28 C
Phnom Penh

របាយការណ៍​របស់​អាមេរិក​បង្ហាញ​ថា លទ្ធិ​ប្រជា​​ធិប​តេយ្យ​​ ក្នុង​ប្រទេស​​កម្ពុជា​មិន​ល្អ​​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​របាយការណ៍​ថ្មី​ស្ដី​ពី​ទំនាក់​ទំនង​កម្ពុជា​-សហ​រដ្ឋ​អាមេរិក​ ដែល​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​កាល​ពី​សប្ដាហ៍​មុន​សម្រាប់​សភា​សហ​រដ្ឋ​អាមេរិក​​ ប្រព័ន្ធ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​មាន​ប្រជាធិបតេយ្យ​តិច​តួច ហើយ​សិទ្ធិ​មនុស្ស​​ក៏​ត្រូវ​បាន​រារាំង​ផង​ដែរ​ ខណៈ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន កំពុង​ពង្រឹង​ភាព​ខ្លាំង​របស់​ខ្លួន​តាម​រយៈ​ឥទ្ធិពល​ និង​ការ​បំភិត​បំភ័យ​ជា​ពិសេស​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​ជាតិ​នា​ថ្ងៃ​ទី​២៨​​ ខែ​កក្កដា​។

របាយការណ៍​នេះ​បាន​​​លើក​ឡើង​ពី​​ការ​ដែល​មិន​អាច​មក​ចូល​រួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​របស់​លោក សម រង្ស៊ី មេដឹក​នាំ​គណ​បក្ស​ប្រឆាំង បញ្ជី​​ឈ្មោះ​​បោះ​ឆ្នោត​មិន​ពេញ​លេញ​ និង​មាន​ចន្លោះ​ប្រហោង​ ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​របស់ណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​​ជា​មួយ​គណបក្ស​កាន់​អំណាច​ និង​​សេចក្តី​​សម្រេច​​នា​ពេល​ថ្មី​ៗ​នេះ​​របស់​រដ្ឋាភិបាល​​ដែល​បាន​ដក​សមាជិក​ភាព​របស់​សមាជិក​សភា​ចំនួន​២៧​រូប​​មកពី​​គណ​បក្ស​ប្រឆាំង​​ចេញ​ពី​រដ្ឋ​សភា ជា​ទង្វើ​មួយ​ដែល​​​រង​ការ​ថ្កោល​ទោស​ភ្លាម​ៗ​ពី​សហ​រដ្ឋ​អាមេរិក​។

របាយការណ៍​ដែល​សរសេរ​ដោយ​លោក ​ថូម៉ាស់ ឡាំ​ (Thomas Lum) អ្នក​ជំនាញ​ផ្នែក​កិច្ច​ការ​នៅ​តំបន់​អាស៊ី​​របស់​សេវា​កម្ម​ស្រាវ​ជ្រាវ​នៃ​សភា​សហ​រដ្ឋ​អាមេរិក​ ដែល​បាន​ស្រាវ​ជ្រាវ​ឲ្យ​សភា​សហ​រដ្ឋ​អាមេរិក​លើក​ទី​១១៣​នា​ពេល​បច្ចុប្បន្ន​​​ បាន​លើក​ឡើង​ថា លោក ហ៊ុន សែន កំពុង​ពង្រឹង​នយោបាយ​របស់​ខ្លួន​តាម​រយៈ​ការ​ផ្សា​ភ្ជាប់​នៃ​ជ័យ​ជម្នះ​ការ​បោះ​ឆ្នោត​​
ឥទ្ធិពល​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​ប្រព័ន្ធ​តុលាការ ​​ការ​ប្រើ​កល​ល្បិច​នយោបាយ​ ការ​បំភិត​បំភ័យ​គូ​ប្រជែង​​ ការ​ប្រើ​ទឹក​លុយ​ និង​​ការ​គំរាម​កំហែង​ផ្នែក​សេដ្ឋកិច្ច”។

របាយការណ៍​នេះ​បាន​លើក​ឡើង​ថា អ្នក​រិះ​គន់​មួយ​ចំនួន​បាន​ជំទាស់​ថា​ នៅ​ពេល​ដំណើរ​ការ​បោះ​ឆ្នោត​មាន​ភាព​ប្រសើរ​ឡើង​ លោក ហ៊ុន សែន បាន​ទាញ​យក​ប្រយោជន៍​ពី​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ដោយ​អយុត្តិ​ធម៌​តាម​រយៈ​ការ​គ្រប់​គ្រង​របស់​លោក​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ការយាយី​​គូ​ប្រជែង​នយោបាយ ការ​រិះគន់​ និង​អង្គការ​សង្គម​ស៊ីវិល​​។

របាយការណ៍​នេះ​បាន​លើក​ឡើង​បន្ត​ថា ទោះ​បី​ជា​គណបក្ស​ប្រឆាំង​អាច​​​ទទួល​បាន​អាសនៈ​រដ្ឋ​សភា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣​ខាង​មុខ​ តាម​រយៈ​​ការ​បង្កើត​រណសិរ្ស​បង្រួប​បង្រួម​ និង​ការ​ធ្វើ​ឲ្យ​អ្នក​បោះ​ឆ្នោត​មិន​សប្បាយ​ចិត្ត​ទាំង​នៅ​តាម​ទី​ជន​បទ​ និង​ទីក្រុង​ក៏​ដោយ​ ក៏​​ការ​​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ហាក់​​ដូច​ជា​​មាន​ការ​​ធានា​រួច​ទៅ​ហើយ​។ របាយការណ៍​នេះ​​បាន​បន្ត​ទៀត​ថា “ អ្នក​អង្កេត​ការណ៍​មួយ​ចំនួន​​ជឿ​ជាក់​ថា ភាព​យុត្តិ​ធម៌​​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ​​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​​រួច​ទៅ​ហើយ​”។

​របាយការណ៍​របស់​សេវា​កម្ម​ស្រាវ​ជ្រាវ​របស់​សភា​​សហ​រដ្ឋ​អាមេរិក​បាន​លើក​ឡើង​ពី​បញ្ហា​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​កម្មវិធី​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​​របស់​ប្រទេស​កម្ពុជា​ ការ​បន្ត​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស​ដ៏​ច្រើន​​ ឥទ្ធិពល​នៃ​វិនិយោគិន​ចិន​ក្នុង​ប្រទេស​កម្ពុជា​ និង​ការ​ចូល​ជ្រៀត​ជ្រែក​របស់​រដ្ឋាភិបាល​ក្នុង​សាលា​ក្ដី​ខ្មែរ​ក្រហម​ ដែល​សហ​រដ្ឋ​អាមេរិក​ជា​ម្ចាស់​ជំនួយ​បរទេស​ធំ​ទី​៣​នោះ​។

របាយការណ៍​នេះ​ក៏​បាន​ចង្អុល​បង្ហាញ​ពី​ភាព​លំបាក​នៃ​សេដ្ឋកិច្ច​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​ផង​ដែរ​។
របាយការណ៍​នេះ​​បាន​លើក​ឡើង​ថា “​ ដើម្បី​​ធ្វើ​ឲ្យ​មាន​ការ​វិវឌ្ឍ​ប្រកប​ដោយ​តុល្យ​ភាព​ និង​ជឿន​លឿន​ និង​ធ្វើ​ឲ្យ​មាន​វិនិយោគ​ទុន​បរទេស​ច្រើន​នោះ​ ត្រូវ​ដោះ​ស្រាយ​បញ្ហា​​​មួយ​ចំនួន​ដូច​ជា​ការ​អប់​រំ​ និង​សុខភាព​សាធា​រណៈ​​ សមត្ថភាព​រដ្ឋាភិបាល​នៅ​ទាប​​ ស្ថាប័ន​ហិរញ្ញ​វត្ថុ​​​​​ និង​ច្បាប់​នៅ​​ទន់​​ខ្សោយ​ ហេដ្ឋា​រចនាសម្ព័ន្ធ​មិន​ទាន់​មាន​គ្រ​ប់​គ្រាន់​ និង​អំពើ​ពុក​រលួយ​ដែល​កើត​មាន​ក្នុង​ជួរ​​​មន្ត្រី​រដ្ឋាភិបាល​។​​

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​រដ្ឋាភិបាល​កម្ពុជា​កោត​សរសើរ​ពី​ក្ដី​ព្រួយ​បារម្ភ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នេះ​​ សហ​រដ្ឋ​អាមេរិក​គួរ​តែ​ដឹង​ថា ប្រទេស​កម្ពុជា​ឥឡូវ​នេះ​កំពុង​តែ​មាន​ភាព​ប្រសើរ​ឡើង​។ លោក​បាន​លើក​ឡើង​ថា “ សហ​រដ្ឋ​អាមេ​រិក​បាន​ក្លាយ​ជា​ដៃ​គូ​ដ៏​ល្អ​មួយ​​ ប៉ុន្តែ​ភាព​ជា​ដៃ​គូ​មិន​មែន​​គ្រាន់​តែ​រវាង​រដ្ឋាភិបាល​នោះ​ទេ​ ក៏​ជាមួយ​ប្រជា​ពល​រដ្ឋ​ផង​ដែរ​។ បញ្ហា​ដែល​ពួក​គេ​លើក​ឡើង​គឺ​គួរ​ឲ្យ​កោត​សរសើរ​ ប៉ុន្តែ​ដៃ​គូ​របស់​យើង​​ គឺ​សហ​រដ្ឋ​អាមេរិក​គួរ​តែ​ស្វែង​យល់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ រាល់​ថ្ងៃ​យើង​កំពុង​តែ​ធ្វើ​ឲ្យ​របៀប​រស់​នៅ​របស់​យើង​​មាន​ភាព​ប្រសើរ​ឡើង​បន្តិច​ម្ដង​ៗ​។ យើង​បាន​ធ្វើ​ឲ្យ​សន្តិភាព​ និង​ស្ថិរភាព​នយោ​បាយ​របស់​យើង​មាន​ភាព​ប្រសើរ​ឡើង​”។

លោក​បាន​បន្ថែម​ថា នៅ​ពេល​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បោះ​ឆ្នោត​នេះ​ ការ​បោះ​ឆ្នោត​នេះ​ គឺ​សម្រាប់​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​សម្រាប់​គណបក្ស​​ប្រឆាំង​។ ការ​បោះ​ឆ្នោត​នេះ​ គឺ​សម្រាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ មិន​មែន​ជន​បរទេស​ឡើយ​ និង​ដើម្បី​ធ្វើ​ឲ្យ​របៀប​រស់​នៅ​ និង​នយោបាយ​មាន​ភាព​ប្រសើរ​ឡើង​។ ការ​បោះ​ឆ្នោត​នេះ​គឺ​សម្រាប់​​សង្គម​ប្រជា​​ធិបតេយ្យ​មួយ និង​សម្រាប់​ប្រជា​ពល​រដ្ឋ​ទាំងអស់​”។

របាយការណ៍​នេះ​​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​ដ៏​ប្រុង​ប្រយ័ត្ន​មួយ​កាលពី​ថ្ងៃ​ពុធ​របស់​សហភាព​អឺរ៉ុប​ដែល​បាន​ណែនាំ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ចាត់​វិធាន​ការ​ដើម្បី​ធានា​ឲ្យ​បាន​ថា ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា គឺ​សេរី​និង​យុត្តិធម៌​។ ក្រសួង​ការ​បរទេស​បាន​​ឆ្លើយ​តប​ភ្លា​ម​ៗ​ដោយ​បាន​រិះ​គន់​យ៉ាង​ខ្លាំង​ និង​បាន​ចោទ​ប្រកាន់​សហ​ភាព​អឺរ៉ុប​ថា បាន​ជ្រៀត​ជ្រែក​ចូល​ក្នុង​អធិប​តេយ្យភាព​របស់​ប្រទេស​កម្ពុជា​ និង​​បាន​ការ​ពារ​ភាព​យុត្តិធម៌​នៃ​ការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ​នេះ​​។

ប៉ុន្តែ​ របាយការណ៍​​របស់​សភា​សហ​រដ្ឋ​អាមេរិក​មិន​មែន​សុទ្ធ​តែ​រិះ​គន់​កម្ពុជា​ទាំង​អស់​នោះ​ទេ​។ របាយការណ៍​នេះ​​បាន​លើក​ឡើង​ថា​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​មួយ​ចំនួន​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​​មក​នេះ​​ ហើយ​បាន​លើក​ឡើងថា ​រដ្ឋបាល​របស់​លោក បារ៉ាក់ អូបាម៉ា​ (Barack Obama)​ ប្រធានា​ធិបតី​អាមេរិក​បាន​ចាត់​វិធាន​ការ​​ពង្រឹង​ទំនាក់​ទំនង​​ ​មួយ​​ផ្នែក​ដោយ​សារ​ឥទ្ធិ​ពល​របស់​ប្រទេស​ចិន​មក​លើ​រដ្ឋាភិបាល​រាជ​ធានី​ភ្នំពេញ​។

របាយការណ៍​នេះ​​បាន​លើក​ឡើង​ថា “​​​ ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​​មក​នេះ ​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នៅ​ក្នុង​វិស័យ​មួយ​ចំនួន​​ដែល​​ជា​ចំណាប់​អារម្មណ៍​និង​​កង្វល់​​របស់​សហ​រដ្ឋ​អាមេរិក​ រួម​មាន​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ការ​អភិវឌ្ឍ​នៃ​សង្គម​ស៊ីវិល ការ​ការ​ពារ​សិទ្ធិ​​កម្មករ​ ការ​នាំ​យក​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​មក​ផ្ដន្ទាទោស​ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខភាព​សាធា​រណៈ​។ ​ក្រោយ​ពី​​មាន​ស្ថិរភាព​ និង​ភាព​ចម្រុង​ចម្រើន​ លោក ហ៊ុន សែន និង​គណបក្ស​ប្រជា​ជន​កម្ពុជា​ទំនង​ជា​ទទួល​​​បាន​ការ​គាំទ្រ​​ជា​ច្រើន​​ ជា​ពិសេស​នៅ​តាម​ទី​ជនបទ​”។

លោក ចន ស៊ីម៉ុន ​(John Simmons) អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​​របាយការណ៍​នេះ​ឡើយ ដោយ​លើកឡើង​ថា លោក​មិន​បាន​ឃើញ​របាយការណ៍​នេះ​​ទេ​ ហើយ​​​លោក​បែរ​ជា​​បាន​លើក​ឡើង​​ថា ស្ថាន​ទូត​មាន​​​ក្ដី​ព្រួយ​បារម្ភដូច​ដែលត្រូវបា​​នលើក​ឡើង​ដោយ​​​​​លោក​ លីនសី ហ្គ្រាហាម (Lindsey Graham) និង​លោក ម៉ារកូ រ៉ូប៊ីយ៉ូ (Marco Rubio) ​ព្រឹទ្ធសភា​សហ​រដ្ឋ​អាមេរិក​ដែល​បាន​​ព្រាង​​សេចក្តី​សម្រេច​​ឲ្យ​ព្រឹទ្ធសភា​កាលពី​ថ្ងៃ​ទី​៧ ខែ​មិថុនា ដែល​ស្នើ​ឲ្យ​សហ​រដ្ឋ​អាមេរិក​ដក​ជំនួយ​បរទេស​របស់​ខ្លួន​ដោយ​សារ​តែ​របាយការណ៍​សិទ្ធិ​មនុស្ស​មិន​ល្អ​​របស់​ប្រទេស​​កម្ពុជា និង​ដោយ​សារ​តែ​គ្មាន​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នោះ​។

លោក​បាន​មាន​ប្រសាសន៍​ថា​​ “ ខ្ញុំ​មិន​អាច​និយាយ​អំពី​បញ្ហា​នេះ​បានទេ​ឥឡូវ​នេះ។ខ្ញុំ​ត្រូវ​ការ​មើល​របាយការណ៍​នេះ​សិន​ យើង​មាន​ក្ដី​ព្រួយ​បារម្ភ​ដូច​គ្នា​នឹង​កង្វល់​​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​​សម្រេច​របស់​ព្រឹទ្ធសភា​​អ៊ីចឹង៕

ប្រែ​សម្រួល​ដោយ ស៊ា ស៊ុយឈាង

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស