29 C
Phnom Penh

តុលាការ​​​សម្រេច​​​ផ្តន្ទា​​ទោស​​​ ដេវីដ ឆាយ​ ណាវ៉ា ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈពេល​​​បី​​​ឆ្នាំ​​​ពី​​​បទ​​​វាយ​​​អ្នកកាសែត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ សាលាដំបូង​​​រាជ​​​ធានី​​​ភ្នំពេញបាន​​សម្រេច​ផ្តន្ទា​​ទោស​ ដេវីដ ឆាយ​ណា​វ៉ា ជា​​​​មេធាវី ដែល​​ត្រូវ​ហាម​​​មិន​​​ឲ្យ​​​បំពេញ​វិជ្ជាជីវៈ និង​​​ធ្លាប់​​​ធ្វើ​​​ជា​​​ទី​​​ប្រឹក្សា​​​របស់​​​រដ្ឋា​ភិបាល ព្រម​ទាំង​ក្មួយ​​​ប្រុស​​​របស់​ខ្លួន​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​រយៈ​ពេល​បី​ឆ្នាំ និង​​ពីរ​​​ឆ្នាំ​ពីបទ​​ប្រើ​​​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា អំឡុង​​​ពេល​​​វាយ​​​តប់​​​គ្នា​​​មួយ​​​ជា​​​មួយ​​​​​អ្នក​​​យក​​​ព័ត៌មាន។
លោក​ស្រី​ចៅក្រម ចាំង ស៊ីណាត​​​ បាន​​​មាន​​​​ប្រសាសន៍ថា ការ​​​សង​​​ជំងឺចិត្ត ត្រូវ​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​រវាង​​​ជន​​​រង​​​គ្រោះ​​​និង​​​ចុង​​​ចោទ​ហើយ  ប៉ុន្តែ ដេវីដ​ ឆាយណាវ៉ា​ អាយុ​​​៤០​​​ឆ្នាំ​ ក៏​​​ត្រូវ​​​បាន​ពិន័យ​​​ជា​​​ប្រាក់​​​ចំនួន​​​៦លាន​​​រៀល​ ឬ​ប្រហែល​១.៥០០​ដុល្លារ​ផង​ដែរ រីឯ​​​ក្មួយ​​​ប្រុស​របស់​​​ខ្លួន​​ឈ្មោះ អ៊ូ​​​ ហ្វី ​​​ត្រូវ​បាន​ពិន័យ​ជា​​​ប្រាក់ ប្រហែល​​​១.០០០​​​ដុល្លារ។

លោក​ស្រី ចាំង ស៊ីណាត ​​​មាន​​​ប្រសា​ស​​​ន៍​​​ថា “ តុលាការ បាន​​​រក​​​ឃើញ​ថា ​​ចុង​​​ចោទ​​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​ពិត​ជា​​ មាន​​​ទោស​​​​មែន ពី​ព្រោះ​​​​រាល់​​​ភ័ស្ដុតាង និង​​​ការ​ផ្តល់​សក្ខី​កម្ម​ពី​សាក្សី​បាន​​​​បង្ហាញ​​​ថា អ្នក​​​ទាំង​​​ពីរ​​​នេះ បាន​​​វាយ​​​អ្នក​កាសែត​​​​ប្រាកដ​មែន​”។

លោក ​ឆាយណាវ៉ា​ និង​ អ៊ូ​ ហ្វី​ ​បាន​វាយ​​​អ្នក​​​​កាសែត ដែល​​​បាន​​​មក​​​ដល់​​​កន្លែង​​​កើត​​​​​​ហេតុ​​​ ​បន្ទាប់​​​ពី ​​ អ៊ូ ហ្វី​ បាន​​​បង្កគ្រោះ​ថ្នាក់​​​រថយន្ដ​​​របស់​​​​ខ្លួន នៅ​​​មហា​​​វិថីព្រះ​​​មុនីវង្ស​ នៅ​​រំលង​​​អធ្រាត្រ​​​​​​​​ថ្ងៃ​​​ទី​​​១៩​​​ខែ មីនា។

អំឡុង​​​សវនាការ ជំនុំ​ជម្រះ​ ដេវីដ​ ឆាយ​ណាវ៉ា និង អ៊ូ ហ្វី បានសារភាព​​​ថា ខ្លួន​បាន​​​ផឹក​​​ស្រាបៀរ “ អស់​ចំនួន​បី​ឬបួន​​​កំប៉ុង”  មុន​​​ពេល​​​​បើក​រថយន្ដ​​​របស់​​​ពួក​គេ ម៉ាក មីនី ខូព័រ​​​ (Mini Cooper)​ពណ៌​​​ក្រហម​​​ និង​ម៉ាក​ ស៊ី​អាវី​ (C-RV)  ​ពណ៌​​​ទឹក​​​ប្រាក់​​ ទៅ​​​រង្គសាល​​មួយ​​​ផ្សេង​​​ទៀត។

ឆាយណាវ៉ា បាន​​​និយាយ​​​ដោយ​​​ឱន​​​ក្បាល​​​ចុះក្រោម ខណៈពេល​​​គាត់​​​ត្រូវ​​​បាន​​អម​​ចេញ​​​​ពី​​​បន្ទប់ធ្វើ​​​សវនា​​​ការថា “ ខ្ញុំនឹង​​​ប្ដឹង​​ឧទ្ធរណ៍​​ជា​​បន្ត​ទៀត​ចំពោះ​​​សេចក្ដី​​​សម្រេច​​​របស់​​​តុលាការ​​​​នេះ”។ ឆាយណាវ៉ា​ បាន​ទទួល​​​សញ្ញា​​​បត្រ​​​​​​ច្បាប់​​​​នៅ​​​សហរដ្ឋ​​​អាមេរិក ប៉ុន្តែកាលពី​​​ឆ្នាំ​​​២០០៣ គាត់​ត្រូវ​​​បាន​​​​​​ហាម​​​មិន​​​ឲ្យ​ប្រកប​វិជ្ជា​ជីវៈ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​រយៈ​ពេល​១៨​ខែ​ ដោយ​សារ​តែ​ការ​ផ្សព្វ​ផ្សាយ​សេវាកម្ម​របស់​ខ្លួន​។​ ឆាយណាវ៉ា​ ក៏​​​ធ្លាប់​​​មាន​​​ប្រវត្តិ​​​បើក​​​បរ​​​​​ដោយ​ធ្វេស​ប្រហែស​ផង​ដែរ​​​កាល​​​ពី​​​ឆ្នាំ​​​២០០៥ ហើយ​​​​​​បាន​​​ជាប់​​​ពន្ធនាគារ​​​រយៈ​ពេលជាង​​​មួយ​​​ខែ​​​ពី​​​បទ​​​​​​បើក​​​រថយន្ដ​​​ម៉ាក ​​​Hummer​ របស់​ខ្លួន​​​កាត់សួន​​​ ​​​ហ៊ុន សែន ។

លោក ​​​សុវណ្ណ សុខា អ្នក​​​កាសែត ដែល​​​មាន​​​កូន​​​ពីរនាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​កាសែត​​​ដែល​​​​ត្រូវ​​​បាន​​​វាយ​ បានមាន​​​ប្រសាសន៍​​​នៅ​​​ក្រៅ​​​បន្ទប់​​​ធ្វើ​​​សវនាការ​​​ថា គាត់​​​បាន​​​យល់​​​ស្រប​​​​​​នឹង​​​​សាល​ក្រម​ផ្តន្ទា​ទោស​របស់​​​តុលាការ​ ពី​​​ព្រោះ​​​​វា​គឺ​ជា​ការ​​​​​​​​​ព្រមាន​​​មួយ​​​​​​ចំពោះ​​​មហាជន​​​ខ្មែរ​​​ថា ​តុលាការ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​វាយ​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​នោះ​​​ទេ ។ លោកបាន​​​មាន​​​ប្រសាសន៏​​​​​​ថា ​“ វាគឺជា​​​សារ​​​​​​មួយ​​​ដល់​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​មិនឲ្យ​​​វាយ​​​តប់​អ្នក​កាសែត”៕

    ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស