កាលពីម្សិលមិញរដ្ឋាភិបាលបានប្រតិកម្មយ៉ាងខ្លាំងចំពោះសេចក្ដីថ្លែងការណ៍មួយពីសហភាពអឺរ៉ុប ដែលបានផ្ដល់អនុសាសន៍ឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាត់វិធានការដើម្បីធានាថា ការបោះឆ្នោតជាតិក្នុងខែក្រោយនេះប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។
ក្រសួងការបរទេសបានចេញសេចក្តីថ្លែងការណ៍ទាំងកំហឹងមួយច្រានចោលសេចក្ដីថ្លែងការណ៍ដែលបានរៀបពាក្យពេចន៍យ៉ាងប្រុងប្រយ័ត្នរបស់សហភាពអឺរ៉ុប ដោយលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញរួចហើយនូវគោលការណ៍សម្រាប់ឲ្យមានការបោះឆ្នោតដោយស្មើភាពនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ។
សហភាពអឺរ៉ុបដែលបានបញ្ជូនតំណាងរបស់ខ្លួនមកសង្កេតការបោះឆ្នោតជាតិកាលពីឆ្នាំ២០០៨ និងក្រោយមកបានផ្ដល់អនុសាសន៍មួយចំនួនដល់រដ្ឋាភិបាល ព្រមទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះ បានលើកឡើងថា វាមានសារៈសំខាន់ណាស់ក្នុងការអនុវត្ត“ អនុសាសន៍ល្អៗ” របស់សហភាពអឺរ៉ុប ដោយកត់សម្គាល់ថា “ ការបោះឆ្នោតប្រកបដោយតម្លាភាព និងគួរឲ្យជឿជាក់គឺជាឱកាសដ៏សំខាន់ក្នុងការបង្រួបបង្រួមលទ្ធិប្រជាធិបតេយ្យ និងធានាឲ្យមានការអភិវឌ្ឍនៅពេលអនាគតរបស់កម្ពុជា”។
សេចក្ដីថ្លែងការណ៍របស់សហភាពអឺរ៉ុបលើកឡើងថា “ ក្នុងចំណោមបញ្ហាផ្សេងៗទៀត បញ្ហាទាំងនេះរួមមាន ការផ្ដល់លទ្ធភាពស្មើភាពគ្នានៅតាមប្រព័ន្ធផ្សព្វផ្សាយ និងទប់ស្កាត់ការប្រើប្រាស់ធនធានរដ្ឋនៅក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត”។ សេចក្ដីថ្លែងការណ៍នេះទទួលស្គាល់ថា មានការចាត់វិធានការល្អៗដែរចាប់តាំងពីឆ្នាំ២០០៨មក។
សេចក្ដីថ្លែងការណ៍នេះបានបន្តថា “ វាស្ថិតលើចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលគិតថា យុទ្ធនាការឃោសនាបោះឆ្នោតជួយជំរុញឲ្យមានកិច្ចពិភាក្សាប្រកបដោយលទ្ធិប្រជាធិបតេយ្យ ដែលផ្ដោតលើបញ្ហាគោលនយោបាយ។ ពាក់ព័ន្ធនឹងបញ្ហានេះ សហភាពអឺរ៉ុបសង្ឃឹមថា គណបក្សនយោបាយទាំងអស់នឹងបញ្ឈប់មិនឲ្យមានការគំរាមកំហែង និងពាក្យសម្ដីបំផ្លើស ហើយចាប់ពីពេលនេះតទៅនឹងចូលរួមដោយចំហក្នុងការពិភាក្សាអំពីចក្ខុវិស័យសម្រាប់អនាគតរបស់ប្រទេសកម្ពុជា”។
ពាក់ព័ន្ធនឹងសេចក្ដីថ្លែងការណ៍នេះក្រសួងការបរទេសកម្ពុជាបានចោទប្រកាន់សហភាពអឺរ៉ុបថា បានជ្រៀតជ្រែកអធិបតេយ្យភាពរបស់កម្ពុជា ដោយលើកឡើងថា លោក ហ៊ុន សែន និយាយដដែលៗថា រដ្ឋាភិបាលប្ដេជ្ញាចំពោះ “ ការបោះឆ្នោតដោយសេរី យុត្តិធម៌ មានតម្លាភាព និងប្រកបដោយលទ្ធិប្រជាធិបតេយ្យដូចកាលពីលើកមុនអ៊ីចឹង”។
សេចក្ដីថ្លែងការណ៍នេះបានលើកឡើងថា រដ្ឋាភិបាល “ មិនអាចទទួលយកបានទេ និងសូមទាត់ចោលសេចក្ដីថ្លែងការណ៍របស់អ្នកសង្កេតការណ៍ [សហភាពអឺរ៉ុប] ក្នុងនាមជារដ្ឋមួយដែលមានអធិបតេយ្យភាព និងឯករាជ្យ”។
សេចក្ដីថ្លែងការណ៍នេះបានបន្តទាមទារឲ្យប្រតិភូសហភាពអឺរ៉ុប ដែលមិនបានបញ្ជូនអ្នកសង្កេតការណ៍ការបោះឆ្នោតនេះ គោរពអនុសញ្ញាទីក្រុងវីយែន ឆ្នាំ១៩៦១ ស្ដីពីទំនាក់ទំនងការទូតដែលលើកឡើងថា បរទេសមាន “ កាតព្វកិច្ចមួយ គឺមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស [ណាមួយ] ឡើយ”។
សេចក្ដីថ្លែងការណ៍មួយរបស់សម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាលចំនួន១១ រួមទាំងគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) និងគណៈកម្មការអព្យាក្រឹត និងមិនលម្អៀងដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (និកហ្វិច) ក៏បានសម្ដែងនូវការព្រួយបារម្ភផងដែរកាលពីម្សិលមិញពាក់ព័ន្ធនឹងបរិយាកាសនយោបាយក្នុងពេលបច្ចុប្បន្ននេះ។ សេចក្ដីថ្លែងការណ៍នេះបានលើកឡើងថា “ ការគំរាមកំហែងខាងនយោបាយ ការបំភិតបំភ័យ និងការជ្រៀតជ្រែកបានកើតឡើងជាបន្តបន្ទាប់ទាំងនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ”។
សេចក្ដីថ្លែងការណ៍នេះបន្ថែមថា “ ដើម្បីធានាថា ការបោះឆ្នោតជាតិអាណត្តិទី៥ ខាងមុខនេះប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌នោះ អង្គការសង្គមស៊ីវិលបានអំពាវនាវឲ្យរដ្ឋាភិបាល មន្ត្រីមូលដ្ឋាន និងថ្នាក់ខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ដើរតួនាទីអព្យាក្រឹត ដើម្បីបង្កើតឲ្យមានបរិយាកាសបញ្ចេញមតិដោយគ្មានការភ័យខ្លាចមុនពេលបោះឆ្នោត និងដើម្បីធានាឲ្យមានការប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់គណបក្សទាំងអស់”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា