30 C
Phnom Penh

ដោយ​មាន​សម្ពាធ​ពីអាមេរិក បម្រាម​លើ​​វិទ្យុ​បរទេសត្រូវ​បាន​ដក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃសៅរ៍ ក្រសួង​ព័ត៌មាន​បាន​ដក​បម្រាម​របស់​ខ្លួន​ហាម​ឃាត់​មិន​ឲ្យ​មាន​​ការ​ផ្សព្វផ្សាយ​បន្ត​ពី​កម្ម​វិធី​វិទ្យុ​បរទេស​ជា​ភាសា​ខ្មែរ​ទាំង​អស់​តាម​រយៈ​ស្ថានីយវិទ្យុ​អេហ្វអឹម​នានា​ អំឡុង​ពេល​​មួយ​ខែ​មុន​ការ​​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ដោយ​សារ​តែ​​មាន​​ការ​រិះ​គន់​ដ៏​ខ្លាំង​ៗ​​ និង​ភ្លាមៗ​ពី​សហរដ្ឋ​អាមេរិក​ ​និង​វិទ្យុបរទេស​​ដោយ​ផ្ទាល់។

ក្រសួង​ព័ត៌មាន​បាន​ចុះ​​ហត្ថលេខា​ក្នុង​បម្រាមនេះ​កាលពី​ថ្ងៃអង្គារ​ ហើយ​បាន​ប្រកាស​​កាលពី​ថ្ងៃសុក្រ ដោយ​អះ​អាង​ថា ការ​ហាម​ឃាត់​លើ​កម្មវិធី​បរទេស​ទាំង​អស់​ចាំ​បាច់​ត្រូវ​តែ​មាន​ដើម្បី​ធានា​ឲ្យ​បាន​ថា ការ​ផ្សព្វ​​​​ផ្សាយ​​អំពី​ការ​បោះ​ឆ្នោត​ពិត​ជា​មាន​អព្យា​​ក្រឹត និង​បាន​ព្រមាន​ថា នឹង​ចាត់​វិធានការ​ផ្លូវ​​ច្បាប់​​ចំពោះ​​វិទ្យុ​ណា​មួយ​ដែល​បំពាន​​បម្រាម​នេះ​។

កាលពី​ថ្ងៃសៅរ៍ ក្រសួង​ព័ត៌មាន​បាន​ឆ្លើយ​​តប​ចំពោះ​ការ​ខ្វែង​គំនិត​គ្នា​​អំពី​​បម្រាម​នេះ​ ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ប្រកាស​​អំពី​បម្រាម​នេះ​។

ក្រសួង​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​​​ការណ៍​ដ៏ខ្លី​ ដែល​គ្មាន​ការ​ចុះ​ហត្ថលេខា​មួយ​ថា “ យោង​តាម​សំណើ​ដែល​ស្នើឲ្យ​ក្រសួង​ [អនុញ្ញាត]​ ឲ្យ​​មាន​ការ​ផ្សាយកម្ម​វិធី​ជា​​ភាសា​ខេមរ​​ទាំង​អស់​តាម​រយៈស្ថានីយវិទ្យុ​អេហ្វ​អឹម ក្រសួង​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ស្ថានីយវិទ្យុ​អេហ្វ​អឹម​ទាំង​អស់​ដែល​បាន​ជួល​ម៉ោង​ផ្សាយ​​​ទៅ​ឲ្យ​កម្មវិធី​បរទេស​​បន្ដ​ផ្សព្វផ្សាយ​ជា​ធម្មតា​ឡើង​វិញ​ចាប់​ពេល​នេះ​តទៅ”។

​កាលពី​ថ្ងៃសុក្រ ​មាន​ប្រតិបត្តិកម្ម​ភ្លាមៗ​​ចំពោះ​ព័ត៌មានអំពី​​បម្រាម​​ដែល​មាន​​រយៈ​ពេល​មួយ​ខែ​​លើ​កម្ម​វិធី​វិទ្យុ​បរទេស​នេះ​។​
​នៅ​ឯ​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​វ៉ាស៊ីន​តោន កាលពីថ្ងៃសៅរ៍​ លោក ប៉ាទ្រីក វេន​ត្រេល  (PatricK Ventrell) បាន​លើក​ឡើង​ថា បម្រាម​នេះ​ នឹង​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​នៃការ​បោះ​​ឆ្នោត​ដែល​នឹង​មក​ដល់​ឆាប់​ៗ​នេះ​ជួប​បញ្ហា​។

លោក​បាន​មាន​ប្រសាសន៍​ថា “ បម្រាម​​នេះ​​ធ្វើ​ឲ្យ​ប៉ះពាល់​ដ៏​ធ្ងន់​ទៅ​លើ​សេរី​ភាព​សារ​ព័ត៌មាន​ និង​សេរី​ភាព​នៃការ​បញ្ចេញ​មតិ​​ ហើយ​ផ្ទុយ​ទាំង​​ស្រុង​​ពី​​ស្មារតី​នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ដ៏​ល្អប្រសើរ​”។ លោក​បាន​បន្ត​ថា “ យើង​ព្រួយ​បារម្ភយ៉ាង​ខ្លាំង​ចំពោះ​ការ​បោះ​ឆ្នោត​នេះ​ ហើយយើង​​នឹង​ជំរុញ​ឲ្យ​​រាជរដ្ឋាភិបាល​កម្ពុជា​ពិចារណា​អំពី​​សេចក្តី​​សម្រេច​​នេះ​ឡើង​វិញ​​”។
លោក វេនត្រេល​ ​លើក​ឡើង​ថា ស្ថាន​ទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​​​សូម​សម្តែង​នូវ​​​ការ​​ព្រួយ​បារម្ភ​របស់​ខ្លួន​​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ដោយ​ផ្ទាល់​។

ថ្វី​បើមាន​​ការ​ព្រួយ​បារម្ភទាំង​នោះ​ក្តី​ មន្ត្រី​រដ្ឋាភិបាល​ កាល​ពី​ម្សិល​មិញមិន​បាន​និយាយ​ថា គួរតែ​​ស្តី​បន្ទោស​នរណា​ម្នាក់​​ឡើយ​​​​​​ចំពោះ​​បម្រាម​នេះ។ ​បម្រាម​នេះត្រូវ​បាន​ចុះ​ហត្ថ​លេខា​ដោយ ​រដ្ឋលេខា​ធិការ​ក្រសួង​ព័ត៌មាន​ និង​រដ្ឋមន្ត្រី​ស្តី​ទី​គឺលោក អ៊ុក ប្រាថ្នា កាលពី​ថ្ងៃ​អង្គារ​។ ទោះ​​ជា​យ៉ាង​ណា​ សេចក្តី​​ប្រកាស​ដក​បម្រាម​នេះ​ កាល​ពី​ថ្ងៃសៅរ៍ គ្មាន​នរណា​ម្នាក់​​ចុះ​ហត្ថ​លេខា​​ឡើយ​ ហើយ​ក៏​គ្មាន​ឈ្មោះ​​មន្ត្រី​ណា​ម្នាក់​​ដែរ។

នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុករបស់​លោក​ដែល​បាន​បង្ហោះ​កាលពីព្រឹក​ម្សិលមិញ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​​បាន​មាន​ប្រសាសន៍ថា លោក​មិន​មាន​ការ​ទទួល​ខុស​ត្រូវលើ​ការ​សម្រេច​ចិត្ត​ ដែល​បាន​ចេញ​បម្រាម​នេះ​ឡើយ​ ហើយ​ក៏​គ្មាន​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​ដក​បម្រាម​នេះ​ដែរ​ និង​បាន​បដិសេធ​មិន​និយាយ​​ថា ​សេចក្តី​សម្រេច​នេះ​ជា​​សេចក្តី​​សម្រេច​របស់​នរណា​ឡើយ​។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសា​សន៍​ថា “ កាលពី​យប់​មិញ ក្រសួង​ព័ត៌មាន​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ស្ថានីយវិទ្យុ​អេហ្វអឹម​ទាំង​អស់​បន្ត​ការ​ផ្សាយ​កម្មវិធី​វិទ្យុ​បរទេស​ឡើង​វិញ​។ ប៉ុន្តែ ខ្ញុំ​មិន​មែន​ជាអ្នក​សម្រេច​ផ្អាក និង​កែប្រែ​​ការ​​សម្រេច​នេះ​ឡើយ​។

