29 C
Phnom Penh

អង្គការ​​​អាដហុក​​​គ្រោង​​​បើក​​​កិច្ច​​​ប្រជុំ​​​​​​របស់​​​ខ្លួន​​​នៅ​​​ខេត្ត​​​រតនគិរី ទោះ​​​បី​​​ជា​​​មាន​​​បម្រាម​​​របស់​​​រដ្ឋាភិបាលក៏​​​ដោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​​​សិទ្ធិមនុស្ស​​​អាដហុក​​​បាន​​​ឲ្យ​ដឹង​ថា ខ្លួនគ្រោង​​​បើក​​កិច្ច​ប្រជុំក្រុម​​​សហគមនន៏​​​និង​​​សិក្ខាសាលា​​​ចំនួន​​​ប្រាំពីរ​​​នៅ​​​ខែខាង​​​មុខ​​​នេះ​​​នៅ​​​​​​ខេត្ត​​​រតនគិរី​​​ទោះ​​​បី​​​ជា អាជ្ញាធរ​​​ខេត្ត​​​ហាម​​​​​​​មន្ត្រី​​​រាជការ​​​និង​​​សមាជិក​​​សាធារណៈ​​​មិនឲ្យ​​​ចូលរួម​​​ក្នុង​​​ជំនួប​​​​បែបនេះ​​​យ៉ាង​​​ណា​​​ក៏ដោយ​​​។

លោក ប៉ាវ​​​ ហមផាន​​​ អភិបាល​​​ខេត្ត​​​រតនគិរី ​បានចេញ​​​បម្រាម​​​កាលពី​​​ថ្ងៃ​​​ទី​​​១៣ខែមិថុនា​​​ដែលហាម​​​ប្រជា​​​ពលរដ្ឋ​​​សាមញ្ញ​​​និង​​​មន្ត្រី​រាជ​ការ​​​មិនឲ្យ​​​ចូលរួមនៅ​​​ក្នុង​​​ការជួប​​​​ប្រជុំ​​​និង​​​កម្ម​សិក្សា​​​​​​ដែល​​​រៀប​​​ចំ​​​ដោយ​​​អង្គការ​​​ក្រៅ​រដ្ឋា​ភិបាល​ អំឡុង​​​ខែ​​​​​ដែលមាន​​​​​ការ​​​បោះឆ្នោត​​​​ជាតិ​​​​នៅ​​​ថ្ងៃ​​​ទី​​​២៨ខែកក្កដាឡើយ​​​។ សេចក្តី​​​បង្គាប់​​​ដែលមិនធ្លាប់មាន​​​ពី​​​មុន​​​មក​​​ត្រូវ​​​បានគាំទ្រ​​​​​​គណៈកម្មាធិការ​​​ជាតិរៀប​​​ចំ​​​ការ​បោះឆ្នោត​​​ ដែល​​​​​​បាន​​​លើក​​​ឡើង​​​ថា គោល​​​នយោបាយ​​​ដ៏ម៉ឺងម៉ាត់នេះ​​ គឺជាការ​​​ចាំបាច់​​​ដើម្បី​​​ធានាថា គណបក្ស​​​នយោបាយ​​​នា​​​នា​មាន​ប្រជាពលរដ្ឋ​​​មកចូលរួមស្តាប់​​​ការ​​​​​ធ្វើ​​​យុទ្ធនា​​​ការ​​​ឃោសនា​​​បោះឆ្នោត​​​របស់​​​ខ្លួន​​​។

លោក ឆាយ ធី​​​ អ្នក​​​សម្រប​​​សម្រួល​​​របស់​​​អង្គការ​​​អាដហុក​​​ប្រចាំខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​កាល​​​ពីថ្ងៃ​​​សុក្រថា “វាមិនអាច​​​ទទួល​​​យក​​​បាន​​​ទេ​​​​​​ដែល​​​​​​​​អាជ្ញា​​​ធរខេត្ត​​​ហា​ម​​​មិនឲ្យ​​​យើង​​​អញ្ជើញ​​​ប្រជា​​​ពលរដ្ឋ​​​និង​​​មន្ត្រី​​​រដ្ឋាភិបាល​​​ឲ្យ​មក​​​ចូលរួម​​​សិក្ខាសាលា​​​ និង​​​ការជួប​​​ប្រជុំ​ផ្សេងៗ​​​ដែលអង្គការ​​​ក្រៅ​រដ្ឋាភិបាល​​​រៀបចំឡើង ​​​”។
លោក ឆាយ ធី​​​ ​មាន​​​ប្រសាសន៍​​​ថា  “ យើង​​​នឹងសម្រេចធ្វើទៅតាម​​​គម្រោង​​​របស់យើង​​​ដើម្បី​​​បើក​​​វគ្គបណ្តុះបណ្តាល​​​ចំនួនពីរ​​​និង​​​កិច្ច​​​ប្រជុំ​​​សហគម​​​ន៍ចំនួន​​​ប្រាំ​​​នៅខែ​​​កក្កដា”។

លោក ឆាយ ធី មាន​​​ប្រសាសន៍​​​បន្ថែម​ថា ​វគ្គបណ្តុះបណ្តាលពី​​​រ នឹង​​រួមមាន​​​ការ​​​ចូល​រួម​ពីប្រជាពលរដ្ឋ​​​ប្រហែល​​​៣០​​​នាក់​​​មក​​​ពីស្រុក​​​អូរយ៉ាដាវ ដែលនឹង​​​ពិភាក្សា​​​អំពីបញ្ហា​នានា ​ពាក់ព័ន្ធទៅនិងច្បាប់ភូមិបាល​​​ សិទ្ធិរបស់​​​ប្រជា​​​​ពលរដ្ឋ​​​ជនជាតិ​​​ភាគតិច ​​​និង​​​ការទប់ស្កាត់​​​​កុំ​ឲ្យមាន​​​អំពើហិង្សា​​​នៅក្នុង​​​គ្រួសារ។​កិច្ច​ប្រជុំ​​​សហគម​​ន៍​ចំនួន​​​ប្រាំ​​​នឹងប្រព្រឹត្តទៅ​​​នៅស្រុក​​​កូនមុំ និង​​​ស្រុក អូរជុំ​​​។

លោកអភិបាល​​​ខេត្ត ប៉ាវ ​ហមផាន ​រាង​ដក​ថយបន្តិច​​​ពីសារាចរណែនាំរបស់​​​​​​លោក ​​​ពេល​​ទាក់ទងបាន​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ដោយ​លោក​បាន​​​​​​ថ្លែងថា បម្រាម​​​នេះ​​​មិនបាន​​​រារាំង​​ចំពោះ​ការ​ជួប​​​​​​ប្រជុំនានា​​​ដែល​​​ធ្វើឡើង​​​នៅ​​​តាម​​​​មូល​ដ្ឋាន​​​​នេះ​​​ទេ​​​។ ប៉ុន្តែ​​​បម្រាមនេះ​​​នៅ​តែ​​​ហាម​ចំពោះ​​​ការ​​​ជួប​​​ប្រជុំនានា​នៅ​តាម​ខេត្ត​​​ផ្សេងៗ​​​។
លោកអភិបាល​​​ខេត្តបាន​​​មាន​​​ប្រសាសន៍​ថា “ ប្រសិនការជួប​​​ប្រជុំនេះ​​​ត្រូវ​​​បាន​​​រៀបចំ​​​នៅក្នុងភូមិ​​​​​​ វាមិនមាន​បញ្ហាសម្រាប់​​​អាជ្ញាធរ​​​មូលដ្ឋាន​​​ចូលរួម​​​នោះទេ​​”។លោក​បាន​ពន្យល់​​​ថា ពេលខ្លះអង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​រៀប​ចំការ​​​​ជួប​​​ប្រជុំនានា​​​នៅតាម​​​ខេត្តផ្សេងៗ។លោក​​​​​បានប្រសាសន៍បន្តថា​​​ “ ដូច្នេះ​​​វាមិន​​​អាច​​​ឲ្យអ្នក​​​ភូមិ និងអាជ្ញាធរមូលដ្ឋានចាកចេញពី​​​ទឹកដី​​​របស់ខ្លួន​​​អំឡុងពេល​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​បោះឆ្នោត​​​នេះ​​​បានឡើយ​​​។

លោក សេវ ត្វាន់ មេឃុំ​​​លំជ័រក្នុង​​​ស្រុក​​​អូរយ៉ាដាវ​​​បាន​​​មានប្រសាសន៍ថា លោក​​​មិន​បាន​​​ដឹង​​​អំពី​​​បម្រាមនេះទេ​​​ហើយថា លោក​​​មាន​​​បំណង​​​ចូលរួម​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​មួយ​​​ក្នុង​​​ចំណោម​​​កិច្ចប្រជុំនានា​​​របស់​​​អង្គការ​​​អាដ​ហុក​នេះ​​​នៅ​​​ក្នុង​​​តំបន់​​​របស់​​​លោក​​​នៅ​​​ពាក់​​​កណ្តាលខែ​​​កក្កដា​​​។​​​លោក​​​ក៏បាន​​​ថ្លែង​​​ផងដែរ​​ថា លោក​​​មិន​ចង់​​​ជ្រៀតជ្រែក​​​ចូល​​​កិច្ចការ​របស់​​​​អ្នកភូមិ​​​មូល​ដ្ឋាន​​​ដែលសម្រេចចិត្ត​​​ទៅ​​​ចូល​រួមនោះ​​​ទេ​​​។

លោក សេវ ត្វាន់ ​​​បាន​​​មាន​​​ប្រសា​​​សន៍ថា​ “ ខ្ញុំនឹង​​​មិនរារាំងក្រុមអ្នក​​​ភូមិមូលដ្ឋាន​​​ពីការ​​​ចូលរួម​​​ក្នុង​​​វគ្គបណ្តុះ​​​បណ្តាល​​​របស់​​​អង្គការ​​អាដហុកនេះ​​​ទេ​​​ ពីព្រោះ​​​ខ្ញុំនឹងចូលរួម​​​ផង​ដែរ​​​ដើម្បី​​​រៀន​​​សូត្រ​​​អំពី​​​ច្បាប់​​​ភូមិបាល​​​និង​​​សិទ្ធិ​​​មនុស្ស​​​ទាំង​​​នេះ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា​​​ លោក​​​គាំទ្រ​​​​​កិច្ច​​​ប្រជុំ​​​បែប​​​នេះរបស់​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិ​បាល​​​​​​ដោយសារ​​​តែ​​​ឃុំរបស់​​​លោក​​​មាន​​​វិវាទ​​​ដី​​​ធ្លី​​​មួយចំនួន​​​ ពាក់ព័ន្ធ​​​ជាមួយនឹង​​​អ្នកមាន​​​ទ្រព្យ​សម្បត្តិដែលបាន​​​រឹបអូស​​​យកដី​​​ស្រែ​​​ដូនតា​​​របស់​​​ជនជាតិ​​​ភាគតិច ដើម្បី​​​ធ្វើចម្ការកៅស៊ូ៕​​​​​​​​​​​​​​​​​​​​​

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស