ទីភ្នាក់ងារព័ត៌មានរដ្ឋចិនបានដកស្រង់សម្ដីរបស់មន្ត្រីរដ្ឋាភិបាលខ្មែរមួយរូប និងអ្នកវិភាគក្នុងស្រុកមួយរូបនៅក្នុងការការពារសកម្មភាពរបស់ប្រទេសចិននៅក្នុងតំបន់ភាគពាយព្យ ដែលក្រុមជនជាតិភាគតិចវីហ្គួររស់នៅ។
ប្រទេសចិនបានលើកឡើងថា “ អ្នកកាន់សាសនាអ៊ីស្លាមជ្រុលនិយមទាំងនេះ” គឺជាអ្នកទទួលខុសត្រូវចំពោះកុបកម្មនៅក្នុងខេត្តស៊ីនជាំង ដែលនៅទីនោះប៉ុស្តិ៍នគរបាល អគាររដ្ឋាភិបាលមូលដ្ឋាននិងទ្រព្យសម្បត្តិផ្សេងៗទៀតត្រូវបានវាយប្រហារកាលពីសប្តាហ៍មុននៅក្នុងតំបន់មួយ ជាកន្លែងដែលប្រជាពលរដ្ឋវីហ្គួរកាន់សាសនាអ៊ីស្លាមភាគច្រើនចង់បានឯករាជ្យពីប្រទេសចិន។
ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋស៊ីនហួ បានរាយការណ៍កាលពីម្សិលមិញថា អ្នកធ្វើកុបកម្មបានសម្លាប់មនុស្សអស់២៤នាក់ហើយនគរបាលបានបាញ់សម្លាប់អ្នកធ្វើកុបកម្មចំនួន១១នាក់វិញ។
របាយការណ៍នេះបានលើកឡើងថា “ នគរបាលបានបាញ់សម្លាប់អ្នកធ្វើកុបកម្មចំនួន១១នាក់ និងចាប់បានមនុស្សបួននាក់ផ្សេងទៀត”។
របាយការណ៍របស់ទីភ្នាក់ងារព័ត៌មានស៊ីនហួបានដកស្រង់សម្ដីរបស់ “ ក្រុមអ្នកជំនាញ” ដែលនិយាយថា អាជ្ញាធរចិនជាអ្នក “ទទួលខុសត្រូវ” ចំពោះការបង្ក្រាបការវាយប្រហារកាលពីពេលថ្មីៗនេះនៅតំបន់ស៊ីនជាំង ហើយសហគមន៍អន្តរជាតិគួរតែពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងអំពើភេរវកម្ម។
ក្នុងចំណោមអ្នកធ្វើអត្ថាធិប្បាយអន្តរជាតិផ្សេងទៀតនៅក្នុងអត្ថបទនេះលោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីខ្មែរ ត្រូវបានទីភ្នាក់ងារព័ត៌មានស៊ីនហួ ដកស្រង់សម្តីយកមកបកស្រាយថា លោកចង់ឲ្យមានដំណោះស្រាយមួយដោយសន្តិវិធី។ ប៉ុន្តែនៅក្នុងសម្រង់សម្ដីដើមមួយ លោក ផៃ ស៊ីផាន ទំនងជាគាំទ្រការធ្វើអន្តរាគមន៍របស់រដ្ឋាភិបាលចិនដើម្បីរក្សាសណ្តាប់ធ្នាប់។
លោក ផៃ ស៊ីផាន ត្រូវបានដកស្រង់សម្ដី ដែលនិយាយថា “ សកម្មភាពហិង្សាណាមួយគួរតែត្រូវបញ្ចប់។ ការពង្រឹងច្បាប់ដ៏ម៉ឺងម៉ាត់មួយត្រូវតែអនុវត្ត”។ លោក ផៃ ស៊ីផាន មានប្រសាសន៍កាលពីម្សិលមិញថា តាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា ប្រទេសនេះមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យណាមួយនោះទេ។
លោកបានមានប្រសាសន៍ថា “ រដ្ឋាភិបាលយើងមិនដែលលើកទឹកចិត្តឲ្យរដ្ឋាភិបាលណាមួយប្រព្រឹត្តអំពើហិង្សានោះទេ។ យើងចង់ឲ្យមានដំណោះស្រាយមួយដោយសន្តិវិធី ”។
សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានស៊ីនហួនេះក៏បានដកស្រង់សម្ដីរបស់លោក សុខ ទូច អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ ជាវិទ្យាស្ថានមួយដែលរដ្ឋាភិបាលបានង្កើតឡើង ប៉ុន្តែមានការអះអាងថា ជាវិទ្យាស្ថានឯករាជ្យ។
យោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួបានឲ្យដឹងថា លោក សុខ ទូច បានមានប្រសាសន៍ថា ក្រុមជ្រុលនិយមអ៊ីស្លាមប៉ុនប៉ងបំបែកតំបន់ស៊ីនជាំង ចេញពីប្រទេសចិនតាមរយៈសាសនា”។
លោក សុខ ទូច បានបំភ្លឺកាលពីម្សិលមិញថា ទស្សនរបស់លោក គឺថា ជនជាតិភាគតិចវីហ្គួរនៅតំបន់ស៊ីនជាំងគួរតែមានសេរីភាពក្នុងជំនឿសាសនារបស់ពួកគេហើយមិនមែនជាគោលដៅដើម្បីធ្វើការរើសអើងទេ។ លោក សុខ ទូច បានមានប្រសាសន៍ថា ជាទូទៅ វាមិនមែនជាគំនិតល្អសម្រាប់រដ្ឋាភិបាលធ្វើការបង្ក្រាបកុបកម្មនេះតាមរយៈការប្រើកម្លាំងនោះទេ។
លោកបានមានប្រសាសន៍ថា “ រដ្ឋាភិបាលរបស់ [ប្រទេសណាមួយ] ក៏ដោយ ក៏មានសិទ្ធិប្រើកម្លាំងដើម្បីការពារសន្តិសុខដែរ ហើយខ្ញុំយល់ថា វាមិនមែនជាការល្អដើម្បីធ្វើការបង្ក្រាបនោះទេ”។លោកពន្យល់ថា ប៉ុន្តែការប្រើកម្លាំងអាចធ្វើឲ្យមានសណ្តាប់ធ្នាប់បានតែមួយរយៈពេលប៉ុណ្ណោះ ។ ការប្រើកម្លាំងមិនអាចធានាឲ្យមានសន្តិភាពរយៈពេលយូរនៅក្នុងតំបន់ចលាចលណាមួយនោះទេ។
ទំនាក់ទំនងសេដ្ឋកិច្ច និងយោធារបស់ប្រទេសកម្ពុជាជាមួយប្រទេសចិនមានភាពរឹងមាំកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបណ្តាលឲ្យមានការព្រួយបារម្មណ៍ថា ទំនាក់ទំនងការទូតរបស់ប្រទេសកម្ពុជា ស្ថិតនៅក្រោមឥទ្ធិពលរបស់ចិន។
កាលពីឆ្នាំ២០០៩ប្រទេសកម្ពុជាបានទទួលរងការរិៈគន់យ៉ាងខ្លាំងក្លា បន្ទាប់ពីប្រទេសកម្ពុជាបានចាប់ខ្លួននិងបាននិរទេសជនជាតិភាគតិចវីហ្គួរចំនួន២០នាក់ដែលស្វែងរកសិទ្ធិជ្រកកោននយោបាយ ទៅប្រទេសចិនវិញ ទោះបីជាមានការព្រួយបារម្ភថា ពួកគេនឹងទទួលរងការធ្វើបាប នៅពេលត្រឡប់ទៅប្រទេសចិនវិញក៏ដោយ៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