​លោក ប្រាថ្នា មិន​អាច​ទាក់​ទង​សុំ​អត្ថា​ធិប្បាយ​​​​​​​បាន​ឡើយ​ ហើយ​មន្ត្រី​ផ្សេងៗ​ទៀត​នៃក្រសួង​ព័ត៌មាន​ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ដែរ​។ លោក ទេព នីថា អគ្គលេខា​ធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​​បាន​លើក​ឡើង​ថា ការិយាល័យ​របស់​លោក​មិន​ជាប់​ពាក់​ព័ន្ធនឹង​បម្រាម​នេះ​ឡើយ​ ​ហើយ​បាន​បង្វែរ​សំណួរ​នេះ​ទៅ​ឲ្យ​ក្រសួង​ព័ត៌មាន​វិញ​។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយចេញ​កាល​ពី​ម្សិល​មិញ វិទ្យុ​សំឡេង​សហរដ្ឋ អាមេរិក​ (VOA) ជា​វិទ្យុ​​​ផ្លូវ​ការ​របស់​​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​​បាន​ផ្កោល​ទោស ​ចំពោះ​អ្វី​ដែល​ខ្លួន​ចាត់​ទុក​ថា ជាការ​ប៉ុន​ប៉ង​មួយ​ ដើម្បី​រារាំង​អ្នក​បោះ​ឆ្នោត​មិន​ឲ្យ​ស្តាប់​ព័ត៌មាន​ដែល​គួរ​ឲ្យ​​ទុក​ចិត្ត​។ វិទ្យុ​អាស៊ីសេរី​ (RFA)​ដែលទទួល​​បាន​ការ​ឧបត្ថម្ភ​មួយ​ផ្នែក​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដែរ​នោះ បាន​ចាត់​ទុក​បម្រាម​នេះ​ថា “ ជា​ការ​វាយ​ប្រហារ​ដ៏​ធ្ងន់​បំផុត​លើ​​សេរី​ភាព​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​សព្វ​ថ្ងៃ​ និង​ជាយុទ្ធសាស្ត្រ​មិន​ល្អមួយ​ ដើម្បី​បំបិទ​មានត់​ការ​មិន​ពេញ​ចិត្ត​ផ្សេងៗ និង​សំឡេង​ផ្សេងៗទៀត​ ដែល​ឆ្លុះ​បញ្ចាំង​ពី​សង្គម​បើក​ចំហ និង​សេរី​មួយ​។

ក្រុម​ប្រឹក្សា​ភិបាល​នៃ​ប្រព័ន្ធ​ផ្សាយ​សំឡេង​ ដែល​គ្រប់​គ្រង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​អស់​ ដែលគាំទ្រ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ​និង​លោក ចន ឃើរី (John Kerry)​ រដ្ឋមន្ត្រី​ការ​បរទេស​​អាមេរិក​​បាន​លើក​ឡើង​ថា បម្រាម​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​កម្មវិធី​បរទេស​គឺ​ “ ធ្វើ​ឲ្យ​ខូច​ភាព​ស្រប​ច្បាប់​របស់​ខ្លួន និង​​ជាការ​បដិសេធ​ទាំង​ស្រុង​ចំពោះ​លទ្ធិ​ប្រជា​ធិប​តេយ្យ​​ដែល​ខ្លួន​អះ​អាង​ថា កំពុង​​អនុវត្ត​នោះ​”។

គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា​ អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ និង​អង្គការ​សិទ្ធិ​មនុស្ស​​​​នានា​ ក៏​បាន​ផ្កោល​ទោស​ចំពោះ​បម្រាម​​នេះ​ដែរ ​​​​ព្រោះគ្មាន​​​មូល​ដ្ឋាន​ច្បាប់​ ហើយ​លើក​​​ឡើង​​​​​ថា បម្រាម​នេះ​រំលោភ​បំពាន​​រដ្ឋធម្មនុញ្ញ។ ច្បាប់​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​ហាម​​ឃាត់​មិន​ឲ្យ​មាន​ការ​​ចាប់​ពិរុទ្ធ​លើ​ការ​​ចេញ​​ផ្សាយ​​ជា​មុន​ណាមួយទេ​។ បម្រាម​នេះ​វា​មិន​មែន​ជា​បទ​បញ្ជា​លើក​ទី១​​របស់​រដ្ឋាភិបាល​កម្ពុជា​នោះទេ​។

