29 C
Phnom Penh

យុទ្ធនា​កា​​រ​​ឃោស​​​​នា​​បោះឆ្នោត​​​របស់​​​គណ​បក្ស​​នយោបាយរាល​​​ចូល​​​ទៅ​តាម​​​បណ្តាខេត្ត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​​ពី​​ការ​​​​ធ្វើ​យុទ្ធ​នា​កា​រ​​​​ឃោសនា​​កា​រ​បោះ​​ឆ្នោ​ត​​​​របស់​​ខ្លួន​​​បាន​​​ចាប់​​​ផ្តើម​​​​​​ដោយ​​​មាន​​​កា​រ​​​ជួ​​​ប​​ជុំគ្នា​​ដ៏​ធំនៅ​ក្នុ​ង​រាជ​ធានី​ភ្នំ​ពេញ​​​​ កា​ល​​ពី​ថ្ងៃ​​ព្រ​ហ​ស្បតិ៍​ គណ​​បក្ស​ប្រ​ជា​​ជ​ន​កម្ពុជា​​ និងគ​ណ​​បក្ស​​សង្គ្រោះ​ជាតិ​​បា​ន​​​ឆ្ពោះដំណើរ​​​​​​ទៅ​​​តា​ម​​ខេត្ត​​កា​ល​​ពី​ចុ​ង​សប្តា​​ហ៍​នេះ​ ​ដើម្បី​​ផ្សព្វ​ផ្សាយ​​សារ​​​របស់​​ខ្លួន​​​ទៅ​កា​ន់​​អ្នក​បោះឆ្នោត​នៅ​​
តា​ម​​​​មណ្ឌល​បោះ​​ឆ្នោ​ត​មួយ​​​ចំនួន​​​ក្នុ​ង​ចំណោម​​​មណ្ឌល​បោះ​ឆ្នោ​ត ដែល​​​មាន​ប្រជា​​​ពល​​​រដ្ឋ​​​រស់​​​នៅ​​​ច្រើ​ន​​​បំផុត​​​​​​នៃ​ប្រទេ​ស​កម្ពុជា។

​​លោក​ កឹម សុ​ខា ​ប្រធាន​​ស្តី​​ទី​របស់​គ​ណ​បក្ស​​ប្រឆាំ​​ង បា​ន​ដឹក​នាំ​​កា​រ​​ជួ​ប​ជុំ​គ្នា​​​នៅ​ក្នុ​ង​ខេត្ត​ព្រៃ​វែ​ង​ សៀម​រា​ប ​និ​ង​ខេត្ត​កំពង់ចាម ទី​ដែល​លោក​​​ឈរឈ្មោះ​​ជា​​​បេក្ខ​ជន​​​តំ​ណា​​​ង​រាស្ត្រ​​​​​​​ក្នុង​កា​រ​បោះ​ឆ្នោត​​ជ្រើសតាំង​​​តំ​ណា​ង​រាស្ត្រ​ដែល​​​នឹង​​​ប្រព្រឹត្ត​​​ទៅ​​​នា​​​ថ្ងៃ​ទី​២៨​ខែ​កក្កដា​​ដ៏ខ្លីខាង​​​មុខ​​​នេះ។ ​នៅ​ក្រៅ​​រាជ​​ធា​នី​​ភ្នំ​ពេញ ​​ជាទី​​​ដែល​​គ​ណ​បក្ស​​​សង្គ្រោះ​ជាតិ​ទទួល​បា​ន​​ប្រាំ​​​អាសនៈ​​​នៅក្នុង​ចំ​ណោម​​១២​អា​សនៈ​​​ក្នុ​ង​កា​រ​​បោះឆ្នោត​ឆ្នាំ​​២០០៨ ​គ​ណ​​បក្ស​​ សម រង្ស៊ី និង​គ​ណ​បក្ស​សិទ្ធិ​មនុស្ស​ ដែល​​បា​ន​​រួ​មបញ្ចូ​ល​គ្នា​កា​ល​​ពី​ក្នុង​​​ខែ​កក្កដា​​​ឆ្នាំ​​​មុន​ដើម្បី​​បង្កើតគ​ណ​បក្ស​​សង្គ្រោះ​​ជាតិ​​នោះ ទទួល​​បា​ន​​២៤​​អា​សនៈ​​ប៉ុណ្ណោះ​​​ក្នុ​ង​ចំ​ណោ​ម​​​អា​ស​នៈ​​រដ្ឋ​សភា​​ចំ​នួន​​១១១​​​អា​សនៈ​។

​លោក យឹម សុ​វណ្ណ ​​អ្នក​នាំពាក្យ​​​​​​​គ​ណ​បក្ស​សង្គ្រោះ​​​ជាតិ​​​​មា​ន​​ប្រ​សាស​ន៍​កា​ល​​ពី​ម្សិល​​មិញ​​ថា ​កា​រ​​ជួ​ប​ជុំ​ក្នុ​ង​​ខេត្ត​​នី​មួ​យ​​​ៗទាក់​​ទាញ​អ្នក​​គាំ​​ទ្រ​​​បានរា​ប់​ពាន់​​នាក់​ ​ដោ​យ​​​​មាន​​​អ្នក​​​គាំ​ទ្រ​ច្រើន​បំផុត​​​នៅ​​​​​ក្នុង​​ខេត្ត​កំ​ពង់​ចាម។

​លោក សុ​វណ្ណ បា​ន​​ថ្លែ​ង​ថា​ “ ​​​យើង​ផ្តោត​លើ​​ខេត្ត​​​ដែល​មា​ន​​​​ច្រើន​​ជាង​​បី​អាសនៈ​[នៅ​ក្នុង​រដ្ឋ​សភា​] ។យើងប្រើ​​​ធនធាន​​​របស់​យើង​​ផ្តោត​​​​​​លើ​ខេត្ត​​ចំនួន​​​១៥​ ពី​ព្រោះ​​ធ​ន​ធាន​​​​របស់​​​យើង​មា​ន​​កម្រិត ហើយ​យើង​ត្រូ​វ​តែផ្តោត​​លើ​ទី​ដែល​​​យើង​រំ​ពឹ​ង​​ថា​នឹង​​ឈ្នះ​។ យើង​រំ​ពឹង​ថា នឹ​ង​​​ទទួលបាន​​​អា​​សនៈ​​នៅ​ក្នុង​​ខេត្ត​​​​​ចំនួន​១៥​នេះ​”។

លោកស្រី មូរ សុខហួរ ​បេក្ខជន​​​តំណាង​​​រាស្រ្ត​​​មណ្ឌល​បាត់​ដំបង​ នៅ​​​​លេខ​រៀង​លើ​​គេ​​​របស់​​គណបក្ស​​សង្គ្រោះ​ជាតិ​​មា​ន​ប្រ​សា​ស​ន៍​ថា អ្នក​គាំ​​ទ្រ​​​រាប់​ពាន់​នា​ក់​ ​បា​ន​មក​ប្រមូល​​ផ្តុំ​​គ្នានៅ​​មណ្ឌល​បោះ​ឆ្នោត​​របស់​​លោកស្រី​​​កា​ល​ពី​ថ្ងៃ​សុក្រ​។

មន្ត្រីរដ្ឋា​ភិបា​ល​​កំពូលៗ​​​ក៏​បា​នចូល​​​រួម​​​​ធ្វើ​យុទ្ធនា​កា​រ​​ឃោសនា​​បោះ​ឆ្នោត​​កា​ល​ពី​ចុ​ង​សប្តា​ហ៍នេះ​ដែរ​ ដោ​យ​ធ្វើ​កា​រ​កៀងគ​​​រ​ការ​គាំ​ទ្រសម្រាប់​​​គ​ណ​បក្ស​​​ប្រជា​ជ​ន​កម្ពុ​ជា​​​កំ​​ពុ​ង ​កា​ន់​​​អំ​ណា​ច នៅ​តាម​មណ្ឌ​ល​បោះឆ្នោ​ត​​របស់​​ខ្លួនរៀងៗ​​​ខ្លួន​។

​លោក សៀង ​ណាំ ​​សមា​​ជិ​ក​​សភា​​គណ​​បក្ស​​ប្រជា​ជន​​កម្ពុជា​​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា ​លោក ​និង​នាយឧត្តម​សេនីយ៍​ ទៀ បាញ់ ​រដ្ឋ​មន្ត្រី​ក្រ​សួ​ង​កា​រ​​​ពា​រ​​ជាតិ​​បា​ន​ដឹក​នាំការ​​ជួ​​ប​ជុំ​មួ​យ​​នៅ​ក្នុង​ខេត្ត​សៀម​រាប​ ដោយ​មា​ន​ការ​​ចូ​ល​​រួ​ម​​ពី​សំ​ណាក់​​​​អ្នក​គាំ​​ទ្រ​​​បក្ស​​ប្រជា​​​ជន​កម្ពុជា​​​​ជា​ង​​១០.០០០​នាក់​។ លោក អ៊ឹម ​​ឈុនលឹម ​រដ្ឋ​មន្ត្រី​ក្រសួង​រៀប​​ចំ​​ដែ​ន​​ដី ​នគរូប​នី​យ​កម្ម ​និង​សំ​​ណង់ ​​បា​ន​ប្រ​មូល​ផ្តុំ​​អ្នក​គ្រាំ​ទ្រ​​​​រា​ប់​ពាន់​នា​ក់​​នៅ​ក្នុ​ង​ខេត្ត​ក្រ​ចេះ​ ​ចំ​ណែ​ក​​លោក ចម ប្រសិទ្ធ ​រដ្ឋ​មន្ត្រី​ក្រ​សួង​ពាណិជ្ជ​កម្ម បា​ន​​ដឹក​នាំយុទ្ធ​នាកា​រ​​ឃោសនា​​​បោះ​ឆ្នោត​​​​របស់​​​គ​ណ​បក្ស​​ប្រ​ជា​​ជន​កម្ពុជា​នៅ​ក្នុ​ង​ខេត្ត​​កែប។

ទាំ​ង​​​​ប​ក្ស​​ប្រ​​​ជា​ជន​កម្ពុជា និ​ង​​គ​ណ​​បក្ស​សង្គ្រោះ​​​ជាតិ​ក៏​​បា​ន​បន្ត​​យុទ្ធ​នា​ការ​​​ឃោស​​​នា​​​​បោះ​ឆ្នោត​នៅ​ក្នុ​ង​រាជ​ធា​​នី​ភ្នំ​ពេញ​​​ដែរកា​ល​​ពី​​​ចុ​ង​សប្តា​ហ៍​នេះ​ ដោយ​មា​ន​ក្បួន​រថ​យន្ត​​តូចៗជា​​​មួយនឹងបដា ទង់​​ជាតិ ​ស្លាក​សញ្ញា និង​វី​ដេអូ​​ផ្សព្វផ្សាយ​​សារ​​​​របស់​គ​ណ​​បក្ស​នីមួយៗ។

​ចាប់​តាំ​ង​ពី​​​គ​ណ​បក្ស​​ប្រជា​​ជ​ន​កម្ពុជា​បា​ន​បង្ហាញ​ព្រឹត្តិកា​រណ៍​​ដ៏​គគ្រឹក​​​គគ្រេង​​មួ​យ ក្រោម​​​​​អ​ធិប​តី​ភាព​លោក​​នា​​​យក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​នៅ​កោះ​​ពេជ្រ​ ដើម្បី​​ចាប់ផ្តើម​​​យុទ្ធ​នា​ការ​​ឃោស​​​នា​​​បោះ​​​ឆ្នោត​​​ជា​​​ផ្លូវ​ការ​​កា​ល​ពី​ថ្ងៃ​​ព្រ​ហស្បតិ៍មក ​​គណ​បក្ស​នេះបា​ន​​​ប្រើ​​​ប្រាស់ផ្ទាំង​​ប៉ាណូផ្សព្វ​ផ្សាយ​ពាណិជ្ជ​​​កម្ម​​​ជា​​​ច្រើន​​​និង​​​ទី​កន្លែ​ង​ផ្សព្វ​ផ្សាយសំខាន់ៗ​​​​​នៅ​ក្នុង​​រាជ​ធា​នី​ភ្នំពេញ។ ​ស្លាក​សញ្ញា​​​គណ​បក្ស​​រា​ប់សិប​​​ដាក់​នៅ​​តា​ម​បណ្តោយ​​​ស្ពាន​មិត្ត​ភាព​​​ជប៉ុន ​ដែល​​​​ជាធម្មតា​​​ជា​​​​កា​រ​ផ្សព្វ​ផ្សាយ​ពា​ណិជ្ជ​កម្ម​​​បង់​​​ប្រាក់​​​​​សម្រាប់​​ក្រុ​មហ៊ុ​នទូរគ​ម​នា​គមមិត្តហ្វូន ​របស់​​យោ​ធា​វៀត​ណាម​នោះ​ពេល​នេះ​​គ្រប​ដណ្តប់​​ដោ​យផ្ទាំង​យុទ្ធ​នា​ការ​ឃោសនា​​​​​​បោះ​ឆ្នោត​​សម្រាប់​គណ​បក្ស​​​​ប្រជា​ជន​កម្ពុជា។

​ហើយ​បើ​​ទោះ​​ជា​​​មា​ន​ពាក្យ​បណ្តឹង​អំពី​កា​រ​​រំ​ខាន​​ទៅ​លើ​​កា​រ​ជួប​​​ជុំ​​​របស់​គ​ណ​បក្ស​សង្គ្រោះ​​​ជាតិ​ និ​ង​កា​រ​បំផ្លាញ​​ស្លាក​សញ្ញា​​​គណ​​​បក្ស​​សង្គ្រោះ​ជាតិ​​នៅ​មុន​​​រដូវ​​​ធ្វើ​​​​​​​យុទ្ធនា​ការ​​ឃោសនា​​បោះ​ឆ្នោ​ត​​ផ្លូវ​ការក៏​ដោ​យ ក៏​លោក ទេព នី​ថា ​អគ្គ​​លេខាធិ​កា​រ​​​នៃ​គណៈ​កម្មាធិ​កា​រ​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ បា​ន​មាន​​​​ប្រ​សាស​ន៍​ថា ​​​មាន​​​សេច​​​ក្តីរាយការណ៍​​​តិចតួច​ប៉ុណ្ណោះ​​​អំ​ពី​កា​រ​រំ​លោភ​បំ​ពាន​ ឬ​កា​រ​​បំ​ភិត​​បំ​ភ័យ​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​បី​​​ថ្ងៃ​​​ដំបូង​​​នៃការ​​​ធ្វើ​​​​​​យុទ្ធ​កា​រ​​​​ឃោស​​នា​​បោះ​ឆ្នោត។​

លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា ​គ​ណៈ​កម្មាធិ​កា​រ​​​ជាតិ​រៀប​ចំ​កា​រ​​បោះ​ឆ្នោត​បា​ន​ទទួល​​​ពាក្យ​បណ្តឹង​ប្រហែល​​​​ប្រាំ​បួ​ន​​​ប៉ុណ្ណោះ​​​ទាំងពី​​​​​គ​ណ​បក្ស​​ប្រជា​​​ជន​កម្ពុ​ជា និ​ង​​គ​ណ​បក្ស​​សង្គ្រោះ​​​ជាតិ​​ថា ​​ គ​ណ​បក្សមួយ​​​ផ្សេង​​​ទៀត​បាន​​​រារាំង​​​ការ​​​​​​ព្យា​យាម​ផ្សព្វ​ផ្សាយ​​កម្មវិធី​យុទ្ធ​នាកា​រ​​​ឃោស​​​នារបស់​ខ្លួន ដោ​យ​​​ចាក់​តន្ត្រី​​​​​
​​​រំ​ខាន​ធ្វើ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​ស្តាប់​​​សារ​​​​របស់​ពួក​គេមិនឮ។​ ​លោក​បា​ន​ថ្លែង​​​ថា “ ​យើង​​កំ​ពុង​​ដោះ​ស្រាយ​​​បណ្តឹង​​ចំ​នួន​ប្រាំ​​បួ​ន​ ហើយ​​បណ្តឹង​​​​ចំ​នួន​​បី​ត្រូ​វ​បា​ន​​ដោះ​ស្រាយ​រួចហើយ”៕​

ប្រែសម្រួល​ដោ​យ ចេវ ប៊ុននី​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស