កាលពី១០ឆ្នាំមុន មុនពេលថ្ងៃបោះឆ្នោតមកដល់ប្រជាជនទូទាំងប្រទេសបានទិញអង្ករទុកសម្រាប់ករណីការបោះឆ្នោតជំរុញឲ្យប្រទេសធ្លាក់ចូលក្នុងស្ថានភាពច្របូកច្របល់។ នៅពេលនោះអាជីវករទូទាំងប្រទេសបានរង់ចាំឱកាសល្អសិន មុនពេលធ្វើការសម្រេចចិត្តបោះទុនវិនិយោគសំខាន់ៗរបស់ខ្លួន ហើយអ្នកដែលមានលទ្ធភាពចង់ចាកចេញពីប្រទេសអំឡុងពេលបោះឆ្នោត ក្នុងករណីស្ថានភាពចាប់ផ្តើមបង្កក្តីបារម្ភ។
ក៏ប៉ុន្តែ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានកាន់អំណាចរយៈពេល២០ឆ្នាំ កម្រិតនៃក្តីបារម្ភ ដែលធ្លាប់តែមានកម្រិតខ្ពស់អំឡុងពេលបោះឆ្នោតបានធ្លាក់ចុះវិញ។ នៅទូទាំងរាជធានីភ្នំពេញ សកម្មភាពគម្រោងសាងសង់អគារធំៗកំពុងកើនឡើងជាលំដាប់ ហើយកាលពីម្សិលមិញវិនិយោគិននានា បានលើកឡើងថា ពួកគេមិនខ្វល់ពីស្ថានភាពប្រែប្រួលនយោបាយនាពេលខាងមុខនទេ។ លោក ចូក មាលី ទីប្រឹក្សាក្រុមហ៊ុន ប៊ុណ្ណា រៀលធី ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនអចលនវត្ថុធំៗបំផុតនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ ការបោះឆ្នោតលើកនេះមិនដូចកាលពីមុនទេ ពីព្រោះអ្វីៗកាលពីមុនបានស្ថិតក្នុងស្ថានភាពមិនប្រាកដ។ បច្ចុប្បន្ន ប្រជាជនដឹងហើយថា អ្នកណានឹងដឹកនាំរដ្ឋាភិបាលថ្មី ហើយពួកគាត់នៅតែបន្តធ្វើការងាររបស់ខ្លួន។ សកម្មភាពវិនិយោគក្នុងវិស័យអចលនវត្ថុ [និងដី] ចេះតែបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ”។
លោក មាលី បានលើ កឡើងបន្ថែមទៀតថា “ ប្រាំឆ្នាំមុន យើងមិ នដឹងច្បាស់ថា អ្វីដែលនឹងកើតឡើងទេ។ មានរឿងនយោបាយជាច្រើនកើតឡើង [ហើយ] អំឡុងថ្ងៃបោះឆ្នោតលើកមុនៗ តែងតែឮសំឡេងបាញ់ប្រហារគ្នា និងរឿងរ៉ាវផ្សេងៗទៀតដែលប៉ះពាល់ដល់ប្រជាជន”។
កត្តាមួយដែលឆ្លុះបញ្ចាំងឲ្យឃើញអំពីកម្រិតទំនុកចិត្តរបស់វិនិយោគិន អាចជាតម្លៃដី។ យោងតាមតួលេខផ្តល់ដោយក្រុមហ៊ុន ប៊ុណ្ណា រៀលធី តម្លៃដីនៅក្នុងរាជធានីភ្នំពេញ បានកើនឡើង២៥ភាគរយ ក្នុងរយៈពេលប្រាំមួយខែ មុនថ្ងៃបោះឆ្នោតឆ្នាំនេះ។ ក៏ប៉ុន្តែ កំណើននៃតម្លៃដីនេះមិនមានកើតឡើងចំពោះគ្រប់ករណីទេ។
លោក ប្រេតុន ស្កៀរ៉ូនី (Bretton Sciaroni) សហនាយកក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកច្បាប់ ស្កៀរ៉ូនី អិន អាសូស៊ីអេត (Sciaroni and Associates) បានលើកឡើងថា តាមទម្លាប់ប្រតិបត្តិការអាជីវកម្មដីធ្លីអាចនឹងបង្អង់ល្បឿន នៅមុនពេលថ្ងៃបោះឆ្នោតមកដល់។ អំឡុងពេលបោះឆ្នោតកាលពីឆ្នាំ២០០៨ មានសកម្មភាពអាជីវកម្មបន្តិចបន្តួច ដោយសារតែវិបត្តិហិរញ្ញវត្ថុសាកលលោក។ លោកបានថ្លែងថា “ នៅពេលរដ្ឋាភិបាល ត្រូវបានបង្កើតឡើង ធនាគារ ឡេម៉េន ប្រាឌ័រ (Lehman Brothers) បានក្ស័យធន ហើយនៅពេលវិបត្តិហិរញ្ញវត្ថុអន្តរជាតិផ្ទុះឡើងមានន័យថា ទីផ្សារអចលនវត្ថុមិនបានចាប់ផ្តើមមានសកម្មភាពវិញទេ”។
លោក ផល្លា ឧត្តម ប្រធានក្រុមការងារនៅក្រុមហ៊ុន ប៊ុណ្ណា រៀលធី បានលើកឡើងថា រយៈពេលប្រាំឆ្នាំបានកន្លងផុតទៅយ៉ាងលឿន ហើយតម្លៃដីធ្លីបានកើនឡើងដល់កម្រិតដូចកាលពីមុនឆ្នាំ២០០៨វិញ។ លោកបានបន្តថា ដីនៅតំបន់កណ្តាល ដូចជា សង្កាត់បឹងកេងកង១ ក្នុងរាជធានីភ្នំពេញ បច្ចុប្បន្នត្រូវបានលក់ ក្នុងតម្លៃ៣.៣០០ដុល្លារក្នុងមួយម៉ែត្រក្រឡា ពោលគឺតម្លៃនេះបានកើនឡើង ពី២.៨០០ដុល្លារក្នុងមួយម៉ែត្រក្រឡាកាលពីប្រាំមួយខែមុន។ លោក ឧត្តម បានមានប្រសាសន៍ថា “ យើងមិនមានបញ្ហាទាក់ទងនឹងស្ថានភាពនយោបាយ និងសេដ្ឋកិច្ចទេ ហើយអ្នកលក់នៅតែបន្តជួញដូរដីរបស់ខ្លួន ទោះជានេះជារដូវបោះឆ្នោតក៏ដោយ”។
សន្ទុះកំណើននៃចំនួនគម្រោងចេញអនុវត្តលើទីផ្សារអចលនវត្ថុ កាលពីពេលថ្មីៗ ក៏បានជួយជំរុញឲ្យតម្លៃដីក្នុងតំបន់ជាយរាជធានីភ្នំពេញកើនឡើងផងដែរ ដូចជានៅខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យជាដើម។ ក្នុងខណ្ឌទាំងនេះ តម្លៃដីបានកើនឡើង២៥ភាគរយ ដល់១.០០០ដុល្លារក្នុងមួយម៉ែត្រក្រឡា ក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ។
កាលពីខែឧសភា ក្រុមហ៊ុនកូរ៉េខាងត្បូងឈ្មោះ ប៊ូយុង គ្រុប (Booyung Group) បានចាប់ផ្តើមដំណើរសាងសង់ទីក្រុងរណបមួយក្នុងខណ្ឌសែនសុខ នៅតាមបណ្តាយមហាវិថីសហព័ន្ធរុស្ស៊ី ដោយត្រូវចំណាយទុនចំនួន១,១ពាន់លានដុល្លារ ហើយបានក្លាយជាគម្រោងអភិវឌ្ឍន៍ទ្រង់ទ្រាយទី២ ដែលត្រូវបានដាក់ឲ្យដំណើរការក្នុងរាជធានីភ្នំពេញ ក្នុងខែឧសភាឆ្នាំ២០១៣។
លោក ម៉ាក វីលៀម (Mark Williams) អ្នកគ្រប់គ្រងនៅក្រុមហ៊ុន ស៊ីប៊ី រីឆាត អេលីស (CB Richard Ellis) នៅប្រទេសកម្ពុជាបានមានប្រសាសន៍ថា “ ខ្ញុំអាចនិយាយបានថា ចំនួនអតិថិជនពិតជាមិនបានទទួលរងនូវផលប៉ះពាល់ច្រើនទេ ទោះបីជាអតិថិជនក្នុងស្រុកមួយចំនួនបានផ្អាកសកម្មភាពវិនិយោគរហូតដល់ពេលបោះឆ្នោតកន្លងផុតក៏ដោយ។ ប៉ុន្តែ ពួកគេនឹងនៅតែវិនិយោគ”។ លោកបានលើកឡើងទៀតថា មូលហេតុតែមួយគត់ ដែលធ្វើឲ្យគម្រោងមួយចំនួនកាត់បន្ថយសកម្មភាពរបស់ខ្លួនគឺ ដោយសារមន្ត្រីរដ្ឋាភិបាលជាប់រវល់ធ្វើយុទ្ធនាគារឃោសនាការបោះឆ្នោត”។
លោក សៀ ឆាយលីន នាយកក្រុមហ៊ុនក្នុងស្រុក វីសាល រៀលធី បានលើកឡើងថា លោករំពឹងថា តម្លៃដីនឹងកើនឡើងក្រោយថ្ងៃបោះឆ្នោត ទោះបីជាលោកលែងព្យាករមួយរយៈក៏ដោយ។ លោកមានប្រសាសន៍ថា “ ការទិញ និងលក់ដីធ្លីនឹងមិនធ្លាក់ចុះទេ។ ផ្ទុយទៅវិញ វានឹងបន្តកើនឡើង” ក្រោយថ្ងៃបោះឆ្នោត។
លោក ឧត្តម ដែលធ្វើការនៅក្រុមហ៊ុន ប៊ុណ្ណោ រៀលធី បានលើកឡើងបន្ថែមទៀតថា លោករំពឹងថា តម្លៃអចលនវត្ថុនឹងកើនឡើងដល់កម្រិតដូចមុនវិបត្តិឆ្នាំ២០០៨។ លោកបានមានប្រសាសន៍ថា “ បន្ទាប់ពីការបោះឆ្នោតកន្លងផុត តម្លៃដីនឹងកើនឡើង ហើយនឹងកើនឡើងដល់កម្រិតមួយខ្ពស់ជាងតម្លៃជួញដូរមុនឆ្នាំ២០០៨”៕
ប្រែសម្រួលដោយ កង សុធា