35 C
Phnom Penh

អ្នក​រិះ​គន់​​បម្រាម​​លើ​​​​​​ការ​ផ្សាយ​កម្ម​វិធី​វិទ្យុ​បរទេស​​​អំពាវ​នាវ​​​​ឲ្យ​មាន​គណ​នេយ្យ​​ភាព​​​​ត្រឹម​ត្រូវ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​​​ មន្ត្រី​រដ្ឋាភិបាល​បាន​បន្ត​បដិសេធ​​​មិន​​​​​​ទទួល​ខុស​ត្រូវ​ចំពោះ​​​​​​បម្រាម​​​ដែល​​​បាន​​​​​ចេញ​កាល​ពី​ថ្ងៃ​សុក្រ​​​​លើ​​​ការ​​​ផ្សាយ​​​​របស់​​​​វិទ្យុ​បរទេស​អំឡុង​ពេល​បោះ​ឆ្នោត​ ​និង​​​​ដែល​​​​ត្រូវ​បាន​ដក​វិញ​ចាប់​តាំង​ពី​​​​ពេល​​​នោះ​​​មកដោយសារ​​​​​​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ទាំង​ក្នុង​និង​​ក្រៅ​ប្រទេស​​​។

ប៉ុន្តែ ​ជំនាញ​ការ​​​ច្បាប់​ អ្នក​សង្កេត​ការណ៍​​​បោះ​ឆ្នោត​ និង​អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ បាន​លើក​ឡើង​ថា អ្នក​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​​​​សារាចរ​ណែ​នាំ​នេះ​​​​នៅតែ​​​គួរ​ទទួល​​​ទោស​​​​ដើម្បី​​​បញ្ចប់​​​​​​កង្វល់​​​​ពាក់​ព័ន្ធ​នឹង​​​ធម្មនុញ្ញ​​​​ភាព​​​របស់​​​​សារាចរ​​​នេះ​​​។

កាល​ពី​ម្សិលមិញ​​​ លោក ខៀវ កាញារីទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ ​បដិសេធ​​​ម្ដង​ទៀត​​ថា លោក​​​​ពុំ​​​មាន​​​សិទ្ធិ​​​សម្រេច​​​​ក្នុង​ការ​​​ចេញ​​​សារាចរ​​​នេះ​ទេ​ ដោយ​អះអាង​ថា លោក​បាន​​បោះបង់​ជា​ផ្លូវ​ការ​​​​នូវ​​​តួនាទី​​​ជា​រដ្ឋ​មន្ត្រី​ចាប់​តាំង​ពី​ថ្ងៃ​​​​ចាប់ផ្តើម​​​យុទ្ធនាការ​​​​ឃោសនា​បោះ​ឆ្នោត​កាល​ពី​ចុង​ខែ​​​មុន​​​​ម៉្លេះ​។

នៅ​ពេល​ត្រូវ​បាន​ស្នើ​ឲ្យ​ពន្យល់​ថា តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ចេញ​សារាចរ​​​​នេះ​​ លោក​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​​មើល​​សេចក្ដី​ថ្លែងការណ៍​​ចេញ​ដោយ​​ក្រសួង​ព័ត៌មាន​កាល​ពី​ថ្ងៃ​សៅរ៍​ ស្តីពី​​​ការ​​​​ដក​បម្រាម​​​នេះ​​​​វិញ​​​​​​។ លោក​​មាន​ប្រសាសន៍​ថា “ រាល់​​​សំណួរ​​ដែល​លោក​​​​សួរ​ គឺ​មាន [ចម្លើយ​​​] ​​​នៅ​ក្នុង​សារាចរ​ណែនាំ​​​នេះ​​​ទាំងអស់​​​​”។

លោក អ៊ុក ប្រាថ្នា រដ្ឋ​មន្ត្រី​ស្ដី​ទី​​​នៃ​​​​ក្រសួង​ព័ត៌មាន​ បាន​ចុះ​ហត្ថលេខា​លើ​​​​សារាចរ​​​នេះ​​​នៅ​​​ថ្ងៃ​ទី​២៥ ខែ​មិថុនា ដោយ​ហាម​ស្ថានីយ​វិទ្យុ​អេហ្វ​អឹម​ទាំង​អស់​​​​ពីការ​​​ចាក់ផ្សាយ​កម្ម​វិធី​​បរទេស​ជា​​ភាសា​​​ខ្មែរ​​​រយៈពេល​​​មួយខែ​​​រហូត​​​​​ដល់​​​ថ្ងៃ​​​បោះ​ឆ្នោត​ជាតិ​ ​គឺ​​​​​​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​ខាង​​​មុខ​​​នេះ។ លោក អ៊ុក ប្រាថ្នា មិន​អាច​ទាក់​ទង​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​ទេ​ ចំណែក​​​លោក​ បុត្រ បូវុធ អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ព័ត៌មាន​និង​ផ្សព្វ​ផ្សាយ​​នៅ​ក្រសួង​ព័ត៌មាន​​​​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​​ទេ​​​​។

ក្រុម​​​អ្នក​រិះ​គន់​បាន​ចោទ​ប្រកាន់​រដ្ឋា​ភិបាល​ថា បាន​ព្យាយាម​គាប​សង្កត់​មិន​ឲ្យ​មាន​​​ការ​​​ចាក់​ផ្សាយ​​​ព័ត៌មាន​អវិជ្ជមាន​​តាម​​​​វិទ្យុ​អេហ្វ​អឹម​ ដែល​ជា​ប្រភព​ព័ត៌មាន​​ដ៏​សំខាន់​​សម្រាប់​​ប្រជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​។ បម្រាម​​​​នេះ​ក៏​បាន​ជំរុញ​ឲ្យ​ក្រសួង​ការ​បរទេស​សហ​​​​រដ្ឋ​អាមេរិក​ចេញ​​​សេចក្តី​​​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​​ថា ការ​សម្រេច​របស់​រដ្ឋាភិបាល​គឺ​ “ ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​លើ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​ផ្ទុយ​ទាំង​ស្រុង​ពី​​​​ស្មារតី​នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ដ៏​ប្រសើរ​”។

លោក សឺន ស៊ូប៊ែរ្តិ៍ អតីត​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា ដែលបច្ចុប្បន្ន​​​ជា​អ្នក​​​ដឹកនាំ​​​​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​លើក​ឡើង​ថា បម្រាម​នេះ​​​ជា​​​ការ​​​​រំលោភ​បំពាន​លើ​ការ​ធានា​​ឲ្យ​​​មាន​​​សេរី​ភាពសារ​​​​ព័ត៌មាន​ដូច​​​មាន​​​ចែង​​​ក្នុង​​​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​។ ​លោក​បាន​មាន​ប្រសាសន៍​ថា “ អ្នក​ដែល​បាន​​​ចេញ​បទ​បញ្ជា​នេះ ​​ប្រសិន​បើ​ត្រូវបាន​​​បញ្ជាក់​​​​ថា ជា​​​ទង្វើ​​​​ខុស​ច្បាប់​​​​​​​​ ចាំ​បាច់​ត្រូវ​តែ​ទទួល​​​ទោស​​​​”។ លោក សឺន ស៊ូប៊ែរ្តិ៍ ដែល​មាន​សញ្ជាតិ​ពីរ​ គឺ​សញ្ជាតិ​កម្ពុជា និង​បារាំង​ បានឲ្យ​​​ដឹង​​​​ថា នៅ​ក្នុង​ប្រទេស​បារាំង​ ការ​រំលោភ​បំពាន​បែប​នេះ​​​អាច​​​ធ្វើ​ឲ្យ​គណបក្ស​​​មាន​​​កំហុស​​​​​​ប្រឈម​​​​​​មុខ​​​នឹង​​​​តុលាការ​។ លោក​​​​​មាន​​​ប្រសាសន៍​​​ថា “ ​ប៉ុន្តែ តើ​​​​អ្នក​​​យល់​​​ថា​​​ គេអាច​ធ្វើ​បែប​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​ដែរ​​​ឬ​​​ទេ​​​​? ខ្ញុំ​គិត​ថា មិន​អាច​ទេ”។

លោក​បាន​​​លើកពី​​​​ការ​អះអាង​ក្នុង​ពេល​ថ្មីៗ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​​​​ថា​​​​​​ ខ្លួន​​​បាន​ជួយ​លោក កឹម សុខា សមា​ជិក​សភា​​គណបក្ស​ប្រឆាំង​​​ឲ្យរួច​​​​ផុត​ពី​សំណាញ់​​​ច្បាប់​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​ផ្តល់​​​ប្រាក់​​​​​​ឲ្យ​​​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​​​​ម្នាក់​​​ដើម្បី​រួម​ភេទថា​​​​ ​ជា​ឧទាហរណ៍​មួយ​ផ្សេង​ទៀត​​​​ដែល​​​​ស្តែង​​​ឲ្យ​​​ឃើញ​​​​​​ពី​​​​​​ការ​​​​មិន​​​​ទទួល​ខុស​ត្រូវ​​​​​របស់​​​មន្ត្រី​ជាន់​ខ្ពស់​​​​​។ ទោះ​បី​ជា​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​​ទទួល​ស្គាល់​ម្ដង​ហើយ​ម្ដង​ទៀត​ថា ខ្លួន​​​ពិតជា​​​បាន​បំពាន​ច្បាប់​​​មែន​​​​ក៏​ដោយ ក៏​តុលាការ​ និង​នគរបាល​​​មិន​បាន​​​​​ចាត់​វិធាន​ការ​​​​អ្វី​​​​​​ឡើយ​​​។

លោក សឺន ស៊ូប៊ែរ បានមាន​​​ប្រសាសន៍​​​​ថា​ “ ដូច្នេះ​វប្បធម៌​និទណ្ឌភាព​​នៅ​តែ​បន្ត​”។ លោក​បាន​បន្ត​​​​​ដោយ​សំដៅ​​លើ​បម្រាម​នេះ​ថា “ ខ្ញុំ​គិត​ថា យើង​មិន​អាច​​រក​ឃើញ​​​អ្នក​​​ទទួល​​​​ខុសត្រូវ​​​ទេ​​​​​​។​​​ ទោះ​​​បី​​​ជា​​​ [យើង​​​] រក​​​ឃើញ​​​ក៏​​​គ្មាន​​​ការ​​​ទទួល​​​ខុសត្រូវ​​​ដែរ។​​​​​​ សូម្បី​តែ​បុគ្គល​ដែល​​​បាន​បាញ់​​​​គេ​​​​នៅ​ក្នុង​ក្រុង​បាវិត​ក៏​មិន​​​ទាន់​​​​ត្រូវ​បាន​ចាប់​ខ្លួន​ផង​​​”។

លោក សឺន ស៊ូប៊ែរ ចង់​​​សំដៅ​​​​លើ​អតីត​អភិបាល​ក្រុង​បាវិត​ គឺ​​​លោក​​​ ឈូក បណ្ឌិត ដែល​​ថ្មី​ៗ​នេះ​​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បាញ់​ប្រហារ​កម្មការិនី​កាត់​ដេរ​ចំនួន​បី​នាក់​កាល​ពី​ឆ្នាំ​មុន ហើយ​​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ប៉ុន្តែ​ឥឡូវ​នេះ​ នៅ​តែ​មាន​សេរី​ភាព​នៅ​ឡើយ​​​នោះ​​​​”។
លោក​​​ ប៉ា ងួនទៀង ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់​​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ឯករាជ្យ​ បាន​ចាត់​ទុក​បម្រាម​នេះ​​​​​ថា​​​ ជា​ “ ទង្វើ​គ្មាន​​​ច្បាប់​​​ទម្លាប់​​​​”។លោក​​មាន​ប្រសាសន៍​ថា “ បុគ្គល​ដែល​ប្រព្រឹត្ត​ខុស​បែប​នេះ​​​​​គួរ​តែ​ប្រឈម​នឹង​ការ​ពិន័យ​​​ផ្នែក​រដ្ឋបាល​”។ ប៉ុន្តែ​​​​​​​ លោក​​បន្ថែម​ថា​​​ នៅ​ក្នុង​ប្រទេស​កម្ពុជា​​​​​​​ “ ក្រោមការ​​​ដឹកនាំ​​​របស់​​​​​​​រដ្ឋាភិបាល​​​សព្វថ្ងៃ​​​​​​​ ​​​ឱកាស​​​បែបនេះ​​​​​​គឺ​​​​​​​គ្មាន​​​ឡើយ”​។

លោក ងួន​ទៀង ក៏​ជា​​​អ្នក​​​ដឹក​នាំ​​កម្ម​វិធី​វិទ្យុ​​សំឡេង​ប្រជាធិបតេយ្យ​ (VOD) របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ផង​ដែរ​។ អំឡុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​មុន​ ក្រសួង​​ព័ត៌មាន​បាន​បិទ​​​​កម្មវិធី​​វិទ្យុ​សំឡេង​ប្រជា​ធិបតេយ្យ​​ស្តីពី​​​​​​បញ្ហា​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​​បោះ​ឆ្នោត ​​​ពេល​​​កំពុង​​​ចាក់ផ្សាយ​​​ទាំង​​​កណ្តាល​​​ទី​​​​។

លោក គល់ បញ្ញា ប្រធាន​គណៈកម្មាធិការ​​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិ​ធម៌​​នៅ​កម្ពុជា ហៅកាត់ថា​​​ (ខុមហ្វ្រែល) បាន​លើក​​ឡើង​ថា លោក ខៀវ កាញារីទ្ធ​ នៅ​​​តែ​​​ជា​អ្នក​ទទួល​ខុស​ត្រូវ​ធំ​​​​​​បំផុត​​​​ចំពោះ​​​អ្វី​ដែល​ក្រសួង​បាន​ធ្វើ​​​​ពាក់ព័ន្ធ​​​នឹង​​​បម្រាម​នេះ​។ លោក​បាន​​​ធ្វើ​​​ការ​​​​កត់​​​សម្គាល់​ថា ខណៈ​​​ប្រទេស​មួយ​ចំនួន​​បាន​រម្លាយ​​​​សភា​របស់​ខ្លួន​​​​​​​ ឬ​​​បង្កើត​​​រដ្ឋាភិបាល​​​​​​​ចាំផ្ទះ​​​​មុន​ការ​បោះ​ឆ្នោត​ជាតិ​​​​នោះ​​​ ប្រទេស​​កម្ពុជា​​មិន​​​ធ្វើ​​​​ដូច្នេះ​ឡើយ​។

លោក​បាន​បន្ថែម​ថា រដ្ឋ​ធម្មនុញ្ញ​​ចែង​ថា អាណត្តិ​រដ្ឋ​​​សភា​បញ្ចប់​​​តែ​​​​នៅ​ពេល​​​​ដែល​រដ្ឋ​សភា​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​​​ប៉ុណ្ណោះ​​​​។ លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​ថា “ ​ពួក​គេ​នៅ​តែ​ស្ថិត​​​នៅ​ក្នុង​ក្រសួង​ ហើយ​​​​ត្រូវ​​​ទទួល​ខុស​ត្រូវ​។​​​ គ្មាន​ច្បាប់​ណា​ចែង​ថា ពួក​គេ​ [អាច]​​​ មិន​​​​​​ទទួល​ខុស​ត្រូវ​ឡើយ​ ​ព្រោះ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ការ​ងារ​របស់​ខ្លួន​រហូត​ដល់​រដ្ឋ​សភា​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​”។

លោក គល់ បញ្ញា​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា បម្រាម​នេះ​ក៏​រំលោភ​បំពាន​ច្បាប់​សារ​ព័ត៌មាន និង​ច្បាប់​បោះ​ឆ្នោត​កម្ពុជា​​ផង​ដែរ​​។
លោក​បាន​លើក​ឧទាហរណ៍​​​អំពី​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជាតិ​ ដែល​​​ចែង​​​ថា​​​ ​​​ការ​​រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ ការ​​​​ធានា​ពី​​​​​​​ការ​​​ទទួល​​​បាន​​​ឱកាស​​​ស្មើ​ភាព​​​គ្នា​​​​​​​​​ក្នុង​​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​​ និង​ការ​​​ធានា​​​​ឲ្យ​បាន​ថា ការ​បោះ​ឆ្នោត​​​​​​ត្រូវ​​​អនុលោម​​​ទៅ​តាម​ច្បាប់​​​​​​ គឺ​​​ជា​​​ការ​​​​​​ទទួល​ខុស​ត្រូវ​​របស់​គណៈកម្មាធិការ​ជាតិ​រៀប​​ចំ​ការ​បោះ​ឆ្នោត​ ​​​ មិន​មែន​​ក្រសួង​​ព័ត៌មាន​​ឡើយ​។

លោក គល់ បញ្ញា បាន​មាន​​​ប្រសាសន៍​​​ថា  “ ​វា​មិន​មែន​ជា​សមត្ថកិច្ច​​​របស់​ក្រសួង​ព័ត៌មាន​​​​ទេ​​​​។ច្បាប់​​ចែង​យ៉ាង​ច្បាស់​ថា ​​​ការ​​​ដោះ​ស្រាយ​​​រាល់​​​បញ្ហា​​​​​​ពាក់ព័ន្ធ​​​នឹង​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​​​គឺ​​​ជា​​​សមត្ថកិច្ច​​​របស់​​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។លោក​បាន​បន្ថែម​ថា ក្រសួង​ព័ត៌មាន​អាច​ចេញ​សារាចរ​ណែនាំ​​ពាក់​ព័ន្ធ​បាន​ ប៉ុន្តែ​​លុះ​ត្រា​តែ​មាន​សំណើ​​​ពី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​។ លោក​មាន​​​ប្រសា​សន៍​​​ថា “ ​ពួកគេ​ [ក្រសួង​ព័ត៌មាន​] មិន​អាច​អនុវត្ត​ច្បាប់​បែប​នេះ​ដោយ​​​ចិត្ត​​​ឯង​​​​​​បាន​ឡើយ​”។

លោក ទេព​ នីថា អគ្គលេខាធិការ​​​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ បាន​ច្រាន​ចោល​ការ​ទទួល​​ខុសត្រូវ​​​ពាក់ព័ន្ធ​​​នឹង​​​​​​​ការ​​​​ចាក់ផ្សាយ​​​កម្មវិធី​​បរទេស​តាម​វិទ្យុ​ក្នុង​ស្រុក​​​។ លោក​បាន​មាន​​​ប្រសាសន៍​​​​​​អំពី​​​​ក្រសួង​ព័ត៌មាន​ថា “ គណៈកម្មាធិការ​ជាតិ​​​​រៀបចំ​​​ការ​​​បោះឆ្នោត​​​មិន​ពាក់​ព័ន្ធ​ជាមួយ​​​រឿង​​​​នេះ​ទេ​។ វា​ជា​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការ​បើក​​ឬ​​​បិទ​” ការ​ចាក់ផ្សាយ​​​កម្មវិធី​បរទេស​។

លោក​បាន​​បន្ថែម​ថា “ ខ្ញុំ​មិន​ចង់​កាន់​ជើង​ខាង​ណា​ឡើយ​​​ ប៉ុន្តែ​នេះ​គឺ​ជា​បញ្ហា​របស់​ពួក​គេ​ មិន​មែន​​យើង​ឡើយ​។ ក្រសួង​ព័ត៌មាន​គឺ​ជាអ្នក​​​ដែល​​​​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​មាន​ការចាក់​ផ្សាយ​ឡើង​វិញ​នូវ​​​កម្មវិធី​បរទេស​តាម​រយៈ​ស្ថានីយ​វិទ្យុ​អេហ្វ​អឹម​នានា​”៕

ប្រែ​សម្រួល​ដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស