មេធាវីនៅសហរដ្ឋអាមេរិកមួយរូបបានឲ្យដឹងកាលពីម្សិលមិញថា សេចក្តីសម្រេចរបស់តុលាការកំពូលអាមេរិកក្នុងការអនុញ្ញាតឲ្យមានការរៀបអាពាហ៍ពិពាហ៍រវាងមនុស្សស្រឡាញ់ភេទដូចគ្នា អាចជាការវិវឌ្ឍវិជ្ជមានមួយសម្រាប់ដៃគូស្រឡាញ់ភេទដូចគ្នា ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃពុធ ច្បាប់ឆ្នាំ១៩៩៦ស្តីពីការការពារអាពាហ៍ពិពាហ៍ ដែលកំណត់និយមន័យនៃពាក្យអាពាហ៍ពិពាហ៍ថា ជាទំនាក់ទំនងផ្លូវភេទរវាងបុរសនិងស្ត្រី ត្រូវទុកជានិរាករណ៍ដោយតុលាការកំពូល ដែលក៏បានបដិសេធមិនចេញសេចក្តីសម្រេចពាក់ព័ន្ធនឹងសំណើលេខ៨ (Proposition 8) ឬប្រជាមតិនៅរដ្ឋកាលីហ្វ័រញា៉ ដែលស្នើឲ្យមានការហាមឃាត់ការរៀបអាពាហ៍ពិពាហ៍រវាងមនុស្សស្រឡាញ់ភេទដូចគ្នានៅក្នុងរដ្ឋនេះ។ ជាលទ្ធផលមនុស្សស្រឡាញ់ភេទដូចគ្នាអាចរៀបអាពាហ៍ពិពាហ៍ នៅក្នុងរដ្ឋនេះបានម្តងទៀតហើយ។
លោក វ៉េន វ៉េកមែន (Wayne Weightman) អ្នកជំនាញផ្នែកអន្តោប្រវេសន៍នៅក្រុមហ៊ុនផ្ដល់សេវាពិគ្រោះយោបល់វ៉េកមែន (Weightman Advisory Services) ដែលមានអាជ្ញាប័ណ្ណអាមេរិក បានឲ្យដឹងថា ពលរដ្ឋអាមេរិកដែលជាមនុស្សស្រីស្រឡាញ់ភេទដូចគ្នា មនុស្សប្រុសស្រឡាញ់ភេទដូចគ្នា និងមនុស្សស្រឡាញ់មនុស្សទាំងពីរភេទ ដែលកំពុងមានទំនាក់ទំនងផ្លូវភេទជាមួយពលរដ្ឋកម្ពុជា ឥឡូវនេះអាចមានលទ្ធភាពនាំដៃគូទៅសហរដ្ឋអាមេរិកជាមួយខ្លួនបានហើយ។
លោក វ៉េកមែន បានមានប្រសាសន៍ថា “ ពលរដ្ឋអាមេរិក ដែលចង់នាំដៃគូស្រឡាញ់ភេទដូចគ្នាទៅរស់នៅសហរដ្ឋអាមេរិកមិនអាចធ្វើដូច្នេះបានទេ ប៉ុន្តែអាចនាំទៅលេងបាន។ ពួកគេជាប់ផុងនៅក្រៅសហរដ្ឋអាមេរិកអស់រយៈពេលពី២០ទៅ ៣០ឆ្នាំមកហើយ”។
លោក វ៉េកមែន បានឲ្យដឹងថា ឥឡូវ ដៃគូប្រភេទនេះអាចដាក់ពាក្យស្នើសុំទិដ្ឋាការទៅលេងរដ្ឋណាមួយនៅសហរដ្ឋអាមេរិកដែលអនុញ្ញាតឲ្យមានការរៀបអាពាហ៍ពិពាហ៍រវាងមនុស្សស្រឡាញ់ភេទដូចគ្នាហើយ។ បន្ទាប់ពីចូលដល់ក្នុងទឹកដីសហរដ្ឋអាមេរិកហើយ ពួកគេមានពេល៩០ថ្ងៃដើម្បីបញ្ចប់ដំណើរការរៀបអាពាហ៍ពិពាហ៍។
លោក វ៉េកមែន បានបន្តថា លោកមិនដឹងថា តើសេចក្ដីសម្រេចរបស់តុលាការកំពូលនេះអាចប៉ះពាល់ដល់មនុស្សស្រឡាញ់ភេទដូចគ្នាប៉ុន្មានគូនៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែសេចក្ដីសម្រេចនេះបានផ្ដល់ឱកាសឲ្យពួកគេហើយ។
លោក វ៉េកមែន បានមានប្រសាសន៍ថា “ មានសមាជិកសភាច្រើនណាស់ ដែលមិនយល់ស្របនឹងសេចក្ដីសម្រេចនេះ ហើយដែលនឹងយកជើងរាទឹកនិងបង្កការលំបាកសម្រាប់រដ្ឋាភិបាលរបស់លោក បារ៉ាក់អូបាម៉ា ក្នុងការអនុវត្តសេចក្ដីសម្រេចនេះ។
លោក ចន ស៊ីមម៉ុន (John Simmons) អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ដៃគូស្រឡាញ់ភេទដូចគ្នាចម្រុះជាតិសាសន៍នៅតែបានត្រឹមតែរៀបអាពាហ៍ពិពាហ៍ក្នុងតំបន់ទាំង១៣ នៅអាមេរិក ដែលអនុញ្ញាតឲ្យមានការរៀបអាពាហ៍ពិពាហ៍បែបនេះប៉ុណ្ណោះ ប៉ុន្តែថា “ ពួកគេនឹងទទួលបានអត្ថប្រយោជន៍គ្រប់បែបយ៉ាង ដែលពួកគេត្រូវទទួលបានតាមច្បាប់សហព័ន្ធ”។ ទោះជាយ៉ាងណា ដៃគូប្រភេទនេះនៅតែត្រូវដាក់ពាក្យស្នើសុំទិដ្ឋាការសម្រាប់ដៃគូកម្ពុជា ក្រោយបញ្ចប់ដំណើរការតាមនីតិវិធីរួច៕
ប្រែសម្រួលដោយ ភួន ច័ន្ទសេរីវុធ