28 C
Phnom Penh

គ.ជ.ប.​​​ការពារ​​​សេចក្ដីសម្រេច​​​ហាម​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​មិន​​​ឲ្យ​​​​​​បើក​​​ការប្រជុំ​​​នៅ​​​ខេត្តរតនគិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ លោក ទេព នីថា ​​​អគ្គ​លេខា​ធិការ​​​គណៈកម្មាធិការជាតិ​​​រៀបចំការ​​​បោះ​​​ឆ្នោត (គ.ជ.ប.) បាន​​​ការ​​​ពារ​​​​​​​​​បទ​បញ្ជា​​​​មួយហាម​​​ឃាត់​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​មិន​ឲ្យ​​​បើក​​​ការ​​​​​​ប្រជុំ​​​ជាមួយ​​​នឹង​​​អ្នក​​​ភូមិ​​​នៅ​​​ខេត្ត​​​រតនគិរី​​​នៅអំឡុងពេល​ឃោសនា​​​​បោះ​​​ឆ្នោត​​​ដោយ​​​និយាយ​​​ថា ការ​​​ប្រជុំ​​​បែប​​​នេះ​​​នឹង​​​ធ្វើ​​​ឲ្យ​​​ប្រជា​​​ពលរដ្ឋ​​​មិនទទួល​​​បាន​​​សារ​​​សំខាន់​​​ៗ​​​​អំឡុង​​ពេល​​​ឃោស​​​នា​​​បោះ​​​ឆ្នោត​​​។

បទ​បញ្ជា​​​​នេះ​​​ត្រូវបាន​​​លោក ប៉ាវ ហំ​​​ផាន​​​ អភិបាល​​​ខេត្ត​​​រតនគិរីផ្ញើជូន​​​​​​មន្ត្រី​​​ខេត្ត​​​​​​គ្រប់​​​ជាន់​​​ថ្នាក់​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៣​​​ខែ​​​មិថុនា​​​ និង​​​បាន​​​ហាម​​ “ អាជ្ញាធរ​​​មូលដ្ឋាន​​​ថ្នាក់ក្រុង​ ខណ្ឌ​​​សង្កាត់​​​និង​​​ថ្នាក់​​​ភូមិ​​​ ព្រម​ទាំង​​​​ប្រជា​​​ពល​រដ្ឋ​​​មិន​ឲ្យ​​​ចូលរួមរាល់​​​សិក្ខាសាលា​​​ កិច្ច​​​ប្រ​​​ជុំ​​​នា​​​នា​​​និ​​​ងការ​​​ធ្វើ​​​ដំណើរទៅ​​​​បំពេញ​ការងារ​តាម​មូល​ដ្ឋាន​​​​​ ដែលរៀប​​​ចំឡើង​​​ដោយអង្គការ​​​ក្រៅ​​​រដ្ឋាភិបាល”។

ថ្លែងនៅ​​​ក្នុង​​​សន្និសីទសារព័ត៌មាន​​​មួយ​​​នៅ​​​ការិយាល័យ​​​កណ្តាល​​​របស់​​​គ.ជ.ប.​​​នៅថ្ងៃ​​​ដំបូង​​​នៃការ​​​ធ្វើ​​​យុទ្ធនា​ការ​​​​​​​​​​​​ឃោសនា​​​​បោះ​​​ឆ្នោត​​​​​​ជា​​​ផ្លូវការកាល​​​ពី​​​ម្សិលមិញ​​​នោះ ​លោក ​ទេព នីថា បានមាន​​​ប្រសាស​​​ន៍ថា លោកបាន​​​ទំនាក់​​​ទំនង​​​ជា​​​មួយ​​​នឹង​​​គណៈកម្មាធិការ​​​រៀប​ចំ​​ការ​​​បោះ​​​ឆ្នោត​​​ខេត្ត​​​រតនគិរី​​​ដើម្បី​​​ពិភាក្សា​​​អំពីបញ្ហា​​​នេះ​​​ ហើយ​​​ថា នៅ​​​ទី​​​បញ្ចប់​លោក​បាន​​​ព្រមព្រៀង​​​ជា​​​គោលការណ៍​​​​តាម​ការ​​​សម្រេច​​​​​​នេះ​​​​​។

លោកបាន​​​មាន​​​ប្រសាសន៍​​​ទៅកាន់​​​អ្នក​​​យក​​​​ព័ត៌មាន​​​និង​​​អ្នក​​​សង្កេត​​​ការណ៍ថា “ សូម​មើល​​​​​ស្ថានភាព​​​​ជាក់​ស្តែង​​​​។ មិនមាន​​​មនុស្ស​​​ច្រើន​ទេ​​​នៅ​​​ទីនោះ​​​”។

ប្រសិនបើ​​​អង្គការ​​​ក្រៅ​​​​រដ្ឋា​​​ភិបាល​​ប្រ​ជែង​​យក​​​​ប្រជា​​​ពល​រដ្ឋ​​​​ទៅ​ចូល​រួម​កិច្ច​​​ប្រជុំ​​​របស់​​​ខ្លួន​​​​​​ ឧទាហរណ៍​​​​ដូចជា ប្រជា​​​ពល​រដ្ឋ​​​៥០នាក់​​​​មក​ពី​​​ឃុំ​​​មួយ​​​ចូលរួមការ​​​ប្រជុំ​​​មួយ​​​​នោះ ​ដូច្នេះ​គ្មាន​​​​នរណា​​​ម្នាក់​​​ស្តាប់​​​យុទ្ធនាការ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​និង​​​គោលនយោបាយ​​​របស់​​​គណបក្ស​​​នយោបាយ​​​នានា​​​នោះ​​​ទេ​​​”។

លោកមាន​​​ប្រសាសន៍​​​បន្ថែមថា “ រហូត​​​មក​ទល់និង​​​ពេល​​​នេះ​​​មិនមាន​​​ការប្រជុំ​​​របស់​​​អង្គការ​​​ក្រៅ​​​រដ្ឋា​​​ភិបាល​​​ណា​​​មួយ​​​ដែល​​​ត្រូវ​​​បាន​​​​រារាំង​នោះ​​​ទេ”។

លោក ប៉ែន ប៊ុណ្ណារ៍ អ្នក​​​សង្កេត​​​ការណ៍​​​​​​របស់​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​ប្រចាំខេត្ត​នេះ​បាន​​​មាន​​​ប្រសាសន៍ថា លោកមាន​​​ជំនឿ​ថា មាន​បញ្ហា​ច្រើន​ពាក់​ព័ន្ធ​នឹង​បម្រាម​នេះ​ ហើយថា លោកនិង​​​​​អង្គ​ការ​សិទ្ធិមនុស្ស​​​ផ្សេង​ទៀត​​​​គិត​ថា មាន​​​​ភាព​តានតឹង​​​យ៉ាង​​​ខ្លាំង​​​កាល​​​ពី​​​ពេល​​​ថ្មីៗ​នេះ​​​រវាង​​​អាជ្ញាធរ​​​និង​​​​អង្គ​ការ​សិទ្ធិ​មនុស្ស​​​នៅ​​​ក្នុង​​​តំបន់​​​នេះ​​​ ដែល​ជា​ហេតុ​បង្ក​​​ឲ្យ​​​មាន​​​វិវាទ​​​ដី​​​ធ្លី​​មួយ​​​ចំនួនអូស​​​បន្លាយ​​​ពេល​​យូរនៅ​​​ប្រទេស​​​​​​កម្ពុជា។

លោក ប៉ែន ប៊ុណ្ណារ៍ ​​​បានមាន​​​ប្រសាស​​​ន៍​ថា “ យើង​​​មិន​​​បើក​​​ការប្រជុំ​​​ឬធ្វើការងារ​​​ជា​រៀង​រាល់ថ្ងៃនោះទេ​​​ក្នុង​​​រយៈ​​​ពេល​​​៣០ថ្ងៃ​​​ ហើយ​​​​ខ្ញុំ​​​ជឿជាក់​​​ថា គណបក្ស​​​នយោបាយ​​​ទាំង​​​នេះ​ក៏​​​​មិនធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​រៀង​រាល់ថ្ងៃ​​​ក្នុង​​​រយៈ​​​ពេល​​​៣០ថ្ងៃ​​​នោះ​​​ដែរ​​​”។

“ សម្ពាធ​បែប​នេះ​មិន​មែន​មាន​តែ​​​​អំឡុង​ពេល​​​ធ្វើការ​​​ឃោសនា​​​បោះឆ្នោត​​​នេះ​​​ទេ។​វា​ធ្លាប់​មាន​​សម្ពាធ​បែប​នេះ​ជា​ហូរ​ហែ​ពី​ពេល​​មុនមក​ហើយ​។ វា​​​បង្ហាញឲ្យ​​​ឃើញ​​​ថា អា​​​ជ្ញាធរ​​​មាន​​​ការ​​​ភ័យខ្លាច​ ពី​ព្រោះ​​​​អាជ្ញាធរ​​​​មិនបាន​​​ដោះ​​​ស្រាយ​​​វិវាទ​​​ដី​​​ធ្លី​​​របស់​​​ប្រជា​​​ពល​រដ្ឋ។ ពេល​​​ប្រជា​​​ពលរដ្ឋ​​​ដាក់​​​ពាក្យ​​​បណ្តឹង ​​​អាជ្ញាធរ​​​មិនបាន​​ដោះ​​​ស្រាយ​​​បញ្ហា​​​របស់​ពួកគាត់​​​។ ដូច្នេះ​​​អាជ្ញាធរ​​​មាន​​​ការ​​​ភ័យ​ខ្លាច​ចំពោះ​ប្រតិកម្ម​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ទាំង​​​នេះ​ផងដែរ”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស