33.3 C
Phnom Penh

អង្គការ JICA ជប៉ុន​​បង្កើត​ផែន​ការ​មេ​សម្រាប់​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីភ្នាក់ងារ​​ជប៉ុន​​សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​​អន្តរជាតិ (JICA) បាន​ជួប​ជាមួយ​នឹង​អាជ្ញាធរ​រាជធានី​ភ្នំពេញ កាល​ពី​ខែ​មុន ដើម្បី​ធ្វើ​បទ​បង្ហាញ​​​ពី​ដំណាក់​​ដំបូង​នៃ​ “ ​​​ផែន​ការ​មេ” សម្រាប់​​សាង​សង់​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារ​ណៈ​​ដែល​ចាំបាច់​បំផុត​សម្រាប់​​រាជ​ធានី។

លោក ម៉ាសាតុ កុតុ (Masato Koto) ប្រធាន​​បេសកកម្ម​របស់​ក្រុម​រៀបចំ​ផែន​ការ​ដឹក​ជញ្ជូន​​ប្រចាំ​អង្គការ​ JICA ក្នុង​រាជ​ធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ជួប​ជាមួយ​នឹង​លោក បា៉ សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ដើម្បី​ធ្វើ​បទ​បង្ហាញ​​អំពី​លទ្ធផល​នៃ​ការ​សិក្សា​ជំហាន​ដំបូង​ដែល​បានធ្វើ​ឡើង​កាលពី​ឆ្នាំ​មុន​ស្ដី​អំពី​បណ្ដាញ​ដឹក​ជញ្ជូន​ថ្មី​មួយ។

លោក ម៉ាសាតុ កុតុ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា “ យើង​មិន​ត្រឹម​តែ​ស្នើ​ឲ្យ​​មាន​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​នោះទេ ប៉ុន្តែ​​យើង​ក៏​​បាន​ស្នើ​ ឲ្យ​មាន​ការ​គ្រប់គ្រង​ផ្លូវ​​ថ្នល់​ ន​ិង​ចរាចរណ៍​ រួម​ទាំង​ការ​គ្រប់​គ្រង​​​តម្រូវ​ការ​ចរាចរណ៍​ និង​រំហូរ​ផលិត​ផល​​ផង​ដែរ​”។

យោង​តាម​លោក ម៉ាសាតុ កុតុ បាន​ឲ្យ​ដឹង​ថា ​គម្រោង​នេះ​ក៏ត្រូវ​បាន​​រៀប​ចំ​ឡើង​​ដើម្បី​អប់រំ​ប្រជា​ពល​រដ្ឋ​នៅក្នុង​រាជធានី​អំ​ពី​ផល​ប្រយោ​ជន៍​នៃ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​​ដែរ​។ ប៉ុន្មាន​​ឆ្នាំ​មក​នេះ អង្គការ​ JICA ដែល​ជា​ទីភ្នាក់ងារ​អន្តរជាតិ​របស់​រដ្ឋាភិបាល​ជប៉ុន បាន​ផ្ដោត​លើ​ការ​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​ភ្ជាប់​រាជ​ធានី​ភ្នំពេញ ជាមួយ​នឹង​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​ ទោះ​បី​ជា​ផែន​ការ​ជោគ​ជ័យ​មាន​​​រយៈ​ខ្លី​​ក៏​ដោយ ដូច​ជា​សេវាកម្ម​រថយន្ត​ក្រុង​មិន​ល្អ​ ដែល​ដំណើរ​ការ​បាន​ត្រឹម​តែ​ពីរ​បី​សប្ដាហ៍​​ក្នុង​ឆ្នាំ​២០០១ ដែល​ពេល​នោះ អង្គការ​ ​JICA បាន​នាំ​ចូល​រថយន្ត​ក្រុង​ចាស់ៗ​ពី​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន មក​ក្នុង​រាជធានី​ភ្នំពេញ​ ប៉ុន្តែ​បាន​បរាជ័យ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​សាធារណ​ជន​ឲ្យ​ប្រើ​ប្រាស់​វា​។​​​​​​

ប៉ុន្តែ​ ដោយ​ការ​កើន​ឡើង​នូវ​ចំនួន​រថយន្ត​​ទំនើបៗ​​ដែល​​ធ្វើ​ឲ្យ​កក​ស្ទះ​ផ្លូវ​​តូចៗ​នៅ​ក្នុង​រាជ​ធានី​ និង​ដោយ​មាន​ការ​កក​ស្ទះ​នៅ​តាម​ផ្លូវ​​សំខាន់​ផង​ដែរ​នោះ​ ​ហាក់​ដូច​ជា​​​មាន​ការ​ពិភាក្សា​​ច្បាស់​លាស់​​ជា​ថ្មី​ម្តង​ទៀត​អំពី​គម្រោង​​នេះ​។ ហើយ​សូម្បី​តែ​រថ​ភ្លើង​អាកាស​​ដែល​ស្ទើ​តែ​មិន​អាច​ឮសំឡេង​ក៏​មាន​នៅ​ក្នុង​​ផែន​ការ​​មេនេះ​ដែរ។

លោក ម៉ាសាតុ កុតុ បាន​មាន​ប្រសាសន៍​ថា “ ផែន​ការ​​មេ​នេះ​រួម​មាន​រថយន្ត​ក្រុង​ រថភ្លើង​អាកាស​ កង់​ និង​ថ្មើរជើង​​ ពីព្រោះ​​បញ្ហា​កក​ស្ទះ​នឹង​កើន​ឡើង​ខណៈ​ពេល​ដែល​ប្រជា​ពល​រដ្ឋ​កើន​ឡើង​​២,៩​លាន​នាក់​ត្រឹម​ឆ្នាំ​២០៣៥”។

លោក ជ្រាង​​ សុផាន់ អភិបាល​រង​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា នេះ​គឺ​ជា​ដំណាក់​កាល​ដំបូង​នៃ​ការ​សិក្សា​ដែល​អង្គការ​ JICA បាន​រាយការណ៍​មក​យើង​នៅ​ពេល​នេះ រីឯ​ការ​សិក្សា​​អំពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​ពេញ​លេញ​​នឹង​ត្រូវ​បញ្ចប់​នៅ​ដំណាច់​ឆ្នាំ​២០១៤​”។

លោក ជ្រាង​​ សុផាន់​ បាន​មាន​ប្រសាសន៍​បន្ត​ថា ការសិក្សា​របស់​អង្គការ​ JICA គឺ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​រយៈ​ពេល​វែង​ដែល​​ល្អ​បំផុត​សម្រាប់​កាត់​បន្ថយ​ការ​កក​ស្ទះ​ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ដែល​ណែន​ណាន់​តាន់តាប់​នេះ ហើយ​នៅ​ពេល​ដែល​ការ​សិក្សា​​នេះ​បាន​បញ្ចប់​ សាលា​រាជ​ធានី​​ពេល​នោះ​នឹង​អនុវត្ត​គម្រោង​នេះ​​ជាមួយ​នឹង​​មូលនិធិ​​របស់​គម្រោង​ថវិកា​រាជធានី​ភ្នំពេញ ឬ​បើ​សិន​ជា​មិន​អាច​ទៅ​រួច​ទេ ​នឹង​ស្វែង​រក​ដៃគូ​អភិវឌ្ឍ​ន៍បន្ត​ទៀត​។

កាលពី​ខែ​ឧសភា លោក ខេនណិត វីល​សុន​ ​(Kenneth Wilson) សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យា​ល័យ​រដ្ឋ​តិច​សាស ដែល​បង្រៀន​​នៅ​សាកល​​វិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញផង​ដែរ​​នោះ បាន​​លើក​​​ឡើង​អំពី​ភាព​ចាំ​បាច់​ក្នុង​ការ​កសាង​ឡើង​​វិញ​ ពង្រីក​ និង​កែ​លម្អ​​ប្រព័ន្ធ​ដឹក​ជញ្ជូន​ និង​​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​រាជ​ធានី​ភ្នំពេញ នៅ​ចំពោះ​មុខ​បញ្ហាកក​ស្ទះ​ដែល​កំពុង​តែ​កើន​ឡើង។ លោក វីលសុន បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​ចំហ​មួយ​ថា “ការ​ផ្ដោត​​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ការ​វិនិយោគ​​ទៅ​លើ​ផ្លូវ​ថ្នល់​ទាំង​អស់​​គឺ​សំខាន់​ណាស់​ក្នុង​ការ​បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​”៕

ប្រែសម្រួល​ដោយ​ ហម សុផាណ្ណា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស