បុរសជនជាតិអង់គ្លេស វ័យ៤៨ឆ្នាំម្នាក់និងជាម្ចាស់ហាងកាហ្វេ ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃសុក្រក្នុងក្រុងបាត់ដំបង ពីបទបៀតបៀនកេរ្តិ៍ភេទក្មេងប្រុសអនីតិជនម្នាក់។
ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីក្មេងប្រុសនេះបានទៅប្តឹងអង្គការសកម្មភាពដើម្បីកុមារ ជាអង្គការក្រៅរដ្ឋាភិបាលប្រឆាំងជនរួមភេទជាមួយកុមារ ដែលបានប្តឹងទៅអាជ្ញាធរបន្ត។
លោក ថុល យុទ្ធា នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបាត់ដំបងបានមានប្រសាសន៍ថា ជនសង្ស័យឈ្មោះ ចូណាថាន ហ្គាយ (Jonathan Guy) ត្រូវបានតាមប្រមាញ់ចាប់ខ្លួនបន្ទាប់ពីអង្គការសកម្មភាពដើម្បីកុមារ បានប្តឹងទៅនគរបាលថាខ្លួនសង្ស័យថា ឈ្មោះ ហ្គាយ បានប្រព្រឹត្តអំពើអនាចារលើអនីតិជននៅក្នុងបរិវេណហាងកាហ្វេ Cafe Flirt របស់ខ្លួនក្នុងសង្កាត់ស្វាយប៉ោ។
លោក ថុល យុទ្ធា បានមានប្រសាសន៍ថា “ យើងចាប់ខ្លួនជនសង្ស័យបាននៅម៉ោងប្រហែល៤និង៣០នាទីថ្ងៃសុក្រ និងបញ្ជូនគាត់ទៅមន្ទីរឃុំឃាំង ហើយអំឡុងពេលសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានបៀតបៀនកេរ្តិ៍ភេទក្មេងប្រុសមិនទាន់គ្រប់អាយុម្នាក់ប្រាកដមែន”។
លោកមានប្រសាសន៍បន្ថែមទៀតថា ជនសង្ស័យបានសារភាពថា ខ្លួនបានឲ្យប្រាក់ទៅក្មេងប្រុសអនាថានេះចន្លោះពី២.៥០០រៀលទៅ៥.០០០រៀលដើម្បីឲ្យរូបគេធ្វើសកម្មភាពផ្លូវភេទ។
លោក រិន វិបុល មន្ត្រីគម្រោងនៅអង្គការសកម្មភាពដើម្បីកុមារបានមានប្រសាសន៍ថា “ ក្មេងប្រុសនេះបានប្រាប់យើងថា ជនសង្ស័យបាននាំរូបគេចូលទៅក្នុងហាងនោះជាញឹកញាប់ បន្ទាប់ពីហាងនោះបិទនៅម៉ោង១១យប់ ហើយបានប្រាប់ឲ្យរូបគេធ្វើសកម្មភាពសិចជាថ្នូរនឹងប្រាក់”។ ជនសង្ស័យនឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃនេះ៕
ប្រែសម្រួលដោយ តែម សុខុម