ក្រសួងព័ត៌មានបានចេញបម្រាមមិនឲ្យផ្សព្វផ្សាយរាល់កម្មវិធីជាខេមរភាសាទាំងអស់ពីស្ថានីយវិទ្យុបរទេសសម្រាប់អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតទាំង៣១ថ្ងៃ និងនៅថ្ងៃបោះឆ្នោត គឺថ្ងៃទី២៨ ខែកក្កដា ដោយព្រមានថា នឹងចាត់វិធានការផ្លូវច្បាប់ប្រសិនបើស្ថានីយវិទ្យុណាមិនអនុវត្តតាមនោះ។
ដោយបានប្រកាសកាលពីថ្ងៃ សុក្រ បម្រាមនេះបានបិទភ្លាមៗនូវការផ្សាយសំឡេងតាមវិទ្យុជាខេមរភាសាពីវិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុសំឡេងអាស៊ីសេរី និងវិទ្យុសំឡេងបារាំងអន្តរជាតិ ដែលត្រូវបានផ្សាយបន្តនៅ ក្នុងប្រទេសកម្ពុជាតាមរយៈស្ថានីយមួយចំនួនដូចជា វិទ្យុសម្បុកឃ្មុំ អេហ្វអឹម១០៥និងវិទ្យុរបស់មជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា អេហ្វអឹម ១០២។
អ្នកស្រី ស្រី ណៅ បុគ្គលិកវិទ្យុសម្បុកឃ្មុំបានមានប្រសាសន៍ថា “ បុរសម្នាក់មកពីក្រសួងព័ត៌មានបានទូរស័ព្ទមកខ្ញុំ ហើយ…បាននិយាយថា យើងត្រូវតែផ្អាក [ការផ្សាយ]”។ អ្នកស្រីបានបន្ថែមថា មានការហៅទូរស័ព្ទមកនោះនៅម៉ោងប្រហែល៩យប់ថ្ងៃសុក្រ។
អ្នកស្រីមានប្រសាសន៍ថា “ គាត់មិនបានប្រាប់ខ្ញុំពីឈ្មោះរបស់គាត់ទេ គាត់គ្រាន់តែទូរស័ព្ទមកខ្ញុំ ហើយសួរខ្ញុំថា ហេតុអ្វីបានជាយើងមិនបានផ្អាកការផ្សាយ ដូចជាវិទ្យុអាស៊ីសេរី ជាដើម នេះ ពីព្រោះក្រសួងព័ត៌មានបានប្រកាសថា ការផ្សាយនេះ [ត្រូវបានហាមឃាត់] ហើយ”។
អ្នកស្រី ជា ស៊ុនវ៉ានេត នាយិកាវិទ្យុព័ត៌មានស្ត្រីកម្ពុជា អេហ្វអឹម ១០២ បានអះអាងថា ស្ថានីយរបស់អ្នកស្រីត្រូវតែផ្អាកការផ្សាយកម្មវិធីពីវិទ្យុបរទេសចាប់ពីល្ងាចថ្ងៃសុក្រទៅ បន្ទាប់ពីទទួលបានលិខិតរបស់ក្រសួងមក។ អ្នកស្រី ស៊ុនវ៉ាន់នេត បានមានប្រសាសន៍ថា “ ចាស យើងបានផ្អាកការផ្សាយចាប់ពីម៉ោង ៨និង៣០នាទីយប់ទៅ។ គេបានផ្ញើលិខិតមួយច្បាប់មកខ្ញុំពីក្រសួងព័ត៌មានឲ្យផ្អាកការផ្សព្វផ្សាយពីវិទ្យុនៅក្រៅ [ប្រទេស] ចាប់ពីឥឡូវនេះទៅ រហូតដល់ចប់ការបោះឆ្នោត”។
បម្រាមនេះដែលចុះហត្ថលេខាកាលពីថ្ងៃ អង្គារដោយ លោក អ៊ុក ប្រាថ្នា រដ្ឋលេខាធិការ និងជា “ រដ្ឋមន្ត្រីក្រសួងព័ត៌មានស្តីទី” ប៉ុន្តែទើបតែបានប្រកាសជាសាធារណៈកាលពីថ្ងៃសុក្រប៉ុណ្ណោះ ដែលបម្រាមនោះមានខ្លឹមសារថា “ រាល់ស្ថានីយវិទ្យុអេហ្វអឹមទាំងអស់ត្រូវផ្អាកការផ្សាយបន្ត និងផ្សាយកម្មវិធីជាខេមរភាសាពីវិទ្យុបរទេសទាំងអស់អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល៣១ថ្ងៃ និងនៅថ្ងៃបោះឆ្នោត”។
សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា“ ក្នុងករណីដែលស្ថានីយវិទ្យុអេហ្វអឹមណាមិនគោរពតាមសារាចរណែនាំនេះ ក្រសួងព័ត៌មាននឹងចាត់វិធានការតាមផ្លូវច្បាប់”។
យោងតាមក្រសួងនេះបានឲ្យដឹងថា បម្រាមនេះគឺដើម្បីធានាឲ្យមានអព្យាក្រឹតភាពនៅតាមប្រព័ន្ធផ្សព្វផ្សាយ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។ សេចក្តីថ្លែងការណ៍នេះ បានលើកឡើងថា “ ទាំងស្ថានីយវិទ្យុរដ្ឋ និងឯកជនត្រូវតែអព្យាក្រឹត នៅពេលរាយការណ៍ព័ត៌មានទាក់ទងនឹងការបោះឆ្នោត និងអ្នកបោះឆ្នោត ហើយត្រូវតែយកចិត្តទុកដាក់ ជាពិសេសចំពោះករណីដែលហាមឃាត់កម្មវិធីវិទ្យុបរទេសទាំងអស់ មិនឲ្យផ្សព្វផ្សាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា” ដោយលើកឡើងថា “ នីតិវិធីនៅពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥នេះ ហាមឃាត់ជនបរទេស មិនឲ្យធ្វើយុទ្ធនាការគាំទ្រ ឬប្រឆាំងចំពោះគណបក្សនយោបាយ ឬបុគ្គលឡើយ។
លោក អ៊ុក ប្រាថ្នា ដែលបានចុះហត្ថលេខាលើសារាចរណែនាំមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ ហើយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានមិនបានធ្វើការអត្ថាធិប្បាយទេ។ គេនៅមិនទាន់ច្បាស់ដដែលកាលពីថ្ងៃសុក្រ ថា តើហេតុអ្វីបានជាលោក អ៊ុក ប្រាថ្នា ចុះហត្ថលេខាលើបម្រាមនេះ ក្នុងនាមជារដ្ឋមន្ត្រី ក្រសួងព័ត៌មាន “ ស្តីទី” ទៅវិញ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ វាជាបញ្ហារសើបបំផុត” ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។
លោក ថាច់ ផែន និងលោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរ។ លោក ម៉ៅ អាយុទ្ធ បានពន្យល់ពីការនៅស្ងៀមរបស់លោក ដោយលើកឡើងថា “ ខ្ញុំខ្លាចថា ខ្ញុំនឹងនិយាយខុស”។
លោក ផស្ស សុវណ្ណ អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយនៅក្រសួងព័ត៌មានបានពន្យល់ពីបម្រាមនេះ ដោយលើកឡើងថា បទបញ្ជារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហាមឃាត់ជនបរទេសមិនឲ្យធ្វើយុទ្ធនាការ គាំទ្រឬប្រឆាំងគណបក្សនយោបាយណាមួយ អំឡុងពេលបោះឆ្នោតឡើយ។
ដោយបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែម លោកបានមានប្រសាសន៍ថា “ ខ្ញុំយល់ថា នេះគឺជាមូលេហតុដែលត្រូវផ្អាកកម្មវិធីផ្សាយរបស់វិទ្យុបរទេសទាំងនេះ ដែលផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា”។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានប្រតិកម្មទៅនឹងបម្រាមរយៈពេល៣១ថ្ងៃនេះ ដោយមានប្រសាសន៍ថា “ វាមិនមែនជារយៈពេលយូរទេ” ហើយថា ការចាប់ពិរុទ្ធបែបនេះ គឺជាការចាំបាច់ដើម្បីទប់ស្កាត់មិនឲ្យមាន “ អតុល្យភាព” ខាងប្រព័ន្ធផ្សព្វផ្សាយ។
លោក ទេព នីថា បានមានប្រសាសន៍ថា “ ពួកគេផ្សព្វផ្សាយអំពីចំណុចអវិជ្ជមានរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ ហើយនេះគឺជាមូលហេតុដែលក្រសួងព័ត៌មានបានផ្អាកការផ្សព្វផ្សាយទាំងនេះ”។
អំឡុងការបោះឆ្នោតឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំមុន ក្រសួងព័ត៌មានបានចេញបម្រាមនៅថ្ងៃបោះឆ្នោតចុងសប្តាហ៍មិនឲ្យផ្សព្វផ្សាយកម្មវិធីតាមវិទ្យុអាស៊ីសេរី ជាស្ថានីយវិទ្យុមួយដែលផ្តល់មូលនិធិមួយផ្នែកដោយរដ្ឋាភិបាលអាមេរិក និងវិទ្យុផ្សាយសំឡេងអាមេរិក ដែលជាវិទ្យុផ្សាយសំឡេងផ្លូវការរបស់រដ្ឋាភិបាលអាមេរិកក្រៅប្រទេស។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានមានប្រសាសន៍ថា លោកភ្ញាក់ផ្អើលពេលឮបទបញ្ជានេះ ហើយបានមានប្រសាសន៍ថា លោកមិនយល់ពីមូលដ្ឋានច្បាប់ណាមួយពីការធ្វើបែបនេះឡើយ។
លោកបានមានប្រសាសន៍ថា “ វាពិតជាកង្វល់ដ៏ធំ ដែលប៉ះពាល់ដល់ការទទួលបានព័ត៌មានដោយសេរីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។ នេះគឺជាស្ថានការណ៍ដ៏អាក្រក់បំផុត ដោយមានការហាមឃាត់បែបនេះ។ តើប្រជាពលរដ្ឋអាចទទួលយកការហាមឃាត់បែបនេះបានទេ ខ្ញុំពិតជាមិនយល់ឡើយ”។
លោក សឺន ស៊ូប៊ែរ្តិ៍ ប្រធានគណបក្សសិទ្ធិមនុស្ស និងជាអតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានមានប្រសាសន៍ថា ការចាប់ពិរុទ្ធនេះ មិនធ្លាប់មានពីមុនមកទេនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាបច្ចុប្បន្ន ហើយរំលោភយ៉ាងច្បាស់ក្រឡែតដល់សេរីភាពនៃការបញ្ចេញមតិ ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស ដែលក្នុងនោះប្រទេសកម្ពុជាហត្ថលេខីដែរ។ “ ខ្ញុំគិតថា [សារាចរណែនាំនេះ] មិនស្របតាមរដ្ឋធម្មនុញ្ញឡើយ ពីព្រោះអនុសញ្ញាទាំងអស់ស្តីពីសិទ្ធិមនុស្សមានចែងក្នុងរដ្ឋធម្មនុញ្ញ ដូច្នេះហើយគេត្រូវតែគោរព”។
មាត្រា៤១ នៃរដ្ឋធម្មនុញ្ញចែងថា “ ពលរដ្ឋខ្មែរមានសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ការផ្សព្វផ្សាយ និងការជួបជុំគ្នា។ គ្មាននរណាម្នាក់អាចប្រើសិទ្ធិនេះដើម្បីរារាំងសិទ្ធិអ្នកដទៃ ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងល្អក្នុងសង្គម រំលោភច្បាប់ និងសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិបានឡើយ”។
លោក សឺន ស៊ូប៊ែរ្តិ៍ បានមានប្រសាសន៍ថា តាមធម្មតាការចាប់ពិរុទ្ធបែបនេះ គេឃើញមានតែនៅក្នុងប្រទេសកុម្មុយនីស្តប៉ុណ្ណោះ។ លោកមានប្រសាសន៍ថា “ មានតែប្រទេសកុម្មុយនីស្តទេ [ធ្វើរឿងបែបនេះ]”។ គ្មានហេតុផលណា ដែលគេធ្វើរឿងអ៊ីចឹងទេ។ ពួកគេមិនបានញុះញង់ប្រជាពលរដ្ឋឲ្យធ្វើបដិវត្តន៍ ឬបាតុកម្ម ឬរឿងអ្វីផ្សេងដូចនេះឡើយ។
“ នៅក្នុងប្រទេសចិន គេគ្រប់គ្រងការផ្សព្វផ្សាយពីក្រៅប្រទេស ហើយនៅក្នុងប្រទេសកូរ៉េខាងជើងវិញ មិនមានការឲ្យស្តាប់វិទ្យុបរទេសឡើយ។ នេះគឺជាវិធានការមួយដូចក្នុងប្រទេសរុស្ស៊ី អ៊ីចឹង ដែលគេរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយយូរៗម្តង”។
លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជា ដើម្បីសិក្សាប្រព័ន្ធផ្សព្វផ្សាយបានមានប្រសាសន៍ថា បម្រាមនេះ “ ជារឿងមិនល្អទាល់តែសោះ” ពីព្រោះប្រជាពលរដ្ឋនៅទូទាំងប្រទេស នឹងត្រូវហាមឃាត់មិនឲ្យទទួលបានព័ត៌មានសំខាន់ៗ នៅក្នុងដំណើរការឆ្ពោះទៅរកការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា។ លោក មឿន ឈានណារិទ្ធ បានមានប្រសាសន៍ថា “ ការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយណាមួយ មិនឲ្យផ្សព្វផ្សាយព័ត៌មានអំឡុងពេលនេះ គឺជារឿងមិនល្អឡើយ ហើយជាឧបសគ្គដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងសេរីភាពសារព័ត៌មានទាំងមូល”។
“ ខ្ញុំគិតថា នៅពេលនេះ ដោយសារមានការច្របាច់បញ្ចូលគ្នាពីគណបក្សប្រឆាំងពីរ វាជាសញ្ញាថា រដ្ឋាភិបាលបានគិតដល់ការច្របាច់បញ្ចូលគ្នានៃគណបក្សទាំងពីរនេះថា ជាការគំរាមកំហែង”។ “ ខ្ញុំគិតថា លុះណាតែសហគមន៍អន្តរជាតិធ្វើអ្វីមួយប្រកបដោយសេចក្តីក្លាហានដើម្បីដោះស្រាយស្ថានភាពបច្ចុប្បន្ននេះ ខ្ញុំគិតថា សេរីភាពសារព័ត៌មាននឹងវិវត្តពីអាក្រក់ទៅអាក្រក់ជាងនេះ ពីព្រោះសហគមន៍អន្តរជាតិហាក់ដូចជាបាត់បង់ឥទ្ធិពលក្នុងការប្រើអំណាចរបស់ខ្លួន ដែលក្នុងនោះត្រូវគេភ្ជាប់ទៅនឹងជំនួយហិរញ្ញវត្ថុដល់ប្រទេសកម្ពុជា”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ក៏បានអំពាវនាវឲ្យប្រទេសផ្តល់ជំនួយ “ ប្រតិកម្ម ហើយធ្វើអ្វីមួយដើម្បីសង្គ្រោះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា បើមិនដូច្នោះទេ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នឹងជួបគ្រោះថ្នាក់”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពអន្តរជាតិបានមានប្រសាសន៍ថា បម្រាមនេះគឺជា “ ការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា”។ “ ទង្វើនេះ កាត់បន្ថយការទទួលបានព័ត៌មានដែលប្រជាពលរដ្ឋចាត់ទុកថា អព្យាក្រឹត ឯករាជ្យ និងមានតុល្យភាព ដែលអាចជួយឲ្យពួកគាត់ធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវនៅថ្ងៃបោះឆ្នោត”៕
ប្រែសម្រួលដោយ សោម សារុន