បទចម្រៀងដែលឮសូរយ៉ាងកងរំពងចេញពីធុងបាស នៅសួនមុខវត្តបទុមក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដែលយុវជនរបស់គណបក្សប្រជាជនកម្ពុជាជាច្រើនបាននាំគ្នាច្រៀងនោះមានន័យថា ប្រសិនបើបងប្អូនស្រឡាញ់ អាណិត ពេញចិត្ត ជឿទុកចិត្តសម្ដេច ហ៊ុន សែន សូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។
បទចម្រៀងនេះ បានបន្តលាន់ចេញពី ធុងបាសថា មានសម្ដេច ហ៊ុន សែន មានការអភិវឌ្ឍមានភាពចម្រុងចម្រើនពិតប្រាកដ និងមានការរីកចម្រើនរាល់ថ្ងៃ។ អ្នករាំជាច្រើនបាននាំគ្នាស្រែកច្រៀងព្រមៗគ្នាអំពីលេខរៀងរបស់គណបក្សប្រជាជនកម្ពុជានៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ថា “ លេខ៤!” ហើយមានអ្នកខ្លះទៀតបានគ្រវីទង់បក្សពាសពេញទីនោះ ដោយមានមេដឹកនាំក្រុមយុវជនបាននិយាយតាមឧគ្ឃោសនស័ព្ទ។
ក្រុមយុវជនដែលជាអ្នករាំស្លៀកពាក់ស្អាតបាតទាំងនេះបាននាំគ្នាស្រែកច្រៀងក្រោមកម្ដៅថ្ងៃពាក់កណ្ដាលព្រឹកថា “ យើងស្រឡាញ់គណបក្សប្រជាជនកម្ពុជា! យើងស្រឡាញ់ សម្ដេច ហ៊ុន សែន!”។ ក្បួនឃោសនាដ៏ធំរបស់គណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើអ្វីៗយ៉ាងច្រើន ដោយបានរំឭកអ្នកបោះឆ្នោតអំពីការចំណាយទៅលើយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងច្រើនលើសលប់របស់គណបក្សកាន់អំណាច ប្រជាប្រិយភាពរបស់ខ្លួន និងការពេញចិត្តរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនចំពោះក្បួនរថយន្តរបស់ខ្លួន។
កាលពីថ្ងៃសុក្រ គឺជាវេនរបស់សកម្មជនដែលជាយុវជនរបស់គណបក្សកាន់អំណាច ដោយពួកគេរាប់រយនាក់ត្រូវបានដឹកតាមរថយន្តពីសាកលវិទ្យាល័យនីមួយៗក្នុងរាជធានីដើម្បីទៅចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត។
ពេលឈប់សម្រាកពីការរាំ និស្សិតឈ្មោះ ស៊ាន ជីវិន អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ ផ្នែកសង្គមវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានអង្គុយនៅក្រោមម្លប់រោងដ៏ធំ ដែលគេសាងសង់ឡើងសម្រាប់យុវជនទាំងនេះ។ និស្សិត ជីវិន បាននិយាយថា “ ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត វានឹងផ្ដល់ផលប្រយោជន៍ឲ្យយើងទាំងអស់គ្នា ពីព្រោះប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះ ប្រទេសកម្ពុជានឹងមានស្ថិរភាព។ វិនិយោគិននឹងមកប្រទេសកម្ពុជា ហើយវានឹងផ្ដល់ភាពល្អប្រសើរដល់ការធ្វើជំនួញរបស់ខ្ញុំនៅថ្ងៃអនាគត។ ខ្ញុំចង់ក្លាយទៅជាអ្នកជំនួញ”។
និស្សិតរូបនេះបានបន្តថា “ ខ្ញុំចង់បើកក្រុមហ៊ុនអាកាសចរណ៍ ឬក៏ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាស។ ពន្ធនឹងចូលរដ្ឋាភិបាល ហើយវានឹងជួយបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ”។
និស្សិតរូបនេះបានបន្ថែមថា ការចាញ់ឆ្នោតវាមិនមែនជាជម្រើសសម្រាប់គណបក្សប្រជាជនកម្ពុជា ឬក៏សាធារណជនឡើយ។ និស្សិត ជីវិន លើកឡើងទៀតថា “ ផ្អែកលើការសន្និដ្ឋានរបស់ខ្ញុំ ប្រសិនបើគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត នឹងមានភាពចលាចល។ ហេតុអ្វី? ពីព្រោះ៩០ភាគរយនៃប្រជាពលរដ្ឋខ្មែរគាំទ្រគណបក្សប្រជាជនកម្ពុជា។ ពួកគេនឹងមិនព្រមទទួលយក [ការចាញ់] នេះឡើយ ហើយពួកគេនឹងតវ៉ា ពីព្រោះគណបក្សប្រជាជនកម្ពុជាបានអភិវឌ្ឍ និងសង្គ្រោះជាតិ
ពីសង្គ្រាម និងភាពក្រីក្រ”។
និស្សិត ជីវិន បានបន្តទៀតថា “ វាគឺដូចប្រទេសថៃអ៊ីចឹង។ នៅពេលប្រជាពលរដ្ឋស្រឡាញ់គណបក្សមួយ ហើយគណបក្សនោះចាញ់ឆ្នោតវានឹងមានការតវ៉ា។ អ្វីដែលយើងស្រឡាញ់ យើងមិនចង់បាត់បង់នោះទេ”។ និស្សិត ជីវិន និយាយទៀតថា ខ្លួនគឺជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតប្រហែល៣៥០នាក់មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមកគាំទ្រ និងចែករំលែកសាររបស់គណបក្សកាន់អំណាច អំពីការងារជាច្រើនដែលមានសព្វថ្ងៃ និងអំពីគោលនយោបាយសេដ្ឋកិច្ចដ៏រឹងមាំរបស់រដ្ឋាភិបាល។ និស្សិត ជីវិន បដិសេធមិននិយាយថា ឪពុកម្ដាយរបស់ខ្លួនធ្វើការអ្វីឡើយ។
រីឯ ភួន សុផាន អាយុ២២ឆ្នាំ និស្សិតឆ្នាំទី២ ផ្នែកវិទ្យាសាស្ត្រសត្វនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម មានក្ដីស្រមៃច្រើនសម្រាប់អនាគតរបស់ខ្លួន។ និស្សិតរូបនេះបាននិយាយថា “ ខ្ញុំចង់បើកកសិដ្ឋានចិញ្ចឹមសត្វផ្ទាល់
ខ្លួន ដើម្បីចិញ្ចឹមគោ”។ និស្សិតរូបនេះបានបន្ថែមថា “ ខ្ញុំមកចូលរួមនៅក្នុងយុទ្ធនាការឃោសនាកាលពីម្សិលមិញ ដោយសារមិត្តភក្ដិហៅមក”។ គាត់បានបន្ថែមថា “ អាហារថ្ងៃត្រង់ ការធ្វើដំណើរ និងអ្វីៗសុទ្ធតែគេចេញឲ្យ ប្រហែលជា នៅពេលយើងត្រឡប់ទៅសាកលវិទ្យាល័យវិញ យើងនឹងទទួលបានលុយខ្លះៗ”។
ឃ្លោក ម៉ានីតា និស្សិតឆ្នាំទី១ ផ្នែកធនាគារ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និយាយថា នាងមានក្ដីស្រមៃចង់ធ្វើការនៅធនាគារនៅពេលបញ្ចប់ការសិក្សា ហើយការមកចូលរួមគាំទ្រយុទ្ធនាការឃោសនានេះ គឺជាផ្នែកមួយ ដើម្បីបំពេញក្ដីស្រមៃនៅថ្ងៃអនាគត។
កញ្ញា ម៉ានីតា បាននិយាយមុនពេលប្រធានក្រុមយុវជនម្នាក់ក្នុងចំណោមប្រធានក្រុមយុវជនផ្សេងៗទៀតបានមកកាត់សម្តីរបស់ខ្លួនថា “ ខ្ញុំមកពីរាជធានីភ្នំពេញ ខ្ញុំមកទីនេះនៅថ្ងៃនេះពីព្រោះខ្ញុំស្រឡាញ់គណបក្សប្រជាជនកម្ពុជា”។
ប្រធានក្រុមយុវជនដែលមិនបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួន បានប្រាប់កញ្ញា ម៉ានីតា ឲ្យធ្វើតាមតួនាទីរបស់ខ្លួនថា “ ដោយសារតែពេលនេះជាពេលធ្វើយុទ្ធនាការឃោសនា ហេតុដូច្នេះវាមិនស័ក្ដិសមទេសម្រាប់កញ្ញាក្នុងការផ្ដល់បទសម្ភាស”។
និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញម្នាក់ទៀត ក៏បានបដិសេធមិននិយាយជាមួយអ្នកយកព័ត៌មានដែរ បន្ទាប់ពីប្រធានក្រុមម្នាក់មិនផ្ដល់ការអនុញ្ញាតនោះ។ បន្ទាប់ពីអាហារថ្ងៃត្រង់ ក្រុមសកម្មជនយុវជនរបស់គណបក្សប្រជាជនកម្ពុជាបាននាំគ្នាបន្តយុទ្ធនាការរបស់ខ្លួន ដោយនាំគ្នាពាក់មួក និងអាវគណបក្សរួចឡើងជិះរថយន្ត ហើយនាំគ្នាទៅប្រមូលផ្ដុំនៅខាងមុខសួនច្បារនោះ។ ទង់គណបក្សប្រជាជនកម្ពុជាដែលចងភ្ជាប់នឹងដងដែកដែលមានការតុបតែងយ៉ាងស្រស់ស្អាត ត្រូវបានគ្រវីរវិចៗ សំឡេង និងតន្ត្រីបានបន្លឺឡើងយ៉ាងខ្លាំង ហើយបើក្រឡេកមើលទៅមុខក្រុមយុវជននោះវិញ ការសន្យារបស់គណបក្សប្រជាជនកម្ពុជា និងលទ្ធភាពនានានោះហាក់ដូចជាគ្មានទីបញ្ចប់ឡើយ”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង