កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោស ដេវីដ ឆាយណាវ៉ា ជាមេធាវី ដែលត្រូវហាមមិនឲ្យបំពេញវិជ្ជាជីវៈ និងធ្លាប់ធ្វើជាទីប្រឹក្សារបស់រដ្ឋាភិបាល ព្រមទាំងក្មួយប្រុសរបស់ខ្លួនឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ និងពីរឆ្នាំពីបទប្រើអំពើហិង្សាដោយចេតនា អំឡុងពេលវាយតប់គ្នាមួយជាមួយអ្នកយកព័ត៌មាន។ លោកស្រីចៅក្រម ចាំង ស៊ីណាត បានមានប្រសាសន៍ថា ការសងជំងឺចិត្ត ត្រូវបានព្រមព្រៀងគ្នារវាងជនរងគ្រោះនិងចុងចោទហើយ ប៉ុន្តែ ដេវីដ ឆាយណាវ៉ា អាយុ៤០ឆ្នាំ ក៏ត្រូវបានពិន័យជាប្រាក់ចំនួន៦លានរៀល ឬប្រហែល១.៥០០ដុល្លារផងដែរ រីឯក្មួយប្រុសរបស់ខ្លួនឈ្មោះ អ៊ូ ហ្វី ត្រូវបានពិន័យជាប្រាក់ ប្រហែល១.០០០ដុល្លារ។
លោកស្រី ចាំង ស៊ីណាត មានប្រសាសន៍ថា “ តុលាការ បានរកឃើញថា ចុងចោទទាំងពីរនាក់នេះពិតជា មានទោសមែន ពីព្រោះរាល់ភ័ស្ដុតាង និងការផ្តល់សក្ខីកម្មពីសាក្សីបានបង្ហាញថា អ្នកទាំងពីរនេះ បានវាយអ្នកកាសែតប្រាកដមែន”។
លោក ឆាយណាវ៉ា និង អ៊ូ ហ្វី បានវាយអ្នកកាសែត ដែលបានមកដល់កន្លែងកើតហេតុ បន្ទាប់ពី អ៊ូ ហ្វី បានបង្កគ្រោះថ្នាក់រថយន្ដរបស់ខ្លួន នៅមហាវិថីព្រះមុនីវង្ស នៅរំលងអធ្រាត្រថ្ងៃទី១៩ខែ មីនា។
អំឡុងសវនាការ ជំនុំជម្រះ ដេវីដ ឆាយណាវ៉ា និង អ៊ូ ហ្វី បានសារភាពថា ខ្លួនបានផឹកស្រាបៀរ “ អស់ចំនួនបីឬបួនកំប៉ុង” មុនពេលបើករថយន្ដរបស់ពួកគេ ម៉ាក មីនី ខូព័រ (Mini Cooper)ពណ៌ក្រហម និងម៉ាក ស៊ីអាវី (C-RV) ពណ៌ទឹកប្រាក់ ទៅរង្គសាលមួយផ្សេងទៀត។
ឆាយណាវ៉ា បាននិយាយដោយឱនក្បាលចុះក្រោម ខណៈពេលគាត់ត្រូវបានអមចេញពីបន្ទប់ធ្វើសវនាការថា “ ខ្ញុំនឹងប្ដឹងឧទ្ធរណ៍ជាបន្តទៀតចំពោះសេចក្ដីសម្រេចរបស់តុលាការនេះ”។ ឆាយណាវ៉ា បានទទួលសញ្ញាបត្រច្បាប់នៅសហរដ្ឋអាមេរិក ប៉ុន្តែកាលពីឆ្នាំ២០០៣ គាត់ត្រូវបានហាមមិនឲ្យប្រកបវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជារយៈពេល១៨ខែ ដោយសារតែការផ្សព្វផ្សាយសេវាកម្មរបស់ខ្លួន។ ឆាយណាវ៉ា ក៏ធ្លាប់មានប្រវត្តិបើកបរដោយធ្វេសប្រហែសផងដែរកាលពីឆ្នាំ២០០៥ ហើយបានជាប់ពន្ធនាគាររយៈពេលជាងមួយខែពីបទបើករថយន្ដម៉ាក Hummer របស់ខ្លួនកាត់សួន ហ៊ុន សែន ។
លោក សុវណ្ណ សុខា អ្នកកាសែត ដែលមានកូនពីរនាក់ក្នុងចំណោមអ្នកកាសែតដែលត្រូវបានវាយ បានមានប្រសាសន៍នៅក្រៅបន្ទប់ធ្វើសវនាការថា គាត់បានយល់ស្របនឹងសាលក្រមផ្តន្ទាទោសរបស់តុលាការ ពីព្រោះវាគឺជាការព្រមានមួយចំពោះមហាជនខ្មែរថា តុលាការមិនអនុញ្ញាតឲ្យវាយអ្នកយកព័ត៌មាននោះទេ ។ លោកបានមានប្រសាសន៏ថា “ វាគឺជាសារមួយដល់មន្ត្រីជាន់ខ្ពស់មិនឲ្យវាយតប់អ្នកកាសែត”៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