៅទីនេះ។ ឆ្នាំនេះគឺមិនដូចសព្វដងទេ”។
អ្នកគាំទ្រវ័យចំណាស់ម្នាក់ឈ្មោះ សេង ផល្លី អាយុ៨១ឆ្នាំ ដែលជាអ្នកគាំទ្រលោក សម រង្ស៊ី ជាយូរមកហើយនោះ មានការពេញចិត្តខ្លាំងណាស់ចំពោះគោលនយោបាយរបស់គណបក្សប្រឆាំង ហើយមានក្ដីរំភើបណាស់ដែលបានឃើញពលរដ្ឋវ័យក្មេងជាច្រើនមកចូលរួមក្នុងយុទ្ធនាការនេះ។
អ្នកគាំទ្រឥតងាករេរូបនេះបាននិយាយថា “ ឥឡូវ ប្រទេសរបស់យើងស្ថិតនៅក្រោមដៃរបស់មនុស្សតែម្នាក់ប៉ុណ្ណោះ នោះគឺ ហ៊ុន សែន។ យើងត្រូវការការផ្លាស់ប្ដូរ។ ឆ្នាំនេះគណបក្សប្រឆាំងរឹងមាំខ្លាំងណាស់ ព្រោះយើងបានរួបរួមគ្នា ហើយយើងមានគោលនយោបាយប្រាំពីរចំណុច”។
ថ្វីបើថ្ងៃម្សិលមិញទើបជាថ្ងៃចាប់ផ្ដើមផ្លូវការនូវយុទ្ធនាការឃោសនាបោះឆ្នោតក៏ដោយក៏គណបក្សទាំងពីរបានចាប់ផ្ដើមវាយប្រហារគ្នាដោយពាក្យសម្ដីយ៉ាងជូរចត់តាំងពីប៉ុន្មានសប្ដាហ៍ ដែលការវាយប្រហារភាគច្រើនគឺធ្វើឡើងដោយគណបក្សប្រជាជនកម្ពុជា។ ខណៈលោក សម រង្ស៊ី បានត្រឹមក្រឡឹងជុំវិញប្រទេសកម្ពុជា ប៉ុន្តែមិនហ៊ានចូលស្រុកនោះ លោក កឹម សុខា ខ្លួនឯងផ្ទាល់ឥឡូវនេះត្រូវប្រឈមនឹងពាក្យបណ្ដឹងចំនួនបួនក្រោមបទចោទប្រកាន់ដែលមានចាប់ពីបទបដិសេធមិនទទួលស្គាល់អំពើប្រល័យពូជសាសន៍រហូតដល់ការបញ្ជាឲ្យអង្គរក្សរបស់ខ្លួនវាយម្ដាយរបស់ស្ត្រីម្នាក់ដែលអះអាងថា ស្រីកំណាន់របស់លោក។ លោក កឹម សុខា បានច្រានចោលការចោទប្រកាន់ទាំងពីរករណីនេះ។ ប៉ុន្តែយុទ្ធនាការកាលពីម្សិលមិញនេះ ពុំមានភាពជូរចត់ទេ គឺមានតែការចំអកគ្នាទៅវិញទៅមកប៉ុណ្ណោះ។
ក្រសួងមហាផ្ទៃតាមពិតត្រូវអនុវត្តបម្រាមថ្មីលើការធ្វើយុទ្ធនាការតាមបណ្ដាយផ្លូវធំៗ និងឧទ្យាននានា ព្រមទាំងផ្សារធំៗនៅក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែនគរបាលមិនបានអនុវត្តបម្រាមនេះទេកាលពីម្សិលមិញ ដោយបានបណ្ដោយឲ្យក្បួនរថយន្តធ្វើដំណើរតាមផ្លូវធំៗទាំងនោះ។ នគរបាលថែមទាំងបានឲ្យប្រជាពលរដ្ឋបើកយានជំនិះរបស់ខ្លួនតាមផ្លូវផ្សេងដើម្បីឲ្យសមាជិកគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ យកវត្តភ្នំធ្វើជាកន្លែងសម្រាកទទួលទានអាហារថ្ងៃត្រង់ទៀតផង។
អង្គុយនៅក្បែរកាំជណ្ដើរថ្មឡើងលើវត្តភ្នំដោយមានកាន់ទង់ជាតិគណបក្សប្រជាជននៅក្នុងដៃផងនោះ អ្នកគាំទ្រម្នាក់ ឈ្មោះ ស៊ុយ ចាន់ណាវី បានប្ដេជ្ញាធ្វើយុទ្ធនាការនេះរហូតដល់ទីបំផុត។ អ្នកគាំទ្ររូបនេះបាននិយាយថា “ ខ្ញុំនឹងបញ្ចុះបញ្ចូលប្រជាជននៅក្នុងភូមិរបស់ខ្ញុំឲ្យបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ មានគណបក្សប្រជាជនគឺមានសាលារៀន មន្ទីរពេទ្យ ស្ពាន ការអប់រំ និងអ្វីៗគ្រប់យ៉ាងទាំងអស់។ ប្រសិនបើពួកគេចង់ឲ្យខ្ញុំជួយរាល់ថ្ងៃខ្ញុំ ប្រាកដជាមិនយល់ទាស់ទេ”។
អំឡុងពេលសម្រាកទទួលអាហារថ្ងៃត្រង់នៅវត្តភ្នំនេះដែរ លោក កឹម សុខា បានធ្វើការបួងសួងសុំឲ្យអ្នកបោះឆ្នោតទាំងអស់ឈប់គាំទ្រគណបក្សផ្សេងៗជាថ្នូរនឹងអំណោយមុនពេលបោះឆ្នោត ដោយលោកចង់សំដៅលើគណបក្សប្រជាជនកម្ពុជា៕
(រាយការណ៏ដោយ Phorn Bopha, Colin Meyn, Khoun Narim, Zsombor Peter)
ប្រែសម្រួលដោយ ភួន ច័ន្ទសេរីវុធ