មន្ត្រីតុលាការបានឲ្យដឹងកាលពីម្សិលមិញថា កាលពីថ្ងៃពុធ សាលាដំបូងខេត្តពោធិ៍សាត់បានចោទប្រកាន់បុរសអាយុ៥៣ឆ្នាំម្នាក់ពីបទយកពូថៅមកកាប់បំផ្លាញស្លាកសញ្ញាយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រឆាំង។
លោក តន់ សីហតេជះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា បុរសឈ្មោះ តុប សៅ ត្រូវបានចោទប្រកាន់ពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈចំពោះហេតុការណ៍មួយ ដែលបានកើតឡើងកាលពីយប់ថ្ងៃអាទិត្យ នៅឃុំថ្មដា ស្រុកវាលវែង ដោយគាត់បានកាប់បំផ្លាញស្លាកសញ្ញាឃោសនារបស់គណបក្សសង្គ្រោះជាតិ។
លោក សីហតេជះ បានលើកឡើងថា “ តុលាការបានសម្រេចឃុំខ្លួនគាត់ជាបណ្តោះអាសន្ន។ ប្រសិនបើតុលាការរកឃើញថា គាត់ពិតជាមានកំហុសមែននោះ គាត់អាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលពីប្រាំមួយខែទៅបីឆ្នាំ។ លោក សីហតេជះ មានប្រសាសន៍ថា ឧបទ្ទវហេតុនេះ គឺជាលើកដំបូងហើយ ដែលលោកបានដឹងនៅក្នុងខេត្តពោធិ៍សាត់ ដែលស្លាកសញ្ញាគណបក្សត្រូវបានបំផ្លាញចោល នៅមុនការបោៈឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្ងៃទី២៨ ខែកក្កដា។
លោក សាយ សាវុធ នាយរងការិយាល័យនគរបាលយុត្តិធម៌ខេត្តបានមានប្រសាសន៏ថា នគរបាលបានចាប់ខ្លួនបុរសឈ្មោះ តុប សៅ កាលពីថ្ងៃពុធ បន្ទាប់ពីតំណាងប្រចាំមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិបានដាក់ពាក្យបណ្តឹងទៅនគរបាលឃុំ។ លោក សាវុធ បានឲ្យដឹងថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកាប់បំផ្លាញស្លាកសញ្ញាឃោសនារបស់គណបក្សមែន ប៉ុន្តែគាត់បានអះអាងថា វាមិនមែនជាសកម្មភាពនយោបាយទេ។
លោក សាវុធ បានមានប្រសាសន៍ទៀតថា “ គាត់បាននិយាយថា គាត់ស្រវឹងស្រា ដូច្នេះគាត់មិនចាប់អារម្មណ៍ថា ស្លាកសញ្ញានោះជារបស់គណបក្សសង្គ្រោះជាតិទេ”។ គណបក្សសង្គ្រោះជាតិបានប្តឹងអំពីសកម្មភាពបំផ្លាញស្លាកសញ្ញាគណបក្សរាប់សិបនៅទូទាំងប្រទេស។
កាលពីសប្តាហ៍មុន ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសមួយ ដោយចោទគណបក្សប្រឆាំងថាបានបំផ្លាញស្លាកសញ្ញាគណបក្សខ្លួនឯងនៅក្នុងខេត្តស្វាយរៀង និងខេត្តព្រៃវែង ជាសកម្មភាពបង្កហេតុមួយមុនពេលការបោះឆ្នោត។ កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើសុន្ទរកថាមួយនៅក្នុងខេត្តកំពង់ចាម អំពាវនាវឲ្យរកយុត្តិធម៌ប្រឆាំងនឹងអ្នកដែលបំផ្លាញស្លាកសញ្ញាគណបក្ស៕
ប្រែសម្រួលដោយ ចេវ ប៊ុននី