​ក្រសួង​ព័ត៌មាន​បញ្ជា​មិន​ឲ្យ​ស្ថានីយ​វិទ្យុ​អេហ្វ​​អឹម​នានាផ្សាយ​ពី​កម្ម​វិធី​របស់​វិទ្យុ​បរទេស​​​គឺ​វិទ្យុសំឡេង​សហ​រដ្ឋ​អាមេរិក​ និង​អាស៊ី​សេរី​ នៅមួយ​ថ្ងៃ​មុន​ និង​នៅ​ថ្ងៃបោះ​ឆ្នោត​ឃុំ-សង្កាត់​កាលពី​ឆ្នាំមុន​។ ក្រសួង​ក៏​បាន​កាត់​ផ្តាច់​កម្មវិធី​របស់​វិទ្យុ​សំឡេង​ប្រជា​ធិបតេយ្យ​ (VOD)​ ស្តី​ពី​ភាព​មិន​ប្រក្រតីនៃ​ការ​​​បោះ​ឆ្នោតនៅ​តាម​ការិយាល័យ​​បោះ​ឆ្នោត​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​មិន​ឲ្យ​ផ្សព្វ​ផ្សាយ​ផងដែរ​។

ស្ថានទូត​សហរដ្ឋអាមេរិក​ កាលពី​ម្សិល​មិញ​ ​បាន​ស្វាគមន៍​​សេចក្តី​​សម្រេច​របស់​ក្រសួង​​ព័ត៌មាន​​​ក្នុង​ការ​​ដក​បម្រាម​របស់​ខ្លួន​ចាប់​ពី​​​ពេល​នេះ​ទៅ។

លោក ចន ស៊ីម៉ុន (John Simmons)​អ្នក​នាំ​ពាក្យ​​ស្ថាន​ទូត​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​​ថា “ នេះ​គឺ​ជាការ​អភិវឌ្ឍ​វិជ្ជមាន​មួយ​ដែល​ដើរ​ស្រប​តាម​តម្រូវ​ការ​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ប្រជា​ធិប​តេយ្យ”។ លោក​​បាន​បន្ត​ថា “ យើង​​ជំរុញ​​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​​ធានា​​​ពី​សេរី​ភាព​សារព័ត៌មាន​ឲ្យ​បាន​ពេញ​លេញ​ រួម​ទាំង​អំឡុង​យុទ្ធនាការ​ឃោសនា​​បោះ​ឆ្នោត​រហូត​ដល់​ថ្ងៃបោះ​ឆ្នោត​ និង​​ជំរុញ​ឲ្យ​​ចាត់​វិធាន​ការ​ផ្សេងៗ​ដែល​មាន​ការ​ផ្តល់​អនុ​សាសន៍​​ពី​​ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជា​​​ជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា។

លោក ស៊ីម៉ុន បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ថា ​ស្ថានទូត​អាមេរិក​មាន​ទំនាក់​ទំនង​​​ដោយ​ផ្ទាល់​យ៉ាង​ដូច​ម្តេច​​ជាមួយ​រដ្ឋា​ភិបាល​អំពី​បម្រាម​នេះ​ទេ​ចាប់​ពី​ថ្ងៃ​សុក្រ​មក​។

លោក​ គល់ បញ្ញា នាយក​គណៈកម្មាធិការ​​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិ​ធម៌ក៏បាន​ស្វាគមន៍​ការ​សម្រេច​ដក​បម្រាម​នេះ​របស់​ក្រសួង​ព័ត៌មាន​ផងដែរ។ លោក​​មាន​ប្រសាសន៍ថា “ វិទ្យុ​ដើរ​តួ​យ៉ាង​​​សំខាន់​បំផុត​ ព្រោះ​វា​ងាយ​ស្រួល​ដល់​ពួក​គាត់​​[អ្នក​បោះ​ឆ្នោត​]ទទួល​បាន​ដំណឹង​ពី​វិទ្យុ​អេហ្វ​​​អឹម​នានា​ ហេតុ​ដូច្នេះ​ខ្ញុំ​គិត​ថា នេះ​គឺ​ជា​ទង្វើ​វិជ្ជមាន​មួយ​​”។​លោក​​បន្ថែម​ថា “ ប្រសិន​បើ​​​បម្រាម​នេះ​នៅ​តែ​អនុវត្ត​នោះ គណបក្ស​កាន់​អំណាច​ ​នឹង​ផ្សាយ​តែពី​ព័ត៌មាន​របស់​ខ្លួន​ ហើយ​​​វា​នឹង​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​ចំពោះ​ព័ត៌មាន​ ដែល​​ប្រហែល​ជា​ព័ត៌មាន​មិន​ពិត​នោះ​”។

លោក គល់​ បញ្ញា បាន​ថ្លែង​ថា “ ស្ថានីយ​វិទ្យុជា​ច្រើន​គឺ​លម្អៀង​ទៅ​រក ​[គណ​បក្ស​ប្រជា​​ជន​កម្ពុជា​]​ និងមិន​ឯក​រាជ្យ​ឡើយ​ ហេតុដូច្នេះ​ហើយ​ [បម្រាមនេះ]​ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខ្លាំង​ណាស់​។ វា​ពិត​ជា​ប៉ះ​ពាល់​ដល់​ភាព​​ត្រឹម​ត្រូវ​នៃការ​បោះ​ឆ្នោត​”។
លោក ប៉ា ងួនទៀង ប្រធាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ក៏​យល់​ស្រប​ដែរថា “  ប្រសិន​​​​បើ​គ្មាន​វិទ្យុ​ឯករាជ្យ​មួយ​ចំនួន​នេះ​ទេ ការ​ផ្សព្វ​​ផ្សាយ​ព័ត៌មាន​ទាំង​អស់ នឹង​ចេញ​មក​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​រដ្ឋាភិបាល​តែមួយ​គត់ ហើយ​​វា​មាន​ភាព​លម្អៀង​ខ្លាំង​ណាស់​។
លោក​ ប៉ា ងួនទៀង បាន​មាន​ប្រសាសន៍​ថា ភាព​ចាំបាច់​សម្រាប់​ការ​ផ្សព្វ​ផ្សាយ​ដោយ​ឯករាជ្យ​ពីការ​បោះ​ឆ្នោត​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​​​​កង្វល់​ដែល​ត្រូវ​បាន​លើក​ឡើង​ពាក់​ព័ន្ធ​នឹង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​ក្នុង​ឆ្នាំ​នេះ​។ អង្គការ​ឃ្លាំ​មើល​ការបោះ​ឆ្នោត​​ដែល​បាន​ត្រួតពិនិត្យ​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​​បាន​លើក​ឡើង​ថា អ្នក​បោះ​ឆ្នោត​ជាង​១លាន​នាក់​​ប្រហែល​ជា​​គ្មាន​សិទ្ធិ​បោះ​ឆ្នោត​ឡើយ ដោយ​​សារតែ​កំហុស​ជា​ច្រើន​ ដែល​ប្រហែល​ធ្វើ​ឲ្យ​​​ការ​បោះ​ឆ្នោត​ជាតិ​លើក​នេះ​គ្មាន​ភាព​យុត្តិ​ធម៌​​បំផុត​ក្នុង​រយៈពេល​២០ឆ្នាំ​កន្លង​មក​នេះ។

លោក​បានមាន​ប្រសាសន៍​​បន្ថែម​​ថា ហើយ​ទោះ​បី​ជា​​មាន​​ការ​ដក​បម្រាម​នេះ​ក៏ដោយ ក៏​ស្ថានីយ​វិទ្យុ​អេហ្វអឹមជាច្រើន​នៅ​តែ​លម្អៀង​​ទៅ​រកគណបក្ស​ប្រជាជន​កម្ពុជា​ដែរ។លោក​បាន​បន្ថែមទៀត​​ថា “ ទោះ​បី​ជា​​គេ​ដក​បម្រាម​នេះ​ក្តី​ តែ​វា​នៅ​តែ​គ្មាន​​តុល្យ​ភាព​ដដែល​​៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស