កាលពីម្សិលមិញ មន្ត្រីមកពីក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំសម្ងាត់ជាមួយតំណាងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីតវ៉ានឹងរបាយការណ៍ ស្តីពីស្ថានភាពជួញដូរមនុស្សជាសាកល របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានទម្លាក់ចំណាត់ថ្នាក់របស់ប្រទេសកម្ពុជា។ របាយការណ៍ប្រចាំឆ្នាំចេញផ្សាយកាលពីខែមុននេះ បានទម្លាក់កម្ពុជាពីថ្នាក់ទី២ ដែលប្រទេសនេះធ្លាប់ទទួលបានកាលពីបីឆ្នាំមុន មកនៅថ្នាក់បញ្ជីឃ្លាំមើលថ្នាក់ទី២វិញ (Tier 2 Watch List)។
ដោយមានចំណាត់ថ្នាក់ពីទី១ដែលបង្ហាញពីស្ថានភាពល្អបំផុត រហូតដល់ថ្នាក់ទី៣ ដែលបង្ហាញពីស្ថានភាពអាក្រក់បំផុត ជារឿយៗឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែង ឬក៏កង្វះខាត របស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយសកម្មភាពជួញដូរមនុស្ស។ យោងតាមរបាយការណ៍ថ្មីបំផុតនេះ ប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់ទាបជាងមុនក្នុងឆ្នាំនេះ ពី ព្រោះជនប្រព្រឹត្តអំពើជួញដូរមនុស្សតិចជាងមុន ត្រូវបានផ្តន្ទាទោសក្នុងឆ្នាំ២០១២ និងមិនមានកិច្ចខិតខំប្រឹងប្រែង ក្នុងការឆ្លើយតបទៅនឹងអំពើពុករលួយ នៅក្នុងរដ្ឋាភិបាល ជាហេតុជំរុញឲ្យសកម្មភាពជួញដូរមនុស្សកើនឡើង។
នៅក្នុងកិច្ចប្រជុំក្រោមអធិបតីភាពរបស់លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានវត្តមានអង្គការគម្រោងទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកការជួញដូរមនុស្ស (UNIAP) អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) សមាគមទីភ្នាក់ងារពលករកម្ពុជា (ACRA) អង្គការ Caram អង្គការជំនួយផ្លូវច្បាប់សម្រាប់កុមារ និងស្ត្រី (LSCW) និងអង្គការ Winrock International។
លោកស្រី ប៊ុនអេង បានមានប្រសាសន៍ថា “ នេះមិនមែនមានន័យថា យើងកំពុងច្រានចោលលទ្ធផលក្នុងរបាយការណ៍នេះទេ ក៏ប៉ុន្តែ យើងចង់បំភ្លឺចំណុចមួយចំនួនក្នុងរបាយការណ៍នេះ”។ របាយការណ៍នេះក៏បានលើកឡើងថា ភូមិពេស្យាចារ ស្វាយប៉ាក ដែលមានឈ្មោះអាក្រក់នៅក្បែររាជធានីភ្នំពេញ ហើយជាកន្លែងដែលពេស្យាចារកុមារត្រូវបានលក់ជាចំហ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយនោះ នៅតែមានសកម្មភាពទាំងនេះ ទោះបីជាមានការប៉ុនប៉ងបិទពីសំណាក់នគរបាលក៏ដោយ។កាលពីម្សិលមិញ លោកស្រី បានថ្លែងថា សកម្មភាពបន្តកើតឡើងនៅភូមិស្វាយប៉ាក “ មិនមែនជាឆន្ទៈរបស់រដ្ឋាភិបាលទេ” ហើយលោកស្រីបានបដិសេធមិនអត្ថាធិប្បាយលម្អិតជាងនេះ ទេទាក់ទងនឹងកិច្ចប្រជុំកាលពីម្សិលមិញ។ លោកស្រីបានថ្លែងបន្ថែមថា លទ្ធផលនៃកិច្ចប្រជុំនេះ នឹងត្រូវបានពិភាក្សា នៅស្ថានទូតអាមេរិក នៅថ្ងៃស្អែក។
អ្នកចូលរួមក្នុងកិច្ចប្រជុំនេះ នៅតែនិយាយតិចតួចបំផុតអំពីរឿងនេះ កាលពីម្សិលមិញ។លោកស្រី លី វីជុត្ថា នាយិកាអង្គការ LSCW ដែលបានជួយស្ត្រីបម្រើតាមផ្ទះធ្វើមាតុភូមិនិវត្តពីប្រទេសម៉ាឡេស៊ី មានប្រសាសន៍ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិភាក្សាពី “ អ្វីដែលជាចំណុចត្រឹមត្រូវ និងអ្វីដែលជាចំណុចមិនត្រឹមត្រូវ” នៅក្នុងរបាយការណ៍នេះ។លោកស្រីមានប្រសាសន៍ថា “ ខ្ញុំមានអារម្មណ៍អាក់អន់ស្រពន់ចិត្តបន្តិចដែរ ព្រោះយើងបានខិតខំធ្វើការណាស់ [អង្គការរបស់យើង] ក៏ដូចជាក្រសួងមហាផ្ទៃផងដែរ”។ ក៏ប៉ុន្តែ លោកស្រីបដិសេធមិនធ្វើអត្ថាធិប្បាយលើសពីនេះទេ។
លោក លឹម ទិត្យ អ្នកសម្របសម្រួលគម្រោងថ្នាក់ជាតិនៃអង្គការ UNIAP ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរ ទាក់ទងនឹងកិច្ចប្រជុំនេះ។ បន្ទាប់ពីរបាយការណ៍នេះត្រូវបានចេញផ្សាយកាលពីថ្ងៃទី២១ ខែមិថុនា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុកលទ្ធផលនៅក្នុងរបាយការណ៍នេះថា “ មិនពិត” និង “ គួរឲ្យអស់សំណើច”។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញថា រដ្ឋាភិបាលបានចាប់ខ្លួនជនសង្ស័យ ១៣៣នាក់ កាលពីឆ្នាំមុន ពីបទជួញដូរមនុស្ស បានផ្តន្ទាទោសជនល្មើស៣០០នាក់ និងជួយសង្គ្រោះជនរងគ្រោះបានចំនួន៤៥៨នាក់។
ទោះជាយ៉ាងណា របាយការណ៍របស់សហរដ្ឋអាមេរិក ស្តីពីស្ថានភាពជួញដូរមនុស្ស បានបង្ហាញថា មានជនល្មើសតែ៤៤នាក់ប៉ុណ្ណោះ ដែលត្រូវបានផ្តន្ទាទោស កាលពីឆ្នាំមុន។ លោក ចូអេល ប្រេស្តុន (Joel Preston) អ្នកពិគ្រោះយោបល់នៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលបានជួយបញ្ជូនជនរងគ្រោះដោយសារអំពើជួញដូរមនុស្សចំនួន៧០០នាក់ ត្រឡប់មកវិញកាលពីឆ្នាំមុន បានមានប្រសាសន៍ថា ពាក្យបណ្តឹងនៅមជ្ឈមណ្ឌលនេះ បានកើនឡើង១.០០០ភាគរយ ក្នុងឆ្នាំ២០១២ ដោយសារតែមានសកម្មភាពជួញដូរប្រជាជនខ្មែរទៅធ្វើការ នៅក្នុងរោងចក្រកែច្នៃអាហារសមុទ្រ នៅប្រទេសថៃ។លោកបានថ្លែងថា “ ការងារនេះត្រូវបានអនុវត្តដោយសមាជិកអង្គការ ACRA ក្រុមហ៊ុន CDM Manpower ហើយមិនមានក្រុមហ៊ុនណាមួយក្នុងចំណោមក្រុមហ៊ុនទាំងនេះត្រូវបានផ្តន្ទាទោសទេ។ការទម្លាក់ចំណាត់ថ្នាក់នេះគឺសមហេតុផលខ្លាំងណាស់”៕
ប្រែសម្រួលដោយ កង សុធា