ចាប់តាំងពីអ្នកស្រាវជ្រាវជនជាតិបារាំងឈ្មោះ ហង់រី ម៉ូហុត (Henri Mouhot) បានឡើងទៅលើភ្នំបាក់ខែង កាលពីឆ្នាំ១៨៥៩ ហើយបានកត់សម្គាល់ថា ប្រាសាទលើភ្នំនេះមាន “ ទេសភាពដ៏ស្រស់ត្រកាល” នោះ សៀវភៅមគ្គុទ្ទេសក៍ជាច្រើនបានផ្សព្វផ្សាយឲ្យភ្ញៀវទេសចរដឹង ហើយកុំឲ្យខកខាន ការទស្សនាទេសភាពព្រះអាទិត្យរៀបអស្តង្គត នៅលើប្រាសាទនេះ។
ការផ្តល់អនុសាសន៍នេះ បានក្លាយជាយុទ្ធនាការទីផ្សារទេសចរណ៍ ដែលទទួលបានជោគជ័យមិនគួរឲ្យជឿ ដោយសារតែមានភ្ញៀវទេសចរជាច្រើនលាននាក់បាននាំគ្នាទៅភ្នំបាក់ខែង ដើម្បីទស្សនាព្រះអាទិត្យរៀបអស្តង្គត ក៏ប៉ុន្តែកំណើននៃសកម្មភាពទស្សនាទាំងនេះក៏បានបង្កគ្រោះភ័យដល់ប្រាសាទ ដែលមានអាយុកាល១.១០០ឆ្នាំនេះផងដែរ។
ដោយសារតែបែបនេះហើយ ទើបកាលពីពីរឆ្នាំមុន អាជ្ញាធរអប្សរា ដែលជាទីភ្នាក់របស់រាជរដ្ឋាភិបាលកម្ពុជា ទទួលភារកិច្ចគ្រប់គ្រងឧទ្យានបុរាណវត្ថុអង្គរបានកំណត់ចំនួនភ្ញៀវទេសចរដែលត្រូវបានអនុញ្ញាតឲ្យឡើងទស្សនា តាមពេលវេលាកំណត់ មកនៅត្រឹម៣០០នាក់។ ក៏ប៉ុន្តែ រឿងមួយដែលត្រូវបានពិចារណានោះ គឺគ្មាននរណានៅតំបន់អង្គរ តាំងពីក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ និងទីភ្នាក់ងារធ្វើដំណើរផ្សេងៗរហូតដល់ក្រុមជំនាញការបរទេស នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិអង្គរ ដែលមានតួនាទីត្រួតពិនិត្យទីតាំងបេតិកភណ្ឌនេះ ដោយសហការជាមួយអាជ្ញាធរអប្សរា មិនចង់ឲ្យភ្ញៀវទេសចរចាកចេញទៅដោយអារម្មណ៍ខកចិត្តទេ។
ដូច្នេះកម្មវិធី “ ព្រះអាទិត្យរៀបអស្តង្គតដ៏ស្រស់ត្រកាលនៅអង្គរ” គឺជាកម្មវិធីស្វែងរកទីផ្សារថ្មីមួយដែលលោក ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សារា បានបង្ហាញតំណាងស្ថាប័នពាក់ព័ន្ធនឹងវិស័យទេសចរណ៍ជិត៧០នាក់ កាលពីរាត្រីថ្ងៃសុក្រសប្តាហ៍មុនក្នុងក្រុងសៀមរាប។ យោងតាមអង្គការ យូណេស្កូ (Unesco) ដែលលើកឡើងក្នុងសេចក្តីប្រកាសចេញ កាលពីថ្ងៃសុក្រសប្តាហ៍មុនបានឲ្យដឹងថា ដោយទទួលបានជំនួយមូលនិធិពីរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី ក្រោមការសម្របសម្រួលពីអង្គការយូណេស្កូ គម្រោងនេះនឹងផ្សព្វផ្សាយកម្មវិធី “ ព្រះអាទិត្យរៀបអស្តង្គតដែលមាន៣០ជម្រើសដល់ភ្ញៀវទេសចរនៅតំបន់ឧទ្យានបុរាណវត្ថុវិទ្យាអង្គរ” តាមរយៈគេហទំព័រនិងខិត្តប័ណ្ណ។
លោក រីឆាត ម៉ាកខេ (Richard Mackay) ជំនាញការផ្នែកគ្រប់គ្រងទីតាំងបេតិកភណ្ឌ នៅក្រុមហ៊ុន ហ្គដឌិន ម៉ាខេ ឡូហ្គេន (Godden Mackay Logan) ដែលជាក្រុមហ៊ុនអូស្ត្រាលី ធ្វើការក្នុងគម្រោងនេះ បានលើកឡើងថា “ នេះមិនមែនជារឿងពាក់ព័ន្ធនឹងការគ្រប់គ្រងទេ ប៉ុន្តែ វាជារឿងទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មាននៅលើទីផ្សារទេសចរណ៍ ដើម្បីឲ្យប្រតិបត្តិករនានា និងភ្ញៀវទេសចរ អាចធ្វើការជ្រើសរើសដោយខ្លួនឯង”។ លោកបានលើកឡើងបន្តទៀតថា ទោះបីជាចំនួនភ្ញៀវទេសចរនៅឧទ្យានអង្គរដែលស្ថិតនៅលើផ្ទៃដីទំហំ៤០១គីឡូម៉ែត្រក្រឡា ប្រហែលជាកើនឡើងដល់បីលាននាក់នាពេលឆាប់ៗខាងមុខនេះក៏ដោយ “ ទីតាំងបេតិកភណ្ឌនេះមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយចំនួនភ្ញៀវទេសចរបែបនេះ។ ក៏ប៉ុន្តែ នៅដំណាក់កាលនេះក្នុងប្រវត្តិសាស្ត្រអង្គរ ការគិតនិងការអនុវត្តជាមុននូវការគ្រប់គ្រងនិន្នាការនេះ ដើម្បីកុំឲ្យមានភ្ញៀវទេសចរច្រើនជ្រុល ដែលបង្កឲ្យមានបទពិសោធទស្សនាមិនល្អ គឺជារឿងសំខាន់”។ លើសពីនេះទៅទៀត លោកបានលើកឡើងទៀតថា ចំនួនភ្ញៀវច្រើនជ្រុលនេះក៏បង្កផលប៉ះពាល់ដល់កិច្ចអភិរក្សប្រាសាទផងដែរ”។
លោក ដានីញែល ដឺ ហ្គ្រូទ័រ (Daniel de Gruiter) អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនទេសចរណ៍ ឡូឡី ត្រាវែល (Lolei Travel) នៅខេត្តសៀមរាប បានឲ្យដឹងថា គម្រោងនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់។លោក ហ្គ្រូទ័រ បានមានប្រសាសន៍ថា “ យើងពិតជាស្ថិតក្នុងស្ថានភាពមួយ ដែលមានការលំបាកក្នុងការគ្រប់គ្រងដំណើរទេសចរណ៍នៅតំបន់មួយចំនួន។លោកបានពន្យល់ថា នៅភ្នំបាក់ខែង “ ភ្ញៀវទេសចរមួយចំនួនបានបង្ហាញអារម្មណ៍ខឹង ហើយអ្វីដែលមានន័យសម្រាប់ពួកគេ នៅពេលធ្វើដំណើរទេសចរណ៍នោះ បានកា្លយជារឿងស្មុគស្មាញទៅវិញ”។
លោក ប្លេស គីលៀន (Blaise Killian) អ្នកសម្របសម្រួលកម្មវិធីអង្គការ យូណេស្កូ ប្រចាំសកម្ពុជា លើកឡើងថា គម្រោងផ្សព្វផ្សាយពីទេសភាពព្រះអាទិត្យរៀបអស្តង្គតនេះ ជាផ្នែកមួយនៃផែនការគ្រប់គ្រងភ្ញៀវទេសចរទាំងមូល សម្រាប់តំបន់អង្គរ ដែលនឹងមាន “ ផែនទីបង្ហាញហានិភ័យ” ក្នុងការពិនិត្យគុណភាពខ្យល់ ក៏ដូចជាកំណើនចំនួនប្រជាជននៅតាមភូមិ ក្នុងតំបន់ឧទ្យានអង្គរផងដែរ។ លោកមានប្រសាសន៍ថា “ គោលដៅនៃគម្រោងគ្រប់គ្រងបេតិកភណ្ឌ… គឺដើម្បីអភិវឌ្ឍឧបករណ៍គ្រប់គ្រងតំបន់អង្គរ ក្នុងលក្ខខណ្ឌជាក់លាក់”។
គម្រោងនេះគឺជាធាតុមួយនៃយុទ្ធសាស្ត្រគ្រប់គ្រង ដែលគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ និងអាជ្ញាធរអប្សរាបានបង្កើតឡើង កាលពីប៉ុន្មានឆ្នាំមុនបានប្រែក្លាយឧទ្យានអង្គរឲ្យក្លាយជាទីតាំងគំរូមួយដែលអង្គការយូណេស្កូ និងគណៈកម្មាធិការបេតិកភណ្ឌពិភពលោក (World Heritage Committee) បាននិងកំពុងសិក្សា ដោយដាក់ទស្សនអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទស្សនគ្រប់គ្រងទីតាំងបេតិកភ័ណ្ឌពិភពលោកបញ្ចូលគ្នា។ គណៈកម្មាធិការដែលមានតួនាទីត្រូតពិនិត្យបេតិកភណ្ឌចំនួន៩៨១ទីតាំង ដូចជាតំបន់អង្គរនៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកជាដើមបានបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនក្នុងប្រទេសកម្ពុជា កាលពីសប្តាហ៍មុន ដោយបានបញ្ជាក់ថា សេចក្តីព្រាងគោលនយោបាយមួយ ដែលដាក់ទស្សនអភិរក្សប្រាសាទ និងទស្សនអភិវឌ្ឍន៍ប្រកបដោយចីរភាពបញ្ចូលគ្នា នឹងត្រូវបានដាក់ជូនអង្គប្រជុំប្រចាំឆ្នាំរបស់ខ្លួនពិនិត្យ នៅប្រទេសកាតា នាខែមិថុនាឆ្នាំក្រោយ។
ភាពចាំបាច់នៃការភ្ជាប់ទំនាក់ទំនងការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចអភិរក្សបានក្លាយជារឿងកាន់តែបន្ទាន់ ដោយសារតែការផ្តល់មូលនិធិពីម្ចាស់ជំនួយអន្តរជាតិ សម្រាប់កិច្ចការអភិរក្ស កំពុងតែថមថយចុះយ៉ាងលឿន ខណៈដែលចំនួនទីតាំងបេតិកភណ្ឌដែលត្រូវចុះបញ្ជីនៅតែបន្តកើនឡើង ពោលគឺទីតាំងបេតិកភណ្ឌវប្បធម៌ និងតំបន់ទេសចរណ៍សរុបចំនួន១៩កន្លែង ត្រូវបានអនុម័ត នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ដូចដែលលោក ហ្វ្រានសេស្កូ បានដារីន (Franceco Bandarin) តំណាងអង្គការយូណេស្កូ បានថ្លែងទៅកាន់គណៈប្រតិភូនៅក្នុងកិច្ចប្រជុំនោះហើយ អង្គការនេះបានបាត់បង់មូលនិធិរបស់ខ្លួនជិត៣០ភាគរយទូទាំងពិភពលោក ហើយកម្មវិធីកាត់បន្ថយចំណាយថវិកានឹងបង្កឲ្យមានផលប៉ះពាល់ដល់គម្រោងទាំងអស់នាពេលឆាប់ៗនេះរួមទាំងគម្រោង មជ្ឈមណ្ឌលបេតិកភណ្ឌពិភព ដែលបង្កើតដោយអង្គការយូណេស្កូ ដើម្បីជួយប្រទេសនានា ក្នុងការអភិរក្សទីតាំងបេតិកភណ្ឌរបស់ខ្លួនផងដែរ។ លោក បាដារីន បានឲ្យដឹងទៀតថា មជ្ឈមណ្ឌលដែលបានកាត់បន្ថយបុគ្គលិករបស់ខ្លួនហើយនេះ ប្រហែលជាត្រូវប្រឈមមុខ នឹងការកាត់បន្ថយថវិកា២០ភាគរយ។ វិបត្តិថវិកានេះនឹងត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំពិសេសមួយរបស់គណៈកម្មាធិការប្រតិបត្តិអង្គការយូណេស្កូ នៅថ្ងៃស្អែក៕
ប្រែសម្រួលដោយ កង សុធា